​រឿងរ៉ាវ​របស់​ប្រជាជន​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​

1332
ចែករម្លែក

ដោយៈ សន ប៊ុន​ស៊ីម បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
១. មិ​ល សឹង ៖ ជាង​៥០​ឆ្នាំ​នៃ​ជីវិត​ខ្ញុំ បាន​បូជា​ចំពោះ​ការងារ​កងទ័ព
​មិ​ល សឹង គឺជា​ជនជាតិ​ជង​ខ្នងភ្នំ ដែលមាន​អាយុ​៦១​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ មិ​ល សឹង ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​នៅ​តំបន់​ជួរ​ភ្នំ​។​
​បទពិសោធន៍​ទាំងនេះ ធ្វើ​ឲ្យ​គាត់​ស្គាល់​ភូមិសាស្ត្រ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​អាច​សម្រប​ខ្លួន​រស់នៅក្នុង​ព្រៃភ្នំ​ដើម្បី​គេចខ្លួន​ពី​ការវាយប្រហារ​នានា​។ សឹង បាន​រៀបរាប់​ពី​ការសិក្សា​នៅ​កុមារភាព ការសម្រេចចិត្ត​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម ការរត់​ចេញពី​កងទ័ព​ខ្មែរក្រហម ការសម្រេចចិត្ត​ធ្វើជា​កងទ័ព​ខ្មែរក្រហម​ជាថ្មី និង​ជីវភាព​រស់នៅ​នៅតាម​ជំរំ​ខ្មែរក្រហម​នៅ​ទឹកដី​ថៃ រហូតដល់​ការសម្រេចចិត្ត​ចូលរួម​ជាមួយ​កងទ័ព​រដ្ឋាភិបាល​នៅ​ស្រុក​វាលវែង នា​ឆ្នាំ​១៩៩៨​។

មិ​ល សឹង មិ​ល សឹង គឺជា​ជនជាតិ​ជង​ខ្នងភ្នំ មាន​អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​គាត់​បាន​រៀបរាប់ថា ៖ «​នៅ​ជំនាន់​ខ្មែរឥស្សរៈ ភូមិ​នេះ (​អូរ​សោម​) គឺ​សុទ្ធ​តែព្រៃ​ទាំងអស់​។ កាលនោះ ឪពុកម្តាយ​ខ្ញុំ​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​។ ចំណែក​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១១​។ សម័យ​នោះ ការរាប់​ថ្នាក់​គឺ​បញ្ច្រាស់​ពី​សម័យ​ឥឡូវ​។ សិស្ស​ចាប់ផ្តើម​រៀន​ពី​ថ្នាក់​ទី​១២ បន្ទាប់មក​ថ្នាក់​ទី​១១ ហើយ​ថ្នាក់​ទី​១ គឺជា​ថ្នាក់​ចុងក្រោយ​»​។
​នៅពេលដែល​ខ្ញុំ​រៀន​បឋមសិក្សា​គឺជា​ពេលដែល​ប្រទេស​កម្ពុជា ចាប់ផ្តើម​មាន​រដ្ឋប្រហា​រ​ឆ្នាំ​១៩៧០​។ យុវជន​ខ្លះ​ត្រូវ​រដ្ឋាភិបាល​ចាប់​ឲ្យ​ចូលធ្វើ​ទាហាន លន់ នល់ និង​ខ្លះទៀត​ចូល​ធ្វើជា​កងទ័ព​ខ្មែរក្រហម​។ ខ្ញុំ​ចាប់ផ្តើម​ស្គាល់​ខ្មែរក្រហម ហើយ​ចូលរួម​តស៊ូ​ជាមួយ​ខ្មែរក្រហម​ប្រយុទ្ធ​តទល់​នឹង​ទាហាន លន់ នល់​។ កាលនោះ ការងារ​ទាហាន​ក៏​ខ្ញុំ​ធ្វើ ហើយ​ការងារ​លើកភ្លឺស្រែ​ចម្ការ​ក៏​ធ្វើ​។

​ខ្ញុំ​ធ្វើ​កងទ័ព​នៅ​តំបន់ភ្នំ​សំ​កុស​នៅ​អំឡុង​ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥ ដែលមាន​ស្ថានភាព​ខ្វះមុខ​និង​ខ្វះក្រោយ​។ កងទ័ព​ពេលនោះ​មិនមាន​អង្រឹង​ដេក​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​ដេក​ផ្ទាល់​នឹង​ដី​។ ចំណែក​អាវុធ​វិញ​គឺ​ខ្ញុំ​ប្រើ​កាំភ្លើង​ពី​បុរាណ និង​កាំភ្លើងយន្ត​។ ក្នុងចំណោម​កងទ័ព​១០​នាក់ ខ្មែរក្រហម​ចែក​កាំភ្លើងយន្ត​៥​ដើម​ឲ្យ​ប្រើ ក្រៅពីនេះ​យើង​ត្រូវ​ប្រើ​កាំភ្លើង​បុរាណ​។ កាំភ្លើង​បុរាណ គឺ​យើង​ដាក់​រំសេវ និង​ដែកគោល ដើម្បី​បាញ់​។ សម័យ​នោះ មិនមាន​អ្នកណា​បង្រៀន​ខ្ញុំ​ទេ ខ្ញុំ​រៀន​បាញ់កាំភ្លើង​ខ្លួនឯង​។​

