​រមណីយដ្ឋាន​ទំនប់​ម្លេ​ច​លាក់ខ្លួន​ក្នុង​ជួរ​ភ្នំ​ដ៏​សែន​មនោ​រម្យ​

877

(​កំពត​)៖​ទំនប់​ម្លេ​ច​ហ៊ុមព័ទ្ធ​ដោយ​ជួរ​ភ្នំ​ជុំជិត​បាន និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ជិត​ឆ្ងាយ​ក្នុង​ដំណើរ​លម្ហែ​អារម្មណ៍​ដោយ​ក្តី​មនោ​រម្យ ពិសេស​នាឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ដែលជា​រដូវក្តៅ​ហួតហែង​នោះ​។ ក្រៅពី​ជាទី​កម្សាន្ត​ប្រកបដោយ​ផាសុកភាព ទំនប់​នេះ​ក៏មាន​សារសំខាន់​ក្នុងការ​ផ្គត់ផ្គង់​ទឹក​ដល់​កសិករ​នៅ​តំបន់​ជុំវិញ​។

​អ្នកស្រី​ចែ​មុំ​រស់នៅ​ភូមិ​ត្រពាំង​ឈើទាល​ឃុំ​ច្រេស​ស្រុក​ជុំ​គិរី​ខេត្តកំពត​ដែលជា​អ្នកលក់​ម្ហូបចំណី​បាន​រៀបរាប់ថា​ទីនេះ​តែងមាន​ភ្ញៀវ​ជាតិ​មក​កម្សាន្ត​មិន​ដាច់​ទោះបី​ថ្ងៃ​ធម្មតា​ក្តី​។​លើសពីនេះ​រាល់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ត្រូវ​នឹង​រដូវក្តៅ​នោះ​ភ្ញៀវ​បាននាំគ្នា​សម្រុក​ចូលមក​រហូត​ស្ទះផ្លូវ​ជា​អន្លើរៗ ព្រោះតែ​ភាគច្រើន​សំដៅលើ​ការ​ហែល​ទឹក​លេង​កម្សាន្ត​។ ចែ​មុំ​បាន​រៀបរាប់​បន្តថា​តំបន់​ទំនប់​ម្លេ​ច​មាន​សន្តិសុខ​ល្អ សូម្បី​អ្នកលក់ដូរ​មួយចំនួន​ដែលមាន​លំនៅស្ថាន​ឆ្ងាយ​ក៏​ទុក​អីវ៉ាន់​របស់ខ្លួន​នៅទីនេះ​ដោយ​មិនចាំបាច់​មាន​អ្នកយាម​ដែរ​។

​លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ដោយ​ពឹងផ្អែក​មួយផ្នែកធំ​ជាមួយ​កម្លាំងយោធា​កងពល​តូច​លេខ​១១ តំបន់​ទំនប់​ម្លេ​ច​ជា​មណ្ឌល​កម្សាន្ត​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព ទោះបី​ស្ថិតនៅ​ចន្លោះ​ភ្នំ​ឆ្ងាយ​ពី​ទីប្រជុំជន​ក្តី​។ លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ជាមួយនឹង​កិច្ចសហការ​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​កងទ័ព​នេះ ទាំង​ធនធាន​មច្ឆជាតិ ទាំង​បរិស្ថាន​ក្នុង​អាង​ទំនប់​ម្លេ​ច​មានលទ្ធភាព​ជួយ​ដល់​ប្រជាកសិករ​ក្នុងការ​ប្រើប្រាស់​ជា​ប្រយោជន៍​ដោយ​បញ្ចៀស​បាន​នូវ​ការនេសាទ​ដែល​ប្រើប្រាស​ឧបករណ៍​ឆក់ ឬ​ថ្នាំពុល​ជាដើម​។

