​រមណីយដ្ឋាន​ទេសចរណ៍​ត្រពាំង​សង្កែ​កាន់តែ​ទាក់ទាញ​ក្រោយ​សហគមន៍​បង្កើន​សោ​ភ័​ណ្ឌ​ភាព​

2244

(​កំពត​)​បន្ទាប់ពី​សហគមន៍​ប​ង្កើ​ន​សោ​ភ័​ណ្ឌ​ភាព​ចំពោះ​មណ្ឌល​កម្សាន្ត​របស់ខ្លួន​ទេសចរណ៍ធម្មជាតិ​ត្រពាំង​សង្កែ​កាន់តែ​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ជិត​ឆ្ងាយ​។​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​សហគមន៍​ត្រពាំង​សង្កែ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​ខេត្តកំពត​ប្រមាណ​ជាង​ប្រាំមួយ​គីឡូម៉ែត្រ​ភាគ​អ​គ្នេ​យ៍​នៃ​ទី​រួម​ខេត្ត​។​

​ដើម្បី​បាន​ដល់​មណ្ឌល​កម្សាន្ត​មួយ​នេះ​ភ្ញៀវ​ទាំងឡាយ​អាចធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣៣​ទិសដៅ​កំពត​កែប​ដោយ​បត់​ចុះទៅ​ផ្នែក​ខាងស្តាំ​ក្រោយ​ឆ្លង​ផុត​សាលាឃុំ​ត្រពាំង​សង្កែ​ប្រហែល​៧០០​ម៉ែត្រ​។​

បន្ទាប់ពី​ធ្វើដំណើរ​លើផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ចម្ងាយ​ប្រហែល​៦០០​ម៉ែត្រ​ដោយ​ឆ្លងកាត់​ភូមិឋាន​អ្នកស្រុក​និង​ការដ្ឋាន​ផលិត​អំបិល​នោះ​ភ្ញៀវ​ទាំងឡាយ​នឹង​បាន​ដល់​មជ្ឈមណ្ឌល​បណ្តុះ​កូន​កោង​កាង​របស់​សហគម​ន៍ទី​ដែល​ត្រូវ​សំចត​សម្រាប់​ដំណាក់កាល​ទីមួយ​។​

​លោក​ស៊ឹម​ហ៊ីម​ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​បាន​រៀបរាប់ថា​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៧​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​កាន់តែ​មានការ​ចាប់អារម្មណ៍​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ត្រពាំង​សង្កែ​ដោយសារ​សហគមន៍​បាន​សាងសង់​ស្ពាន​ក្តារ​ប្រវែង​២០០​ម៉ែត្រ​នៅ​ចន្លោះ​កូន​កោង​កោង​ទើបនឹង​ដាំ​ថ្មី​បន្ថែម​លើ​ធ្វើ​ស្ពាន​ចាស់​ប្រវែង​៥០០​ម៉ែត្រ​ក្នុង​ព្រៃកោងកាង​ដែលមាន​ស្រាប់​។​

​ការ​មក​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​សហគមន៍​ត្រពាំង​សង្កែ​ភ្ញៀវ​មានឱកាស​រីករាយ​ពីរ​ដំណាក់កាល​គឺអាច​ទៅ​លម្ហែ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ជាមួយ​អាកាសធាតុ​បរិសុទ្ធ​និង​ការ​គយគន់​ទូក​អ្នកនេសាទ​ការដើរ​លេង​ក្នុង​ព្រៃកោងកាង​ព្រមទាំង​អង្គុយ​ជុំគ្នា​ដោយនៅ​ទីនោះ​ក្រៅពី​ស្ពាន​ប្រវែង​៧០០​ម៉ែត្រ នៅមាន​ខ្យូ​ស​ចំនួន​ប្រាំបី​ថែមទៀត​។

