​រឿងរ៉ាវ​ពី​អ្នកដាក់ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ខ្មែរក្រហម និង​ព្រឹត្តិការណ៍​នៅក្នុង​ឃុំ​ទឹកថ្លា ខេត្តព្រៃវែង

225
ចែករម្លែក

ដោយៈ​អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​អំពី​ឃុំ​ទឹកថ្លា​
​ទេសភាព​ដ៏​ស្រស់ស្អាត​គ្រប់​ដណ្តប់​លើ​ស្បៃ​អន្ធការ​នៃ​អតីតកាល​។ ទឹកដី​ដែល​ធ្លាប់តែ​កើតមាន​ជម្លោះ ការបះបោរ និង​ការកាប់សម្លាប់ បាន​ផ្លាស់ប្តូរ​ទៅជា​ទឹកដី​ពណ៌​ខៀវស្រងាត់​អមដោយ​ដំណាំ​ស្រូវ​ដែល​កំពុងតែ​លូតលាស់​នៅក្រោម​ដំណក់ទឹកភ្លៀង​នា​រដូវវស្សា​។ នៅក្នុង​ប្រទេស​កម្ពុ​ជានា​ទសវត្សរ៍​ឆ្នាំ​៧០ ចលនា​ខ្មែរក្រហម​បាន​ពង្រីក​កម្លាំង និង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ពាសពេញ​ផ្ទៃ​ប្រទេស​។ របប​ខ្មែរក្រហម​បាន​ឡើង​គ្រប់គ្រង​អំណាច​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ប៉ុន្តែ​បានសម្លាប់​ជីវិត​មនុស្ស​ប្រហែល​ពីរលាន​នាក់ ចំណែក​មនុស្ស​ប្រហែល​ប្រាំ​លាន​នាក់​ទៀត ដែល​បាន​រួច​រស់​ជីវិត​បន្ត​រស់នៅ​ដោយ​ក្តី​សោកសង្រេង​ជាមួយនឹង​កេរដំណែល​នៃ​របប​នេះ​។​

​នៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មាន​ព្រឹ​ត្ត​ការណ៍​២​សំខាន់ៗ​បាន​កើតឡើង​នៅក្នុង​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​។ ព្រឹត្តិការណ៍​ទី​១) គឺជា​ការ​បោសសម្អាត​ជនជាតិភាគតិច​ខ្មែរ​-​វៀតណាម ដែល​បាន​កើតឡើង​នៅក្នុង​ឃុំ​ស្វាយ​អ​ន្ទ​រ ក្នុង​ខេត្តព្រៃវែង​។ នៅក្នុង​ឆ្នាំ​២០១៦ តុលាការ​ខ្មែរក្រហម បាន​ស្តាប់​នូវ​ការផ្តល់​សក្ខីកម្ម​ទាក់ទង​នឹង​គោលនយោបាយ​របស់​ខ្មែរក្រហម​ចំពោះ​ក្រុមគ្រួសារ​ដែលមាន​ប្រពន្ធ ឬ​ប្តី​ជា​ជនជាតិ​វៀតណាម​។ គ្រួសារ​ដែលមាន​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម គឺ​ខ្មែរក្រហម​យកប្រពន្ធ និង​កូន​ទៅ​សម្លាប់​។ ចំណែក​គ្រួសារ​ដែលមាន​ប្តី​ជា​ជនជាតិ​វៀតណាម គឺ​ខ្មែរក្រហម​យកតែ​ប្តី​ទៅ​សម្លាប់​តែប៉ុណ្ណោះ​។ ព្រឹ​ត្ត​ការណ៍​ទី​២) គឺ​ទាក់ទង​នឹង​ការបះបោរ​របស់​កម្មាភិបាល​ខ្មែរក្រហម​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ សោ ភឹម នៅ​ភូមិភាគ​បូព៌ា ទៅលើ​កម្មាភិបាល​ខ្មែរក្រហម​ដែល​មកពី​ភូមិភាគ​និរតី​។​