​បន្ទាប់មក នៅ​ខែមេសា ឆ្នាំ​១៩៧៥ ចលនា​ខ្មែរក្រហម​បាន​យកឈ្នះ​លើ​របប​សាធារណរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ លន់ នល់ និង​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​។ ខ្ញុំ​បាន​បន្ត​ធ្វើជា​កងទ័ព​ខ្មែរក្រហម​រហូតមក ដោយ​ប្រចាំការ​នៅ​តំបន់ភ្នំ​សំ​កុស ស្ថិតនៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​រហូតដល់​ឆ្នាំ​១៩៧៧ ខ្មែរក្រហម​បញ្ជូន​ខ្ញុំ​ទៅ​ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​វិញ​។ ខ្ញុំ​បាន​ចូល​បម្រើ​ជា​កងទ័ព​ស្រុក ដោយ​ឈរជើង​នៅ​ខាងត្បូង​ស្រុក​ភ្នំក្រវាញ ដោយមាន​តួនាទី​ជា​មេក្រុម និង​មាន​កូនចៅ​១០​នាក់​នៅក្រោម​បញ្ជា​។ ពេលនោះ លែង​មានការ​ច្បាំង​គ្នា​ទៀតហើយ ដូច្នេះ​ខ្ញុំ​ដើរ​ការពារ​តាម​ព្រៃភ្នំ​។ ខ្មែរក្រហម​បាន​ចែក​បបរ​ឲ្យ​ហូប ប៉ុន្តែ​ពេលណា​ដើរ​ព្រៃ​ខ្ញុំ​បាន​បាយ​ហូប​។​
​កងទ័ព​ភាគច្រើន​មិនបាន​ដឹង​ពី​ការកាប់សម្លាប់​នៅក្នុង​ភូមិ និង​សហករណ៍​ទេ ព្រោះ​តួនាទី​អង្គភាព​របស់ខ្ញុំ​គឺ​យាមកាម និង​ដើរល្បាត​តាម​ព្រៃភ្នំ​។ ខ្ញុំ​ត្រូវ​ដើរ​ត្រួតពិនិត្យ​រយៈពេល​មួយ​ម៉ោង​នៅ​ជុំវិញ​ភ្នំ ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៨​ព្រឹក​រាល់ថ្ងៃ​។ បន្ទាប់មក​ខ្ញុំ​មក​ប្រចាំការ​នៅ​កន្លែង​វិញ ហើយ​យើង​ដើរល្បាត​ម្តងទៀត​ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ ទើប​មក​សម្រាក​។ ខ្មែរក្រហម​ពង្រាយ​ទ័ព​តាម​ទីតាំង​ផ្សេងៗ​នៅលើ​ភ្នំ ដោយមាន​កងទ័ព​ចាប់ពី​១០​ទៅ​២០​នាក់ ដើម្បី​ត្រៀម និង​ការពារ​មុខសញ្ញា​ឈរជើង​។ នៅក្នុង​វរ​សេនា​ធំ​មាន​កងទ័ព​២០០​នាក់​។ ខ្ញុំ​ដឹងថា មានការ​សម្លាប់​ប្រជាជន ព្រោះ​តំបន់​ដែល​ខ្ញុំ​យាម​ស្ថិត​នៅក្បែរ​ភូមិ​ដែរ ប៉ុន្តែ​តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្ដេច​និង​ជួយ​ម្ដេច​បាន​។ យើង​បានត្រឹមតែ​នៅ​ស្ងៀម និង​នាំគ្នា​លាក់​ការណ៍ ប្រសិនបើ​តវ៉ា​ឬ​សួរនាំ​ច្រើន ច្បាស់​ជា​ខ្មែរក្រហម​យកទៅ​សម្លាប់​មិន​ខាន​។​

