​រូបថត​រម្លឹក​ពី​អតីតកាល​

659

លោក តុ​ប សុភ័ក កាត់​ខ្សែបូ​សម្ពោត​ពិ​ព័រ​ណ៌​រូបថត​១០០​សន្លឹក នៅ​សារមន្ទីរ អន្លង់វែង ឬ​សារមន្ទីរ​តា​ម៉ុក (​អតីត​ផ្ទះ​តា​ម៉ុក​)

​រូបថត​១០០​សន្លឹក​បាន​សម្ពោធ​និង​ដាក់តាំង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​១០​ខែធ្នូ ឆ្នាំ​២០១៧​នេះ នៅ​សារមន្ទីរ​ស្រុក​អន្លង់វែង ឬ​សារមន្ទីរ​តា​ម៉ុក (​អតីត​ផ្ទះ​តា​ម៉ុក​)​។ កម្មវិធី នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​នៃ​ក្រសួង ទេសចរណ៍ លោក ប៊ូ សា​ខន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ហោ ជិន វិ​រ​យុទ្ធ អភិបាលស្រុក​អន្លង់វែង និង​អ្នកតំណាង​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ ព័ន្ធ​ជាច្រើន រួមមាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម លោក ប៊ូ​សា​ខន ក៏ដូចជា លោក តុម សុភ័ក បាន បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​ពិព័រណ៍​និង​លើកឡើង​ដោយ​សង្ខេប​អំពី​តំបន់ ទេសចរណ៍​ដែលមាន​សក្តានុពល​ដទៃ​ទៀត​ដែលមាន​ក្នុងស្រុក​អន្លង់វែង​។ ជាមួយគ្នា​នោះ ដែរ បណ្ឌិត លី សុខ​ឃាង បានបង្ហាញ​ពី​គោល បំណង​ក្នុងការ​ដាក់តាំង​ពិព័រណ៍​រូបថត​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បម្រើ​ឲ្យ​ការចងចាំ និង​ការអប់រំ ដែល​អាចជួយ​លើកកម្ពស់​ការ យល់ដឹង និង​បង្កើតបានជា​ការឆ្លុះបញ្ចាំង​ដ៏​ស៊ី ជម្រៅ​ចំពោះ​សម័យ​កាលនោះ​។​ក្នុងពេលដែល​ការដាក់​តាំងពិព័រណ៍​បាន និង​កំពុង​ក្លាយជា រំឭក​ឡើងវិញ​អំពី​អតីតកាល ពិព័រណ៍ នេះ ក៏​ជា​ភស្តុតាង​ជាក់ស្តែង ចំពោះ​ព្រឹត្តិការណ៍ ប្រកបដោយ​សោកនាដកម្ម ដែល​ប្រជា ជនកម្ពុជា​បាន​ឆ្លងកាត់​។​

​តាមរយៈ​រូបថត​ដែល​ដាក់តាំង​១០០​សន្លឹក ដែល​បង្ហាញ​ពី​សម័យកាល​ផ្សេងៗ ចាប់ តាំងពី​សម័យ​សាធារណរដ្ឋ​ខ្មែរ (​លន់ នល់​), សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​), សម័យ​ក្រោយ​ខ្មែរក្រហម និង​អន្លង់វែង ក្រោយ​សមាហរណកម្ម​។ អ្នកចូលរួម​ទស្សនា​អាច​ស្វែងយល់​ពី​សម័យកាល​នីមួយៗ​តាមរយៈ​ការមើល​រូបថត​ម្តង​មួយៗ ជាមួយនឹង​ព័ត៌មាន សង្ខេបនៃ​រូបថត​នីមួយៗ​។ ការតាំង​រូបថត​នៅ​សារមន្ទីរ​ផ្ទះ​តា​ម៉ុក​នេះ ក៏​អាចជា​ចំណុច ពិភាក្សា គ្នា​របស់​អ្នកទស្សនា​អំពី​ប្រវត្តិសាស្ត្រ និង​រូបថត​ប្រតិ​សាស្ត្រ​ទាំងនេះ​ជាមួយនឹង ឪពុកម្តាយ ចាស់ទុំ ឬ​មិត្ត​ភ័ក្តិ​ដែល​ទៅ​ទស្សនា​ជាមួយ​។

ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​រូបថត​១០០​សន្លឹក​

​បន្ទាប់ពី​ពិធី​សម្ពោធ​បានបញ្ចប់​អ្នកចូលរួម​បាន​ដើរ​មើល​ពិព័រណ៍​រូបថត​ដែល​បាន ដាក់តាំង​ជាប់​នឹង​ជញ្ជាំង និង​បានផ្តល់​ជា​ទស្សនៈ​ផ្សេងៗ​គ្នា​ថា​៖
​ហាម សុវត្ថិៈ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក បាន​យល់ឃើញថា ពិព័រណ៍​រូបថត​នេះ គឺជា​ការ​រម្លឹក​ឡើងវិញ​អំពី​ប្រវត្តិសាស្ត្រ​ដែល​បាន​កន្លងផុតទៅ​។ រូបថត​នីមួយៗ​បាន​រម្លឹក គាត់​ឡើងវិញ​អំពី​អតីត​កាលដែល​បាន​កប់​បាត់​ជាច្រើន​ឆ្នាំ​មកហើយ​។ កា​រម្លឹក​ឡើងវិញ​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ទាំង​ជនរងគ្រោះ និង​អតីត​ខ្មែរក្រហម ដើម្បី​ជាការ​ចែក រំលែក​បទពិសោធ ឬ រឿងរ៉ាវ​ផ្សេងៗ​ទៅដល់​ក្មេងជំនាន់ក្រោយ​។​

​ទន់ ឡុ​តៈ ជា​អ្នកភូមិ​គគីរ​ក្រោម បាន​ឲ្យ​ដឹងថា គាត់​មក​ចូលរួម​ទស្សនា​ពិព័រណ៍​នេះ ព្រោះ​គាត់​ចង់ដឹងថា តើ​ប្រវត្តិសាស្ត្រ​អាច​បង្ហាញ​ឡើងវិញ​តាមរយៈ​រូបថត​យ៉ាងដូចម្តេច​? ជាការ​ពិត បន្ទាប់ពី​គាត់​បាន​មើល​រូបថត​ទាំងអស់​ម្តង​មួយៗ រូបថត​បាន​រម្លឹក​គាត់​ឡើងវិញ អំពី​ការតស៊ូ​ពុះពារ​របស់គាត់ ដើម្បី​រស់ ក្នុងអំឡុងពេល​ប្រទេស​មាន​សង្គ្រាម​។​

​សាត សំអុនៈ ជា​កសិករ​នៅ​ភូមិ​ទួល​កណ្តាល យល់ថា រូបថត​ទាំង​៤​សម័យកាល នេះ បានធ្វើ​ឲ្យ​គាត់​នឹកឃើញ​អំពី​ជីវិត​ពី​អតីតកាល​របស់ខ្លួន ដែលជា​អតីត​កម្មាភិបាល ខ្មែរក្រហម​។ សំអុន ក៏បាន​ស្នើសុំ​ឲ្យ​មានការ​ដាក់តាំង​ពិព័រណ៍​ដូចនេះ នៅ​ថ្ងៃ​ខាងមុខ ទៀត​។​

​សាក់ មានៈ ប្រធានភូមិ​ទួល​ក្រឡា បានបង្ហាញ​ពី​អារម្មណ៍​របស់គាត់ បន្ទាប់ពី​មើល រូបថត​នេះ​ថា គាត់​ពិតជា​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ពិ​ព៍រណ៍​រូបថត​នេះ​។ ពិព័រណ៍​រូប ថត​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ សម្រាប់​ក្មេងជំនាន់ក្រោយ ដើម្បី​រៀនសូត្រ ឬ​ស្វែង យល់​អំពី​អតីតកាល​ដ៏​ឃោរឃៅ​របស់​របប​ខ្មែរក្រហម​។ លើសពីនេះទៅទៀត ការដាក់​តាំង រូបថត​១០០​សន្លឹក​នៅផ្ទះ​តា​ម៉ុក គឺអាច​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក ទស្សនា​ជាតិ និង​អន្តរជាតិ​។

​ឆាំង ឡុងៈ ប្រជាជន​រស់នៅ​ភូមិ អូរ​ជុំ យល់ថា ពិតជា​ល្អ​ខ្លាំងណាស់ ដែលមាន​ការ ដាក់តាំង​ពិព័រណ៍​រូបថត​ប្រវត្តិសាស្ត្រ​១០០​សន្លឹក​នេះ ព្រោះ​វា​ជាការ​ផ្សព្វផ្សាយ ឬ​អប់រំ​ទៅ កាន់​ក្មេងជំនាន់ក្រោយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ហើយ​យើង​ជា​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់ របប​នោះ ក៏​អាច​រម្លឹក និង​ពិភាក្សាគ្នា​អំពី​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់បាន​ឆ្លងកាត់​ដែរ​។ លើសពីនេះ​ទៀត ការដាក់​តាំងពិព័រណ៍​រូបថត​នេះ នឹង​ទាក់ទាញ​ភ្លៀវ​ទេសចរណ៍​ច្រើន បង្កើន​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សហគមន៍​ផង​។​

