​រូបថត​១០០​សន្លឹក​ត្រូវបាន​តាំងនៅ​សារមន្ទីរ​តា​ម៉ុក ជា​លើកដំបូង​

795

​ភ្នំពេញៈ​រូបថត​១០០​សន្លឹក​បានចាប់ផ្តើម​ដា​ក់​តាំង​បង្ហាញ​ដល់​សាធារណជន​ជា​លើកដំបូង បង្អស់​នៅ​សារមន្ទីរ​តា​ម៉ុក (​អតីត​ផ្ទះ​តា​ម៉ុក​) នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ នេះ ក្រោម​ការរៀបចំ​របស់​ក្រសួងទេសចរណ៍ មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ទីរ​ទេសចរណ៍​ស្រុក​អន្លង់វែង សហការ​ជាមួយ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​។ ការតាំងពិព័រណ​នេះ បាន​ក្លាយជា​ផ្នែក​មួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណ​ពី​រឿងរ៉ាវ ទីតាំង​ប្រវត្តិសាស្ត្រ និង​ការតស៊ូ​របស់​ប្រជាជន​នៅក្នុង​ស្រុក​អន្លង់វែង​។ ពិ​ព័រ​ណ៍​នេះ ក៏​ជាការ​អប់រំ​ដល់​សិស្សានុសិស្ស ប្រជាជន និង​ភ្ញៀវ​ដែល​មក​ទស្សនកិច្ច​នៅ​តំបន់​នេះដែរ​។​

​រូបថត​១០០​សន្លឹក តាំងនៅ​សារមន្ទីរ​តា​ម៉ុក ជា​លើកដំបូង​(​រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​រូបថត​១០០​សន្លឹក បានបង្ហាញ​ពី​សម័យកាល​ផ្សេងៗ ចាប់តាំងពី​សម័យ​សាធារណរដ្ឋ​ខ្មែរ (​លន់ នល់​), សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​), សម័យ​ក្រោយ​ខ្មែរក្រហម រហូតមកដល់​អន្លង់​វែង និង​ក្រោយពេល​សមាហរណកម្ម​។ អ្នកចូលរួម​ទស្សនាការ​តាំងពិព័រណ៍​នេះ អាច​ស្វែងយល់​ពី​សម័យកាល​នីមួយៗ តាមរយៈ​រូបថត និង​ព័ត៌មាន​សង្ខេបនៃ​រូបថត​នីមួយៗ​។
​លោកស្រី ធិ​ន​នី មុនី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ មានប្រសាសន៍ថា ការដាក់​តាំងពិព័រណ៍​រូបថត​នេះ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ព្រោះ​កន្លងមក សារមន្ទីរ​តា​ម៉ុក មិនសូវមាន​ព័ត៌មាន ឬ រូបភាព​ច្រើន​នោះទេ អ្នក​មក​ទស្សនា​អាច​ត្រឹមតែ​ដើរ​មើល​សម្ភារ​មួយចំនួន​ដែល​បន្សល់​ពី​ជំនា​ន់តា​ម៉ុក គ្រប់គ្រង ប៉ុន្តែ​មាន​ព័ត៌មាន​តិចតួច​សម្រាប់​អាន និង​សិក្សា​ស្វែងយល់​។ តាមរយៈ​ការតាំងពិព័រណ៍​រូបថត​ប្រវត្តិសាស្ត្រ​នេះ អ្នក​មក​ទស្សនា​អាច​ស្វែងយល់​អំពី​រឿងរ៉ាវ​ពី​អតីតកាល តាមរយៈ​រូបថត ហើយ​ជាពិសេស​សម្រាប់​ក្មេងជំនាន់​ក្រោយ​​ដែល​ធ្លាប់តែ​ឮ​អំពី​របប​ខ្មែរក្រហម តែ​មិនដែល​ស្គាល់​មុខមាត់​របស់​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន​នោះ អាច​នឹង​ឃើញ ឬ​ស្គាល់​តាមរយៈ​រូបថត​ដែល​ដាក់តាំង​នូវ​រូប​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​។​

​បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង បានបង្ហាញ​ពី​គោល បំណង​ក្នុងការ​ដាក់តាំង​ពិព័រណ៍​រូបថត​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បម្រើ​ឲ្យ​ការចងចាំ និង ការអប់រំ ដែល​អាចជួយ​លើកកម្ពស់​ការយល់ដឹង និង​បង្កើតបានជា​ការឆ្លុះបញ្ចាំង​ដ៏​ស៊ី ជម្រៅ​ចំពោះ​សម័យ​កាលនោះ​។ ខណៈដែល​ការដាក់​តាំង​ពិ​ព័រ​ណ៌​បាន និង​កំពុង​ក្លាយជា រំឭក​ឡើងវិញ​អំពី​អតីតកាល ពិ​ព័រ​ណ៌​នេះ ក៏​ជា​ភស្តុតាង​ជាក់ស្តែង ចំពោះ​ព្រឹត្តិការណ៍ ប្រកបដោយ​សោកនាដកម្ម ដែល​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​។ លោក​បាន រម្លឹកថា បន្ទាប់​ការធ្វើសមាហរណកម្មរ​បស់​តំបន់​អន្លង់វែង​នៅក្នុង​ឆ្នាំ​១៩៩៨ ផ្ទះ​តា​ម៉ុក ត្រូវបាន​ប្រែក្លាយ​ទៅជា​សារមន្ទីរ​ពីរ​ឆ្នាំ​ក្រោយមក​។ ចំណុច​ចាប់ផ្តើម​នៃ​សារមន្ទីរ​នេះ គឺ មាន​ត្រឹមតែ​ជា​សម្បក​ផ្ទះ​របស់ តា​ម៉ុក ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​ព័ត៌មាន​ផ្សេងៗ​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណាក៏ដោយ សារមន្ទីរ​នេះ​បានក្លាយ​ជាទី​តាំង​ដែលមាន​មនុស្ស​ចូល​ទស្សនា​ច្រើន​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ទីតាំង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ចំនួន​១៤​កន្លែង​ផ្សេងទៀត នៅក្នុង​ស្រុក​អន្លង់វែង​។ សារមន្ទីរ​នេះ ទទួលបាន​ភ្ញៀវ​ចូល​ទស្សនា​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ ដែល​ភាគច្រើន គឺជា​ប្រជាជន​កម្ពុជា​។ ដោយសារ​តែមាន​ភាពចាំបាច់​ដើម្បី ធ្វើ​ឲ្យ​សារមន្ទីរ​នេះ​មាន​ភាពរស់រវើក​ឡើង​វិញ តាមរយៈ​ការស្វែងយល់​ឲ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​ថែមទៀត​អំពី​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម និង​សន្តិភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង កំពុង​បោះ​មួយ​ជំហាន​ទៅមុខទៀត ក្នុងការ​ដាក់តាំង ពិព័រណ៍​រូបថត​១០០​សន្លឹក​នេះ​។​

​រូបថត​១០០​សន្លឹក តាំងនៅ​សារមន្ទីរ​តា​ម៉ុក ជា​លើកដំបូង​(​រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្រៅពី​ការតាំងពិព័រណ៍​រូបថត​នេះ កន្លងមក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាន​សហការ​ជាមួយ​ក្រសួង​ទេស​ចរណ៍ រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​ម​គ្គុ​ទ្ទេស​ទេសចរណ៍​នៅ​តំបន់​អន្លង់វែង​។ វគ្គ​បណ្តុះបណ្តាល​នេះ បាន​ជួយ​ពង្រឹងសមត្ថភាព​ដល់​ម​គ្គុ​ទ្ទេស​ទេសចរណ៍​ឲ្យ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ពី​តំបន់​អន្លង់វែង ដោយ​ធានាថា​ព័ត៌មាន​ដែល​បានផ្តល់​ទៅដល់​ភ្ញៀវ​ដែល​បានមក​ទស្សនា​តំបន់​នេះ​មាន​ភាពច្បាស់លាស់ និង​អាច​ជឿទុកចិត្ត​បាន​។
​ពិព័រណ៍​រូបថត​នេះ ជា​ការតភ្ជាប់​ដ៏​មាន​សារសំខាន់​សម្រាប់​ភ្ញៀវ និង​ម​គ្គុ​ទេ្ទ​ស​ក៏ ទេសចរណ៍ តាមរយៈ​ការជូន​ភ្ញៀ​ង​មក​ទស្សនា​នៅ​សារមន្ទីរ​នេះ​។ ការតាំង​ពិ​ព័រ​ណ៌​នេះ ក៏​ជាការ​បង្កើត​ឲ្យ​មានការ​ពិភាក្សាគ្នា​ក្នុងចំណោម​អ្នកចូលរួម ឪពុកម្តាយ ចាស់ទុំ ឬ មិត្ត​ភ័ក្តិ ដែល​មក​ទស្សនា​រូបថត​ទាំងនេះ ឬក៏​អាច​សួរនាំ​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​អាច​ផ្តល់ព័ត៌មាន​បន្ថែម​អំពី​ចម្ងល់​ទាំងឡាយ​អំឡុងពេល​មើលរូប​ថត ៕MN/

ដោយៈ​ទាវ សារៈ​មុនិន្ទ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​