​ព្រឹត្តិការណ៍​នៃ​ការបះបោរ​នោះបាន​កើតឡើង​នៅក្នុង​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ព្រឹត្តិការណ៍​ទាំងពីរ​នេះ​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​១៩៧៨​ដូចគ្នា​។ នៅក្នុង​របប​ខ្មែរក្រហម ប្រជាជន​ដែល​រស់នៅក្នុង​ឃុំ​ទឹកថ្លា​ភាគច្រើន​ត្រូវបាន​ជម្លៀស​ចេញទៅ​រស់នៅ​ភូមិភាគ​ពាយ័ព្យ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ​។ ការជម្លៀស​ប្រជាជន​ចេញពី​ឃុំ​ទឹកថ្លា បាន​កើតឡើង​បន្ទាប់ពី​មានការ​បះបោរ​ប្រឆាំងនឹង​កម្មាភិបាល​ខ្មែរក្រហម មកពី​ភូមិភាគ​និរតី​។ ការបះបោរ​នោះបាន​កើតឡើង​នៅក្នុង​វត្ត​ព្រៃ​ល្វា​យ ស្ថិតក្នុង​ភូមិ​ព្រិច ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ការបះបោរ​បានកើត​ឡើង​ត្រឹម​រយៈពេល​មួយថ្ងៃ​តែប៉ុណ្ណោះ ប៉ុន្តែ​ព្រឹត្តិការណ៍​នោះបាន​ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​បាន​ស្លាប់ របួស និង​ជម្លៀស​ចេញទៅ​រស់នៅ​កន្លែង​ផ្សេងៗ ដែល​ភាគច្រើន​មិនបាន​វិលត្រឡប់​មក​ភូមិ​ស្រុក​វិញ​រហូតដល់​ពេលនេះ​។ ប្រធាន​សហករណ៍​ម្នាក់ ដែលជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា និង​ជា​ប្រធាន​ដឹកនាំ​ការបះបោរ បាន​ចងករ​សម្លាប់ខ្លួន​នៅ​ដើម​ឫស្សី​បន្ទាប់ពី​ដឹងថា ក្រុម​បះបោរ​របស់គាត់​មិនអាច​យកជ័យ​ជម្នះ​បាន​។

ឃុំ​ទឹកថ្លា​គឺជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង​១១ នៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ យោងតាម​របាយការណ៍​ជំរឿន​ថ្នាក់ជាតិ​ឆ្នាំ​២០០៨ មាន​ប្រជាជន​ចំនួន​៨.០០២​នាក់ រស់នៅក្នុង​ឃុំ​ទឹកថ្លា​។ លោក ឆូវ ឌុំ មេឃុំ​ទឹកថ្លា បាន​និយាយថា «​សព្វថ្ងៃនេះ​ប្រជាជន​នៅក្នុង​ឃុំ​របស់គាត់​រស់នៅ​ដោយ​សន្តិភាព ចេះ​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក និង​មាន​ជីវភាព​ល្អប្រសើរ​។ អ្វីៗ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​បើ​ប្រៀបធៀប​ទៅនឹង​ការរស់នៅ​ក្នុងអំឡុង​នៃ​របប​ខ្មែរក្រហម​។ នៅក្នុង​ឃុំ​ទឹកថ្លា ប្រជាជន​រស់នៅ​ជា​សហករណ៍ និង​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​ឡើយ​។ ប្រជាជន ត្រូវបាន​បង្ខំ​ឲ្យ​ទៅធ្វើ​ការងារ ជួន​ពេលខ្លះ​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយ​គ្មាន​ហេតុផល​»​។

​រឿងរ៉ាវ​របស់​អ្នកដាក់ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ខ្មែរក្រហម
​ស៊ឹម សឿង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មានមុខ​ងារ​ជា​មេភូមិ​មានជ័យ ដែល​សព្វថ្ងៃ​រស់នៅក្នុង​ភូមិ​មានជ័យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ សឿង កំពុង​អង្គុយ​នៅ​ខាង​ក្រោមផ្ទះ ក៏បាន​ចែករំលែក​បទពិសោធន៍​ជីវិត​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម និង​ការយល់ឃើញ ចំពោះ​យុត្តិធម៌​ដែល​គាត់​ទទួលបាន​បន្ទាប់ពី​រប​ប​ខ្មែរក្រហម​ដែរ​។ សឿង គឺជា​អ្នកដាក់ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ខ្មែរក្រហម ដែល​បានដាក់​ពាក្យ​ប្តឹង​រយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០០៩​។ សឿង បាន​និយាយថា ជារឿយៗ គាត់​បាន​តាមដាន​ដំណើរការ​នៃ​ការកាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម​មុនពេល​ដែល​គាត់​ធ្លាក់ខ្លួន​ឈឺ​។​