​ពេលខ្លះ​ខ្ញុំ​ដើរកាត់​តាមផ្លូវ ក៏​ប្រទះឃើញ​កងឈ្លប​តូចៗ​ចងដៃ និង​បណ្តើរ​មនុស្ស​ជា​ជួរៗ​យកទៅ​ជាមួយ​។ ឃើញ​ស្ថានភាព​បែប​ហ្នឹង ខ្ញុំ​ក៏​ខឹង​ដែរ ខ្ញុំ​អាណិត​ម៉ែ​គេ ម៉ែ​ឯង ប៉ុន្តែ​ធ្វើ​ម៉េច​បើ​យើង​មិនអាច​រើបម្រះ​បាន​។ ពេលខ្លះ ខ្ញុំ​ដើរល្បាត​តាម​ព្រៃ ខ្ញុំ​ឃើញ​ខ្មោច​តាមផ្លូវ មាន​ក្លិនស្អុយ និង​មាន​សត្វ​ឆ្កែ​ហែក​ស៊ី​សាកសព​។ សព​ខ្លះទៀត មាន​រយៈពេល​ពី​៣​ទៅ​៤​ថ្ងៃ នៅ​ពាសពេញ​វាល និង​ព្រៃ​។ ពេល​ដើរ​ជួប​បែប​ហ្នឹង ខ្ញុំ​ក៏​ដើរគេច ព្រោះ​មិនដឹង​ទៅ​រាយការណ៍​ប្រាប់​ទៅ​នរណា​។​

​ទោះបីយ៉ាងណា​ក៏ដោយ ក៏​ខ្ញុំ​ធ្លាប់បាន​ជួយសង្គ្រោះ​ប្រជាជន​មួយចំនួន​ដែល​ខ្ញុំ​បាន​ជួប​ដោយ​ចៃដន្យ នៅ​អំឡុងពេល​ប្រជាជន​ទាំងនោះ​កំពុង​លួច​ដុត​ដំឡូង​ក្នុងព្រៃ​ហូប​។ ខ្ញុំ​មិនបាន​ចាប់​ទោសពៃរ៍​ប្រជាជន​ទាំង​នោះឡើយ​។ ខ្ញុំ​ថែមទាំង​បាន​ប្រាប់​ឲ្យ​ប្រជាជន​ទាំងនោះ​ឲ្យ​លាក់​ការណ៍​ឲ្យ​ជិត ហូប​ឲ្យ​លឿន និងរ​ត់ទៅ​ធ្វើការ​វិញ ដើម្បី​កុំ​ឲ្យ​កងឈ្លប​តាម​មក​ទាន់ និង​ចោទថា​ខ្មាំង​ក្បត់​អង្គការ​។ ក្រៅពីនេះ ខ្ញុំ​និង​កងទ័ព​បាន​ដើរ​បាញ់​សត្វ ហើយ​ជួនកាល​យើង​ចែក​សត្វ​ដែល​បាញ់​បាន​ទៅ​សហករណ៍​ខ្លះ និង​ទុក​ហូប​ខ្លួនឯង​ខ្លះ​។ ខ្ញុំ​ជឿថា ខ្ញុំ​អាច​រស់​បានយូរ​ព្រោះ​ខ្ញុំ​មិនដែល​ប៉ះពាល់​អ្នកដទៃ និង​មាន​ព្រះពុទ្ធ​ព្រះធម៌​តាម​ថែរក្សា​។ ខ្ញុំ​មិនដែល​បានទទួល​បញ្ជា​ឲ្យ​ទៅ​ចាប់​មនុស្ស​ឡើយ​។​

​បន្ទាប់ពី​របប​ខ្មែរក្រហម​បរាជ័យ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​រត់គេច​ពី​ទ័ព​តំបន់ និង​ទ័ព​មជ្ឈិម ដែល​ប្រចាំការ​នៅ​ឃុំ​លាច​ខាងត្បូង ស្រុក​ភ្នំក្រវាញ នៅ​ខែកក្កដា ឆ្នាំ​ដដែល ខណៈដែល​ខ្មែរក្រហម​បម្រុង​នឹង​បញ្ជូន​ខ្ញុំ​ទៅ​សំឡូត នៅ​ខេត្តបាត់ដំបង​។​

​កងទ័ព​នៅ​អង្គភាព​របស់ខ្ញុំ​មាន​បុរស​ប្រហែល​៩០​នាក់ និង​ស្ត្រី​៥០​នាក់ ដោយ​ស្លៀកពាក់​ខោអាវ​ខ្មៅ​។ ខ្ញុំ​បាន​រៀប​គម្រោងការ​រយៈពេល​ប្រមាណ​៦​ខែ​មុន ដើម្បី​រត់ចេញ​ពី​យោធា​ទ័ព​ខ្មែរក្រហម​។ ក្រោយមក ទើប​ខ្ញុំ​ហ៊ាន​សួរ​សមាជិក​ទ័ព​ដែល​ខ្ញុំ​ទុកចិត្ត​បំផុត​។​

