​រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ពីរ​នាក់​

1255
ចែករម្លែក

ដោយ​៖​បូកគោ​/​កំ​ពតៈ​ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន​រថយន្ត​មួយគ្រឿង​បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​យុវជន​ម្នាក់​បាត់​បង់ជីវិត​នៅនឹងកន្លែង​។​ចំណែក​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ក្នុងភូមិ​កំពង់​នង់​ឃុំ​កូន​សត្វស្រុក​ទឹកឈូ​។​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​ពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ដើម្បី​យកទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​។​
​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ទឹកឈូ​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​រួមមាន​១.​ឈ្មោះ​អន សាក់​ស៊ីន​ឧ​ត្ត​ម អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ស្លាប់​នៅនឹងកន្លែង​។ ២. ឈ្មោះ​នី វ​ណ្ណី ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ម៉ាក់​ប្រា​ង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។ ៣. ឈ្មោះ ប៊ុន​. ចាន់​ដា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​យ៉​ន យ៉ា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​ក្រវ៉ា ស្រុក​បារាយ ខេត្តកំពង់ធំ​។

ប្រភព​ដដែល​បាន​រៀបរាប់ថា​មុនពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​យុវជន​បីនាក់​ធ្វើដំណើរ​ដោយ​ម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​ខណៈនោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ថៃ​ហ្គឺ​ពាក់​ស្លាក​លេខ​រដ្ឋ​2-0300​បើក​មកពី​ក្រោយ​ដោយ​ល្បឿន​យ៉ាង​លឿន​ហើយ​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ទាំងបី​ធ្លាក់​ដេក​ដួល​រដូករណែល​លើដី​តែម្តង​។

​ភ្លាមៗ​អ្នកជិតខាង​បាន​ស្ទុះ​ចូលទៅ​កន្លែងកើតហេតុ​ដើម្បី​ជួយ​លើក​ជនរងគ្រោះ​ស្រាប់តែ​ឃើញ​ម្នាក់​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​ក្នុងស្ថានភាព​បែបនេះ​អ្នកជិតខាង​ក៏​នាំគ្នា​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​រួច​ប្រញាប់ប្រញាល់​ទំនាក់ទំនង​ហៅ​សមត្ថកិច្ច​មកកាន់​កន្លែង​កើតហេតុ​ដើម្បី​អន្តរាគមន៍​៕S/

​រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ពីរ​នាក់​