​រឿងរ៉ាវ​រន្ធត់​ពី​ម្តាយ​ខ្ញុំ​

571
ចែករម្លែក

ខ្ញុំ​ឈ្មោះ ភួង សុគន្ធ អាយុ​៣២​ឆ្នាំ បច្ចុប្បន្ន​គឺជា​មន្ត្រីនគរបាល រស់នៅក្នុង​ភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។ ក្រោយពី​ខ្ញុំបាទ​បាន​ទស្សនា​ការសម្តែង​ល្ខោននិយាយ​ដែលមាន​ចំណងជើង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» កាលពី​យប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​សាលា​គរុកោសល្យ​ភូមិភាគ​ព្រៃវែង ដែល​សម្ដែង​ដោយ​ក្រុម​អ​ម្រឹ​តា​សិល្បៈ សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រួចមក បានធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ និង​មាន​សេចក្ដី​រន្ធត់ចិត្ត​យ៉ាងខ្លាំង ព្រោះ​សាច់រឿង​ទាំងនេះ ម្ដាយ​របស់ខ្ញុំ​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​តែង​និយាយប្រាប់​ខ្ញុំ​។ ហេតុការណ៍​នៅក្នុង​របប​ខ្មែរក្រហម​ដែល​ខ្ញុំ​បាន​ស្តាប់ឮ​ទាំងនោះ​បាន​ដក់​នៅក្នុង​ចិត្ត​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​សរសេរ​រៀបរាប់​រាប់​តាមរយៈ​ការចងចាំ​នៅក្នុង​កំណាព្យ​ដូចខាងក្រោម​៖

គុក​ឥត​ជញ្ជាំង​កម្ពុជា ១៩៧៥-១៩៧៩
១) សម័យ​ចិត​ប្រាំ​ចាំ​ជានិច្ច​ ​ ​ ​ ​ប្រទេស​លង់​លិច​ខ្ទេច​ខ្លោចផ្សារ​
​របប​អាវខ្មៅ​ដៅ​ប្រហារ​ ​ ​ ​ ​ ​ទមិឡ​ឥត​សាសនា​មហា​ពិឃាត​។​
២) ភ្នំ​ឆ្អឹង​ស្ទឹង​ឈាម​សមុទ្រ​ទុក្ខ​ ​ ​ ​ ​ខ្មែរ​រស់ក្នុង​គុក​ចោលម្សៀត​
​ធ្វើទុក្ខបុកម្នេញ​ពេញ​ចង្អៀត​ ​ ​ ​ ​ខ្លះ​ស្លាប់ចោល​ញាតិ​ធាតុ​ក្នុងព្រៃ​។​
៣) ដេញ​ចេញពីផ្ទះ​ដូច​តិរច្ឆាន​ ​ ​ ​ ​នៅ​ទី​ស្មសាន ឋាន​ប្រល័យ​
​គ្មាន​ថ្នាំសង្កូវ ម្ហូបចំណី​ ​ ​ ​ ​ ​ដាច់ពោះ​ឈឺ​ក្ស័យ ដូច​សត្វ​ធាតុ​។​
៤) បង្ខំ​ធ្វើការ​គ្មាន​ពេល​ឈប់​ ​ ​ ​ ​ព្រលឹម​ព្រលប់​យប់​អាធា​ត្រ​
