​រឹតបន្តឹង​ច្បាប់​ចរាចរ​សមត្ថកិច្ច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​

195

(​សៀមរាប​):​ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តសៀមរាប លោក​វរៈសេនីយ៍ឯក​ជឹម សុវណ្ណ បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ចូល​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​រួមគ្នា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដែល​កើតមាន​នៅតាម​ដងផ្លូវ​សាធារណៈ​។​ថ្លែង​បែបនេះ​គឺ កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ក្នុងខណៈពេល ដែល​លោក​ប្រធានការិយាល័យ ចុះ​ពិនិត្យមើល​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​កំពុង​ឈរជើង​តាម​គោលដៅ​នានា​ក្នុង​ក្រុង​សៀមរាប​។​

​លោក​វរៈសេនីយ៍ឯក​ជឹម​សុវណ្ណ​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​នៅតែ​សង្កេតឃើញថា​អ្នកប្រើប្រាស់​ម​ធ្យោ​យ​បាយ​នៅតាម​ដងផ្លូវ​មួយចំនួន​នៅតែ​មិនទាន់បាន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅឡើយ​ទេ​។​

ដូច្នេះ​ដើម្បី​កាត់បន្ថយ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត​នគរបាល​ចរាច​រណ៍​ខេត្តសៀមរាប​បានធ្វើការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយបាន​ដាក់​កំលាំង​សមត្ថកិច្ច​នៅតាម​គោលដៅ​ជាច្រើន ដើម្បី​ពិនិត្យ ទៅលើ​អ្នកបើកបរ​ល្មើសច្បាប់​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​, គ្មាន​កញ្ចក់​មើល​ក្រោយ​,​មិន​ពាក់​ខ្សែក្រវ៉ាត់​ការពារ​, ដឹក​សំពីងសំពោង និង​រថយន្ត​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ជាដើម​។​

​លោក បញ្ជាក់ថា រយៈកាល​កន្លងមក សមត្ថកិច្ច​ចរាចរណ៍​ធ្វើការ​ផាកពិន័យ​តែ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូច​ករណី​អ្នកបើកបរ មិន​ពាក់មួក មិន​ដាក់​កញ្ចក់ តែប៉ុណ្ណោះ ។ ប៉ុន្តែ​ដំណាក់កាល​នេះ ដើម្បី​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​អ្នកបើកបរ មិន​ពាក់មួក មិន​ដាក់​កញ្ចក់ កាលណា​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​រួចហើយ សមត្ថកិច្ច​ក៏​តម្រូវ​ឲ្យ ពួកគាត់​អញ្ជើញ​ទៅ​ទិញ​មួកសុវត្ថិភាព​មក​ពាក់ ឬ កញ្ចក់​មក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​បន្ត​។

ក្នុងករណី​មិន​ព្រម​អនុវត្តតាម​គឺ​សមត្ថកិច្ច​និង​ធ្វើ​ការនាំយក​ម៉ូតូ​របស់​ពួកគាត់​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រក្សាទុក​រហូតដល់​មាន​ដំណោះស្រាយ​ផ្លូវច្បាប់​រួចរាល់​។​ដូច្នេះ​ក្នុងនាម​លោក​ជាម​ន្ត្រី​អនុវត្ត​ច្បាប់​លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​៕S/​ដោយ​:​អង្គរតូច​

​រឹតបន្តឹង​ច្បាប់​ចរាចរ​សមត្ថកិច្ច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​