​រូបសំណាក​រម្លឹក​អំពី​ការចងចាំ​

495

​រូបសំណាក​រម្លឹក​អំពី​ការចងចាំ​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ថ្ងៃទី​៧​ខែធ្នូ ឆ្នាំ​២០១៧ រូបសំណាក​រម្លឹក​អំពី​ការចងចាំ​របប​ខ្មែរក្រហម ដែល សិល្បករ និង​អ្នក​រចនា​រូបសំណាក លោក អ៊ឹង ភូ​សេ​រ៉ា ជា​កូន​ខ្មែរ​កាត់​បារាំង​បាន ហៅ​ឈ្មោះថា «​អ្នក​អង្វរ​លន់តួ​» ឬ​ជា​បូជនីយដ្ឋាន «​សម្រាប់​អ្នក​ដែល​លែង​នៅ ទីនេះ ទៀត ហើយ​» ត្រូវបាន​សម្ពោធ និង​ដាក់តាំង​ជា​ផ្លូវការ នៅ​សួនច្បារ​ទល់មុខ ស្ថានទូត បារាំង ក្នុង​រាជធានី​ភ្នំពេញ​។ រូបសំណាក​រម្លឹក​ពី​ការចងចាំ​នេះ ក៏​ជា​ផ្នែក មួយ​នៃ សំណង​ដល់​ភាគី​ដើម បណ្តឹងរដ្ឋប្បវេណី ក្នុង​សំណុំរឿង​០០២/០១ ផ្តោតលើ​ការកសាង បូជនីយដ្ឋាន​រំ​ម្លឹ​ក​ការចង ចាំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ផ្តល់​ការគោរព​ដល់​ជនរងគ្រោះ នៃ​ការ ជម្លៀស​ដោយ​បង្ខំ ដែល​ត្រូវ​ទទួលស្គាល់ ដោយ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង តុលាការ កម្ពុជា ដែល​បានចេញ​នៅក្នុង សេចក្តីសម្រេច​របស់​តុលាការ​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤​។ ជាមួយគ្នានេះដែរ សាលា រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ កសាង និង​ដាក់តាំង​រូបសំណាក​នេះ ដែល​គម្រោង​នេះ ក្រោម​ការឧបត្ថម្ភ​ពី​ដៃគូ​សប្បុរសជន ដូចជា ស្ថានទូត​បារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ កម្ពុជា​, វិទ្យាស្ថាន​ស្លឹករឹត​, សមាគម អាន់​វ៉ៃ​យ៉ា និង​អនុស្សាវរីយ៍​ធំ និង​ដៃគូ សប្បុរសជន ជាច្រើន​ទៀត​។​

​ជា​ជនរងគ្រោះ​ម្នាក់​ក្នុងអំឡុងពេល​ខ្មែរក្រហម​បានធ្វើ​ការជម្លៀស​ប្រជាជន​ដោយ បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​១៧ មេសា ១៩៧៥ សិល្បករ សេ​រ៉ា ដែល​ពេលនោះ មាន​វ័យ​១៣​ឆ្នាំ បាន​បែក​ពី​ឪពុក​នៅមុខ​ស្ថានទូត​បារាំង (​កន្លែង​ដាក់តាំង​រូបសំណាក បច្ចុប្បន្ន​) ជាទី​ដែល​ត្រូវ​គាត់​បានឃើញ​ឪពុក​ជា​លើកចុងក្រោយ​។ នៅពេលដែល ខ្មែរក្រហម​បាន​កាន់កាប់​ទីក្រុង​ភ្នំពេញ ក្រុមគ្រួសារ​របស់ សេ​រ៉ា បាន​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង ស្ថានទូត​បារាំង​ប្រចាំ​ក្រុងភ្នំពេញ​។​

​ឪពុក​របស់គាត់​ជា​ពាណិជ្ជករ​ខ្មែរ​ដែល​ចេះ​និយាយបាន ច្រើន​ភាសា និង​ធ្លាប់បាន ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ផង​។ សេ​រ៉ា និង​ម្តាយ រួមទាំង​បងប្អូន ត្រូវបាន​អនុញ្ញាត ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា លើកលែងតែ​ឪពុក​ដែលមាន​ដើមកំណើត ខ្មែរ​របស់ សេ​រ៉ា តែប៉ុណ្ណោះ​ដែល​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចាកចេញ ហើយ​ត្រូវបាន ខ្មែរក្រហម​ចាប់ ខ្លួន​យកទៅ​។ ក្រោយមក សេ​រ៉ា ក៏​ទទួលដំណឹង​ថា ឪពុក​របស់គាត់ ត្រូវ បាន​ខ្មែរក្រហម​សម្លាប់​នៅ​ឆ្នាំ​១៩៧៨​។​

