​រាត្រី​សប្បុរសធម៌​ដើម្បី​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្រុង​សៀមរាប​

713
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ រាត្រី​សប្បុរ​ធម៌​ដើម្បី​អង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប បានរៀបចំ​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​Memorir palace resort&spa នៅ​រាត្រី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដែលមាន​សប្បុរសជន​និង​ប្រតិបត្តិ​ករ​ជាច្រើន​បាន​ចូលរួម​។​

​ពិធី​ដ៏​មាន​អត្ថន័យ​នេះ​គឺជា​ការបរិច្ចាក​នៅ​ថវិកា​របស់​សប្បុរសជន​និង​ប្រតិបត្តិ​ករ​ដែល​កំពុង​រកស៊ី​នៅក្នុង​ខេត្តសៀមរាប​ដូចជា​ជនជាតិខ្មែរ​ជនជាតិ​បរទេស​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ព្រោះថា មន្ទីរពេទ្យ​មានការ​ខ្វះខាត​នៅ​ថវិកា​ទាំងនោះ​ដើម្បី​យកមក​ព្យាបាល​និង​សង្គ្រោះ​កុមារ​កម្ពុជា​។​

​ក្នុង​កម្មវិធី​នោះដែរ​ក្រៅពី​ការបរិច្ចាក​នៅ​ថវិកា​របស់​សប្បុរសជន​ជាច្រើនរូប​កម្មវិធី​ក៏មាន​រៀបចំ​ឱ្យមាន​ការដេញថ្លៃ​ដូចជា​បន្ទប់​សណ្ឋាគារ​ផ្កាយ​៥​ក្រវិល​មាស​ម៉ូដ​ផ្ការំដួល​ផ្ទាំងគំនូរ​។​ល​។​ការដេញថ្លៃ​របស់​ទាំង​នេះ​គឺជា​ការបង្កើន​នៅ​ថវិកា​ដើម្បី​បូក​បន្ថែម​អោយមាន​កំណើន​កាន់តែ​ច្រើនឡើងៗ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​ខាងលើ ។

​លោក ពិន​ប្រាកដ​អភិបាលរង​ខេត្តសៀមរាប​តំណាងឱ្យ​លោក​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា​កម្មវិធី​នេះ​គឺ​ពិតជា​រួមចំណែក​យ៉ាង​ធំធេង​ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជម្ងឺ​ផ្សេងៗ​ដែល​ចាំបាច់​ត្រូវ​សង្គ្រោះ​អោយ​ពួកគាត់​មានជីវិត​។​

​លោក​ពិន​ប្រាកដ​បាន​និយាយថា​នេះ​គឺជា​ការរួមចំណែក​វិភាគទាន​យ៉ាង​ធំធេង​មួយ​របស់​សប្បុរសជន​ទាំង​ជនជាតិខ្មែរ​ទាំង​បរទេស​ដើម្បី​បរិចាក​ប្រាក់កាស​ផ្ទាល់ខ្លួន​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុងការ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​ជាច្រើន​ដែល​កំពុងមាន​ជំងឺ​។​ចំពោះ​ថវិកា​ក្នុង​ពិធី​សប្បុរ​ធម៌​នា​រាត្រី​នោះ​ខាង​រៀបចំ​កម្មវិធី​មិនបាន​បញ្ជាក់ថា មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​ឡើយ ៕S/

រូបភាពៈ រាត្រី​សប្បុរសធម៌​ដើម្បី​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្រុង​សៀមរាប​៕​បាយ័ន​