​ខ្ញុំ​ប្រាប់​ទៅ​កូនចៅ​ក្រោមបង្គាប់​ខ្ញុំ​ថា ៖ «​យើង​រស់នៅ​ពេលនេះ លំបាក​ណាស់​។ ឥឡូវ​ចេញទៅ​ជាមួយ​អញ​ឬទេ​?» សមាជិក​កង​របស់ខ្ញុំ​បាន​សួរ​ខ្ញុំ​វិញ​ថា ៖ «​ទៅណា​បង ឬ ទៅណា​មេ​?»​។ ខ្ញុំ​តប​ថា ៖ «​ទៅ​ស្រុក​អញ នៅ​អូរ​សោម​»​។ សមាជិក​កង​របស់ខ្ញុំ​បាន​តប​ថា ៖ «​ទៅតាម​បង​ក៏បាន សុខចិត្ត​ស្លាប់​ជាមួយ​បង យើង​ច្បាំង​ទៀត​ក៏​ប្រហែល​ស្លាប់​ដដែល​»​។
​បន្ទាប់មក ខ្ញុំ​ក៏​ប្រាប់​សមាជិក​កង​ទាំងអស់​ថា ៖ «​ស្រុក​អញ​មានតែ​ដំឡូង និង​ក្តួច​ទេ មិនមាន​អ្វី​ហូប​លើសពីនេះ​ទេ​»​។ សមាជិក​ទាំងអស់​ក៏​យល់ព្រម ហើយ​ខ្ញុំ​ក៏​នាំគ្នា​លួច​រត់​ពី​បន្ទាយ​យោធា​ខ្មែរក្រហម​នៅ​ឃុំ​លាច ស្រុក​ភ្នំក្រវាញ​។​

​ពេលនោះ ខ្ញុំ​បាន​ណាត់​សមាជិក​នៅក្នុង​អង្គភាព​តាំងពី​ពេល​ថ្ងៃ​ថា វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត យើង​នឹង​ចាក​ចេញពី​បន្ទាយ​ភ្លាម​។ យើង​រៀបចំ​អង្ករ ឆ្នាំង អង្រឹង និង​កាំភ្លើង​រួចជាស្រេច​។ នៅពេល​ដល់​វេលា​កំណត់ ខ្ញុំ​ដើរ​ដាស់​សមាជិក​នៅក្នុង​អង្គភាព​របស់ខ្ញុំ​ចេញដំណើរ​។ ខ្ញុំ​មិន​ខ្លាច​មីន​ទេ ព្រោះ​ខ្ញុំ​ស្គាល់​ភូមិសាស្ត្រ​ព្រៃភ្នំ​នៅ​តំបន់​ដែល​ខ្ញុំ​ប្រចាំការ​។

​ប្រាំពីរ​ថ្ងៃ​ក្រោយមក ខ្ញុំ​ដើរ​ដល់​ស្រុកកំណើត​របស់ខ្ញុំ​នៅ​ឃុំ​អូរ​សោម ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ដើរ​តាមផ្លូវ​ទេ គឺ​ដើរកាត់​ព្រៃ​ព្រោះ​ខ្លាច​ជួប​កងទ័ព​វៀតណាម និង​ទាហាន​ប៉ា​រ៉ា​។ ពេលដែល​យើង​ដើរ​ហត់ និង​អស់​ស្បៀង យើង​បាន​ឈប់​ដើម្បី​ជីក​ក្ដួច​ទុក​ហូប​។​

​ពេល​ខ្ញុំ​ត្រឡប់មក​ភូមិកំណើត ផ្ទះ​របស់ខ្ញុំ​មិនមាន​មនុស្ស​រស់នៅ​ឡើយ ព្រោះ​ខ្មែរក្រហម​បាន​ជម្លៀស​មនុស្ស​ចេញពីផ្ទះ​អស់ហើយ​។ យើង​មិនបាន​ចូលមក​នៅផ្ទះ​ភ្លាម​ទេ ព្រោះ​មាន​ទាហាន​បាញ់​គ្នា​នៅក្នុង​ភូមិ​នៅឡើយ​។ យើង​បានសម្រេច​ចិត្ត​រស់នៅក្នុង​ព្រៃ​រយៈពេល​៦​ខែ​ទៀត​។ យើង​ហូប​ក្តួច និង​ដំឡូង​ដើម្បី​រស់​។ ពេលខ្លះ​យើង​ក៏មាន​សំណាង​បាន​ត្រី​សាច់ សត្វព្រៃ ឈ្លូស និង​ប្រើ​សមក​ហូប​ដែរ​។​

