​រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា​និង​មាន​រថយន្ត​ធំ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ​ស្លាប់​៣​នាក់​របួស​៤​នាក់​

964

(​កំពង់ធំ​)៖ រថយន្ត​ធំ​ដឹក​ដំឡូង​មី​មួយគ្រឿង​បាន​ចត​នៅ​អែប​ផ្លូវជាតិ​លេខ​៦​ដោយ​អ្នកបើក​បរបាន​ចុះទៅ​គោះកង់​ពិនិត្យមើល ក៏​ស្រាប់តែ​រថយន្ត​ធំ​ដឹក​ដំឡូង​មី​មួយគ្រឿង​ទៀត​មក​បុក​បណ្តាលឱ្យ​អ្នកបើកបរ​ដែល​ចុះទៅ​គោះ​កង់ឡាន​នោះ​ស្លាប់ និង​របួស​ម្នាក់​។​

​បន្ទាប់ពី​កើតហេតុ​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​នោះ​មន្ត្រីនគរបាល​ស្រុក និង​នគរបាល​ខេត្ត បានធ្វើ​ការចុះ មក​វាស់វែង ដោយសារ​ទំហំ​នៃ​ការគ្រោះថ្នាក់​នោះ​ធ្ងន់ធ្ងរ​ពេក​។ ប៉ុន្តែ​ក្រោយពី​សមត្ថកិច្ច​បញ្ចប់​ការវាស់វែង ហើយ​អង្គុយ​សរសេរ​កំណត់ហេតុ ស្រាប់តែ​រថយន្ត​ធំ​ដឹក​ដំឡូង​មួយគ្រឿង​ទៀត មក​បុក​រថយន្ត​ដែល​បុក​គេ​(​ទី​២)​បណ្តាល​ឲ្យ​រថយន្ត​នោះ​ស្លាប់​មនុស្ស​ពីរ​នាក់​បន្ថែមទៀត ហើយ​របួស​បីនាក់​។​

​សោកនាដកម្ម​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ឈូក​ជី​ព្រះ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយ​ករណី​បុក​លើក​ទី​១​នៅវេលា​ម៉ោង​១១.៥៥​នាទី​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃទី​១៦​ខែធ្នូ​និង​រថយន្តបុក​មួយលើកទៀត​ស្ថិត​នៅវេលា​ទាបភ្លឺ​ចូល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​។

មន្ត្រីនគរបាល​ស្រុក​ស្ទោង បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​យី​ឌុប​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​៣B-៨០២៦ បើកបរ​ពី​ទិស​ខាងលិច ទៅខាង​កើត បាន​ឈប់​អែប​នៅ​កន្លែងកើតហេតុ ហើយ​អ្នកបើកបរ​នោះបាន​ចុះមក​គោះកង់​មុខ​ផ្នែក​ខាងឆ្វេង​របស់​ឡាន​ដឹក​ដំឡូង​នោះ​។

ប៉ុន្តែ​ខណៈពេល​នោះ​ដែល​ក៏មាន​រថយន្ត​ធំ​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ កំពង់ចាម​៣A-៦៤០៧ បើកបរ​ពី​ទិស​លិចទៅ​ខាងកើត​ដូចគ្នា ក៏បាន​មក​បុក​រថយន្ត​ចត​ឈប់​នៅលើ​ផ្លូវ​ទីមួយ ហើយ​បណ្តាលឱ្យ​អ្នកបើកបរ​ដែល ចុះ​ពីលើ​រថយន្ត​មក​គោះកង់​នោះបាន​កៀប​ស្លាប់ ហើយ​បែកក្បាល​ខ្ទាតចូល​រថយន្ត​របស់​ខ្លួន​។

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​ក្រោយ​កើតហេតុ​នោះដែរ​ឪពុក​របស់​ម្ចាស់​ឡាន​ទីមួយ​ដែល​ចុះមក​គោះកង់​ភ្ញាក់​ពី​ដំណេក​ដែល​កំពុង​ដេក​នៅក្នុង​កាប៊ីន​កៅអី​ខាងស្តាំ ក៏​ងើប​យក​ពិល​ចុច​ដើររក​កូន​ក៏​ឃើញ​កូន​ស្លាប់​នៅក្រោម​ឡាន​របស់ខ្លួន​។ ដោយ​ឡាន​ទាំងពីរ​ដែល​បង្ក​នោះ​នៅជាប់​អោប​គ្នា​ត្រង់​កាប៊ីន​។ ក្រោយ​កើតហេតុ នោះដែរ រថយន្ត​ទី​ពីរ​ដែល​មក​បុក​នោះ ដែល​គេ​ដឹងថា​បាន​បើកបរ​តែម្នាក់ឯង ហើយ​រងរបួស​ឈាម​ពេញ​ខ្លួន​ផង នោះបាន​រត់គេចខ្លួន​បាត់​។