គាត់​ពិតជា​ពេញចិត្ត​ទៅនឹង​លទ្ធផល​នៃ​ការកាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម​ពីព្រោះ​ការកាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម បានផ្តល់​ឲ្យ​គាត់​នៅ​ការផ្សះផ្សា​របួស​ផ្លូវ​ចិត្តបាន​មួយផ្នែក​។ គាត់​បាន​បន្ថែមថា ការអប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការបង្កើត​បណ្ណសារដ្ឋាន គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​ចូលរួម​ជា​ចំណែក​មួយ​នៃ​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការការពារ​អំពើ​ប្រល័យពូជសាសន៍​បែបនេះ​កុំ​ឲ្យ​កើតឡើង​ម្តងទៀត​។ ខណៈពេលដែល សឿង កំពុងតែ​អង្គុយ​រៀបរាប់ រំពេច​នោះ​គាត់​ក៏​ស្នើសុំ​ផ្អាក​ការសម្ភាសន៍​ព្រោះ​គាត់​មិនអាច​បន្ត​រាយរាប់​អំពី​បទពិសោធន៍​របស់​គាត់​នៅក្នុង​របប​ខ្មែរក្រហម​បាន​ច្រើន​ទៀត​ទេ ដោយសារតែ​សុខភាព​របស់គាត់​មិនសូវ​ល្អ​នៅ​អំឡុងពេល​សម្ភាសន៍​។ សឿង មាន​ជំងឺ​បេះដូង​។ គាត់​បានបញ្ជាក់​បន្ថែម​ថា រៀងរាល់​ពេលយប់ គាត់​ដេក​មិនសូវ​លក់​ស្កប់ស្កល់​ឡើយ ហើយ​គាត់​ថែមទាំង​ស្តាប់​មិនសូវ​ច្បាស់​ទៀតផង​។ ប្រពន្ធ​របស់ សឿង ក៏បាន​រៀបរាប់​អំពី​ស្ថានភាព​សុខភាព​របស់​ប្តី​គាត់​ថា សឿង ធ្លាប់​ភ្លឹក​មិនដឹង​ខ្លួន​អស់​រយៈពេល​ពីរ​ថ្ងៃ ដែល​មនុស្ស​គ្រប់គ្នា​គិតថា គាត់​បាន​ស្លាប់​ទៅហើយ​។ ប៉ុន្តែ​សំណាងល្អ គាត់​បាន​ភ្ញាក់​ដឹងខ្លួន​វិញ និង​រស់នៅ​រហូតដល់​សព្វថ្ងៃនេះ​។ ប្រពន្ធ​របស់ សឿង ពិតជា​មានបំណង​ចង់​ឲ្យ​មាន​គ្រូពេទ្យ​ដែលមាន​សមត្ថភាព​ដើម្បី​ព្យាបាល​ជំងឺ​ប្តី​របស់គាត់​ដល់ផ្ទះ ឬ​នៅក្បែរ​ផ្ទះ ពីព្រោះ​សព្វថ្ងៃនេះ​ប្តី​របស់គាត់​ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ដែលមាន​ចម្ងាយ​ប្រហែល​១៥០​គីឡូម៉ែត្រ ដើម្បី​ព្យាបាល​ជំងឺ​ស្ទើរ​រៀងរាល់​២​សប្តាហ៍​ម្តង​។ បន្ទាប់ពី​ប្តី​របស់គាត់​ទទួល​ការពិនិត្យ​សុខភាព​ពី​លោក​វេជ្ជបណ្ឌិត​ជនជាតិ​ហ្វីលីពីន​ឈ្មោះ ដេ​មី រេ​យ៍ មកពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លទ្ធផល​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្តី​របស់គាត់​ពិតជា​មាន​ជំងឺ​បេះដូង​ប្រាកដ​មែន​។ លោក​វេជ្ជបណ្ឌិត បាន​សរសេរ​ឈ្មោះ​ថ្នាំ​ឲ្យ​ប្តី​របស់គាត់​ពិសា​ដើម្បី​ឲ្យ​បាន​ធូរស្បើយ ហើយក៏​បានផ្តល់​នូវ​ទិន្ន័យ​នៃ​ការ​វាស់​ចង្វាក់បេះដូង​ទៅ សឿង​ដើម្បី​យកទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​បន្ថែមទៀត​។