​រហូតដល់​ឆ្នាំ​១៩៨០ ខ្ញុំ​ជាមួយ​សមាជិក​កង​១០​នាក់​ទៀត បាន​ចូលរួម​ជាមួយ​ទ័ព​ខ្មែរក្រហម​សាជាថ្មី​នៅ​ថ្មដា ស្រុក​វាលវែង ដើម្បី​វាយ​តទល់​ជាមួយ​កងទ័ព​វៀតណាម​។ យើង​មាន​ស្បៀងអាហារ​មកពី​ប្រទេស​ចិន ដែល​ដឹក​កាត់​តាម​ប្រទេស​ថៃ​។ យើង​មាន​អាហារ​ហូប​គ្រប់គ្រាន់ ដូច្នេះ​យើង​លែង​ហូប​បបរ​ទៀតហើយ​។ ការសម្រេចចិត្ត​ចូលរួម​ជាមួយ​ខ្មែរក្រហម​លើក​នេះ ដោយសារ​ខ្ញុំ​បាន​ជួប​យោធា​ខ្មែរក្រហម​ម្នាក់​ដែល​ដឹកជញ្ជូន​គ្រាប់កាំភ្លើង​នៅតាម​ផ្លូវ​។ យោធា​ខ្មែរក្រហម​នោះបាន​ប្រាប់​ខ្ញុំ​ថា នៅ​ថ្មដា​មាន​មេដឹកនាំ មាន​សម្លៀកបំពាក់ ខោអាវ និង​ម្ហូប​គ្រប់គ្រាន់​ដើម្បី​រស់​។ ក្រោយមក យើង​ក៏​សម្រេចចិត្ត​ចូល​ខ្មែរក្រហម​ម្តងទៀត ដោយ​ខ្ញុំ​និង​សមាជិក​ទាំង​១០​នាក់​ដើរ​ចេញពី​អូរ​សោម​រយៈពេល​មួយអាទិត្យ ទើប​ទៅដល់​ថ្មដា​។​

​ពេលទៅដល់​ថ្មដា មេបញ្ជាការ​នៅ​ទីនោះ​បាន​បំបែក​សមាជិក​កង​ទាំង​១០​នាក់​នៅក្នុង​អង្គភាព​របស់ខ្ញុំ​ទៅ​រស់​នៅតាម​ជំរំ​ផ្សេង​។ ខ្ញុំ​មិនដឹងថា​អ្នក​ទាំងនោះ​ទៅ​នៅ​ជំរំ​ណា​ច្បាស់​ឡើយ​។ ចំណែក​ខ្ញុំ​នៅ​ជាមួយ តា​សេង គឺប្រធាន​កងពល​។ ការរស់នៅ​លែង​ដូច​ពីមុន​ទៀតហើយ​។ ខោអាវ​បាន​ផ្លាស់ប្តូរ​ពី​ខ្មៅ​ទៅ​បៃតងចាស់ មាន​កាំភ្លើង​ក្រវាត់​ចង្កេះ និង​មាន​មួកកន្តឹប​។ ខ្មែរក្រហម​បាន​ចែក​អាវ ខោ និង​កាំភ្លើង​ឲ្យ​ខ្ញុំ​។ មេ​របស់ តា​សេង គឺ តា​ម៉ុក​។ ខ្ញុំ​ឮ​តែ​ឈ្មោះ តា​ម៉ុក ប៉ុន្តែ​មិនដែល​ជួប​មុខ តា​ម៉ុក ឡើយ​។​

​ខ្ញុំ​បាន​ចំណាយពេល​១៣​ឆ្នាំ​ចូលរួម​ជាមួយ​ខ្មែរក្រហម រហូតដល់​ឆ្នាំ​១៩៩៣ ដោយ​រស់​នៅលើ​ភ្នំ​នៅ​ថ្មដា​។ ខ្ញុំ​បាន​រៀបការ​ជាមួយ​ភរិយា និង​មានកូន​នៅ​ទីនោះ​។ ការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ​នៅពេលនោះ​គឺ​បិត​ចម្រូង​សម្រាប់​ការពារ​ទីតាំង​បន្ទាយ​នៅ​ថ្មដា​។ ខ្មែរក្រហម​មិនបាន​បញ្ជា​ឲ្យ​ខ្ញុំ​ទៅ​បាញ់ និង​ប្រយុទ្ធ​នៅលើ​សមរភូមិ​ទេ​។ ខ្ញុំ​ត្រូវយក​ដើម​ឫស្សី​មក​កាត់​ជា​កង់ៗ​ឲ្យ​បាន​ប្រវែង​ប្រហែល​ស្មើនឹង​ដើមដៃ រួច​បិត​ចុង​និង​គល់​ឲ្យ​ស្រួច​ដោត​ក្នុង​អន្លុង​ជម្រៅ​ត្រឹម​ជង្គង់ និង​មាន​ផ្ទៃក្រឡា​មួយ​ម៉ែត្រ​បួន​ជ្រុង​។ ខ្ញុំ​ត្រូវ​ដោត​ពីមុខ​ថយក្រោយ ព្រោះ​បើកាលណា​ខ្ញុំ​ធ្វេសប្រហែស និង​ធ្លាក់​ចូលក្នុង​អន្លង់ ច្បាស់​ជា​ខ្ញុំ​ត្រូវស្លាប់​ដោយសារ​មុត​ចម្រូង​មិន​ខាន​។ អន្លង់​មួយ​ជួរៗ​មាន​ចម្ងាយ​២០​ម៉ែត្រ​។ ខ្ញុំ​ធ្វើ​ការងារ​នេះ​រាល់ថ្ងៃ រយៈពេល​១៣​ឆ្នាំ​។ ខ្ញុំ​មិនដែល​ដូរ​បន្ទាយ​ឡើយ​។​

