​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់ជំនួយ​មនុស្ស​ធ​ម៌​២០​ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​

710
ចែករម្លែក

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដែល​កំពុង​ជួបប្រទះ​គ្រោះ​រញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ ដែល​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​និង​សម្លាប់​មនុស្ស​អស់​ប្រមាណ​ជាង ១០០០ កាលពី​ថ្ងៃទី ២៨ ខែកញ្ញា ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់ថា​ទឹកប្រាក់​២០ ​ម៉ឺន​ដុល្លារ​គឺជា​ជំនួយ​មនុស្សធម៌​សម្រាប់​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ​ដោយសារ​មហន្តរាយ​ពី​គ្រោះធម្មជាតិដែល​បង្កឡើង​ដោយ​គ្រោះ​រញ្ជួយ​ដីនិងរលក​យក្សស៊ូណាមិ ដែលជា​ការបង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​រដ្ឋា​ភិ​បាល​និង​ប្រជាជន​ឥណ្ឌូ ណេស៊ី​ក្នុង​គ្រា​លំបាក​។

​គួររំលឹកថា​កាលពី​ថ្ងៃទី​២ ខែតុលាឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ ជូន លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស​និង​រងរបួស​រួមទាំង​បាត់​ខ្លួន​ជាច្រើន​នាក់​ដោយសារតែរ​ញ្ជូ​យ​ដី​និង​រលកយក្ស​ស៊ូណាមិ​នាពេល​ថ្មីៗ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ក្នុង​សារ​លិ​ខិ​រ​រំលែក​ទុក្ខ​ថា​៖   «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រជាជន កម្ពុជា​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​និង​អាណិតអាសូរ​បំផុត​ជូន​ចំពោះ​ឯកឧត្តម​និង​ចំពោះ​ប្រជាជន​ឥណ្ឌូនេស៊ី​ជាពិសេស ក្រុមគ្រួសារ​សព​និង​ជនរងគ្រោះ​ចំពោះ​ការបាត់បង់ និង​ទុក្ខវេទនា​ដ៏​ធំ​ដោយសារ​បាតុភូតធម្មជាតិ​ដ៏​អកុសល​នេះ​។ កម្ពុជា​ឈរ​កៀក ស្មា​រួមជាមួយ​ឥណ្ឌូនេស៊ី​ក្នុង​គ្រា​មានទុក្ខ​ដោយ​គ្រោះមហន្តរាយ​នេះ និង​សូម​ជូនពរ​ដល់​អ្នករ​បួស​ឲ្យ​បាន ឆាប់ ជា​សះ​ឡើយ​វិញ​»​។

​ទាក់ទង​នឹង​ជំនួយ​មនុស្សធម៌​នេះ​ខាង​កាកបាទក្រហមកម្ពុជា​ក៏បានផ្ដល់​ជំនួយ​មនុស្ស​ធម៌​៥​ម៉ឺន​ដុល្លារ​ដល់​កាក បាទក្រហម​ឥណ្ឌូណេស៊ី​សម្រាប់​ប្រតិបត្តិ​ការជួយ​អ្នករងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ផងដែរ​។​

​ចាប់តាំងពី​ថ្ងៃទី​២៨ កញ្ញា មក​មាន​ករណី​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​និង​រលក​យក្ស​ស៊ូណាមិបាន​វាយ​ប្រហារ​ទីក្រុង​ប៉ា​លូ កោះ​ស៊ូ​ឡា​វ៉េ​ស​ស៊ី នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​មកដល់ពេលនេះ​មាន​ប្រជាជន​ស្លាប់​យ៉ាងហោចណាស់​ជាង ១.២០០ នាក់ ខណៈ​មាន​អ្នករងរបួស និង បាត់​ខ្លួន​ជាច្រើន​នាក់​៕