​ម្ហូប​គ្មាន​ត្រី​សាច់ ច្រាច់​ត្រកៀត​ ​ ​ ​ ​សាប​គ្មាន​រសជាតិ​ដូច​ទឹកស្ទឹង​។​
៥) គេ​ចងស្លាបសេក ដេក​ថ្លុកឈាម​ ​ ​ ​បន​ក្បត់​គម្រាម​ផ្តាច់​ព្រលឹង​
​កូន​ព្រាត់​ឪពុក ទុក្ខ​ស្លក់​ស្លឹង​ ​ ​ ​ ​ម្តាយ​បាត់​ដំណឹង ឈឹង​សូន្យសោះ​។​
៦) សម័យ​អាវខ្មៅ​ខ្លៅ​មោ​ហា​ ​ ​ ​ ​ឃោរឃៅ​ឫស្សា​អា​រក​ស្រស់​
​គ្មាន​ក្តីមេត្តា​ថា​ខ្មែរ​សោះ​ ​ ​ ​ ​មហាលោតផ្លោះ​ផស់​អង្គការ​។​
៧) ដៃ​កាន់​ដងចប ខ្លប​ខ្លោចចិត្ត​ ​ ​ ​ ​ស្រមៃ​អតីត​ពិត​សោកា​
​ធ្លាក់​ក្នុង​ភក់ជ្រាំ​ទ្រាំក្តៅ​ផ្សា​ ​ ​ ​ ​សម័យអង្គ​កា​អស្ចារ្យ​ណាស់​។​
៨) របប​រងកម្ម​ចាំ​ជាប់​ពិត​ ​ ​ ​ ​មិនគួរ​ជីវិត​ដូច​ក្រដាស​
​វា​ចោទថា​ខ្មាំង​ប្រឆាំង​ផ្តាស​ ​ ​ ​ ​ដកចេញ​រហ័ស​ច្បាស់​ប្រល័យ​។​
៩) កាលនោះ​រងគ្រោះ​រស់​ភ័យភិត​ ​ ​ ​ ​ព្យុះកម្ម​ជីវិត​ពិត​ស្ទើរ​ក្ស័យ​
​ធ្វើការ​នឿយហត់​អត់​តម្លៃ​ ​ ​ ​ ​ភ័យខ្លាច​រាល់ថ្ងៃ​ក្រៃ​រន្ធត់​។​
១០) សាហាវ​ខ្លៅ​កន្លង​បន ពត​ ​ ​ ​ ​ពាលា​យង់ឃ្នង​ចង​សម្លុត​
​អស់​ជាង​បី​លាន គ្មាន​លាក់ពុត​ ​ ​ ​ ​ប្រុង​ផ្តាច់​ឲ្យ​ផុត ជាតិ​សាសន៍​ខ្មែរ​។​
(​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ ៖ ភួង សុគន្ធ​)

​សមុទ្រ​ទឹកភ្នែក (​បទ​ពាក្យ​៧)
១) រស់នៅ​ដូច​សត្វ​ព្រាត់​គ្រួសារ​ ​ ​ ​ ​បន​ពត​ឫស្សា​អ​ន្តិ​រ្ថិ​យ​
​សម្លាប់​សាសន៍​ឯង​ឥត​ក្រែង​អ្វី​ ​ ​ ​ ​របប​អប្រិយ​ផ្សៃ​មោ​ហា​។​
២) នាម​ជនភៀសខ្លួន​ពួន​រួច​រស់​ ​ ​ ​ ​ខ្មែរ​ស្លាប់​រង្គោះ​ព្រោះ​នរណា​?
​គរ​ឆ្អឹង​ដូច​ភ្នំ​យំ​ខ្លោចផ្សា​ ​ ​ ​ ​ ​ឈាម​ដាប​ជលសា​កម្ពុជា​។​
៣) ហែល​សមុទ្រ​ឈាម​ស្ទឹង​ទឹកភ្នែក​ ​ ​ ​យួរ​ពន់​សែង​រែក​បែក​បុត្រ​ភ្ងា​
​រស់​គេច​ក្អែកខ្មៅ​ដៅ​ពាធា​ ​ ​ ​ ​ឆ្លងកាត់​សង្ឃរា​រក​ទ្រនំ​។​
៤) ស្បែក​ដណ្តប់​ឆ្អឹង​ប្រឹង​តស៊ូ​ ​ ​ ​ ​ប្រៃ​ល្វីង​ចត់​ជូរ​កាត់​វាល​ភ្នំ​