​ផេ​ន លី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ គឺ​មេភូមិ​ព្រៃទទឹង រស់នៅ​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ អង្គុយ​នៅក្នុង​ព្រះវិហារ​នៃ​វត្ត​សុវណ្ណ​គិរី លី បានបង្ហាញ​អំពី​ក្តីបារម្ភ​ចំពោះ​សុខភាព និង​ការ​ភ្លេចភ្លាំង​អំពី​អតីតកាល​របស់គាត់​។ លី មាន​ជំងឺ​ទឹកនោមផ្អែម​អស់​រយៈពេល​១៦​ឆ្នាំ​កន្លងមកហើយ និង​មិន​ទទួលបាន​ភាពប្រសើរ​ឡើយ​រហូតដល់​សព្វថ្ងៃនេះ​។ នៅក្នុង​ឆ្នាំ​២០០៩ លី បានដាក់​ពាក្យបណ្តឹង​មកកាន់​តុលាការ​ខ្មែរក្រហម​តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ខ្លួន​របស់គាត់ និង​សមាជិក​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។ លី និយាយថា គាត់​មិន​ធ្លាប់​រំពឹងទុក​ថា​នឹង​កើតមាន​តុលាការ​ខ្មែរក្រហម​ដើម្បី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដាក់គុក​អស់​មួយជីវិត​ឡើយ​។ គាត់​ក៏​មិន​ធ្លាប់​សង្ឃឹមទុក​ថា គាត់​អាចមាន​ឱកាស​រស់នៅ​ដោយមាន​សេរីភាព​ដូច​ពេល​នេះដែរ ពីព្រោះ​ពេលវេលា​នោះ​គឺ​ពិតជា​លំបាក​ខ្លាំងណាស់​សូម្បីតែ​ស្វែងរក​ចំណីអាហារ​ដើម្បី​បរិភោគ​។ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ លី ត្រូវបាន​ប្រជាជន​គាំទ្រ​ឲ្យ​ធ្វើជា​មេភូមិ​ព្រៃទទឹង ហើយ​គាត់​បាន​បន្តធ្វើ​ការងារ​នេះ​រហូតដល់​សព្វថ្ងៃ​។ ជាទូទៅ លី បាន​ជជែក​ជាមួយ​ប្រជាជន និង​ក្មេងៗ​ជំនាន់​ក្រោយ​នៅក្នុង​ភូមិ​របស់គាត់​អំពី​របប​ខ្មែរក្រហម​។ គាត់​បានបង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់គាត់​ដោយ​និយាយថា គាត់​ធ្លាប់​បានមក​ចូលរួម​មើល​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ម្តង និង​បន្ត​ស្តាប់​វិទ្យុ​នៅផ្ទះ​អំពី​ដំណើរការ​នៃ​ការកាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម​។​

​ថ្មីៗ​នេះ គាត់​បានទទួល​ដំណឹង​តាមរយៈ​ហេ្វ​ស​ប៊ុ​កថា នួន ជា គឺជា​បងធំ​ទី​២​នៅក្នុង​របប​ខ្មែរក្រហម​បាន​ស្លាប់​។ ជា​ចុងក្រោយ លី សង្ឃឹមថា គាត់​នឹង​អាច​ចូលរួម​នៅក្នុង​កិច្ចការងារ​សង្គម​ផ្សេងៗ​ដែល​អាចជួយ​ដល់​ការថែរក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅក្នុង​ភូមិ​របស់គាត់​។ លី ចង់​ឲ្យ​មានការ​សាងសង់​ស្តូប​ដើម្បី​គោរព​ដល់​ប្រជាជន​ទាំងអស់​ដែល​បាន​ស្លាប់​ទៅដោយ​មិនបាន​ដឹងថា យុត្តិធម៌​ពិតប្រាកដ​កំពុងតែ​ត្រូវបាន​ផ្តល់ជូន​ដល់​អ្នក​ទាំងអស់​។