​រូបសំណាក​រម្លឹក​ដល់​ការចងចាំ​នេះ សិល្បករ សេ​រ៉ា បង្កើតឡើង​ក្នុង​គោលបំណង សម្តែង​ការគោរព​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម និង​ជា​ផ្នែក​មួយ​នៃ​គម្រោង​សំណង ដែល​សម្រេច​ដាក់បញ្ចូល​ដោយ​តុលាការ ដែល​ទទួលខុសត្រូវ​លើ​ការនាំយក​អតីត​មេ​ដឹក នាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​មក​កាត់ទោស​។ ការដាក់​តាំង​រូប សំណាក នេះ នៅ​រាជធានី​ភ្នំពេញ គឺជា​បង្ហាញ​ពី​ជំហាន​បន្ទាប់​នៃ​ការទទួល ស្គាល់​ជា​សាធារណៈ​អំពី ឧក្រិដ្ឋកម្ម​ដែល​បាន​បង្កឡើង ព្រមទាំង​ផលប៉ះពាល់​ដែល​កើត មាន​ចំពោះ​ជនរងគ្រោះ​ក្នុង របប​ខ្មែរក្រហម​។ រូបសំណាក​នេះ បាន​រម្លឹក​ពី​ភាព​ភ័យរន្ធត់ ជាក់ស្តែង​របស់​ប្រជាជន កម្ពុជា​ក្នុង​របប​ខ្មែរក្រហម ដែល​នៅតែ​បន្ត​លងបន្លាច ប្រជាជន​កម្ពុជា​ទាំង​ក្នុង និង​ក្រៅ ប្រទេស​រហូតដល់​បច្ចុប្បន្ន និង​កំពុង​ជ្រាប​រាល ដាល​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​ជន​រង គ្រោះ​កម្ពុជា​។

​ការតម្កល់​នៅ​ទីតាំង សាធារណៈ​នេះ បានផ្តល់​ជា​សារ​មួយ​នៃ​សន្តិភាព និង​ការផ្សះផ្សា​ថ្នាក់ជាតិ​ដល់​ជនរួមជាតិ​។ លើសពីនេះ ការដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ នៅ​ទីសាធារណៈ ក៏​ជាការ​លើកទឹកចិត្ត​ដល់​សាធារណជន​ឲ្យ​ជួបជុំគ្នា ដើម្បី​រម្លឹក​ពី​ការចងចាំ និង​ឧទ្ទិស​ដល់​មនុស្ស​ជាទី​ស្រឡាញ់​ដែល​បាន​ចែក​ឋាន​ទៅហើយ​។ យុវជន យុវនារី កម្ពុជា​ជំនាន់​ក្រោយ ក៏​គួរតែ​ស្វែងយល់​ពីបទ​ពិសោធ​រប​ស់​ឪពុកម្តាយ និង​ជីដូន​ជីតា របស់ខ្លួន ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​ជាប់​ទំនាក់ទំនង​គ្នា​តាម​យៈ​ការយល់ដឹង​ពី អំពើ​ប្រល័យ ពូជ សាសន៍ និង​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ រឿងរ៉ាវ​ទាំងនេះ​ត្រូវបាន​និយាយ​តៗ​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។​

​រូបសំណាក​នេះ បាន​ឧទ្ទិស​ដល់​អ្នក​ដែល​លែង​នៅទីនេះ​ទៀតហើយ ប្រហែលជា ទាក់ទង​នឹង​របប​ប្រល័យពូជសាសន៍​មាន​លក្ខណៈ​គួរ​ឲ្យ​ខ្លាច និង​គួរ​ឲ្យ​តក់ស្លុត​។ ប៉ុន្តែ រូបចម្លាក់ «​អ្នក​អង្វរក​» បែរជា​បង្ក​ឲ្យ​អ្នកទស្សនា​មាន​អារម្មណ៍​ទន់ភ្លន់ និង​ស្រស់ស្រាយ​ទៅវិញ​។ ដោយ​គ្រាន់តែ​ក្រលេក​មួយ​ភ្លែត យើង​នឹង​ព្យាយាម​វិភាគ​ថា តើ​វា​ជា​រូប​ស្រី ឬ​រូប​ប្រុស តែ​រូបចម្លាក់​នេះ​បង្ហាញ​ពី​មនុស្សជាតិ ជាង​បង្ហាញ​ពី​លក្ខណៈភេទ​។ រំពេច​នោះ​យើង​មាន​អារម្មណ៍​ថា រូបចម្លាក់​មាន​ភាព​ប្រហាក់ប្រហែល​នឹង​យើង​យ៉ាងខ្លាំង ដោយ​រូបរាង​ដែល​ហាក់បីដូចជា​មនុស្ស​កំពុង​តែ​ធ្លាក់​ពីលើ​ទី​ខ្ពស់​របស់​រូបចំលាក់​នោះ​។ រូបចម្លាក់ ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​អ្នកទស្សនា មាន​អារម្មណ៍ អាណិតអាសូរ​ពី​ភាព​ងាយ​រងគ្រោះ​របស់​វា ហើយ​រូប ចម្លាក់​នេះ​ធ្វើ​ឲ្យ​យើង​រឹតតែ​ចង់ដឹង​ចង់​ស្គាល់​ថែមទៀត​។​