​លោក​ប្រធាន​សហគមន៍​បាន​បញ្ជាក់ថា​ដើម្បី​បាន​ដល់​កន្លែង​កម្សាន្ត​នេះ​ភ្ញៀវ​ត្រូវ​ជិះទូក​ចេញពី​មជ្ឈមណ្ឌល​បណ្តុះ​កូន​កោង​កាង​ក្នុង​ចម្ងាយ​ប្រហែល​បួន​គីឡូម៉ែត្រ​តម្លៃ​១៥​ដុល្លារ​សម្រាប់​ទាំង​ទៅ​ទាំង​មក​ដោយ​ផ្ទុក​មនុស្ស​ចំនួន​១២​នាក់​។​ដោយឡែក​នៅ​មជ្ឈមណ្ឌល​បណ្តុះ​កូន​កោង​កាង​វិញ សហគមន៍​មាន​បន្ទប់​ប្រជុំ បណ្ណាល័យ ផ្ទះបាយ ពិសេស​បឹង​ហ្កា​ឡូ​ចំនួន​២៣​បន្ទប់ តម្លៃ​៨​ដុល្លារ​សម្រាប់​ពូក​មួយ និង​១០​ដុល្លារ​មាន​ពូក​ពីរ​ក្នុង​មួយ​យប់​។

​លោក​ស៊ឹម​ហ៊ីម​បាន​ប្រាប់​ឱ្យដឹងទៀតថា​ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០១៧​នេះ​រមណី​ដ្ឋា​ន​ទេសចរណ៍​ត្រពាំង​សង្កែ​ទទួលភ្ញៀវ​ជាតិ​បាន​៨.២៨៥​នាក់ និង​ទេសចរ​បរទេស​ចំនួន​១.០៦៦​នាក់​។ ដោយឡែក​អំឡុងពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​មាន​ភ្ញៀវ​មក​កម្សាន្ត​ជិត​៣.០០០​នាក់​។

ដោយសារ​បរិមាណ​ភ្ញៀវ​ចេះតែ​កើនឡើង​មកដល់ពេលនេះ​សហគមន៍​មាន​ទូក​ទេសចរណ៍​រហូតដល់​ប្រាំបួន​គ្រឿង​ហើយ​។​ក្នុង​ថ្ងៃ​ធម្មតា​យ៉ាងហោច​ក៏មាន​ភ្ញៀវ​ពី​៥​ទៅ​ប្រាំបួន​ទូក​ដែរ​។​ប៉ុន្តែ​ពេល​មាន​ពិធីបុណ្យ​ម្តងៗ​ទូក​នីមួយៗ​បាន​ដឹកជញ្ជូន​ភ្ញៀវ​យ៉ា​តិច​ក៏​ពី​ប្រាំមួយ​ជើង​ទៅ​ប្រាំបួន​ជើង​ឯណោះ​។​

​លោក​ស​សូ​រិ​ន​នាយការិយាល័យ​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពត​បាន​មានប្រសាសន៍ថា​សហគម​ន៍​នេសាទ​ត្រពាំង​សង្កែ​ជា​សហគមន៍​មួយ​ដែល​ធ្វើ​កិច្ចការងារ​បានល្អ​ទាំង​ការចូលរួម​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​ការការពារ​ធនធានធម្មជាតិ​។​

ចាប់តាំងពី​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៩ ក្រោម​ការគាំទ្រ​ដោយ​អង្គការ​អភិវឌ្ឍន៍​កុមារ និង​ស្ត្រី​នៅ​កម្ពុជា និង​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ជលផល សហគមន៍​នេះ​បាន​បង្កើត​សមិទ្ធផល​ជាច្រើន​ពិសេស​បាន​ដាំ​កោង​កាង​ប្រមាណ​ជាង​ពីរម៉ឺន​ដើម​មកហើយ​។

​អ្វីដែល​កាន់តែ​ប្រសើរ​ថែមទៀត​នោះ​ទោះបី​អង្គការ​ដៃគូ​ទាំងអស់​បាន​ផុត​អាណត្តិ​ទៅហើយ​ក្តី​សហគមន៍​នៅតែ​ដំណើរការ​ដោយ​ខ្លួនឯង​តាមរយៈ​ការបង្កើត​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​នេះ​តែម្តង​៕S/​ដោយ បូកគោ

​រមណីយដ្ឋាន​ទេសចរណ៍​ត្រពាំង​សង្កែ​កាន់តែ​ទាក់ទាញ​ក្រោយ​សហគមន៍​បង្កើន​សោ​ភ័​ណ្ឌ​ភាព​