​រាជធានី​ភ្នំពេញ បានបញ្ចប់​ការប្រកួត​កីឡា សិស្ស​មធ្យមសិក្សា​

362
ចែករម្លែក
  • 8
    Shares

​ដោយ​៖​រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ការប្រកួត​កីឡា​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ ដែល​បានចាប់ផ្ដើម ពីថ្ងៃ​ទី​២៧ ខែកុម្ភៈ មក​នោះ បានបញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ ។​

​ការប្រកួត​នេះ មាន​វិទ្យាល័យ និង អនុវិទ្យាល័យ​រដ្ឋ និង ឯកជន​ជាច្រើន​ចូលរួម ។ ៦ ប្រភេទ​កីឡា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​នា​ឆ្នាំនេះ ដែល​ក្នុងនោះ មាន​ប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និង​ប្រភេទ​កីឡា វាយ​កូនឃ្លី​លើ​តុ ។​

​នេះ​ជាការ​ប្រកួត ដើម្បី​រក​កីឡាករ​-​កីឡាការិនី ក្រុម​ខ្លាំងៗ ដើម្បី​ត្រៀមខ្លួន​ចូលរួម ប្រកួត​ជើងឯក​ថ្នាក់ជាតិ កម្រិត​មធ្យមសិក្សា ដែល​នឹងធ្វើ នៅពេល​ខាងមុខនេះ​។​

​លោក នួន សុ​ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​ការប្រកួត​នោះ បាន​មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ តែងតែ​រៀបចំ​ការប្រកួត ខាង​លើក​នេះ ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស និង​ជ្រើស​រើសយក កីឡាករ​-​កីឡាការិនី​ឆ្នើម ដែលមាន​ទេពកោសល្យ​ល្អ មក​ប្រមូលផ្តុំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​។ សព្វថ្ងៃនេះ វិស័យ​កីឡា នៅ​រាជធានី​ភ្នំពេញ មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់​នេះ គឺជា​ការចូលរួមចំណែក​អភិឌ្ឍន៍ វិស័យ​អប់រំ​កាយ និង​កីឡា ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់ថា ភ្នំពេញ គឺជា​រាជធានី ដ៏​ខ្លាំង​មួយ​ខាង​វិស័យ​កីឡា ។ កាលពី​ការប្រកួត​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ក្នុងចំណោម ២៥ រាជធានី​-​ខេត្ត ដែល​ចូលរួម រាជធានី​ភ្នំពេញ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ដណ្ដើមបាន មេដាយ​សរុប ១០២ គ្រឿង ដែល​ក្នុងនោះ មេដាយមាស ចំនួន​៤១​គ្រឿង ប្រាក់​៣៤​គ្រឿង និង​សំរិទ្ធ​២៧​គ្រឿង ។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ រាជធានី​ភ្នំពេញ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ក្រោម​ក្រសួងមហាផ្ទៃ តែ​ចំនួន​មេដាយ មានការ​កើនឡើង គឺ​មេដាយ​សរុប ១២៤ គ្រឿង ក្នុងនោះ មាស​៤២​គ្រឿង ប្រាក់​៣៦​គ្រឿង សំរិទ្ធ​២៦​គ្រឿង ៕v

ទិដ្ឋភាព​បិទ​ការប្រកួត​