​ការដាក់​រូបនោះ​លើ​ជើង​ទម្រ​ទាប​មានន័យថា សូម្បីតែ​ក្មេងៗ​ក៏​អាច​ឈោង​ប៉ះ និង គយគន់​ពិនិត្យមើល​រូបនេះ​ដោយផ្ទាល់​ដែរ​។ ផ្ទៃ​នៃ​រូបចម្លាក់​នេះ​មាន​លក្ខណៈ​គ្រើម​ដូច​សំបកឈើ​ដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​ចង់​ប៉ះ និង​ទំនាក់​ទំនងជា​មួយរូប​ចម្លាក់​នេះ​។​
​ពេលដែល​យើង​កាន់តែ​ស្មឹង​ស្មា​ធ​បញ្ចូល​អារម្មណ៍​គិតដល់​រូបចម្លាក់​នេះ យើង កាន់ តែ​ចង់ទៅ​លួងលោម​រូបនេះ​។ តើ​យើង​មិនអាច​ទៅ​ចាំ​ទ្រ​រូបនេះ​នៅពេលដែល វា​ធ្លា​ក់បាន ឬទេ​? យ៉ាងហោចណាស់​យើង​អាច​បោស​អង្អែល​រូបនោះ ក៏ដូចជា​គយ គន់​ទុក្ខសោក និង​ភាព​ឯកោរ​នៃ​រូបចម្លាក់ ហើយ​ក្នុងពេល​តែមួយ​បង្ហាញ​ពី​អារម្មណ៍ ស្រដៀង​គ្នា​ដែល យើង​កំពុង​តែមាន​ជាមួយនឹង​រូបចម្លាក់​នេះ​។ ខណៈ​យើង​ធ្វើ​បែប​នោះ យើង​នឹង​ដឹង​ក្នុង​ចិត្ត ថា តាម​ការពិត​យើង​កំពុងតែ​ចងចាំ និង​លួងលោម​ជនរងគ្រោះ នៃ​របប​ប្រល័យពូជសាសន៍ ហើយ​យើង​កំពុង​តែមាន​ជាប់​ទំនាក់ទំនង​ជាមួយ នឹង​ជន រងគ្រោះ​ទាំងនោះ តាមរយៈ បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​យើង​។

​ដៃ​របស់​រូបចម្លាក់​នេះ ដាក់​ប្រណម​ចូលគ្នា​ក្នុង​ទម្រង់​ជា​កាយវិការ​សំពះអង្វរ​ក​។ ប្រហែលជា​រូបចម្លាក់​នេះ​កំពុងតែ​សូម​អង្វរ​ព្រះ​ព្រោះថា រូបនេះ​កំពុងតែ​មើលទៅ​កាន់ ឋាន សួគ៌​។ ប៉ុន្តែ​សោកនាដកម្ម​នៃ​អំពើ​ប្រល័យ​ពូជ​សា​សាន៍​កម្ពុជា បាន​ប្រឡែង​លេង​នឹង ជំនឿ​របស់​មនុស្ស​ចំពោះ​ព្រះ​ដែល​ទ្រង់​អាច​អនុញ្ញាត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រល័យ​ពូជ​សាន៍ នេះ​កើតឡើង​បាន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លូតត្រង់​យ៉ាងច្រើន​នាក់​ត្រូវ​រងទុក្ខវេទនា​។​

​ទម្រង់​នៃ​ការធ្លាក់ចុះ និង​ការ​អង្វរករ​ទៅ​ការ​ឋានសួគ៌​របស់​រូបចម្លាក់​នេះ បាន បង្កប់ ទៅដោយ​ភាពស្រស់ស្អាត និង​ថ្លៃថ្នូរ​។ ទម្រង់​ដាំ​ក្បាល​ចុះក្រោម​របស់​រូបនោះ បង្កើត នូវ​រូបភាព​នៃ​ការ​អស់សង្ឃឹម​មួយ តែ​ហេតុអ្វី​បានជា​យើង​មិន​បង្វែរ​រូបនេះ​ឲ្យ​មាន ទម្រង់ ត្រឹមត្រូវ​ក្នុង​ចិត្ត​របស់​យើង ហើយ​ធ្វើ​ឲ្យ​អ្វីៗ​ត្រឹមត្រូវ​ឡើងវិញ​ទៅ​? ពេលនោះ​យើង នឹង​ឃើញថា រូបចម្លាក់​នេះ​កំពុងតែ​ដើរ​លើ​ពពក ដោយ​លើកដៃ​សំពះ​តាមបែប​ប្រពៃណី ខ្មែរ​។ ឬក៏​រូបនេះ ជា​រូប​អប្សរា​ដែល​កំពុងតែ​រាំ​អណ្តែតអណ្តូង​? តើ​អាយុ​របស់​អប្សរា​រូប នេះ​ត្រូវ​កាត់បន្ថយ​ឬ​? រូបចម្លាក់​នេះ​ត្រូវបាន​ដក​ផ្តាច់​ផុត​ចេញពី​ដី ដែលជា​រូបភាព​ដែល គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ដែលមាន​ពូជពង្ស​ជា​អ្នកធ្វើ​កសិកម្ម​ដោយ ទំនាក់ទំនង​ជាមួយ​ដី​យ៉ាង​ស្អិតរ​មួ​ត​។ តើ​នេះ​ជា​រូប​ស្រី្ត​ម្នាក់ ដែល​ឆ្លុះបញ្ចាំង​ពី សង្គម​មាតា ធិបតេយ្យ​របស់​កម្ពុជា​មែនដែរ​ឬទេ​? រូបចម្លាក់​នេះ​ធ្វើឡើង​ពី​លង្ហិន​ដែលជា លោហៈ​ម្យ៉ាង ដែល​សិល្បៈករ​ខ្មែរ​សម័យអង្គរ​តែងតែ​ប្រើប្រាស់​ដើម្បី​ធ្វើជា​រូបចម្លាក់ និង​ត្រូវ​ស្គាល់​ដោយ ប្រជាជន​កម្ពុជា​គ្រប់រូប​។ ដូច្នេះហើយ ខណៈពេលដែល​រូប ចម្លាក់​នេះ​បង្ហាញ​ពី​ភាព​ឯក​កោ យ៉ាង​ជាក់ស្តែង រូបចម្លាក់​អ្នក​អង្វរករ​នេះ ក៏បាន​ផ្សា ភ្ជាប់​ទស្សនិកជន​ទៅកាន់​អតីតកាល និង​ស្រុកកំណើត​រួម​របស់​អ្នក​ទាំងនោះ ក៏ដូចជា បាន​ផ្សាភ្ជាប់​ប្រជាជន​ខ្មែរ​ទាំងអស់គ្នា​ដែរ​។

​គួរ​ឲ្យ​សោកស្តាយ​ចំពោះ សេ​រ៉ា ព្រោះថា​រូបចម្លាក់​នេះ​ស្ថិតនៅ​ចំ​កន្លែង ដែល​គាត់ បានឃើញ​មុខ​ឪពុក​របស់គាត់​ជា​លើកចុងក្រោយ ហើយ សេ​រ៉ា សូម​គោរព​អញ្ជើញ ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​មក​ចូលរួម​ជាមួយ​គាត់ ក្នុងការ​រំឭក​ដល់​អ្នក​ដែល​លែង​នៅ ទីនេះ​ទៀតហើយ​។ កម្ពុជា​ចាំបាច់​ត្រូវមាន​ស្តូក​បូជនីយដ្ឋាន​ទីធ្លា និង​ឱកាស​បន្ថែមទៀត សម្រាប់​ជួយ​ឲ្យ​អ្នក​ជំនាន់​ចាស់ បាន​សះស្បើយ​របួស​ផ្លូវចិត្ត និង​ក្មេងជំនាន់ក្រោយ ចងចាំ​ដើម្បី​ឲ្យ​ប្រវត្តិសាស្ត្រ​មួយ​នេះ​កើតមាន​ម្តងទៀត​។​

​ជាថ្មី​ម្តង​ទៀតហើយ​ដែល​ស្នាដៃ​រូបចម្លាក់​របស់ សេ​រ៉ា ផ្តល់ឱកាស​ក្នុងការ លួង លោម​អ្នក​ដែល​ស្លាប់ទៅ​ក្នុងសម័យ​ខ្មែរក្រហម​ក៏ដូចជា​អ្នក​ដែល​នៅ​រស់រានមានជីវិត តាម រយៈ​មនោសញ្ចេតនា​ការ យល់ចិត្ត និង​មនុស្សជាតិ​រួម​របស់​យើង​។ ដូចគ្នា​ទៅនឹង​ស្នាដៃ សិល្បៈ​ដទៃទៀត​ដែរ រូបចម្លាក់​អ្នក​អង្វរករ​បស់ សេ​រ៉ា មួយ​នេះ​ជំរុញ ឲ្យ​មានការ​វិភាគ បក ស្រាយ​ទៅតាម​ទស្សនៈ​នៃ​ការយល់ឃើញ​របស់​បុគ្គ​ល​ម្នាក់ៗ រៀងៗ​ខ្លួន​។

​អោក ឆាត​៖ ជា​ប្រពល​រដ្ឋ​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ យល់ឃើញថា ការដាក់ តាំង​រូប សំណាក​នេះ ពិតជា​ល្អ​ខ្លាំងណាស់​។ គាត់​បាន​រម្លឹក​ពី​ជីវិត របស់គាត់ ក្នុង​របប​ខ្មែរក្រហម​ថា គាត់ និង​គ្រួសារ​រស់នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ កាលណោះ គាត់​ត្រូវបាន​អង្គការ បំបែក​ចេញពី​គ្រួសារ​ឲ្យ​ទៅ​រស់នៅ​កងកុមារ​។ គាត់​ត្រូវ​រែក​ដី ដើរ​រើស​អាចម៍គោ និង​កាប់ ទន្ទ្រានខេត្ត​រៀងរាល់ថ្ងៃ​។ ការរស់នៅ​ឆ្ងាយ​ពី​គ្រួសារ​ពិតជា លំបាក​ខ្លាំងណាស់ សម្រាប់ ឆាត ជា​កុមារ ជាពិសេស​គាត់​មិនដែល​បាន​ហូប​គ្រប់ គ្រាន់​នោះទេ​។ ហេតុនេះ ការដាក់ តាំង​រូបសំណាក​នេះ ឆាត ជឿជាក់ថា នឹង​ក្រើនរម្លឹក​ក្មេងៗ​ជំនាន់​ក្រោយ​អំពី​របប​ខ្មែរក្រហម និង​ដាស់តឿន​ដល់​អ្នកជំនាន់ក្រោយ ធ្វើយ៉ាងណា​ការពារ និង​ចៀសវាង​កុំ​ឲ្យ របប​នេះ កើតមានឡើង​ម្តងទៀត​។​
​សូ វិទូ និស្សិត​ផ្នែក​ស្ថាបត្យកម្ម នៃ​សកល​វិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​៖

