​រថយន្ត​បើក​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​រុញ​ផ្ទប់​រថយន្ត​ឡិច​ស៊ី​សរ​បួស​៣​នាក់​

168
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បើក​ល្បឿន​លឿន​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​កង់​បី​រុញ​ផ្ទប់​ទៅនឹង​រថយន្ត​ឡិច​ស៊ី​ស​កំពុងបើក​ច្រាសទិស​បណ្តាលឱ្យ​មនុស្ស​៣​នាក់​ជិះ​លើ​កង់​បី​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវ​២០០​ភូមិ​ត្រពាំង​ល្វា​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​។​

​តាម​ប្រភព​បានឱ្យដឹងថា មុន​កើតហេតុ រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ H1 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-6315 បើក​ល្បឿន​លឿន តាមផ្លូវ​២២០០៤ ពី​ជើង​ទៅ​ត្បូង​។ លុះដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី ពណ៌​ស ពាក់​ស្លាក​លេខ ស្វា​រៀង​1N-7677 ពីក្រោយ​ដែល​បម្រុង​បត់​ឆ្វេង រុញ​បុក​ផ្ទប់​ទៅនឹង​រថយន្ត​មួយគ្រឿង​ទៀត បើក​ច្រាសទិស ម៉ាក ឡិច​ស៊ី​ស​RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-1893 ។​

​ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់​ស្ត្រី​រួម​ដំណើរ​២​នាក់​រងរបួស​ស្រាល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ក្រោយ​កើតហេតុ​មធ្យោបាយ​ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ត្រូវបាន នគរបាល​ជំនាញ​ចុះទៅ​វាស់វែង​រួច យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ខណ្ឌ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/​