​ផង់ ប៊ុនលី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ គឺ​មេភូមិ​ព្រិច រស់នៅ​ភូមិ​ព្រិច ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ប៊ុនលី បាន​និយាយថា គាត់​តែងតែ​រង់ចាំ​សំណង​ជានិច្ច​ចាប់តាំងពី​គាត់​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ខ្មែរក្រហម​។ គាត់​ចង់បាន​ស្តូប​មួយ​ដែល​អាច​តំណាង​ឲ្យ​ជីវិត​របស់​ប្រជាជន ដែល​បាន​ស្លាប់ទៅ​នៅក្នុង​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​។ ជារឿយៗ ប៊ុនលី តាមដាន​ដំណើរការ​កាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម ទោះបីជា​គាត់​មមាញឹក​នឹង​កិច្ចការងារ​ប្រចាំថ្ងៃ​យ៉ាងណាក៏ដោយ​។ ប៊ុនលី ត្រូវបាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អញ្ជើញ​ឲ្យ​មក​ចូលរួម​ទស្សនា​ដំណើរការ​កាត់ក្តី​នៅឯ​សាលាក្តី​ខ្មែរក្រហម​បាន​ម្តង​។ គាត់​បាន​បញ្ជាក់ថា «​ខ្ញុំ​គិតថា តុលាការ​ខ្មែរក្រហម​បានផ្តល់​យុត្តិធម៌​ឲ្យ​យើង ប៉ុន្តែ​មិនទាន់បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​។ យើង​បាន​បាត់បង់​ជីវិត​អស់​ជាច្រើន​នៅក្នុង​របប​ខ្មែរក្រហម​។ គ្មានអ្វី​អាច​សង​គ្រប់គ្រាន់​ចំពោះ​ទំហំ​នៃ​ការបាត់បង់​នេះឡើយ​»​។ ប៊ុនលី ធំ​លូតលាស់​ឡើង​ជាមួយនឹង​បងប្អូន​៥​នាក់​នៅក្នុង​គ្រួសារ​កសិករ​មួយ​។​

​រហូតដល់​សព្វថ្ងៃនេះ គាត់​នៅតែ​តូចចិត្ត​ចំពោះ​ក្រុម​អ្នកបះបោរ​សម្លាប់​ឪពុក​របស់គាត់​។ នៅក្នុង​ឆ្នាំ​១៩៧៨ ឪពុក​របស់គាត់​ត្រូវបាន​ក្រុម​អ្នកបះបោរ​នៅក្នុង​ភូមិ​នាំយកទៅ និង​សម្លាប់​ពីព្រោះ​ឪពុក​របស់គាត់​បា​នប​ដិ​សេធ​ចូលរួម​បះបោរ​ប្រឆាំងនឹង​អតីត​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​។ នៅក្នុង​អំឡុងពេល​នៃ​របប​ខ្មែរក្រហម ប៊ុនលី ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​នៅក្នុង​វាលស្រែ​ដោយ​ខ្វះខាត​ម្ហូបអាហារ​ដូច​ប្រជាជន​ដ៏ទៃទៀត​ដែរ​។ ការចងចាំ​ទាំងអស់នោះ ហាក់បីដូចជា​ទើបនឹង​កើតឡើង​ថ្មីៗ​សម្រាប់​គាត់​។

