​រឿងរ៉ាវ​ជូរចត់​របស់ ម៉ី ម៉ៅ​

2099
ចែករម្លែក

ដោយ​: ហេង វណ្ណ​រ៉ា និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
​ភ្នំពេញៈ​ម៉ី ម៉ៅ មាន​អាយុ​៥៥​ឆ្នាំ កើត​នៅ​ឃុំ​តា​លោ ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ បច្ចុប្បន្ន ម៉ៅ រស់នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ នៅ​អំឡុង​ឆ្នាំ​១៩៧៥ ស្រុកទេស​មាន​ភាពច្របូកច្របល់​យ៉ាងខ្លាំង រហូត​កងទ័ព​ខ្មែរក្រហម​វាយ​រំដោះ​បាន​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ នៅពេលនោះ ម៉ៅ តែងតែ​លួច​សង្ឃឹម​ក្នុង​ចិត្ត​ថា ខ្មែរក្រហម​នឹងធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្ដិភាព និង មានការ​រីកចម្រើន​ឆាប់​។ បន្ទាប់ពី​យោធា​ខ្មែរក្រហម​រំដោះប្រទេស​ពីរ​បប លន់ នល់ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​មក​ប្រាប់​ឪពុកម្តាយ​គាត់ និង​ប្រជាជន​ដទៃទៀត​ឲ្យ​ចាក​ចេញពីផ្ទះ ដោយ​ឃោសនា​បាន​ប្រាប់ថា គេច​ចេញពី​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​។ ម៉ៅ បាន​ចាក​ចេញពីផ្ទះ​របស់ខ្លួន​ទាំង​ចិ​ត្ដ​មិន​អស់ចិត្ត​។ ពេលនោះ ម៉ៅ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​ស្នាក់​ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ពេលទៅដល់​ទីនោះ អង្គការ​បាន​បែងចែក ម៉ៅ ឲ្យ​ធ្វើការ​នៅ “​សហករណ៍​” និង​បាន​បង្ខំ​គាត់​ឲ្យ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ពេល​ឈប់សម្រាក​ឡើយ​។​

ហេង វណ្ណ​រ៉ា និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​

​នៅក្នុង​សហករណ៍ ខ្មែរក្រហម​បាន​បែងចែក​ប្រជាជន​ចេញ​ជា​កង ដូចជា ៖ ១) កងកុមារ មាន​អាយុ​ចាប់ពី​៣​ឆ្នាំ ទៅដល់​៨​ឆ្នាំ ត្រូវ​ដើរ​រើស​អាចម៍គោ ក្របី កាប់​ដើម​ទន្ទ្រានខែត្រ និង​ដើម​រុក្ខជាតិ​ផ្សេងៗ ដើម្បី​លាយ​ធ្វើ​ជី​សម្រាប់​ដាក់​ស្រែ​។ ២) កងចល័ត ជា​មនុស្ស​ធំ​ពេញវ័យ​ដែលជា​កម្លាំង​ស្រួច និង​ត្រូវបំពេញ​ការងារ​លើក​ទំនប់ ជីក​ប្រឡាយ និង​ធ្វើស្រែ​។ ២) កង​ចាស់ៗ គឺ​អ្នក​ដែល​មិន​អាចធ្វើ​ការងារ​ធ្ងន់​បាន ត្រូវ​នៅផ្ទះ​មើលថែទាំ​ក្មេងៗ​។ ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ ត្រូវ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើ​ការងារ​រហូត​ជិត​ដល់​ថ្ងៃ​សម្រាលកូន​ទើប​មាន​សិទ្ធិ​ឈប់សម្រាក បន្ទាប់មក​ត្រូវ​ចូលធ្វើការ​ធម្មតា​វិញ ដោយ​ទុក​កូន​ដែល​ទើបនឹង​កើត​ឲ្យ​ចាស់ៗ​ជា​អ្នក​មើលថែទាំ​ជំនួស​។ ចំណែក​របស់របរ​ប្រើប្រាស់​ផ្សេងៗ អង្គការ​បាន​ប្រមូល​ដាក់​រួម មាន ចាន ឆ្នាំង ស្លាប​ញ្រ កង់ ជ្រូក មាន់ ទា គោ និង​ក្របី​។ ប្រសិនបើ​នរណា​ប្រកែក មិន​ព្រម​ដាក់​ជា​របស់​រួម ត្រូវ​អង្គការ​ចោទថា ជា​ក្រុម​ក្បត់ និង​ត្រូវ​ប្រឈម​នឹង​ការយកទៅ​សម្លាប់ចោល​។ សម្រាប់​ការហូប​នៅ​ជំនាន់​នោះ ម៉ៅ ត្រូវ​ហូប​រួម និង​សូម្បីតែ​ដេក​ក៏​រួម​ដែរ ដោយ​ស្ត្រី​ដេក​មួយ​ឡែក និង​ប្រុសៗ​ដេក​មួយ​ឡែក​។ ប្រសិនបើ​នរណាម្នាក់​ហ៊ាន​ប្រ​ព្រឹ​ត្ដ​ខុសសីលធម៌ គឺ​ត្រូវ​អង្គការ​មក​ចាប់យក​សម្លាប់ចោល​ជាពុំខាន​។ នៅពេល​ធ្វើ​ការងារ​ប្រចាំថ្ងៃ ពុំមាន​នរណា​ហ៊ាន​ខ្ជិលច្រអូស​ឡើយ ព្រោះ​ខ្លាច​អង្គ​ការធ្វើ​ទារុណកម្ម ឬ​យកទៅ​សម្លាប់ចោល​។