​នៅពេលនោះ ទាំងចាស់ទាំងក្មេង​ត្រូវ​ធ្វើការ​ដូចគ្នា​។ ក្នុង​មួយថ្ងៃ​ខ្ញុំ​ត្រូវ​ពុះ និង​បិត​ឫស្សី​ឲ្យ​បាន​១០០​ទៅ​២០០​ដើម​។ ក្រោយពី​បិទ​ចម្រូង​ឫស្សី​រួច ខ្មែរក្រហម​ក៏​បើកឡាន​មក​ដឹកចេញទៅ​។ ខ្ញុំ​មិនអាច​ទាក់ទង​សួរដំណឹង​ពី​គ្រួសារ​របស់ខ្ញុំ​បានឡើយ​។ មាន​ពេល​មួយ កងទ័ព​វៀតណាម​បាន​វាយ​ដល់​ជំរំ និង​ផ្លោង​គ្រាប់​ដល់​ដី​ថៃ​។ ខ្ញុំ​ចាំ​ថា ខ្ញុំ​បានរ​ត់ទៅ​ពួន​នៅត្រង់​សេ និង​មិនមាន​បាយ និង​ទឹក​ផឹក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។​

​រហូតដល់​អាជ្ញាធរ​បណ្តោះអាសន្ន ហៅ​កាត់​ថា អ៊ុនតាក់ ចូលមក​ប្រទេស​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​១៩៩២ និង​ឆ្នាំ​១៩៩៣ ទើប​ខ្ញុំ​បានទទួល​ដឹង​ដំណឹង​ពី​គ្រួសារ​របស់ខ្ញុំ​។ នៅ​ជំរំ​សុខសាន្ត (​គ្រប់គ្រង​ដោយ សឺ​ន សាន​) និង ជំរំ សាយ ខេ (​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​) មាន​ជនភៀសខ្លួន​ខ្មែរ​រាប់រយ​នាក់​ស្នាក់នៅ​។ ពី​ជំរំ​មួយ​ទៅមួយ​ទៀត មាន​ចម្ងាយ​១​គីឡូម៉ែត្រ​ឃ្លាត​ពីគ្នា​។ ជនភៀសខ្លួន​ខ្មែរ​ជួបគ្នា​រាល់ថ្ងៃ​។ ជំរំ​ទាំងនេះ​ស្ថិតនៅក្នុង​ទឹកដី​ថៃ​ជាប់​ជាមួយ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ នៅ​ជំរំ សាយ ខេ មាន​លក់ដូរ​ចាបហួយ និង​បន្លែ​ផ្សេងៗ​។ យើង​សង់ផ្ទះ​ដោយមាន​សសរ និង​ជញ្ជាំង​ធ្វើ​ពី​ឫស្សី​។ ផ្ទះ​នោះ​មាន​កម្ពស់​ចាប់ពី​១​ទៅ​២​ម៉ែត្រ​ទៅតាម​ប្រវែង និង​ទំហំ​ដើម​ឫស្សី​។ ខ្ញុំ​ត្រូវ​សង់ផ្ទះ​ដោយ​ខ្លួនឯង​។ ប្រធាន​ជំរំ​វាស់ដី​ឲ្យ​យើង​សង់ផ្ទះ​ដែលមាន​ទំហំ​ទៅតាម​ចំនួន​សមាជិកគ្រួសារ​រ​បស់​យើង​។ បើ​ខ្ញុំ​ចាំ​មិន​ភ្លេច កាលនោះ​ប្រធាន​ជំរំ​ចែក​ដី​តំ​ហំ​២០​ម៉ែត្រ​៤​ជ្រុង​ដែលមាន​ផ្លូវ​ដើរ​នៅ​កណ្តាល ឲ្យ​ខ្ញុំ​សង់ផ្ទះ​។ ក្រៅពី​ឫស្សី ក៏មាន​អ្នកខ្លះ​កាប់​ឈើ​មក​ធ្វើ​ផ្ទះ​ដែរ​។ ចំណែក​ម្ហូបអាហារ​វិញ មាន​ជនជាតិ​បរទេស​បើក​អង្ករ​ឲ្យ​ខ្ញុំ​ដាំ​ហូប​។ នៅ​ជំរំ​ពេលនោះ​មានផ្ទះ​រាប់រយ​ខ្នង តម្រៀប​គ្នា​ជា​ជយរ​ប្រវែង​រាប់គីឡូម៉ែត្រ​។ មួយ​សង្កាត់​មានផ្ទះ​២០​ទៅ​១០០​ខ្នង ដោយមាន​ផ្លូវលំ​ខ្វែងខ្វាត់​ក្នុង​ជំរំ​។​

