​រូបថត​មួយ​សន្លឹក​បានធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​អតីតកាល​

2200
ចែករម្លែក
  • 36
    Shares

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: កាលពីពេល​ថ្មីៗ​នេះ ខ្ញុំ​មានដំណើរ​ទស្សនកិច្ច​ខ្លី​មួយ​ឆ្ពោះទៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ គឺធ្វើឡើង​ដើម្បី​ចូល​ទស្សនា​សារមន្ទីរ​តា​ម៉ុក ទំនប់​ថ្មី និង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ នៅ​ខណៈពេលដែល​ខ្ញុំ​កំពុងធ្វើដំណើរ​មកដល់​ស្រុក​អន្លង់វែង ខ្ញុំ​ក៏​ប្រទះឃើញ​លោកពូ​ម្នាក់​ដែល​ពិការ​ដៃ​ទាំងសងខាង កំពុងតែ​គេង​សម្រាក​នៅក្នុង​ផ្ទះស្បូវ​តូច​មួយ បន្ទាប់ពី​គាត់​ពិសា​អាហារ​ថ្ងៃត្រង់​រួច​។ លោកពូ​មាន​សម្បុរ​ខ្មៅ​ស្រអែម កម្ពស់ និង​មាឌ​សមល្មម ព្រមទាំង​មាន​សម្លៀកបំពាក់​អាវដៃខ្លី​ពណ៌​ប្រផេះ និង​ខោ​ជើង​ខ្លី​ពណ៌​ខ្មៅ​។ ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​លោកពូ​ម្នាក់នេះ​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​ចង់​ស្វែងយល់​ពី​មូលហេតុ​នៃ​ពិការភាព​របស់គាត់ ថា​តើ​បណ្តាលមកពី​មូលហេតុ​អ្វី​។ ភ្លាមៗ​នោះ ខ្ញុំ​បាន​ចូល​ជម្រាបសួរ និង​សួរសុខទុក្ខ​គាត់ ហើយ​ខ្ញុំ​ក៏បាន​កាន់​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​» ដើម្បី​ជូន​ដល់​គាត់​ទុក​អាន​នាពេល​ទំនេរ​ពី​ធ្វើស្រែ​ចម្ការ​។​

​នៅពេលដែល​ខ្ញុំ​បាន​ជូន​សៀវភៅ​គាត់​ភ្លាម ស្រាប់តែ​គាត់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ក្រប​មុខ​របស់​សៀវភៅ «​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​» នេះ​មានភ្ជាប់​រូបថត​មួយ​សន្លឹក ដែល​បាន​ឆ្លុះបញ្ចាំង​ពី​កងទ័ព​ខ្មែរក្រហម​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ បន្ទាប់ពី​លោកពូ​ឃើញ​រូបថត​មួយ​សន្លឹក​នេះ បានធ្វើ​ឲ្យ​គាត់​នឹក​ដល់​អតីតកាល​ដ៏​ជូរចត់ ដែល​គាត់​ធ្លាប់បាន​ជួបប្រទះ​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។ លោកពូ​បាន​រម្លឹកថា គាត់​មិន​ដែលមាន​អារម្មណ៍​នឹកឃើញ​ដល់​អតីតកាល​បែបនេះ​យូរ​មកហើយ ព្រោះ​គាត់​មិន​ចង់​ចងចាំ​ប្រវត្តិសាស្ត្រ​ដ៏​សាហាវយង់ឃ្នង​បែបនេះ​ត​ទៀត​ទេ ប៉ុន្តែ​រូបថត​មួយ​សន្លឹក​នេះ បានធ្វើ​ឲ្យ​គាត់​នឹក​ដល់​រឿងរ៉ាវ​ដ៏​សាហាវព្រៃផ្សៃ​របស់​មេដឹកនាំ ប៉ុល ពត ដែល​បាន​ប្រព្រឹត្ត​មកលើ​ប្រជាជន​កម្ពុជា​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ ការធ្វើ​ទារុណកម្ម ការ​បង្អត់អាហារ ការធ្វើការ​ហួសកម្លាំង និង​ការសម្លាប់​រង្គាល​។ ការនឹកឃើញ​ដល់​រឿងរ៉ាវ​ទាំងនេះ​ឡើង បានធ្វើ​ឲ្យ​លោកពូ មាន​អារម្មណ៍​ចង់​ចែករំលែក​អំពី​បទពិសោធ​ន៍​ជីវិត​ដ៏​លំបាក​វេទនា ដែល​គាត់​ធ្លាប់បាន​ជួបប្រទះ​នៅ​ក្នុងសម័យ​ខ្មែរក្រហម​ជាមួយនឹង​ខ្ញុំបាទ​។​

