​រថយន្ត​បើក​កៀរ​ម៉ូតូ​ដួល​របួសធ្ងន់​២​នាក់​ខណ្ឌ​ពោធិ​សែន​ជ័យ​

1059
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​កូរ៉េ​មួយគ្រឿង​បើក​កៀរ​បុរស​២​នាក់​រងរបួស​ធ្ងន់​ខ​ណៈ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​រថយន្ត​បើក​រត់គេច​ទៅ​បាត់ស្រមោល​ស្ថិតនៅ​តាមផ្លូវ​ទំនប់​កប់​ស្រូវ​ភូមិ​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ទាំង​២​នាក់ ទី​១ ឈ្មោះ ស៊ុន​ចាន់​នាម ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់នៅ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូម​៨​ឫស្សី​ទន្លេ ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង រងរបួស​បាក់​ភ្លៅ​ស្តាំ ។ ទី​២ ឈ្មោះ លី សុខ ឃី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម រងរបួស​បាក់ដៃ​ឆ្វេង ហើយ​ជា​អ្នកបើកបរ​ម៉ូតូ ម៉ាកវីវ៉ា ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​កូរ៉េ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​គេច​ពី​រថយន្ត​ឆ្លង​កាត់មុខ​ជ្រុល​ចង្កូត​កៀរ​ម៉ូតូ​តែម្តង​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ទាំង​២​នាក់ ហើយ​រថយន្ត​បង្ក​បើក​រត់គេច​បាត់ស្រមោល​មិន​ព្រម​ឈប់​ទទួលខុសត្រូវ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ម៉ូតូ ខណៈដែល​រថយន្ត​បង្ក​រត់គេច​បាត់ ត្រូវបាន​សាច់ញាតិ​យក​ម៉ូតូ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕S/

​រថយន្ត​បើក​កៀរ​ម៉ូតូ​ដួល​របួសធ្ងន់​២​នាក់​ខណ្ឌ​ពោធិ​សែន​ជ័យ​