​រាជរដ្ឋាភិបាល​បានអនុម័ត​ច្បាប់​ធានា​ឲ្យ​មាន​កិច្ចការពារ​អ្នក ប្រើប្រាស់​

450
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សេចក្ដីព្រាងច្បាប់​ស្ដីពី​“​កិច្ចការពារ​អ្នកប្រើប្រាស់​”​ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុម័ត​ទាំងស្រុង​ហើយ​នា​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា ២០១៩ នៅ​វិមាន​សន្តិភាព ។ នេះ​បើ​យោងតាម​ហ្វេ​ស​បុក​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង​មិន​ត្រឹមតែ​ដើម្បី​ការពារ​អ្នកប្រើប្រាស់​ពី​អំពើ​មិន​សុចរិត​និង​ការអនុវត្ត​មិន​សុចរិត​របស់​ពាណិជ្ជករ​ប៉ុណ្ណោះទេ ​ថែមទាំង​ចែង​អំពី​ព័ត៌មាន​ដែល​ត្រូវ​ផ្ដល់ជូន​អ្នកប្រើប្រាស់​និងអនុញ្ញាតឱ្យ​ប​ញ្ញ​តិ្ត​ករ​មាន​សមត្ថកិច្ច​រៀប​ចំ​បទ​ប្បញ្ញត្តិ​ស្ដីពី​បទដ្ឋាន​ព័ត៌មាន​ដែលពាណិជ្ជករ​ត្រូវ​ប្រតិបត្តិ​តាម​។​ច្បាប់​នេះ​នឹង​ជួយ​បំពេញបន្ថែម​ដល់​បណ្ដា​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​លើ​កិច្ចការពារ​អ្នកប្រើប្រាស់ ​រួមទាំង​ក្រមរដ្ឋប្បវេណី​។​

​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ត្រូវបាន​រៀបចំ​ឡើង​ដោយយោង​និង​ផ្អែកលើ​មូលដ្ឋាន​មួយចំនួន​ដូចជា​៖​មាត្រា​៦៤នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បានចែង​ថា “​រដ្ឋ​ហាមឃាត់​និង​ផ្ដន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំចូល​ផលិត​លក់ដូរ​គ្រឿងញៀន​ទំនិញ​ក្លែងក្លាយ​ហួស​រយៈពេលប្រើប្រាស់​ដែល​ប៉ះពាល់​ដល់​សុខភាព​អាយុជីវិត​របស់​អ្នក​ប្រើ​”​។​ក្នុងនាម​ជា​សមាជិក​អង្គ​ការពា​ណិ​ជ្ជ​កម្ម​ពិភពលោក​(WTO)​និង​អាស៊ាន​(ASEAN )ព្រះ រាជាណាចក្រ​កម្ពុជា​ត្រូវគោរព​និង​អនុវត្តន៍តាម​គោលការណ៍​ដែល​តម្រូវ​ដោយ​អង្គការ​ទាំងពីរ​ឲ្យ​ប្រទេស​ជា​សមាជិក​អនុវត្ត​ន៍គោលនយោបាយនិងច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់​។ ច្បាប់​នេះ​ត្រូវបាន​កំណត់​ក្នុង​កម្មវិធី​ការងារ​និង​ផែនការ​សកម្មភាព​រប​ស់​ក្រសួងពាណិជ្ជកម្ម​ដែលមាន​ដាក់បញ្ចូល ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​ច្បាប់​នេះ​មាន​គោលបំណង​ធានា​ឲ្យ​មាន​កិច្ចការពារ​អ្នកប្រើប្រាស់​និង​ចូលរួម​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត ។ ច្បាប់​នេះ​មាន​គោលដៅ កំណត់​វិធាន​និង​យន្ដការ​ដើម្បី​ចូលរួមចំណែក​បង្កើត​ប​រិ​យា​កាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដែល​ក្នុងនោះ​៖​ សិទ្ធិ​នឹង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​ត្រូវ​បានការ​ពារ ។ ការធ្វើ​ពាណិជ្ជកម្ម​នោះ​មានការ​ប្រកួតប្រជែង​ដោយ​សុចរិត ។ អ្នកប្រើប្រាស់​និង​ពាណិជ្ជករ​ធ្វើ​សកម្មភាព​ជាមួយគ្នា​ដោយ​ទំនុកចិត្ត​។​

​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ន៍ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​ធ្វើ​ធុរកិច្ច​ ទោះបី​រកប្រាក់​ចំណេញ​ឬ​មិន​រកប្រាក់​ចំណេញ​ក្ដី​ រួមទាំង​ការលក់ទំនិញ ឬ សេវា​ផ្សេងៗ​ឬ​សិទ្ធិ​ប្រត្យក្ស​លើ​អចល​ទ្រព្យ​ឲ្យ​អ្នកប្រើប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លើកលែងតែ​មានប​ទប្ប​ញ្ញ​តិ្ត​ដោយឡែក​ដែល​ចែង​ផ្សេងពីនេះ ៕​/Ha