​ពេលនោះ ម៉ៅ ត្រូវបាន​អង្គការ​ប្រើ​ឲ្យ​ទៅធ្វើ​ការ​ក្នុងព្រៃ​រយៈពេល​មួយ​ព្រឹក ទើប​ប្រធាន​កង​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​មកដល់​កន្លែង​វិញ ប៉ុន្តែ​គាត់​ទទួលបាន​របប​បបរ​មួយ​វែក​ប៉ុណ្ណោះ រួចហើយ​នៅពេល​រសៀល​គាត់​ត្រូវ​ចេញទៅ​ព្រៃ​ធ្វើការ​រហូតដល់​ព្រលប់​ទើបបាន​ឈប់សម្រាក​។ ដោយសារ​ការអត់ឃ្លាន​ខ្លាំង ម៉ៅ ក៏បាន​សម្រេច​ចិ​ត្ដទៅ​លួច​ជីក​ក្ដួច​យកមក​បរិភោគ​បន្ថែម​ដោយ​ពុំ​ហ៊ាន​ឲ្យ​នរណា​ដឹង​ឡើយ​។ ដោយសារតែ​ការបរិភោគ​មិន​គ្រប់គ្រាន់ និង​ខ្វះ​អនាម័យ ទើប​ធ្វើ​ឲ្យ ម៉ៅ ធ្លាក់ខ្លួន​ឈឺ រហូត​អង្គការ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ប៉ុន្តែ​ពេលខ្លះ ម៉ៅ ក៏​ត្រូវបាន​អង្គការ​ចោទថា ធ្វើ​ពុត​ជា​ឈឺ​ដើម្បី​គេចវេស​ពី​ការងារ ហើយ​ថែមទាំង​បាន​គំរាម​យក​គា​ត់ទៅ​សម្លាប់ចោល​ទៀតផង​។ ដោយសារតែ​ការបរិភោគ​អាហារ​ដែល​គ្មាន​ជីវជាតិ ទើប​ធ្វើ​ឲ្យ ម៉ៅ មាន​សុខភាព​មិនល្អ និង​ធ្វើ​ឲ្យ​រូបរាងកាយ​របស់គាត់​កាន់តែ​ស្គមស្គាំង នៅសល់តែ​ស្បែក​ដណ្ដប់​ឆ្អឹង​ប៉ុណ្ណោះ​។ ចំណែក​ការរៀប​អាពាហ៍ពិពាហ៍​នៅ​អំឡុង​ដើមឆ្នាំ​១៩៧៨ គឺ​អង្គការ​ជា​អ្នករៀបចំ និង​សម្រេចចិត្ត​ឲ្យ​កូនក្រមុំ និង​កូន​ក​ម្លោះ ដោយ​អង្គការ​បែង​បាន​ចែក​ពិធី​នេះ​ជា​ពីរ​គឺ សម្រាប់​ការរៀប​ការដែល​មាន​ទំហំ​តូច គឺ​ចាប់ពី ៣០ ទៅ ៤០​គូ ដោយឡែក​អាពាហ៍ពិពាហ៍​ដែលមាន​ទំហំ​ធំ គឺ​ចាប់ពី​៧០ ទៅ ១០០​គូ​។ ការ​រៀបការ​បែបនេះ គឺ​គ្មាន​អ្នកណា​អាច​កំណត់ទុក​មុន​បាន​នោះទេ ដោយ​អ្នកខ្លះ​ជួប​ជា​មួយគូ​ដែល​ខ្លួន​ពេញចិត្ដ ចំណែក​អ្នក​ខ្លះទៀត ក៏​ជួប​នូវ​គូ​ដែល​ខ្លួន​មិន​ពេញចិត្ដ​ដែរ​។ ប៉ុន្តែ​ទោះបី​ប្តី​ប្រពន្ធ​មិន​ពេញ​គ្នា​ក៏ដោយ ក៏ត្រូវ​ព្រម​ទទួលយក​ដែរ ព្រោះ​អ្វីៗ​ទាំងអស់​គឺ​អង្គការ​ជា​អ្នកចាត់ចែង​។ ប្រសិនបើ​នរណា​ហ៊ាន​ជំទាស់ គឺ​ត្រូវ​ទទួលរង​ទារុណកម្ម ឬ​ឈានទៅដល់​ការសម្លាប់​មិន​ខាន​។ នៅ​អំឡុង​ពិធី​រៀបការ គឺ​កូន​ក​ម្លោះ និង​កូនក្រមុំ​ត្រូវ​ឈរ​តាម​ជួរ និង​តាម​លេខ​រៀង ដោយ​កូន​ក​ម្លោះ​ឈរ​ម្ខាង ទល់នឹង​កូនក្រមុំ​។ បន្ទាប់មក​អង្គ​ការហៅ​ឈ្មោះ​ទៅតាម​លេខ​រៀង ហើយ​ឲ្យ​ប្តី​ប្រពន្ធ​ឡើង​ធ្វើការ​ប្ដេ​ជា្ញ​ចិ​ត្ដ​ទាំងពីរ​នាក់​ដើម្បី​បញ្ចប់​កិច្ច​។ បន្ទាប់ពី​ការរៀប​ការ​រួច ប្ដី​ប្រពន្ធ ត្រូវតែ​រស់នៅ​ចុះសម្រុង និង​រួមដំណេក​ជាមួយគ្នា ព្រោះ​មាន​កងឈ្លប​ចាំ​តាមដាន និង​លួច​មើល​។ ប្រសិនបើ​ប្តី​ប្រពន្ធ​មិន​ចុះសម្រុង​គ្នា កងឈ្លប​រាយការណ៍​ទៅ​ថ្នាក់លើ បន្ទាប់មក​អង្គការ​នឹង​ហៅ​ទាំង​ប្តី​ប្រពន្ធ​យកទៅ​រៀនសូត្រ​មិន​ខាន​។ ដោយសារតែ​ពេលនោះ ម៉ៅ មាន​វ័យក្មេង​ពេក ទើប​ពុំបាន​ឈានទៅដល់​ការចាប់​បង្ខំ​ឲ្យ​រៀបការ​។ ខ្មែរក្រហម​ក៏បាន​លុបបំបាត់ចោល​រូបិយប័ណ្ណ​ដែរ​។ សម្រាប់​លុយកាក់ មាសប្រាក់ ដែល​ធ្លាប់តែ​មានតម្លៃ បែរជា​គ្មាន​តម្លៃ រហូតដល់​ប្រជាជន​ខ្លះ​បាន​យក​មាស​ទៅធ្វើជា​ខ្សែ​ដែកកេះ​។