​មឹ​ម អន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ សព្វថ្ងៃ​គឺជា​មេភូមិ​បន្ទាយ ស្ថិតនៅក្នុង​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ អន កំពុង​អង្គុយបញ្ឈរជង្គង់​នៅលើ​ឥដ្ឋ​ក្រោមផ្ទះ​របស់គាត់ ដោយបាន​រៀបរាប់​ពីបទ​ពិសោធន៍​ជីវិត​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម ជាមួយនឹង​កែវភ្នែក​សម្លឹង​មើលទៅ​ឆ្ងាយ​ពោរពេញ​ដោយ​ក្តីបារម្ភ​។ អន បាន​លើកឡើងថា «​និយាយ​ដល់​របប​ខ្មែរក្រហម គឺ​និយាយ​អំពី​សេចក្តីស្លាប់ ភាព​ក្រៀមក្រំ និង​កំហឹង​»​។ បន្ទាប់មក គាត់​បាន​បន្តថា «​ខ្ញុំ​នៅតែ​នឹក​សាច់ញាតិ​របស់ខ្ញុំ ដែល​បាន​ស្លាប់​ដោយ​មិនបាន​និយាយ​ពាក្យ​លាគ្នា​។ ជីវិត​របស់​សាច់ញាតិ​ខ្ញុំ គឺ​ពិតជា​សំខាន់​ជាង​អ្វីៗ​ទាំងអស់​។ ប្រសិនបើ​មាន​នរណាម្នាក់​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់បាន​សំណង​អ្វី​បន្ទាប់ពី​របប​ខ្មែរក្រហម ខ្ញុំ​នឹង​ប្រាប់ថា ខ្ញុំ​ចង់បាន​ជីវិត​របស់​សាច់ញាតិ​ខ្ញុំ​ត្រឡប់មកវិញ​»​។ អន បាន​បាត់បង់​ទាំង​ឪពុក និង​ម្តាយ ថែមទាំង​បងប្អូន​៦​នាក់​ទៀត​នៅក្នុង​របប​ខ្មែរក្រហម​។ អន គឺជា​មនុស្ស​តែ​ម្នាក់​នៅក្នុង​គ្រួសារ​ដែល​នៅ​រស់រានមានជីវិត​ប​ន្ទា​ប់​ពី​របប​ខ្មែរក្រហម​។ សមាជិកគ្រួសារ​របស់​គាត់​ទាំងអស់ ត្រូវបាន​ជម្លៀស​ទៅកាន់​ខេត្តពោធិ៍សាត់ និង​មិនដែល​ឃើញ​វិលត្រឡប់​មកវិញ​រហូត​ដល់​សព្វថ្ងៃនេះ​។ រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម នៅក្នុង​ឆ្នាំ​១៩៧៨ អន បាន​ចូលរួម​ធ្វើការ​បះបោរ​នៅក្នុង​ភូមិ​ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព​ត្រឡប់មកវិញ​។ អន បាន​និយាយថា មាន​ប្រជាជន​ជាច្រើន​នាក់​បាន​ចូលរួម​បះបោរ​នៅក្នុង​ភូមិ ហើយ​បន្ទាប់មក​ក៏មាន​មនុស្ស​ជាច្រើន​ត្រូវ​ចាប់ខ្លួន បាញ់សម្លាប់ និង​ជម្លៀស​ចេញទៅ​រស់នៅ​កន្លែង​ផ្សេងៗ​គ្នា​។ អន ពិតជា​សប្បាយចិត្ត​ណាស់​នៅពេលដែល​ឮថា​តុលាការ​ខ្មែរក្រហម បាន​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ឲ្យ​ជាប់គុក​អស់​មួយជីវិត​។ អន ចង់​ឲ្យ​ពិភពលោក​ទាំងមូល​ទទួល​ស្គាល់​ថា មេដឹកនាំ​ខ្មែរក្រហម​មិនមែនជា​មនុស្ស​នោះទេ ព្រោះ​អ្នក​ទាំងអស់នោះ​បានសម្លាប់​ប្រជាជន​ខ្លួនឯង​។ អន បន្ថែមទៀតថា មានតែ​ការអប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទៅដល់​ក្មេងៗ​ជំនាន់​ក្រោយ​ទេ ដែលជា​កិច្ចការងារ​ដ៏​សំខាន់ ដើម្បី​ការពារ​របប​ប្រល័យពូជសាសន៍​បែបនេះ​កើតមានឡើង​ម្តងទៀត​។ អន ក៏​ស្នើសុំ​ឲ្យ​មាន​ការកសាង​ស្តូប​នៅក្នុង​ភូមិ​របស់គាត់​ដើម្បី​រំឭក​ដល់​អ្នក​ដែល​បាន​ស្លាប់ទៅ​នៅក្នុង​របប​ខ្មែរក្រហម ថែមទាំង​អាច​តំណាង​ឲ្យ​ការកើតឡើង​នៃ​របប​ខ្មែរក្រហម​ដែរ​។