​វិទូ ធ្លាប់​បានឃើញ​ស្នាដៃ​របស់ សេ​រ៉ា ម្តង ក្នុងអំឡុងពេល​តាំងពិព័រណ៍​។ ផ្ទាំងគំនូរ និង​ចម្លាក់​របស់គាត់​ពិតជា​ស្នាដៃ​វិចិត្រកម្ម​មួយ​ដែល​បង្កប់ន័យ​ទាក់ទង​នឹង​ការ ចងចាំ​អំពី របប​ខ្មែរក្រហម​។​

​សម្រាប់ វិទូ ស្នាដៃ​ចម្លាក់​របស់ សេ​រ៉ា មាន​រចនាបថ​ថ្មី​ប្លែក​ពី​គេ និង​ជា​មធ្យោបាយ​ថ្មី មួយ​ក្នុងការ​តំណាង​ឲ្យ​គំនិត​នៃ​សិល្បៈ​។ ចម្លាក់​នេះ​មាន​លក្ខណៈ​សហ​សម័យ និង​ទំនើប ហើយ​មាន​ភាព​ល្បី​រន្ទឺ​នៅក្នុង​ពិភពលោក​ដោយសារតែ​ចម្លាក់​នេះ​ជំរុញ​ឲ្យ​ការស្រមើស្រមៃ​របស់​មនុស្ស​ឈានទៅរក​ភាព​អរូបី​យ និង​គំនិត​គ្មាន​ដែន​កំណត់​។​

​ចម្លាក់​នេះ​ធ្វើ​អំពី​ស្ពាន់ ជា​រូបចម្លាក់​នៃ​មនុស្ស​ម្នាក់​ដែល​ទម្រេត​ខ្លួន​លើ​ជើង​ទម្រ ស្ពាន់ ដោយ​រក្សា​នូវ​លំនឹង​បាន​យ៉ាង​ល្អ​។ ចលនា​នៃ​ចម្លាក់​នេះ​ហាក់ដូចជា​បង្ហាញ​អំពី​ការ ឈឺចាប់ និង​កំពុង​ស្នើ​នូវ​ក្តីមេត្តា​ពី​នរណាម្នាក់​។ តាមរយៈ​ការ​គ្របដណ្តប់​ទៅដោយ ស្រទាប់​រឹង និង​ពណ៌​ស្រអាប់​នៃ​សមាសធាតុ​ផ្សំ​របស់​ចម្លាក់ វិទូ គិតថា ចម្លាក់​នេះ​តម្រូវ​ឲ្យ មានការ​ចំណាយពេល និង​បទពិសោធន៍ អម​ជាមួយនឹង​ភាព​អត់ធ្មត់​ដើម្បី​សម្រេចបាន​។​

​ចម្លាក់​របស់ សេ​រ៉ា បាន​នាំ​អ្នកទស្សនា​ទៅក្នុង​ស្ថានភាព​នៃ​ការឈឺចាប់ និង​ការចង ចាំ​មួយ​របស់​ជាតិ​អំឡុង​របប​ខ្មែរក្រហម ជាពិសេស​ការក្តោបក្តាប់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​១៩៧៥​។ នៅពេលនោះ ខ្មែរក្រហម​ដែល​ទទួលបាន​ជ័យជម្នះ បាន​គ្រប់ គ្រង​លើ​ទីក្រុង​ភ្នំពេញ ព្រមទាំង​ធ្វើការ​រៀបចំ​សង្គម​កម្ពុជា​សាជាថ្មី​។ ខ្មែរក្រហម​បាន បង្ខំ​ឲ្យ​ប្រជាជន​ចាកចេញ​ពី​ទីក្រុង​ដោយ​ហិង្សា​។ រូបចម្លាក់​នេះ​ធ្វើការ​បកស្រាយ​យ៉ាង ច្បាស់​អំពី​ផ្នត់គំនិត អំពើហិង្សា និង​ទុក្ខសោក នា​ខណៈ​ពេលនោះ​។​

​ចំណុច​ដំបូងបង្អស់​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​របស់ វិទូ គឺ ចលនា និង​លំនឹង នៃ រូបចម្លាក់​នេះ​។ វិទូ យល់ថា សិល្បៈករ​ប៉ុនប៉ង​បង្ហាញ​អំពី​រូបភាព​ជាក់ស្តែង​នៃ​ចលនា ដងខ្លួន ដែល​បង្ហាញ​ដល់​អ្នកទស្សនា​អំពី​អារម្មណ៍​ឈឺចាប់ និង​ការសំពះ​អង្វរ​សុំ​ក្តីមេត្តា​។ វិទូ ចាប់អារម្មណ៍​ចំពោះ​ភាព​លម្អិត​នៃ​ស្រទាប់​ស្ពាន់ តាម​ការយល់ឃើញ​ផ្ទាល់ខ្លួន ស្រទាប់ នេះ​ត្រូវ បាន​គួបផ្សំ​ទៅដោយ​ខ្សែបន្ទាត់ ចំណុច​តូចៗ និង​ខ្សែ​ពត់ពេន ធាតុ​ទាំងនេះ​បាន បង្កើតជា ស្រទាប់​បង្កប់ និង​យ៉ាង​ល្អិតៗ ដែល​ហាក់ដូចជា​ក្តោប​នូវ​ការចងចាំ​នៃ​រូបចម្លាក់ ផ្ទាល់​។​

