​របប​ទឹកទន្លេ​មេគង្គ​ប្រែប្រួល​បង្ខំ​ឲ្យ​កសិករ​ប្រមូល​ផល​មុន​អាយុ​នៃ​ដំណាំ​

1646
ចែករម្លែក

(​ត្បូងឃ្មុំ​)​កសិករ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ស្រុក​ក្រូចឆ្មារ​និង​ស្រុក​ត្បូងឃ្មុំ​បាននិងកំពុង​ជួបប្រទះ​ការគំរាមកំហែង​ពី​ទឹកជំនន់​បាន​ជន់​លេច​ផលដំណាំ​អស់​ជាច្រើន​រយ​ហិកតា ដោយសារតែ​របប​ទន្លេ​ឆ្នាំនេះ​បាន​ជន់​លេច​លឿន​ជាង​ឆ្នាំ​កន្លងទៅ​។ ប៉ុន្តែ​កសិករ​មួយចំនួន​បាន​បង្ខំចិត្ត និង​ប្រឹង​ប្រែ​ប្រមូល​ផល​បើទោះជា​កសិផល​ទាំង​នៅ​ពុំទាន់​គ្រប់​អាយុ​នៃ​ការប្រមូល​ផល​ក៏ដោយចុះ​។​ចំណែក​មន្ត្រី​កសិកម្ម​បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ជ្រើសរើស​ពូជ​ដំណាំ​ណា​ដែល​រហ័ស​ផ្តល់​ផល​ដើម្បី​បញ្ជៀ​ស​ការលេចលង់​ពី​ទន្លេ​មួយ​នេះ​នៅ​ឆ្នាំ​ខាងមុខ​។​

​ជូត​ក្បាល​នឹង​ក្រមា​កំពុង​លី​ជាល​ដែលមាន​ផ្ទុក​ផ្លែ​ពោត ទាំង​សម្បក​ពណ៌​ខៀវ​មិនទាន់​ទុំ​បុរស​អាយុ ៤៩ ឆ្នាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី ២៧ កក្កដា​ថា ទឹកបាន​ឡើង​លឿន​ណាស់ គឺ​មុននេះ​មួយថ្ងៃ​ទើប​ហូរ​ចូល​នៅ​បាត​អូរ តែ​ឥឡូវ​បាន​ឡើង​ចូលដល់​ចម្ការ​ពោតក្រហម ដែល​បង្ខំ​ឲ្យ​លោក​ប្រពន្ធ​និង​កូនប្រុស​ផ្អាក​រៀន​មួយ​ព្រឹក​ដើម្បី​ជួយ​កាច់​ប្រមូលយក​ផ្លែ​ពោត​យកទៅដាក់​ហាល​កម្តៅថ្ងៃ​ឲ្យ​គ្រាប់​រឹង​ដូច​ទុំ​ដែរ​។​
​ ​
​លោក សុ​ត សុខា​ដែលមាន​ទីលំនៅ​ភូមិ​ជី​រោទ៍​កណ្តាល​ឃុំ​ជី​រោទ៍​មួយ​ស្រុក​ត្បូងឃ្មុំ​បាន​ញញឹម​រាក់ទាក់​ជាមួយ​អ្នកសារព័ត៌មាន​បាន​ពោលថា បើ​យើង​មិន​កាច់​យក​ផ្លែ​ពោ​តទៅ​ហាលថ្ងៃ​ឲ្យ​វា​ទុំ​បែបនេះ​ទេ គឺ​នឹង​លេច​ខាត​រិត​តែ​ធ្ងន់ធ្ងរ​មិនបាន​អ្វី​សោះ​។ បន្ទាប់ពី​ហាល​ស្ងួត​អាច​លក់បាន​ប្រាក់ គ្រាន់តែ​តម្លៃ​ទាប​ជាង​ពោត​ទុំ​តាម​ធម្មជាតិ និង ទម្ងន់​ស្រាល​ជាង​បន្តិច​។​
​ ​
លោក សុខា បាន​ពោល​ឲ្យ​ដឹង​ទៀតថា បើ​ទុក​ឲ្យ​ពោត​នេះ​ទុំ​ល្អ គឺអាច​នៅពេល​ពី ២០-២៥​ថ្ងៃ​បន្ថែមទៀត​។ ប៉ុន្តែ​ឥឡូវ​ទឹកជំនន់​ទន្លេមេគង្គ​បាន​ជន់​លេច​ពោត និង ដំណាំ​ជា​បន្លែ​ច្រើន​មុខ​ទៀត​បាន​លិច​អស់​ជិត​មួយ​សប្តាហ៍​ហើយ ដែល​នឹងត្រូវ​ប្រមូល​ផល​លក់បាន​ប្រាក់​ជាប្រចាំ​ពី​ប្រាំបី​ម៉ឺន ទៅ ដប់​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ ក្នុងនោះ​មិន​ត្រឹមតែ​ចម្ការ​របស់លោក​ជាង​មួយ​ហិកតា របស់លោក​នៅក្បែរ​មាត់​បឹង​អ​ន្សោ​ង​ប៉ុណ្ណោះ​ទេ គឺ​ក៏មាន​ចម្ការ​ពោតក្រហម​ជាច្រើន​ហិកតា​ផ្សេងទៀត​របស់​ប្រជាពលរដ្ឋ​ជិតខាង​ផងដែរ​។​
​ ​
​បុរស​ដែល​កូន​ចំនួន​បីនាក់ និង ពីរ​នាក់​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ផង​នោះបាន​ពោល​បន្តថា ទឹកទន្លេ​ឆ្នាំនេះ​បានធ្វើ​ឲ្យ​បាត់ប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្ត​ង់​ការសិក្សា​របស់​កូនៗ​។ លោក​ក៏​ដូច​កសិករ​រស់នៅ​តំបន់​នេះ​ទាំងអស់ ខាន​បាន​ជួប​ការគំរាមកំហែង​ពី​ទឹកជំនន់​របៀបនេះ បី​ទៅ​បួន ឆ្នាំ​ហើយ គឺ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ជាក់​ជាមិនខាន​។​