​រហូតដល់​ចុងឆ្នាំ​១៩៧៨ អ្នកទោស​មួយចំនួន​ត្រូវបាន​យោធា​ខ្មែរក្រហម​បញ្ជា​ឲ្យ​ជីករណ្តៅ បន្ទាប់មក បាន​វាយ​សម្លាប់​អ្នកទោស​ទាំងនោះ​ទម្លាក់​ចូលទៅក្នុង​រណ្ដៅ​នោះ​តែម្ដង​។ ក្រោយមក យោធា​ខ្មែរក្រហម​បាន​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​យ៉ាង​ខ្លាំងក្លា ចំណែក ម៉ៅ និង​ប្រជាជន​ដ៏ទៃទៀត​ក៏បាន​រត់​ភៀសខ្លួន​ពី​ព្រឹត្តិការណ៍​គួរ​ឲ្យ​ភ័យខ្លាច​នេះដែរ​។ រហូតដល់​ចុងឆ្នាំ ១៩៧៩ ទើប ម៉ៅ បាន​ជួបជុំ​បងប្អូន និង​សាច់ញាតិ​វិញ ប៉ុន្ដែ​ការ​វាយ​ប្រយុទ្ធ​គ្នា បន្ដ​ជា​ហូរហែរ​រហូតដល់​ឆ្នាំ​១៩៩៨ ទើប​ប្រទេសជាតិ​មាន​សន្ដិភាព និង​មានការ​អភិវឌ្ឍ​ជា​បន្ដបន្ទាប់​៕ ល​