​វិទូ យល់ថា សេ​រ៉ា បាន​នាំយក​នូវ​អ្វីដែល​តំណាង​ឲ្យ​ការចងចាំ​របស់​ទីក្រុង​ភ្នំពេញ ខណៈដែល​បុគ្គល​នីមួយៗ​ស្ទើរតែ​ភ្លេច​អស់​បាត់ទៅហើយ​។ វិទូ មានការ​ជឿជាក់​ប្រកប ដោយ​សុទិដ្ឋិនិយម​ថា ខណៈដែល​រូបចម្លាក់​នេះ​ត្រូវបាន​តម្លើង​នៅ​ទីតាំង​របស់ខ្លួន មនុស្ស ជាច្រើន​ប្រាកដ​ជាមាន​ការចាប់​អា​ម្មណ៍ ហើយ​រូបចម្លាក់​នេះ​នឹង​ក្លាយជា​ស្នាដៃ​នៃ​ការចង ចាំ​មួយ ដែល​រំឭក​យើងទាំងអស់គ្នា​អំពី​សម័យកាល​ដ៏​ខ្មៅ​ងងឹត​របស់​ប្រទេស​កម្ពុជា​។ វិទូ ក៏​សង្ឃឹមថា​នឹងមាន​ស្នាដៃ ឬ​រូបចម្លាក់​ប្រភេទ​នេះ​ជាច្រើន​ទៀត លេច​រូបរាង​នៅក្នុង​ទីក្រុង របស់ខ្ញុំ គឺ​ទីក្រុង​ភ្នំពេញ​។​

​សៀង សត្យា និស្សិត​ផ្នែក​ស្ថាបត្យកម្ម នៃ​សកល​វិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​៖

​សត្យា មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​លំនឹង​នៃ​ទ្រង់ទ្រាយ​របស់​រូប ចម្លាក់ ក៏ដូចជា ស្រទាប់​ស្ពាន់​គ្រើម​នៃ​រូបចម្លាក់​។ ដូច​ទៅនឹង​ស្ថាបត្យកម្ម​ដែរ តុល្យភាព មាន តួនាទី​សំខាន់ ណាស់​ក្នុង​ការបង្ហាញ​នូវ​គោលបំណង​នៃ​វត្ថុ​ក្នុង​លំហ​មួយ​។ សត្យា យល់ថា រូបចម្លាក់​របស់ សេ​រ៉ា ពិតជា​ស្ថិតនៅ​ត្រង់ចំណុច​ដ៏​សមស្រប​មួយ​។ ផ្នែក​ទម្រេត ចុះ​នៃ​ចលនា​របស់​រូបចម្លាក់​នេះ បង្ហាញ​អំពី​ភាពចលាចល និង​ច្រួលច្របល់ ចម្លាក់​នេះ បង្កើត​ឲ្យ​មាន អារម្មណ៍ ឈឺចាប់ ការព្រួយបារម្ភ ភាពភ័យខ្លាច ដែល​ធ្វើ​ឲ្យ សត្យា យល់ថា ស្មុគស្មាញ​។
​អារម្មណ៍​ច្របូកច្របល់​ជាច្រើន​ស្ថិតនៅក្នុង​ការគិត​រប​ស់ សត្យា ហើយ​ពុំ​អាច ផ្ចង់ស្មារតី​បាន​។ សត្យា ព្យាយាម​តាំងខ្លួន​ខ្ញុំ​នៅក្នុង​ស្ថានភាព​នៃ​រូបចម្លាក់​នេះ នៅក្នុង ស្ថានភាព​ដែល​តម្រូវ​ឲ្យ សត្យា បណ្តែត​ខ្លួន​ក្នុង​លំហ តាមរយៈ​កាយវិការ​នៃ​រូបចម្លាក់ សត្យា ស្រមៃ​ដល់​ខណៈពេល​មួយ​ដែល សត្យា ពុំមាន​កម្លាំង ពុំមាន​អាវុធ​ដើម្បី​ប្រយុទ្ធ តបត ពុំមាន​សមត្ថភាព​ដើម្បី​រត់គេច​ពី​ការបំពាន​លើ​សិទ្ធ​រស់រាន​របស់ សត្យា អ្វីដែល សត្យា មាន​គឺ​ត្រឹមតែ​ដៃទទេ​មួយគូ ដែល​ប្រណម​ឡើង​អង្វរ​សុំ​ក្តីមេត្តា​។​

