​របរ​លក់​ផ្លែ​ពុទ្រា​នៅតាម​ផ្លូវ​ជួយ​ឲ្យ​ពលរដ្ឋ​មួយចំនួន​នៅ​ខេត្តកំពង់ចាម​អាច​រកប្រាក់​បាន​

483

(​កំពង់ចាម​)៖​មុខរបរ​លក់​ផ្លែ​ពុទ្រា​ស្រស់​នៅតាម​ទីតាំង​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម​អាចជួយ​ឲ្យ​ប្រជាពលរដ្ឋ​រកប្រាក់​ចំណូល​ប្រចាំថ្ងៃ​បាន​គួរសម​សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​យ៉ាង​ស្រួល​ដោយ​មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ឆ្ងាយ​។​

​កញ្ញា​ជី​ស្រី​ណាក់​អាយុ​២៨​ឆ្នាំ​ជា​អ្នកលក់​ផ្លែ​ពុទ្រា​ម្នាក់​ក្នុងចំណោម​អ្នកលក់​ជាង​២០​កន្លែង​ផ្សេងទៀត​អម​សងខាង​ផ្លូវជាតិ​លេខ​៧​ជាប់​ទន្លេ​អុំ​ស្ថិតក្នុង​ភូមិ​បឹង​ស្នាយ​សង្កាត់​សំបួរមាស​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃ​អាច​លក់​ផ្លែ​ពុទ្រា​ទុំ​បាន​ពី​៧០​ទៅ​១០០​គីឡូក្រាម​ឯណោះ​។​

ពុទ្រា​ទាំងនោះ​គឺ​ទិញ​ពី​អ្នក​ដាំ​នៅតាម​ចម្ការ​ម្តុំ​ខាងក្រោយ​បន្ទាយ​ទាហាន​,​ភ្នំ​ប្រុស​ភ្នំ​ស្រី​ស្រុក​កំពង់សៀម​និង​នៅ​ស្រុក​ចម្ការលើ​ខេត្តកំពង់ចាម​។​រីឯ​តម្លៃ​ចំពោះ​ផ្លែ​ពុទ្រា​ប្រភេទ​ធំ​ក្នុង​មួយ​គីឡូក្រាម​ពី​៥​ពាន់​ទៅ​៦​ពាន់​រៀល​។​ដោយឡែក​ចំពោះ​ផ្លែ​តូច​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាង​នោះ​ក្នុង​មួយ​គីឡូក្រាម​ពី​១៣.០០០​ទៅ​១៤.០០០​រៀល​។​

កញ្ញា​បន្តថា​ក្នុង​មួយ​គីឡូក្រាម​អ្នក​យកមក​លក់​បន្ត​ចំណេញ​បាន​ចំនួន​១.០០០​រៀល​ហើយ​ទូរ​ទាត់​ទៅជា​មធ្យម​ក្នុង​មួយថ្ងៃ​គឺអាច​រកប្រាក់​ចំណេញ​បាន​ពី​៧​ទៅ​១០​ម៉ឺន​រៀល​។​ប៉ុន្តែ​ចំនួន​នេះ​បាន​ថយចុះ​ជាង​កាលពី​ឆ្នាំ​២០១៦​ជិត​ពាក់កណ្តាល​ដោយសារ​ឆ្នាំនេះ​រាង​ខ្សត់​អ្នកទិញ​និង​ខ្សត់​ផ្លែ​ពុទ្រា​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំងពេក​វា​បង្ក​ឲ្យ​ផ្លែ​ស្អុយ​ច្រើន​។​

​កញ្ញា​បន្ថែមថា​អតិថិជន​ភាគច្រើន​ដែល​ចូលចិត្ត​បរិភោក​ផ្លែ​ពុទ្រា​គឺ​អ្នក​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ទៅ​បណ្តាល​ខេត្ត​ផ្សេងៗ​។​ក្នុងនោះ​ក៍មាន​តារា​កំប្លែង​ល្បីៗ​ដូចជា​នាយ​កុយ​និង​នាយ​ពែ​កមី​ក៍​និយម​ចូលចិត្ត​ទិញ​ផ្លែ​ពុទ្រា​ដែល​ដាក់លក់​នៅទីនេះ​ផងដែរ​។​ក្រៅពីនោះ​គឺមាន​ភ្ញៀវទេសចរ​វៀវ​ណា​ម​ដែល​ឆ្លងកាត់​គឺ​ទិញ​ម្នាក់ៗ​ជាច្រើន​គីឡូក្រាម​ដើម្បី​ផ្ញើ​ទៅ​បងប្អូន​របស់​ពួកគេ​នៅឯ​ស្រុក​។​លើសពីនោះ​ក៍មាន​អ្នកទិញ​យកទៅលក់​បន្ត​ដែល​ម្នាក់ៗ​អាច​ទិញ​ម្តង​ពី​៣០​ទៅ​៥០​គីឡូក្រាម​។​