​លោកពូ​មានឈ្មោះ នួន ស មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ សព្វថ្ងៃ ស និង​ប្រពន្ធ​កូន​រស់នៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​មានមុខ​របរ​ចិញ្ចឹមជីវិត​ដោយ​ធ្វើស្រែ​ចម្ការ​។ កាលពី​សង្គមចាស់ ស បាន​បួស​ធ្វើជា​ព្រះសង្ឃ​នៅ​វត្ត​ឈូក​រាសី​ដើម្បី​សងគុណ​ឪពុកម្តាយ និង​ចង់​ចូល​បម្រើ​ដល់​ព្រះពុទ្ធសាសនា​ផង​។ ស បួស​បានត្រឹមតែ​បួន​ព្រះវស្សា​ប៉ុណ្ណោះ ក៏​កើតមាន​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ចេញពី​តំណែង​ដោយ​សេនាប្រមុខ លន នល់ ក្នុង​ឆ្នាំ​១៩៧០​។ ភ្លាមៗ​នោះ ខ្មែរក្រហម​បាន​ចាប់បង្ខំ ស និង​ព្រះសង្ឃ​៧០​អង្គ​ផ្សេងទៀត​ឲ្យ​សឹក​ដើម្បី​ជួយ​បម្រើ​ដល់​ក្រុម​ខ្លួន​។ បន្ទាប់ពី ស សឹក​រួចមក​គាត់​ក៏​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើស្រែ​ចម្ការ និង​ឃ្វាល​គោក្របី​។ រហូតដល់​ឆ្នាំ​១៩៧៣ ខ្មែរក្រហម​បាន​បញ្ចូល ស ឲ្យ​ធ្វើជា​កងទ័ព​រំដោះ (​កងទ័ព​ខ្មែរក្រហម​) ដោយមាន​តួនាទី​ដើរ​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល លន់ នល់​។ ស បានធ្វើ​សកម្មភាព​ទាំងនេះ​រហូតដល់​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥​។ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច​ភ្លាម ស ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើស្រែ​ចម្ការ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែលជា​ស្រុកកំណើត​របស់គាត់​ផ្ទាល់​។ ស បាន​បញ្ជាក់ថា នៅ​ភូមិ​ស្រុក​របស់គាត់​នាពេលនោះ មាន​ប្រជាជន​ថ្មី​ជាច្រើន​គ្រួសារ ដែល​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​មកពី​តំបន់​ផ្សេងៗ​ឲ្យ​ចូលមក​រស់នៅ និង​ធ្វើស្រែ​ចម្ការ ។ ដល់​ឆ្នាំ​១៩៧៧ ភូមិកំណើត​របស់ ស ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​កម្មាភិបាល​ខាង​និរតី​មកកាន់​កាប់ ហើយ​ខណៈ​ពេលនោះ​កម្មាភិបាល​មកពី​ភូមិភាគ​និរតី​ទាំងនេះ​បានធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រក​ខ្សែរយៈ​បក្ខ​ពួកក្បត់​បដិវត្តន៍ ឬ​អ្នក​ដែលមាន​ជាប់​និន្នាការ​ក្នុង​របប​ណាមួយ ហើយ​អ្នក​ទាំងនេះ​នឹង​ត្រូវបាន​ខ្មែរក្រហម​យកទៅ​ដាក់គុក ឬ​សម្លាប់ចោល​ភ្លាមៗ​តែម្តង​។ ប្រហែលជា​ចុងឆ្នាំ​១៩៧៧ ស ត្រូវបាន​ថ្នាក់លើ​បង្ខំ​ឲ្យ​ភ្ជួរស្រែ​នឹង​នង្គ័ល​គោមួយ​ហិច​តា​ឲ្យ​រួច​ក្នុង​រយៈពេល​មួយថ្ងៃ ភ្លាមៗ​នោះ​គាត់​ក៏បាន​រិះរក​វិធី​សព្វគ្រប់​បែបយ៉ាង​ដើម្បី​ភ្ជួរស្រែ​ឲ្យ​ទាន់​ផែនការ​របស់​អង្គការ​។ មួយ​រំពេច​នោះ ស ក៏បាន​រកឃើញ​វិធី​ល្អ​មួយ​គឺ​ភ្ជួរស្រែ​ដោយ​ប្រើ​នង្គ័ល​បី ហើយ​ត្រូវ​វាយ​បង្ខំ​គោ​រត់​ឲ្យ​លឿន​ជាង​រាល់ដង​ទើប​អាច​ទាន់​ផែនការ​របស់​អង្គការ​។ ស្រាប់តែ​ពេលនោះ គោ​រត់​កាន់តែ​លឿន​ធ្វើ​ឲ្យ​នង្គ័ល​គោ​ចាក់​ខ្ទាស់​ចូលទៅក្នុង​ដី​ជ្រៅ ហើយ​បណ្តាល​ឲ្យ​ផ្លែ​នង្គ័ល​ទាំងនេះ​បាក់​។ ភ្លាមៗ​នោះ ស ត្រូវបាន​ខ្មែរក្រហម​ចោទប្រកាន់ថា គាត់​មានបំណង​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​សហករណ៍ និង​មានបំណង​ក្បត់​បដិវត្តន៍​ខ្មែរក្រហម​។ តម​កទៀត ស ត្រូវបាន​ខ្មែរក្រហម​ចាប់​ដាក់គុក​នៅ​ភ្នំ​ដូន​អែន ក្នុងស្រុក​វ៉ារិន​។ នៅពេលដែល ស មកដល់​គុក​ភ្លាម​គាត់​ត្រូវបាន​ខ្មែរក្រហម​សួរចម្លើយ​រក​ខ្សែរយៈ​បក្ខពួក​ក្បត់ ហើយ​ព្រមទាំង​បាន​សួរ​គាត់​ថា តើ​គាត់​ជា​ខ្សែ​ក្បត់​មកពី​ខាង​ណា​? ស ក៏បាន​រៀបរាប់​ដូច​ហេតុការណ៍​ខាងលើ​ថា គាត់​មិនមាន​ខ្សែរយៈ​ក្បត់ ហើយ​គាត់​ក៏​មិនបាន​ក្បត់​បដិវត្តន៍​ខ្មែរក្រហម​ដែរ ផ្លែ​នង្គ័ល​បាក់​គឺ​ដោយសារតែ​គាត់​បង្ខំ​គោ​ឲ្យ​រត់លឿន​ដើម្បី​ឲ្យ​ទាន់​ផែនការ​របស់​អង្គ​ការដែល​បានដាក់​បញ្ជា​មក​។ បន្ទាប់ពី ស សារភាព​រួចមក ខ្មែរក្រហម​ក៏​មិនទាន់បាន​ដោះលែង​គាត់​ឲ្យ​ទៅធ្វើ​ស្រែ​វិញ​ដែរ បែរជា​ឃុំឃាំង​គាត់​នៅក្នុង​គុក​អស់​រយៈពេល​ពីរ​ខែ​ដើម្បី​ឲ្យ​កសាង​ខ្លួន​។ ក្នុង​រយៈពេល​ពីរ​ខែ​នេះ ស ក៏បាន​សង្កេតឃើញ​ខ្មែរក្រហម​ចាប់​អ្នកទោស​ជាច្រើន​មក​សួរចម្លើយ​នៅក្នុង​គុក​ដែល​គាត់​កំពុង​ជាប់ឃុំ​ឃាំង​។ មាន​អ្នកទោស​ខ្លះ​ជា​គ្រូបង្រៀន ខ្លះទៀត​ជាប់​និន្នាការ​ក្នុង​របប លន់ នល់​។ មិនតែប៉ុណ្ណោះ ស ក៏​ធ្លាប់​បានឃើញ​ខ្មែរក្រហម​យក​អ្នកទោស​ដែលជា​អតីត​គ្រូបង្រៀន​ក្នុង​របប លន់ នល់ យកមក​សម្លាប់ចោល​ប្រហែលជា​១០​នាក់​នៅ​ចំពោះមុខ​គាត់​។​