​រូបចម្លាក់​នេះ​ពិតជា​បាន​រំលេច​ឲ្យ​មនុស្ស​ឃើញ​អំពី​រូបភាព​នៃ​ព្រឹត្តិការណ៍​សោកនាដកម្ម​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​បង្ក​ឲ្យ​ជនរងគ្រោះ​ប្រមាណ​២​លាន​នាក់​បាត់បង់​ជីវិត នោះ គឺ​របប ប៉ុល ពត​។ រូបចម្លាក់​នេះ​បង្ហាញ​អំពី​ភាព​អាណិតអាសូរ និង​ការផ្សះផ្សា​អំពី ប្រវត្តិសាស្ត្រ​នៃ​សោកនាដកម្ម​របស់​ប្រទេស​កម្ពុជា​។ សត្យា ជឿជាក់ថា ការស្រមើស្រមៃ គឺជា​អាហារ​នៃ​គំនិត យើង​តែងមាន​ការស្រេកឃ្លាន ដូច្នេះ ខ្ញុំ​រំពឹងថា រូបចម្លាក់​នេះ​នឹង​នាំ មក​នូវ​អ្វីដែល​សង្គម​នេះ​ខ្វះខាត​ដោយ​ពុំ​ដឹងខ្លួន ក៏ដូចជា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដែលមាន​ចំណង់​ផ្នែក​គំនិត​ច្នៃប្រឌិត ការស្រមើស្រមៃ និង​សិល្បៈ​។​
​សត្យា មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា រូបចម្លាក់​នៃ​ការចងចាំ​នេះ នឹង រំឭក​អំពី​ការ ចងចាំ​នៃ​អ្នក​ទាំងឡាយ​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ​របស់ខ្លួន​នៅក្នុង​របប ខ្មែរក្រហម ក៏ដូចជា​ឧទ្ទិស​ដល់ “​អ្នក​ទាំងឡាយ​ដែល​លែងមាន​វត្តមាន​នៅទីនេះ​ទៀត ហើយ​”​។ ជាជាង​ការ​រំឭក​អំពី​ភាព​ព្រឺព្រួច​នៃ​ពេលវេលា​ដ៏​ខ្មៅ​ងងឹត​ទាំងនោះ រូបចម្លាក់ នៃ ការចងចាំ​នេះ ធ្វើ​ឲ្យ​អ្នកដើរ​ឆ្លងកាត់​មាន​អារម្មណ៍​អាណិតអាសូរ និង​ក្តីសង្ឃឹម​សម្រាប់ អនាគត​ដ៏​សុខដុម​មួយ ដោយ​មិន​បំភ្លេច​អំពី​អតីតកាល​។​

លោក អ៊ឹង ភូ​សេ​រ៉ា​

​អំពី​សិល្បករ អ៊ឹង ភូ​សេ​រ៉ា​
​សេ​រ៉ា កើត​នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៦១​។ បន្ទាប់ពី​បញ្ចប់ ការសិក្សា​ថ្នាក់ អនុបណ្ឌិត​ផ្នែក​វិចិត្រសិល្បៈ​និង​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​សិល្បៈ​នៅ​សាកលវិទ្យាល័យ សូ​ប៊​ន​ក្នុង​ទីក្រុង​ប៉ារីស សេ​រ៉ា បាន​បំពេញការងារ​ក្នុង​វិស័យនេះ ក្នុងនាម​ជា​សាស្ត្រាចារ្យ និង​ជា​សិល្បករ​។ ស្នាដៃ​របស់​សេ​រ៉ា​រួមមាន​គំនូរ ចម្លាក់ ការ​គូររូប ការ​ដាប់ និង​សៀវភៅ គំនូរ​បែប​ក្រាហ្វិក​។ អ្វីដែល​គួរ​ជាទី​កត់សម្គាល់​នោះ គឺ សេ​រ៉ា ជា​អ្នកនិពន្ធ សៀវភៅ​គំនូរ បែប​ក្រាហ្វិក​នានា​ដែល​បង្ហាញ​អំពី​សោកនាដកម្ម​របស់​កម្ពុ​ជារួម​មាន​៖ Impasse et rouge (​ឆ្នាំ ១៩៩៥, បោះពុម្ព​ជាថ្មី​នៅ ឆ្នាំ ២០០៣), L’eau et la terre (​ឆ្នាំ ២០០៥), Lendemains de cendres (​ឆ្នាំ ២០០៧)​។ ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក គាត់​តែងតែ​រៀបចំ សិក្ខាសាលា ស្តីពី​ការ​និ​ពន្ទ​សៀវភៅ​គំនូរ​បែប​ក្រាហ្វិក នៅ​វិទ្យាស្ថាន​ភាសា​បារាំង​ក្នុង​ទីក្រុង​ភ្នំពេញ ក៏ ដូចជា​សិក្ខាសាលា​ដែល​ជំរុញ​ឲ្យ​មានការ​ចូលរួម​ផ្តោតលើ​គោល​គំនិត​នៃ​សិល្បៈ​មាន​រូបរាង នោះ​គឺ Les Ateliers de la Mémoire (​សិក្ខាសាលា​នៃ​ការចងចាំ​)​។ សិក្ខាសាលា ជំរុញ​ឲ្យ​មានការ​ចូលរួម​ក្នុង​ផ្នែក​សិល្បៈ​មាន​រូបរាង ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល សោតទស្សន៍​បុប្ផា ណា បាន​ដើរតួនាទី​ជាការ​ដាស់តឿន​រំ ឭក​ដ៏​សកម្ម​និង​មាន​អានុភាព​អំពី ប្រវត្តិសាស្ត្រ​ខ្លោចផ្សារ​របស់​កម្ពុជា​តាម​រយៈ​ការបង្កើត​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាជន ជំនាន់​ក្រោយ នៅក្នុង​ស្នាដៃ​នៃ​ការចងចាំ អំពី​អតីតកាល ដែល​ហាក់ដូចជា​ត្រូវបាន​ស្គា ល់​ច្បាស់ តែ​មិន​ធ្លាប់​បានដឹង​សោះ​។ តាមរយៈ​ភាសា​សម្តែង​ចេញ របស់​សៀវភៅ​គំនូរ​បែប ក្រាហ្វិក សេ​រ៉ា​ព្យាយាម​ពង្រីក​ឲ្យ​លើសពី​ការចែក​រំ លែ​ក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ពី​ជំនាន់ មួយ​ទៅ​ជំនាន់​មួយទៀត ដោយ​ផ្តល់​ដល់​យុវជន​កម្ពុជា​នូវ​ឱកាស​មួយ ដើម្បី​យល់ដឹង​អំពី ប្រវត្តិសាស្ត្រ​របស់ខ្លួន​តាមរយៈ​ការបង្កើត​ស្នាដៃ​សិល្បៈ​។

