​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់​នៅ​ស្រុក​ទឹកឈូ

1030
ចែករម្លែក

(​កំពត​)៖​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​បន្ទាប់ពី​ត្រូវ​រថយន្តបុក​ពីក្រោយ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២២ ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ទឹកឈូ​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ស្គាល់ឈ្មោះ​តែ​ម្នាក់​គឺ​ឈុំ ក្រាញ់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។ ដោយ​ស្រង់​សម្តី​ពី​អ្នករស់នៅ​ក្បែរ​កន្លែងកើតហេតុ​ប្រភព​ដដែល​បាន​រៀបរាប់ថា​មុនពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ដោយ​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

ស្របពេលនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​បើក​មក​យ៉ាង​លឿន​ក្នុងទិសដៅ​ស្របគ្នា រួច​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​ដេក​ដួល​រដូករណែល​លើ​ដងផ្លូវ​។ ភ្លាមៗ រថយន្ត​មិនបាន​បញ្ឈប់​ទេ​ដោយ​បន្ថែម​ល្បឿន​បន្តដំណើរ​ទៅមុខ​យ៉ាង​លឿន​។

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​នៅពេល​អ្នកភូមិ​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​អ្នក​ទាំងពីរ​បាត់បង់​ជីវិត​ទៅហើយ​ទើប​ប្រញាប់ប្រញាល់​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​មក​ក​កាន់​កន្លែងកើតហេតុ និង​ជួយ​ស្ទាក់​ឃាត់​រថយន្ត​បង្ក​។ អាច​សង្ស័យ​អំពី​សមត្ថកិច្ច​ស្ទាក់ផ្លូវ​ខាងមុខ នៅពេល​បើករ​ត់ដល់​ចំណុច​ភូមិសាស្ត្រ​ឃុំ​បឹង​និមល​ស្រុក​ឈូក​ម្ចាស់​រថយន្ត​ក៏​បញ្ឈប់​រួច​គេចខ្លួន​បាត​ទុក​រថយន្ត​បង្កហេតុ​ក្បែរផ្លូវ​តែម្តង​៕S/​ដោយ បូកគោ​

​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់​នៅ​ស្រុក​ទឹកឈូ (រូប៖បូកគោ)