​ពីរ​ខែ​ក្រោយមក ស ក៏​ត្រូវបាន​ខ្មែរក្រហម​ដោះលែង​ឲ្យ​មក​ធ្វើស្រែ​ចម្ការ​នៅក្នុង​ភូមិកំណើត​វិញ ហើយ​គាត់​ក៏បាន​ធ្វើស្រែ​រហូតដល់​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ​ប្រហែល​មួយឆ្នាំ ស ក៏បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ជា​កងទ័ព​ប៉ា​រ៉ា ដោយមាន​គោលបំណង​ចង់​ប្រយុទ្ធប្រឆាំង​ជាមួយ​ខ្មែរក្រហម​ដែល​នៅ​សេសសល់ ពីព្រោះ​គាត់​នៅមាន​កំហឹង​ក្នុង​ចិត្ត​ជាប់​ជានិច្ច​ដែល​ខ្មែរក្រហម បាន​ចាប់គាត់​ដាក់គុក​ទាំង​គាត់​គ្មាន​កំហុស​អ្វី​សោះ​។ កាលណោះ ស ក៏បាន​ចូល​នៅក្នុង​អង្គភាព​ដោះមីន​ដែល​ឈរជើង​នៅ​អូរ​ស្មាច់ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​រហូតដល់​ឆ្នាំ​១៩៩៤ ស ត្រូវបាន​ថ្នាក់លើ​បញ្ជូន​ឲ្យ​ទៅ​ដោះមីន​នៅ​ឃុំ​គោក​ខ្ពស់ ក្នុងស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើជា​ផ្លូវ​មួយ​សម្រាប់​ឲ្យ​កងទ័ព​ប៉ា​រ៉ា​វាយ​សម្រុក​ចូលដល់​កន្លែង​កងទ័ព​ខ្មែរក្រហម​ឈរជើង​។ នៅ​ខណៈពេលដែល ស កំពុង​បំពេញភារកិច្ច​ក៏​ស្រាប់តែ​គាត់​បាន​ជាន់មីន​៦៩ បណ្តាល​ឲ្យ​គាត់​ពិការ​ដៃ​ទាំងសងខាង​រហូតមក​ដល់​សព្វថ្ងៃនេះ​។ ដោយសារតែ ស មានចិត្ត​គុំ​គួ​ន និង​ចងកំហឹង​ជាមួយ​ខ្មែរក្រហម ទើប​ធ្វើ​ឲ្យ​គាត់​បានសម្រេច​ចិត្ត​ចូល​បម្រើ​ជា​កងទ័ព​ប៉ា​រ៉ា​រហូតដល់​ធ្លាក់ខ្លួន​ពិការ​។ ស ក៏បាន​បន្ថែមថា ការ​គុំ​គួ​ន និង​ការ​ចងកំហឹង​គឺ​វា​គ្មាន​លទ្ធផល​ល្អ​សម្រាប់​នរណាម្នាក់​ទេ ដូច្នេះ​ទើប​គាត់​បាន​បំភ្លេចចោល​នូវ​អ្វីដែល​គាត់​ធ្លាប់បាន​ខឹង​ជាមួយ​ខ្មែរក្រហម​ពីមុនមក​។​

​តាមរយៈ​រឿងរ៉ាវ​របស់​លោកពូ នួន ស ខាងលើ​បានធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់តែច្បាស់​អំពី​ការអត់ឱន​អធ្យាស្រ័យ និង​ការ​អភ័យទោស ព្រោះ​ប្រសិនបើ​គ្មាន​ជម្លោះ​ក៏​គ្មាន​ការផ្សះផ្សា​ដែរ​៕ ល​

#