​ផាត វ​ល្លិ៍ៈ ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ចាប់​ត្រី បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន ថា គាត់​ពិត​ជាមាន​សេចក្តី​រីករាយ​ណាស់ ដែល​បានមក​ចូលរួម​ទស្សនាការ​តាំងពិព័រណ៍​រូប ថត​ប្រវត្តិសាស្ត្រ​ទាំង​១០០​សន្លឹក ព្រោះ​វា​បាន​រម្លឹក​ពី​អតីតកាល​របស់គាត់​ដែលជា​អតីត ខ្មែរក្រហម និង​ការរង​ទុក្ខ​របស់​ប្រជាជន​ក្នុងអំឡុង​របប​ខ្មែរក្រហម​។ គាត់​បាន​ឲ្យ​ដឹងថា គាត់​បាន​ធ្វើជា​ទាហាន​ខ្មែរក្រហម​ចាប់តាំងពី​ឆ្នាំ​១៩៧០ ដល់​១៩៩១ ម្ល៉េះ ហើយ​សង្គ្រាម ពិតជា​ធ្វើ​ឲ្យ​គាត់​ហត់នឿយ​ខ្លាំងណាស់​។​

​សាត់ សុ​ផុនៈ ប្រធានភូមិ​អូរ​ក្រ​ញ៉ូ​ង ផ្តល់​ជា​ទស្សនៈ​ថា គាត់​ពិតជា​ចាប់អារម្មណ៍ ចំពោះ​ពិព័រណ៍​រូបថត ដែល​មិន​ធ្លាប់មាន​ការតាំង​បែបនេះ​ពីមុនមក​ទេ​។ រូបថត​ទាំង​១០០ សន្លឹក​នេះ បាន​រម្លឹក​ការចងចាំ​របស់គាត់​តាំង​ពីរ​បប លន់ នល់ រហូតដល់​សមាហរណកម្ម ឆ្នាំ​១៩៩៨ ហើយ​ជាពិសេស រូបថត​ដទៃទៀត បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ជាការ ពន្យល់​ទៅកាន់​អ្នកទស្សនា​ដែលជា​ក្មេងជំនាន់ក្រោយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​

​សេង សីៈ អនុប្រធាន​ភូមិ​អូរ​អង្រែ បាន​ចូលរួម​ពិធី​សម្ពោធ​ពិព័រណ៍​នេះ ព្រោះ​គាត់ យល់ថា វា​មាន​សារសំខាន់​ណាស់ សម្រាប់​គាត់ ក៏ដូចជា​ក្មេងជំនាន់ក្រោយ ដើម្បី​ជាការ រម្លឹក​ឡើងវិញ អំពី​ការចងចាំ​។ សម្រាប់ សី ការតាំងពិព័រណ៍​រូបថត​នេះ មិន​ត្រឹមតែ​រម្លឹក​គាត់ អំពី​ការចងចាំ​អតីតកាល​នោះទេ ថែមទាំង​ជាការ​ប្រមូលផ្តុំ​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នៅ សម័យកាល​នីមួយៗ​ទៀតផង​។​

​ឆាំ សឿនៈ កសិករ​រស់នៅ​ភូមិ​អូរ​ចាប់ បាន​ចូលរួម​ពិធី​សម្ពោធ​ពិព័រណ៍​រូបថត ក្នុង គោលបំណង​ចង់ដឹងថា​ការតាំងពិព័រណ៍​នេះ​យ៉ាងដូចម្តេច និង​ចង់​ស្វែងយល់​អំពី​រឿងរ៉ាវ ដែល​បាន​កើតឡើង​ក្នុង​អតីតកាល​។ បន្ទាប់ពី​បាន​មើល​ពិព័រណ៍ សឿន ពិតជា​ចូល​ចិត្តការ តាំង​ពិ​ព័​រ័​ណ៍​នេះ​ណាស់ ព្រោះ​វា​ត្រូវបាន​រៀបចំឡើង​យ៉ាង​រៀបរយ ហើយ​តាមរយៈ​រូបថត ដែល​ដាក់តាំង​នេះ ក៏​ជា​សារ​មួយ​ពី​ចំណេះដឹង​នៃ​ប្រវត្តិសាស្ត្រ ផ្ញើ​ទៅកាន់​អ្នកចូលរួម ទស្សនា ដែលជា​ក្មេងជំនាន់ក្រោយ ក៏ដូចជា អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​សម័យកាល​ទាំង នោះ​។ រូបថត​ទាំងនេះ ក៏បាន​នាំ សឿន ទៅកាន់​អតីត​កាលដែល​គាត់​ធ្លាប់​ឆ្លងកាត់​ដែរ​៕L ដោយៈ​ទាវ សារៈ​មុនិន្ទ បុគ្គលិក​ជ​ម្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​

ប្រជាពលរដ្ឋ​កំពុងទ​ស្សនា​ពិព័រណ៍​រូបថត​១០០​សន្លឹក ដែល​ដាក់​តាំងនៅ​សារមុន្ទីរ តា​ម៉ុក​