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​ទំហំ​បុក​មាន​ភាព​ធ្ងន់ធ្ងរ​ពេក ខាង​នគរបាល​ស្រុក​ស្ទោង​ក៏ បាន​សុំ​អន្តរាគមន៍​ពី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខាង​កំពង់ធំ មកជួយ​វាស់វែង​។ ការវាស់វែង​បាន​ប្រព្រឹត្តទៅ​ចប់ សព្វគ្រប់ ដោយមាន​ការដាក់​បា​រ៉ា​ស​សងខាង ដើម្បី​ជាស​ញ្ញា​ឲ្យ​ឡាន​បន្ថយល្បឿន​ផងដែរ​។ នៅពេល​វាស់វែង​ចប់ សមត្ថកិច្ច​នគរបាល​បាននាំគ្នា​ទៅ​សរសេរ​កំណត់ហេតុ​នៅ​ផ្ទះមួយ​ស្ថិតនៅ​ខាងជើង ជាប់​ផ្លូវជាតិ​ក្បែរ​កន្លែងកើតហេតុ ។​
​ ​
​ប្រភព​បាន​បន្តថា ពេល​កំពុង​សរសេរ​កំ​ណ​ត់​ហេតុ​យ៉ាង​ស្ងៀមស្ងាត់ ក៏​ស្រាប់តែ​នៅ​ទាបភ្លឺ​មាន​រថយន្ត ដឹក​ដំឡូង​មួយគ្រឿង​ផ្សេងទៀត​បើកបរ​ពី​ទិស​លិច ទៅ​ខាងកើត​ដូចគ្នា ក៏​មក​បុក​រថយន្ត​ដឹក​ដំឡូង​មី​ទី​ពីរ បណ្តាល​ឲ្យ​អ្នករួមដំណើរ​ម្នាក់​ស្លាប់ នៅក្នុង​រថយន្ត និង​ទារិកា​អាយុ​ជាង​១​ខួប​ម្នាក់ទៀត ត្រូវជា​កូន​របស់ អ្នកបើកបរ​រថយន្ត​បាន​ស្លាប់​ផងដែរ​។ មានន័យថា ខាង​រថយន្ត​សុំា​យ៉ុង​ស្លាប់​ចំនួន​ពីរ​នាក់ និង​របួស​ចំនួន​បីនាក់​។
​ ​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា រថយន្តបុក​ក្រោយ​(​ទី​៣)​ដែលមាន​ភាព​ស្រាល​ជាងគេ ក៏ត្រូវ​បាន​ស្ទូច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក​ស្ទោង ហើយ​រថយន្ត​យី​ឌុប​ទាំងពីរ​នឹង​អូស​មក​ដាក់​ក្បែរផ្លូវ​ជាតិ​នោះ​បណ្តោះអាសន្ន​។ ដោយឡែក​អ្នកស្លាប់​ទាំងបី​នាក់ និង​អ្នករបួស សមត្ថកិច្ច​មិនបាន​បញ្ជាក់ថា​មានឈ្មោះ​អ្វី​ទេ ដោយ​គ្រាន់តែ​ដឹងថា​រថយន្ត សុំា​យ៉ុង​ដែលមាន​មនុស្ស​ស្លាប់​ពីរ​នាក់ គឺ​រស់នៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។ ចំណែកឯ​រថយន្ត​យី​ឌុប ដឹក​ដំឡូង​ទាំងពីរ​ប្រហែលជា​រស់នៅក្នុង​ខេត្តកំពង់ចាម ។
​ ​
​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ​នោះដែរ ភាព​កកកុញ​ដោយ​មនុស្ស​បាន​ប្រមូល​ម្តុំ​គ្នា​មក​កន្លែងកើតហេតុ​យ៉ាង​ត្រាប ត្រា ហើយ​ដំឡូង​មី និង​ដំឡូងជ្វា​បាន​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​ម្នាក់ៗ​មាន​ភាព​អាណិតអាសូរ​ដល់​អ្នកស្លាប់​នៅ កន្លែងកើតហេតុ ជាពិសេស​ទៅទៀត​នោះ​គឺ​ទារិកា​ដែលមាន​អាយុ​ជាង​១​ខួប​នោះ​ដែល​គ្នា​មិន​ដឹងអី​បាន​ស្លាប់​ដែរ​៕S/​ដោយ​៖​គូលែន​

​រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា​និង​មាន​រថយន្ត​ធំ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ​ស្លាប់​៣​នាក់​របួស​៤​នាក់​