​ឆូវ ឌុំ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ សព្វថ្ងៃ​គឺជា​មេឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ឌុំ មាន​ស្រុកកំណើត​នៅក្នុង​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ឌុំ បាន​និយាយថា គាត់​បាន​ចងចាំ​នូវ​ថ្ងៃ​ដែល​គាត់​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ខ្មែរក្រហម តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ឌុំ បានមក​ចូលរួម​ទស្សនា​នៃ​ដំណើរការ​កាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម​ចំពោះ​ករណី​០០១ និង​ករណី​០០២/០១ ចំនួន​៥​លើក​។ ក្រៅពី​មក​ទស្សនា​តុលាការ​ខ្មែរក្រហម​ផ្ទាល់ ឌុំ បាន​តាមដាន​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម​តាមរយៈ​ការ​ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍​។ ឌុំ បាន​បន្ថែមថា គាត់​ពិតជា​ចាប់អារម្មណ៍​ក្នុង​ដំណើរការ​កាត់ទោស​រប​ស់​សាលាក្តី​ខ្មែរក្រហម​ណាស់ ពីព្រោះ​គាត់​ចង់ដឹង​ពី​លទ្ធផល​នៃ​ដំណើរ​ជីវិត​របស់​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់ បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើ​បាប​ជាច្រើន​មកលើ​ប្រជាជន​ខ្មែរ​។ ឌុំ មាន​ស្រុកកំណើត និង​ធំ​លូតលាស់​នៅក្នុង​ឃុំ​ទឹកថ្លា​ពេញ​មួយជីវិត​របស់គាត់​។ គាត់​បាន​សង្កេតឃើញថា ឃុំ​ទឹកថ្លា​បាន​ស្ថិតក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៅក្នុង​របប​ខ្មែរក្រហម​។ ខ្មែរក្រហម​បាន​លុបបំបាត់​ឃុំ​ទឹកថ្លា និង​ជម្លៀស​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​ទីកន្លែង​ផ្សេងៗ​គ្នា ព្រោះ​ខ្មែរក្រហម​មិន​ទុកចិត្ត​ប្រជាជន​នៅក្នុង​ឃុំ​ទឹកថ្លា​ឡើយ​។ ឌុំ សង្ឃឹមថា គួរតែមាន​ការកសាង​អ្វីមួយ​ដែល​អាច​តំណាង​ឲ្យ​របប​ខ្មែរក្រហម​នៅក្នុង​ឃុំ​ទឹកថ្លា ដូច​ច្នេះ​ប្រជាជន និង​ក្មេងៗ​ជំនាន់​ក្រោយ​នឹងមាន​ការចងចាំ​ពី​ហេតុការណ៍ ដែល​បាន​កើតឡើង​នៅក្នុង​ឃុំ​នេះ​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​។ សម្រាប់ ឌុំ របប​ខ្មែរក្រហម​បាន​បន្សល់ទុក​តែ​រឿងរ៉ាវ​អាក្រក់ៗ​នៅលើ​ទឹកដី​ដែល​គាត់​រស់នៅ​ក៏ដូចជា​ខ្លួន​របស់គាត់​ផ្ទាល់​។​

​ស្ថានភាព​សុខភាព​របស់ ឌុំ មិនសូវ​ជា​ល្អ​ប៉ុន្មាន​នោះទេ ដោយសារតែ​រង​ផលប៉ះពាល់​មកពី​ការបង្ខំ​ឲ្យ​ធ្វើការ​ងារ​លើស​កម្លាំង​នៅពេលនោះ​។ ឌុំ អរគុណ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​តែងតែ​មក​សួរសុខទុក្ខ​រូបគាត់​។ គាត់​ពិតជា​ស្ងើចសរសើរ​ចំពោះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្រាប់​ការធ្វើ​កិច្ចការងារ​ស្រាវជ្រាវ​អំពី​របប​ខ្មែរក្រហម និង​ផ្តល់​ជាទី​កន្លែង​សាធារណ​ដល់​អ្នកស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ជាពិសេស​គឺ​សម្រាប់​តុលាការ​ខ្មែរក្រហម ដោយបាន​ផ្តល់​ជា​ឯកសារ​សម្រាប់​ធ្វើជា​ភ័ស្តុតាង​ក្នុងការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​។