​សំឡេង​ខ្លងខែក​ជ្រែក​ទុក្ខ​ធំ​ ​ ​ ​ ​ស្តាប់​កូនតូច​យំ​រក​ឪពុក​។​
៥) ជាតិ​ស្រី្ត​មេម៉ាយ​ឆ្ងាយ​គ្រួសារ​ ​ ​ ​ ​លំបាក​ក្រៃណា​ផ្សា​ក្តៅ​លុក​
​គ្រង​កូន​បីនាក់​ធ្លាក់​បន្ទុក​ ​ ​ ​ ​គ្មាន​ឡើយ​ក្តី​សុខ​រង​ទុក្ខា​។​
៦) បបរ​វាល​វែក​ចែកគ្នា​ហុត​ ​ ​ ​ ​ប្រាណ​ភ័យញ័រ​ស្លុត​តក្កមា​
​បែរបន់​សំពះ​អស់​ទេព្តា​ ​ ​ ​ ​ ​រុក​រក្ស​អ្នកតា​ថា​ឲ្យ​ជួយ​។​
៧) រស្មី​ជីវិត​ងងឹតសូន្យ​ ​ ​ ​ ​ ​ព្រាត់ប្រាស់​បងប្អូន​កូន​ភ័យព្រួយ​
​សង្ឃឹម​ស្អែក​ដល់​ស្គាល់​ជំនួយ​ ​ ​ ​ ​កងទ័ព​ខ្មែរ​ជួយ​ប្រោស​ជីវី​។​
៨) នេះហើយ​របប​បន​អង្គការ​ ​ ​ ​ ​ប្រតិកិរិយា​ទុក្ខ​ញាំញី​
​សម្លាប់រ​ង្គា​ស់ពាសធរ​ណី​ ​ ​ ​ ​ធ្វើបាប​វក់វី​គ្មាន​ល្ហើយ​ល្ហែ​។​
៩) កងឈ្លប​កិប​កាញ់​បាញ់​សម្លុត​ ​ ​ ​ ​ចង់​ផ្តាច់​ឲ្យ​ផុត​ពូជសាសន៍​ខ្មែរ​
​ទមិឡ​ឥតកំណើត​ឆ្កួត​តាម​ខ្សែ​ ​ ​ ​ ​មិនដែល​មាន​ទេ​លើ​លោកិយ​។​
១០) កោត​ណាស់​តែ​ហ៊ាន​ពោល​បំពាន​ ​ ​ ​គ្មាន​ពាក្យ​ក្រ មាន គ្មាន​សេរី​
​សមូហភាព​ប្រៀប​ពេញ​ដី​ ​ ​ ​ ​អ្នក​ចំណូល​ថ្មី​ចោទ​គ្នា​ខ្មាំង​។​
១១) ផ្ទះប៉ិត​ផ្ទះក្បឿង​ក្តឿង​ថ្ម​ឈើ​ ​ ​ ​ ​ក្លាយជា​ទ្រនើ​ខ្ទម​ស្បូវភ្លាំង​
​កុដិ​វត្ត​វិហារ​ជាទី​តាំង​ ​ ​ ​ ​ ​រោង​ជី​ចូក​ចាំង​ផ្ទះ​ជំនុំ​។​
១២) ឆ្លង​វាលពិឃាត​ឃ្លាតឆ្ងាយ​ស្រុក​ ​ ​ ​ពេញ​ដោយ​ទុក្ខ​ក្តុក​គុក​ដ៏​ធំ​
​ប្រាថ្នា​ជីវិត​ពិត​ជួបជុំ​ ​ ​ ​ ​ ​កងឈ្លប​គួ​ន​គុំ​ប៉ង​យាយី​។​
១៣) គុណ​វីរជន​ធន​ស្និទ្ធស្នេហ៍​ ​ ​ ​ ​រំដោះជាតិ​ខ្មែរ​ពី​ធូលី​
​នាំ​សន្តិភាព​ប្រៀប​ពេញទី​ ​ ​ ​ ​ខេមរា​សាមគ្គី​ពួត​ហត្ថា​។​
១៤) ២​ធ្នូ​ជា​ជ័យ​នៃ​ជាតិ​យើង​ ​ ​ ​ ​រណសិរ្ស​ថ្កើង​ឡើង​ប្តេជ្ញា​
​កម្ចាត់​ពូជ​ខ្មាំង​ច្បាំង​ហានក្លា​ ​ ​ ​ ​ទោះ​ក្ស័យ​មរណា​ក៏​ហ៊ាន​ប្តូរ​។​
១៥) ជ័​យោ ជ័​យោ​ចិត​ប្រាំបី​!​ ​ ​ ​ ​ខេមរា​ខ្មីឃ្មាត​ឆ្លៀត​តស៊ូ​