​នៅ​អំឡុង​ឆ្នាំ​១៩៩៣ ខ្ញុំ​ចាក​ចេញពី​ជំរំ​ក្នុង​ទឹកដី​ថៃ មក​ប្រទេស​កម្ពុជា​វិញ​។ កាល​រស់នៅ​ជំរំ​ក្នុង​ទឹកដី​ថៃ ខ្ញុំ​មិនបាន​ដឹងថា​ខាង​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ​។ ពេលនោះ ជនជាតិ​បរទេស​បាន​ដឹក​ជនភៀសខ្លួន​ខ្មែរ​ដែល​រស់នៅ​ជំរំ​មកកាន់​ភូមិកំណើត​រៀងខ្លួនៗ នៅក្នុង​ប្រទេស​កម្ពុជា​។ មាន​ឡាន​ទាហាន និង​ឡាន​ដំរី មក​ដឹក​ជនភៀសខ្លួន​ខ្មែរ​ដែល​ឈរ​រង់ចាំ​នៅ​ពាសពេញ​ផ្លូវ​។​
​ឡាន​បាន​ដឹក​ជនភៀសខ្លួន​ខ្មែរ​ពី​ជំរំ សាយ ខេ មក​ភូមិ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ខ្ញុំ​បន្តដំណើរ​ពី​ភូមិ​ប្រ​ម៉ោ​យ ទៅ​ឃុំ​អូរ​សោម ស្រុកកំណើត​របស់ខ្ញុំ​វិញ ជាមួយ​ប្រជាជន​ប្រមាណ​៣០​គ្រួសារ​ទៀត ដែល​សុទ្ធតែជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​។​។ អ្នកដំណើរ​ទាំងអស់​ដើរ​បាន​កន្លះ​គីឡូ​ក៏​ឈប់សម្រាក ហើយ​ពេលខ្លះ​ក៏​ដេក​នៅតាម​ផ្លូវ ព្រោះ​មានកូន​តូចៗ​មកជា​មួយ​មិនអាច​ធ្វើដំណើរ​ឆ្ងាយ​បាន​។ ពេល​យើង​មកដល់​កន្លែង​មានទឹក និង​ត្រី ក៏​ឈប់សម្រាក់​១​ទៅ​២​ថ្ងៃ​ដើម្បី​រក​ស្បៀងអាហារ​បន្ថែម រួចហើយ​ទើប​បន្ត​ទៅមុខទៀត​។ ពេលនោះ​យើង​មាន​៣០​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​មាន​សមាជិក​៣​ទៅ​៥​នាក់​។ ខ្ញុំ​ផ្ទាល់​មានកូន​៥​នាក់​។ ប្រពន្ធ​ខ្ញុំ​ពកូន​តូចៗ ចំណែក​កូន​ធំ​ដើរ​ដោយ​ខ្លួនឯង​។ កូន​របស់ខ្ញុំ​បាន​ហូប​នំ និង​ប្រឡែង​គ្នា​លេង​នៅពេល​ធ្វើដំណើរ​តាមផ្លូវ​។ យើង​មាន​កាំភ្លើង​កាន់​គ្រប់​ដៃ​។ ស្ថានភាព​ផ្លូវ​ពេលនោះ​អាច​ដើរ និង​បរដំរី​បាន ប៉ុន្តែ​មិនអាច​ជិះឡាន​បានឡើយ​។​

​ក្រោយពី​ធ្វើដំណើរ​រយៈពេល​មួយអាទិត្យ ទើប​យើង​បានមក​ដល់​ភូមិ​អូរ​សោម​នេះ នៅពេល​ល្ងាច​។ កាលនោះ យើង​ឃើញតែ​ព្រៃ និង​ផ្ទៃដី​ដាំ​ស្រូវ និង​ដំឡូង​រួចហើយ​។ យើង​មិនដឹងថា​អ្នកណា​ជា​អ្នក​ដាំដំឡូង​ទាំង​នោះទេ​។ យើង​បាន​នាំ​កាប់​ឆ្ការព្រៃ និង​ចែក​ក្បាលដី​ម្នាក់​១០០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ​។ យើង​សាង​សង់ផ្ទះ​ធ្វើ​ពី​ឈើ ដែលមាន​បណ្តោយ​ចាប់ពី​៤ ទៅ​៦​ម៉ែត្រ តាម​ចំនួន​សមាជិកគ្រួសារ​តូច ឬ​ធំ​។​។ ក្នុង​រយៈពេល​មួយអាទិត្យ យើង​ជួយ​គ្នា​សង់ផ្ទះ​បាន​មួយ​ខ្នង ដោយ​ប្រើតែ​ពូថៅ និង​កាំបិត​ប៉ុណ្ណោះ​។ យើង​មិនមាន​ស័ង្កសី​នោះទេ ដូច្នេះ យើង​យក​ស្លឹក​សម​មក​ប្រក់ផ្ទះ​។
​ពេល​មក​រស់នៅ​ភូមិ​នេះ​ដំបូង មិន​ប្រជាជន​រកស៊ី​ទេ​។ ប្រជាជន​ចាប់ផ្តើម​ដាំដំឡូង និង​ស្រូវ​។ ប្រជាជន​ខ្លះ​ចាប់ផ្តើម​រក​ឈើខ្លឹម​ដើម្បី​លក់​ឲ្យ​ឈ្មួញ​ថៃ​។ តំបន់​អូរ​សោម​មិនសូវមាន​មីន​បង្កប់​ទេ ដូច្នេះ​ពល​ប្រជាជន​អាចធ្វើ​ដំណើរ​ចេញចូល​បាន​។