ផលវិបាក​
​ការចុះ​សួរ​សុខ​ទុក​អ្នកដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាក្តី​ខ្មែរក្រហម​នៅក្នុង​ឃុំ​ទឹកថ្លា​ម្តងទៀត បាន​ជួបប្រទះ​នូវ​បញ្ហាសំខាន់ៗ​ចំនួន​ពីរ គឺ​ទី​១) ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សុខភាព​។ អ្នកដាក់ពាក្យ​បណ្តឹង​ឈ្មោះ ផេ​ន លី ដែល​សព្វថ្ងៃ​រស់នៅក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មិនសូវ​ចងចាំ​អំពី​ជីវិត​ឆ្លងកាត់​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម​បានច្បាស់លាស់​នោះទេ ហើយ​សព្វថ្ងៃនេះ លី កំពុង​ប្រឈមមុខ​នឹង​ផលវិបាក​ចំពោះ​ជំងឺ​ទឹកនោមផ្អែម ដែល​គាត់​កំពុងតែ​កើត​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា លី ពិតជា​ក្លាហាន និង​ព្យាយាម​រៀបរាប់​ពី​រឿងរ៉ាវ​នៃ​ជីវិត​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម​។ ចំណែក ស៊ឹម សឿង គឺជា​អ្នកដាក់ពាក្យ​បណ្តឹង​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​មានជ័យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែរ បាន​សុំ​ផ្អាក​ការសម្ភាសន៍​ភ្លាមៗ ព្រោះ​គាត់​មាន​ជំងឺ​បេះដូង និង​ហត់​ខ្លាំង​ដោយ​មិនអាច​បន្ត​ការរៀប​រាប់បាន​។ ក្នុងករណីនេះ​នឹង​បាត់បង់​ព័ត៌មាន​អំពី​បទពិសោធន៍​របស់​គាត់​ក្នុង​របប​ខ្មែរក្រហម និង​ការយល់ដឹង​របស់គាត់​អំពី​តុលាការ​ខ្មែរក្រហម​។ បញ្ហា​ទី​២) គឺ​ទាក់ទង​នឹង​អាកាសធាតុ​ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែលជា​ឧបសគ្គ​ក្នុងការ​ធ្វើដំណើរ​លើផ្លូវ​លំនៅ​ក្នុងភូមិ​។

​សេចក្តីសន្និដ្ឋាន​
​ក្នុងចំណោម​អ្នកដាក់ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ខ្មែរក្រហម​ទាំង​៥​នាក់ គ្មាន​នរណាម្នាក់​គឺជា​ប្រជាជន​សាមញ្ញ​នោះទេ​។ អ្នកដាក់ពាក្យ​បណ្តឹង​ទាំង​៥​នាក់ គឺជា​មេភូមិ និង​មេឃុំ​តាំងពី​ឆ្នាំ​១៩៨០​។ តាមរយៈ​ការជួបពិភាក្សា​ជាមួយ​អ្នកដាក់ពាក្យ​បណ្តឹង​ទាំង​៥​នាក់ គាត់​ពិត​ជាមាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ភូមិ​ឃុំ​ដែល​គាត់​រស់នៅ​។​

​ប្រជាជន​តែងតែ​មក​ទំនាក់ទំនង​ជាមួយ​គាត់​សម្រាប់​ស្នើសុំ​ឲ្យ​ជួយ​ទៅលើ​កិច្ចការ​ផ្សេងៗ​។ ក្រឡេក​ទៅ​មើល​លើ​គោលបំណង​នៃ​គម្រោង​នេះ អ្នកដាក់ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ខ្មែរក្រហម​ទាំង​៥​នាក់ អាច​នឹង​ក្លាយជា​សមាជិក​នៃ​សមាគម​អ្នក​រស់រានមានជីវិត​ក្រៅផ្លូវការ​នាពេល​អនាគត​។ តាមរយៈ​បទសម្ភាសន៍ អ្នកដាក់ពាក្យ​បណ្តឹង​ទាំង​៥​នាក់​យល់ព្រម និង​គាំទ្រ​ដល់​សមាគម​អ្នក​រស់រានមានជីវិត​ក្រៅផ្លូវការ ហើយ​គាត់​នឹង​ជួយ​ដល់​សមាគម​នេះ​ឲ្យ​កើតមានឡើង​៕ ល​