​លុប​ស្ទឹង​ឈាម​ខ្មែរ​ដែល​ស្រក់​ហូរ​ ​ ​ ​ ​រួច​រស់​ថ្លៃថ្នូរ​ទូរ​ដ្ឋា​។​
១៦) ៧ មករា មហា​ជោគ​ ​ ​ ​ ​ទេវតា​យាង​មក​ប្រោស​សង្ខា​
​របប​ក្អែកខ្មៅ​ត្រូវ​មរណា​ ​ ​ ​ ​ ​វិនាស​អ​សន្តរ​ធាន​។​
១៧) សម្តេច​ទាំងបី​មានគុណ​ណាស់​ ​ ​ ​រំដោះជាតិ​ផ្លាស់​ជា​ធរមាន​
​ទប់ស្កាត់​សង្គ្រាម​លែង​ឲ្យ​មាន​ ​ ​ ​ ​អភិវឌ្ឍន៍​ឈាន​សាង​កិ​ត្យា​។​
១៨) ចម្រើន​ឧ​ត្ត​ម​ធំ​ប្រាកដ​ ​ ​ ​ ​មាន​ថ្នល់​ស្ពាន​វត្ត កុដិ សាលា​
​មាន​សន្តិភាព​ប្រៀប​រដ្ឋា​ ​ ​ ​ ​ ​ជោគជ័យ​ផ្លែផ្កា​ចារ​ន្ទឺ​។​
(​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ ដោយ ៖ ភួង សុគន្ធ​)

​ព្រាត់​គ្នា​ក្នុង​គ្រា​កលិយុគ (​បទ​ពាក្យ​៧)
១) ខ្ញុំ​ភួង សុគន្ធ វន្ទា​រ៉ាយរ៉ាប់​ ​ ​ ​ ​ពាក្យ​ម៉ែឪ​ប្រាប់​ធ្លាប់​ឆ្លងកាត់​
​របប​អាវខ្មៅ​ដៅ​បរមត្ថ​ ​ ​ ​ ​ ​ប្រើ​មនុស្ស​ដូច​សត្វ​ឥត​ប្រណី​។​
២) ម៉ែ​ព្រាត់​ពី​ឪ​ទៅ​សហករណ៍​ ​ ​ ​ ​ហូប​តែ​បបរ​គល់​ចេក​ខ្ចី​
​ព្រលិត​ត្រកួន​ជួន​ត្រាវ​ថ្មី​ ​ ​ ​ ​ ​អំបិល​ទាំង​ល្អី​ស្តី​ឆ្ងាញ់​ណាស់​។​
៣) ឪ​ស្រោច​បន្លែ​ថែ​ទំនប់​ ​ ​ ​ ​ស្តារ​ព្រែក​ទាំងយប់ ទប់​ប្រវាស់​
​បែកញើស​ស្រក់ឈាម​បៀម​បន់ព្រះ​ ​ ​ ​ ​ខោអាវ​គ្មាន​ផ្លាស់​ចាស់​គ្មាន​ថ្មី​។​
៤-​ឪ​ថា​អង្គការ​មហា​ផ្លោះ​ ​ ​ ​ ​ត្រូវ​លះ​ឲ្យ​អស់​ប្រពន្ធ​ប្តី​
​បបរ​វាល់​វែក​ដេក​ផ្ទាល់​ដី​ ​ ​ ​ ​អ្នក​ចំណូល​ថ្មី​ស្តីថា​ខ្មាំង​។​
៥) អង្គការភ្នែកម្នាស់​ឈ្មោះ​រុងរឿង​ ​ ​ ​ ​រុះផ្ទះ​ថ្ម​ក្បឿង​សង់​ខ្ទម​ភ្លាំង​
​វត្ត​វិហារ កុដិ​កំណត់​តាំង​ ​ ​ ​ ​ទុក​គ្រាន់​ឃុំឃាំង​ខ្មាំង​ចក្រពត្តិ​។​
៦) ទឹកភ្នែក​ម៉ែ​ស្រក់​ដល់​ជោគ​ដី​ ​ ​ ​ ​នឹក​កូនប្រុស​ស្រី​ដែល​ប្រាសព្រាត់​
​គុក​ឥត​ជញ្ជាំង​រនាំង​បត់​ ​ ​ ​ ​ ​កូន​រស់​កំសត់​អត់​មេបា​។​