លោក​សយ​ស៊ី​ណុល​បាន​បញ្ជាក់ថា​អ្វីដែល​សំខាន់​ទាំង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​និង​ភ្ញៀវទេសចរ​សក្តានុពល​នៃ​ទំនប់​ម្លេ​ច​គឺ​កត្តា​ទឹកតែ​ម្តង​។​លោក​ចាន់​វណ្ណា​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ទំនប់​ម្លេ​ច​បាន​ស្ថាបនា​ឡើង​ក្រោម​របប​ប៉ុល ពត​ដោយ​ប្រើប្រាស់​កម្លាំង​ប្រជាជន​តាមរបៀប​ផ្តាច់ការ​។

ក្រោយមក​ទំនប់​បាន​រង​ការខូចខាត​ដោយសារ​កម្លាំង​ទឹកធ្លាក់​ពី​គ្រប់​ភ្នំ​ព័ទ្ធជុំវិញ​ស្របពេល​មិនសូវមាន​ការយកចិត្ត​ទុកដាក់​ថែទាំ​ម៉ត់ចត់​ផង​នោះ​។​នៅ​ឆ្នាំ​២០០៤​ដំណើរការ​ស្ថាបនា​ឡើងវិញ​បានចាប់ផ្តើម​ដោយ​គម្រោង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ក្រោយ​ការជួសជុល​រួចរាល់​អាង​ទំនប់​នេះ​មានលទ្ធភាព​ផ្ទុក​ទឹក​កម្រិត​អតិបរមា​១០​លាន​ម៉ែត្រត្រីគុណ​ដែលមាន​អនុភាព​អាច​ផ្គត់ផ្គង់​ប្រជាកសិករ​បាន​១.៦០០​ហិកតា​សម្រាប់​រដូវវស្សា​និង​ទំហំ​៨០០​ហិកតា​នា​រដូវប្រាំង​។​

លោក​ចាន់​វណ្ណា​បាន​មានប្រសាសន៍​បន្តទៀតថា​ក្នុងករណី​ត្រូវការ​ផ្គត់ផ្គង់​ជា​ទឹកស្អាត​ទៅ​តំបន់​ជុំវិញ​និង​តំបន់​ឆ្ងាយ​ដូចជា​ទូទាំង​ស្រុក​ជុំ​គិរី​ស្រុក​ឈូក​និង​ស្រុក​ត្រាំកក់​ខេត្តតាកែវ​អាង​ទំនប់​នេះ​មានលទ្ធភាព​អាច​ផ្តល់ជូន​១.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។​

​សូមបញ្ជាក់ថា​ទំនប់​ម្លេ​ច​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រេស​ស្រុក​ជុំ​គិរី​ខេត្តកំពត​។​ដើម្បី​បាន​ដល់​មណ្ឌល​កម្សាន្ត​មួយ​នេះ ក្នុង​ដំណើរ​លើផ្លូវ​ជាតិ​លេខ​៣​នៃ​ទិស​ភ្នំពេញ​-​កំពត ភ្ញៀវ​ទាំងឡាយ​ត្រូវ​បត់​ចុះទៅ​ផ្នែក​ខាងស្តាំ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦-៩៧ ក្បែរ​ព្រំប្រទល់​តាកែវ​-​កំពត​។​តាម​ដង​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ចម្ងាយ​ប្រាំពីរ​គីឡូម៉ែត្រ​មុននឹង​ដល់​គោលដៅ​ភ្ញៀវទេសចរ​បាន​កម្សាន្ត​អារម្មណ៍​ដោយ​ការ​គយគន់​ដំណាំ​ចម្ការ​របស់​អ្នកស្រុក ឬក៏​អាច​ចុះចូល​ទិញ​ផល្លានុផល​ដើម្បី​ពិសា​នូវ​រសជាតិ​បែប​ធម្មជាតិ​ពិតៗ​៕S/​ដោយ បូកគោ​

​រមណីយដ្ឋាន​ទំនប់​ម្លេ​ច​លាក់ខ្លួន​ក្នុង​ជួរ​ភ្នំ​ដ៏​សែន​មនោ​រម្យ​