​នៅក្នុង​ឆ្នាំ​២០០៧ សេ​រ៉ា បាន​បង្កើត​ស្នាដៃ​ចម្លាក់​នៃ​ការចងចាំ សម្រាប់​ដាក់តាំង នៅ​ទីវាល​មួយ សម្រាប់​សហគមន៍​កម្ពុ​ជា​នៅក្នុង​ទីក្រុង ប៊ូស៊ី សាន​ច​ច​។ បូជនីយដ្ឋាន តំណាង​នេះ ឧទ្ទិស​ដល់​អ្នក​ដែល គ្មាន​ឈ្មោះ​ត្រូវបាន​តម្កល់​នៅ​រង្វង់​មូល​មួយ​ដែល​ក្រោយ មក​ទីតាំង​នេះ ត្រូវបាន​កែ​ឈ្មោះ​ទៅជា​ទីតាំង​ក្រុងភ្នំពេញ​។

​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ កន្លងមក ការងារ​របស់ សេ​រ៉ា ត្រូវបាន​ដាក់តាំង​បង្ហាញ ដាច់ដោយឡែក និង​រួមជាមួយ​ស្នាដៃ​របស់​អ្នក​ដទៃទៀត នៅក្នុង​ប្រទេស​បារាំង និង ប្រទេស​កម្ពុជា​។ នៅក្នុង​ខែមេសា ឆ្នាំ​២០១២ វិទ្យាស្ថាន​ភាសា​បារាំង ក្នុង​ទីក្រុង​ភ្នំពេញ បាន​ប្រារព្ធ​គម្រប់​ខួប​២០​ឆ្នាំ របស់ខ្លួន​ដោយ​រៀបចំ​ការតាំងពិព័រណ៍​ស្នាដៃ​ដ៏​ច្រើនសន្ធឹក សន្ធាប់​របស់ សេ​រ៉ា​។
​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ ក្រុម​សិល្បៈ Art Absolument បានសម្រេច ជ្រើសរើស សេ​រ៉ា ជា​សិល្បករ​បែប​សហ​សម័យ​ដ៏​ល្អប្រសើរ​មួយរូប ក្នុងប្រទេស​បារាំង នា​អំឡុងពេល ដប់ឆ្នាំ កន្លងមក​។ នេះ​គឺជា​ការទទួលស្គាល់​ដ៏​វិសេសវិសាល​មួយ​ដែល​ផ្តល់​កិត្តិយស និង កេរ្តិ៍ឈ្មោះ​ដល់ ទេពកោសល្យ​ឆ្នើម​របស់​សិល្ប​-​ករ​រូបនេះ​។

​បន្ថែម​ពីនេះ​ទៅទៀត សេ​រ៉ា ក៏មាន​កិត្តិ​ស័ព្ទ​ល្បី​រន្ទឺ​ចំពោះ​ស្នាដៃ​គំនូររស់​រវើក តាម រយៈ​ការសម្តែង​យ៉ាង​ពិសេស​ជា​សាធារណៈ​។ សេ​រ៉ា បានទទួល​រង្វាន់ និង​អាហារូបករណ៍ ជាច្រើន​អនេក អ្វីដែល​គួរ​ជាទី​កត់សម្គាល់​ជាងគេ​បំផុត​នោះ​គឺ រង្វាន់​ពី​វិទ្យាស្ថាន​សិល្បៈ ជាតិ​នៃ​ប្រទេស​បារាំង​។ សេ​រ៉ា បាន​រក្សា​តំណែង​បង្រៀន​ដ៏​ថ្លៃថ្លា​របស់ខ្លួន​នៅ​សូ​ប៊​ន​ចាប់​តាំ ង​ពី​ឆ្នាំ​១៩៨៩​។ នៅក្នុង​ឆ្នាំ​២០១២ សេ​រ៉ា ត្រូវបាន​ឧទ្ទេសនាម​ជា​ប្រធាន​កម្មវិធី សិក្សា​នៅ សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ក្នុង​ខេត្តបាត់ដំបង ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន សេ​រ៉ា កំពុងធ្វើការ សិក្សា​ស្រាវជ្រាវ​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់ខ្លួន​នៅឯ Paris I Panthéon-Sorbonne ក្រោម ការដឹកនាំ​របស់ យ៉ាន់ ថូ​ម៉ា​៕ L ដោយៈ ទាវ សារៈ​មុនិន្ទ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​