អ្នកលក់​បាន​ឲ្យ​ដឹងថា​កាលពី​ចាប់ផ្តើម​លក់​៤​ទៅ​៥​ឆ្នាំមុន​មាន​អ្នកលក់​តែ​៣​ទៅ​៤​កន្លែង​ប៉ុណ្ណោះ​។​ប៉ុន្តែ​ប្រហែល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​បាន​ផ្អើល​មាន​អ្នកលក់​កើនឡើង​ប្រមាណ​ជាង​២០​កន្លែង​។​ដោយសារតែ​ឆ្នាំ​កន្លងមកនេះ​សម្បូរ​ផ្លែ​ពុទ្រា​ហើយ​អ្នកទិញ​និង​អ្នក​ទទួលទាន​ច្រើន​ដែរ​គឺមាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ​មិន​លំបាក​ឡើយ​។​

​លោក​គឹម​សាវឿន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​ពិត​ហើយ​នៅ​កន្លែង​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម​ដូចជា​នៅ​អម​ផ្លូវជាតិ​លេខ​៧​ទន្ទឹម​ទន្លេ​អុំ​,​ទល់មុខ​ប្រាសាទ​នគរ​បា​ជ័យ​មាន​ប្រជាពលរដ្ឋ​លក់​ផ្លែ​ពុទ្រា​ទុំ​កើនឡើង​ច្រើន​ហើយក៏​សម្បូរ​អ្នកទិញ​ច្រើន​ដែរ​។​

ប៉ុន្តែ​យើង​មិនមាន​តួលេខ​អ្នកមាន​ចម្ការ​ពុទ្រា​នៅក្នុង​ខេត្តកំពង់ចាម​បានច្បាស់លាស់​នៅឡើយ​ទេ​។​ជំនាញ​គ្រាន់តែ​ដឹងថា​កន្លែង​ដែលមាន​ចម្ការ​ពុទ្រា​ច្រើនជាងគេ​នោះ​គឺ​នៅ​ព្រែក​ស្វាយ​,​ប​ល្ល​ង្ក​ក្នុង​ឃុំ​រអាង​ស្រុក​កំពង់សៀម​,​នៅក្រោយ​បន្ទាយ​ទាហាន​ខេត្តកំពង់ចាម​និង​នៅ​បុសខ្នុរ​ស្រុក​ចម្ការលើ​ខេត្តកំពង់ចាម​។​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​អំពាវនាវ​ដល់​ម្ចាស់​ចម្ការ​ពុទ្រា​ទាំងអស់​នៅ​ខេត្តកំពង់ចាម​ត្រូវ​ប្រើប្រាស់​ថ្នាំ​គីមី​បាញ់​បំបាត់​សត្វ​ស្រាំងទិច​បង្ក​ឲ្យ​មាន​ដង្កូវ​ក្នុង​ផ្លែ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេស​ដែល​ខាង​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ផ្សព្វផ្សាយ​កន្លងមក​។ ដើម្បី​បញ្ចៀស​នូវ​ការប៉ះពាល់​សុខភាព​ដល់​ម្ចាស់​ចម្ការ​ខ្លួនឯង​និង​អ្នក​បរិភោគ​។

​ជាមួយ​នោះ​ក៏បាន​សំណូមពរ​ដល់​អ្នក​បរិ​ភោគ​ទាំងអស់​មុននឹង​ទទួលទាន​ផ្លែ​ពុទ្រា​ដែល​ដាក់លក់​ទាំងអស់នោះ​ត្រូវ​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​៕S/​ដោយ​:​គង់​ហេង

​របរ​លក់​ផ្លែ​ពុទ្រា​នៅតាម​ផ្លូវ​ជួយ​ឲ្យ​ពលរដ្ឋ​មួយចំនួន​នៅ​ខេត្តកំពង់ចាម​អាច​រកប្រាក់​បាន​