​រយៈពេល​២​ថ្ងៃ ជនជាតិដើម​១៦​នាក់ សង្ស័យ​រង​ការពុល​អាហារ​ជា​បន្តបន្ទាប់​នៅ​មណ្ឌលគិរី​

315

(​មណ្ឌលគិរី​)៖​ត្រឹម​រយៈពេល​តែ​ពីរ​ថ្ងៃ​នៅ​ភូមិ​ចំនួន​បី​ដែល​ឆ្ងាយ​ពី​ទីប្រជុំជន​មាន​ជនរងគ្រោះ​១៦​នាក់​បាន​រង​នូវ​អាកា​រៈ​ដូចៗ​គ្នា​មានដូចជា​ការ​ក្អួតចង្អោរ​រាគរូស​ចុកពោះ​ឈឺក្បាល​ជាដើម​ហើយ​មន្ត្រី​ជំនាញ​សុខាភិបាល​បានដាក់​ការវិនិច្ឆ័យ​ជំ​ហ៊ាន​ដំបូង​ថា​អាច​និង​រង​ការពុល​ពី​ចំណីអាហារ​ដែល​លក់​តាម​ផ្ទះ​និង​ម៉ូតូ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ករណី​សង្ស័យថា​ពុល​អាហារ​លើ​មនុស្ស​ប្រុស​ស្រី​ជា​បន្តបន្ទាប់​នោះ​គឺ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​ទី​១​ខែកញ្ញា​រហូតដល់​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៧​ដែលមាន​អ្នកជំងឺ​សរុប​១៦​នាក់​មាន​អាយុ​ចន្លោះ​ចាប់ពី​៦​ខែ​ដល់​៧០​ឆ្នាំ​។​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ព្នង ដែល​រង​ការពុល​នោះ​មាន​ទីលំនៅ​ក្នុងភូមិ​ចំនួន​បី​។​ទី​១​ភូមិ​អូរ​រណា ទី​២​ភូមិ​ស្រែ​ល្វី​និង​ទី​៣​ភូមិ​ស្រែ​ខ្ទុ​ម ដែល​ស្ថិតក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

ប្រធាន​មណ្ឌល​សុខភាព​កែវ​សីមា លោក​ប្រាក់ បូ​ណា​រិ​ទ្ធ​បាន​ប្រាប់​អ្នកកាសែត​ក្នុងពេល​ជួយសង្គ្រោះ​អ្នកជំងឺ​នោះ​ថា ក្រុម​កា​ងារ​លោក​បាន​ដុតដៃដុតជើង ជួយសង្គ្រោះ​លើ​អ្នកជំងឺរ​តាំងពី​រសៀល​ថ្ងៃទី​១​កញ្ញា​និង​បន្ត​ជួយ​រហូតដល់​ថ្ងៃទី​២​កញ្ញា ។​ប៉ុន្តែ​ដោយសារ​មណ្ឌល​សុខភាព​មិនមាន​សម្ភារៈ​គ្រប់គ្រាន់​ព្រមទាំង​គ្រូពេទ្យ​ជំនាញ​នោះ ទើប​ខាង​លោក​បាន​សុំ​ការជួយ​អន្តរា​គន៍​ពី​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បន្ត​។​លោ​កថា​អ្នកជំងឺ​ទាំងនោះ​មាន​អាកា​រៈ​ស្រដៀងៗ​គ្នា ។​ក្រោយ​ការសួរនាំ​គឺ​ពួកគេ​បរិភោគ​អាហារ​និង​ទឹក​ខុសៗ​គ្នា ជាហេតុ​ធ្វើ​ឲ្យ​ការវិនិច្ឆ័យ​មាន​ភាពស្រពិចស្រពិល​។​

​លោក​ប៊ុន​សួរ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹងថា​អ្នកជំងឺ​ទាំងអស់​ដែល​ស្ថិតក្រោម​ការជួយ​សង្គ្រោះ​ពី​មណ្ឌល​សុខភាព​ព្រមទាំង​មន្ទីរពេទ្យបង្អែក​ខេត្ត​នោះបាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ ព្រោះ​អាកា​រៈបា​ន​ធូរស្បើយ​អស់ហើយ​។

​លោក​ថា មន្ទីរ​សុខាភិបាល​បាន​វិនិច្ឆ័យ​ថា ក្រោយ​ពិនិត្យ​លើ​អាកា​រៈ​អ្នកជំងឺ ក៏ដូចជា​ការសួរនាំ​ពីរ​បប​អាហារ​របស់​ពួកគេ គឺអាច​សង្កត់ធ្ងន់​ទៅលើ​ម្ហូបអាហារ​និង​បន្លែ ដែល​ឈ្មួញ​ដាក់លក់​តាម​ផ្ទះ​និង​ដឹក​តាម​ម៉ូតូ​ជាដើម ។​តែ​ទោះជា​យ៉ាងណា​ខាង​មន្ទីរ​សុខាភិបាល​ក៏​នៅ​រង់​ចាំមើល​លទ្ធផល​ដែល​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម យក​គំរូ​ចំណីអាហារ​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ​កាលពី​ថ្ងៃ​សុក្រ​នោះ បន្ត​ផងដែរ​។​

​លោក​សូវ សុធា​រ៉ា ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​នៅ​ថ្ងៃទី​៤​កញ្ញា​នេះ បាន​ប្រាប់​ឱ្យដឹងថា​ចំពោះ​លទ្ធផល​ពិសោធន៍​ទៅលើ​ទឹក ស្រាសរ​និង​ម្ហូបអាហារ​នោះ នៅ​មិនទាន់​ទទួលបាន​លទ្ធផល​ពី​មន្ទីរពិសោធន៍​នៅឡើយ​។​

ជនរងគ្រោះ​ក្នុង​ហេតុ​ការសង្ស័យថា​រង​ការពុល​ជា​បន្តបន្ទាប់​នោះបាន​ប្រាប់ថា ពួកគេ ខ្លះ​មិនបាន​ហូប​អ្វី​ក៏​ពុល ខ្លះ​បាន​ហូប​ចំណីអាហារ​មួយចំនួន​ដូចជា ត្រីងៀត ទឹក​សុទ្ធ​ធុង​ធំ ស្រាសរ ត្រួយ​ននោង បបរសរ ចុង​ផ្តៅ ជាដើម​ក៏បាន​រង​នូវ​ការពុល​ដូចគ្នា​។​
​ចំពោះ​ភូមិ​ដែល​ជនរងគ្រោះ​រស់នៅ​គឺមាន​ចម្ងាយ​ពីគ្នា​ច្រើន​គីឡូម៉ែត្រ​ក្នុងស្រុក​កែវ​សីមា​នេះ ដែល​តម្រូវ​ឲ្យ​មន្ត្រី​ជំនាញ​សុខ​ភាពចុះ​ស្រាវជ្រាវ​បន្ថែម​និង​អប់រំ​ណែនាំ​ផងដែរ ពាក់ព័ន្ធ​ទៅ​និង​ការបរិភោគ​ចំណីអាហារ​ប្រចាំ​ថ្ងៃនោះ​បន្តទៀត​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

ជនជាតិដើម​១៦​នាក់ សង្ស័យ​រង​ការពុល​អាហារ​ជា​បន្តបន្ទាប់​