​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២៨ កក្កដា​ថា ខណ​:​នេះ​លោក និង មន្ត្រី​កសិកម្ម​ជាច្រើនរូប​កំពុង​សិ្ថ​ត​វាល​ចម្ការពោត​ក្រហម​ត្រូវ​ទឹកជំនន់​ជន់​លិច ក្នុង​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ដើម្បី​ជួយប្រមូល​ផល​ប្រជាពលរដ្ឋ​។

ក្នុងនោះ​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ទឹកជំនន់​ទន្លេមេគង្គ​បាន​ជន់​លិច​ដំណាំ​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ជា​ដំណាំ​ពោតក្រហម​នោះ​អស់​ប្រមាណ​ជាង ៥០០ ហិកតា គឺ​ស្រុក​ក្រូចឆ្មារ​លិច​អស់​ចំនួន​៥០០ ហិកតា និង ស្រុក​ត្បូងឃ្មុំ​ជាង ៣០ ហិកតា​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា សូម​ធ្វើការ​អំពាវនាវ​នៅ​ឆ្នាំ​ខាងមុខ​ដល់​ប្រជាពលរដ្ឋ​ជា​កសិករ​ដាំ​កសិកម្ម​តាម​ដង​ទន្លេមេគង្គ​ទាំង ចូរ​ជ្រើសរើស​ពូជ​ដំណាំ​ណា​ឆាប់​ផ្តល់​ផល ពោលគឺ​លៃលក​ពេលវេលា​នៃ​ការប្រមូល​ផល​រួចរាល់​ឲ្យ​បាន​មុន ឬ​ត្រឹម​ពាក់កណ្តាល​ខែកក្កដា​នេះ​។​ពិសេស​ដើម្បី​បញ្ជៀ​សការ​ប្រឈម​គំរាមកំហែង​ពីរ​បប​ទឹកជំនន់​ទន្លេមេគង្គ​ដូច​ឆ្នាំ​២០១៧​នេះ​បន្តទៀត​៕S/​ដោយ​: ភោគ សម្បត្តិ​

​របប​ទឹកទន្លេ​មេគង្គ​ប្រែប្រួល​បង្ខំ​ឲ្យ​កសិករ​ប្រមូល​ផល​មុន​អាយុ​នៃ​ដំណាំ​។(រូប៖វេបសាយ)

#