៧) យប់​ឈ្លប​លបស្តាប់​ចាប់​សួរនាំ​ ​ ​ ​ស្លាបសេក​បន្លំ​ផ្សំ​ទោ​សា​
​រណ្តៅ​ជីក​ស្រាប់​ចាប់​ប្រហារ​ ​ ​ ​ ​ចោទ​ក្បត់​អង្គការ​ចារ​តាមដាន​។​
៨) របប​ក្អែកខ្មៅ​ដៅ​ចិត្ត​ម៉ែ​ ​ ​ ​ ​ជាង​សែសិប​ខែ​កែ​ឥត​ស្រាន្ត​
​លាប​ពណ៌​បង្ខូច​តិរច្ឆាន​ ​ ​ ​ ​ ​ពាលា​សាមាន្យ​ខាន​សុខា​។​
៩-​ប្រជា​រង​ទុក្ខ​គុក​ឥត​ស្រាក​ ​ ​ ​ ​វេទនា​លំបាក​យ៉ាក​អាត្មា​
​គ្រាន់តែ​សុំ​រស់​ជួប​គ្រួសារ​ ​ ​ ​ ​ត្រូវ​ស្នើ​អង្គការ​ថ្នាក់លើ​សិន​។​
១០) នេះហើយ​សម័យ​ដ៏​ភ្លឺស្វាង​ ​ ​ ​ ​ជីក​ព្រែក​ស្តា​រអាង​ទាំង​សង្កិន​
​គ្មាន​បុណ្យចូលឆ្នាំ ឬ​ភ្ជុំបិណ្ឌ​ ​ ​ ​ ​ព្រះសង្ឃ​ក៏​មិន​ស្គាល់​សាសនា​។​
១១) គ្មាន​សិទ្ធិ​សេរី​រើស​គូគាប់​ ​ ​ ​ ​ត្រូវ​ចូលធ្វើ​ទ័ព​វាយប្រហារ​
​ចិត្តដាច់​ស្មោះត្រង់​ស៊ូ​ប្តេជ្ញា​ ​ ​ ​ ​គ្មាន​ក្តីមេត្តា​ត្រា​សណ្តោស​។​
១២) ក្មេង​ប្រើ​ឃ្វាលគោ​រក​ជី​ខ្លះ​ ​ ​ ​ ​ចំណែក​មនុស្ស​ចាស់​ប្រើ​ពុះឧស​
​មើល​ក្មេង​ក្រែង​ឈឺ​ភ្លឺ​ត្រូវ​ខុស​ ​ ​ ​ ​វេញខ្សែ​កន្លុះ​ចុះ​ដក​ស្ទូង​។​
១៣) បាយ​រួម​មិន​ឆ្អែត​ហេតុ​ខ្ជិល​ ​ ​ ​ ​ភូត​មួល​បង្វិល​រុក​គួ​ន​លួង​
​ជីវិត​គ្មាន​ន័យ​ផ្ទៃ​គ្រហួង​ ​ ​ ​ ​ ​បេះដូង​ក្រៅ​ទ្រូង​រង​ទុក្ខា​។​
១៤) រស់​កំដ​ស្លាប់​ប្រាប់​ឲ្យ​ដឹង​ ​ ​ ​ ​សម័យ​គ្រា​ហ្នឹង​ប្រឹង​ធ្វើការ​
​អ្នក​បញ្ញាវន្ត​ធ្ងន់​ទោ​សារ​ ​ ​ ​ ​ ​កម្ទេច​សង្ខារ​ដូច​សត្វ​ធាតុ​។​
១៥) ថ្ងៃទី​ប្រាំពីរ ខែមករា​ ​ ​ ​ ​យុទ្ធជន​ខេមរា​ស៊ូ​ខ្មីឃ្មាត​
​គុណ​កងទ័ព​ខ្មែរ​ស្នេហា​ជាតិ​ ​ ​ ​ ​របប​ពិឃាត​ខ្ទា​ត់​អន្តរាយ​។​
១៦-​គុណ​វីរជន​ធ្ងន់​ឧ​ត្ត​ម​ ​ ​ ​ ​គុណ​ថ្នាក់ដឹកនាំ​ធំ​វែងឆ្ងាយ​
​ជួយ​ខ្មែរ​ឲ្យ​យស​រស់​សប្បាយ​ ​ ​ ​ ​ខ្មែរ​ផុត​ឃ្លានបាយ​សាយ​សុខសាន្ត​។​
(​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ ដោយ ៖ ភួង សុគន្ធ​)