​នៅ​ឆ្នាំ​១៩៩៤ ខ្ញុំ​ចាប់ផ្តើម​ទាក់ទង​ជាមួយ​រាជរដ្ឋាភិបាល ហើយក៏​បានសម្រេច​ចិត្ត​ចូលធ្វើ​ទាហាន​ខាង​រាជរដ្ឋាភិបាល​វិញ​។ នៅ​ឆ្នាំ​១៩៩៨ ខាង​រាជរដ្ឋាភិបាល​បាន​ជិះ​យន្តហោះ​មក​រៀបចំ​តំបន់​វាលវែង​ឲ្យ​មាន​របៀបរៀបរយ និង​មានការ​បំពាក់ស័ក្តិ​ដល់​អតីត​យោធា​ខ្មែរក្រហម​ទៀតផង​។
​ខ្ញុំ​បានទទួល​ការតែងតាំង​ដោយមាន​មេកង​ពល និង​លោក កែ គឹមយ៉ាន ជា​អធិបតី មក​បំពាក់ស័ក្តិ​ជូន និង​មាន​ថតរូប​ទៀតផង​។ ខ្ញុំ​គឺជា​នាយសេនាធិការ​វរ​សេនា​តូច ប្រចាំ​នៅ​ឃុំ​អូរ​សោម ហើយ​ក្រោយមក​រាជរដ្ឋាភិបាល​ប​ញ្ចូ​ល​ទៅក្នុង​កងទ័ពជើងគោក​វិញ​។ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​ក៏​ចូល​បម្រើ​យោធា​ខាង​រាជរដ្ឋាភិបាល រហូតដល់​ចូល​និវត្ត​នៅ​ឆ្នាំ​២០១៦​។​

២) លក់ ប្រា​ង ៖ ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​របប​ខ្មែរក្រហម​
​ខ្ញុំ​ឈ្មោះ លក់ ប្រា​ង អាយុ​៦១​ឆ្នាំ គឺជា​ជនជាតិ​ជង​រស់នៅ​ខេត្តពោធិ៍សាត់​។ នៅ​ដើមឆ្នាំ​១៩៧៥ ខ្មែរក្រហម​ប្រមូល​អ្នក​ប្រជាជន​ក្នុងភូមិ​ឲ្យ​មក​នៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ខ្ញុំ​រស់នៅ​ភូមិ​បាន​មួយឆ្នាំ បន្ទាប់មក​ខ្មែរក្រហម​ក៏​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​នៅ​ឃុំ​លាច​វិញ​។ ខ្មែរក្រហម​ឲ្យ​ខ្ញុំ និង​ប្រជាជន​នៅក្នុង​ភូមិ​ដើរ ខ្លះ​បររទេះ​ក្របី ខ្លះ​ស្ពាយ រែក និង​ដឹកជញ្ជូន​អីវ៉ាន់​ទៅជា​មួយ​។ ពេលធ្វើ​ដំណើរ​នៅតាម​ផ្លូវ​ខ្មែរក្រហម​មិនបាន​សម្លាប់​មនុស្ស​ទេ​។​

លក់ ប្រា​ង មាន​អាយុ​៦១​ឆ្នាំ គឺជា​ជនជាតិ​ជង​រស់នៅ​ខេត្តពោធិ៍សាត់​។​

​ពេលទៅដល់​ឃុំ​លាច ខ្មែរក្រហម​ចាប់ផ្តើម​បែងចែក​ការងារ​ឲ្យ​ប្រជាជន​ធ្វើ​។ ខ្ញុំ​មានកូន​តូច ដូច្នេះ​ពេលព្រឹក​ខ្មែរក្រហម​ប្រើ​ខ្ញុំ​លាយ​ជី​។ ខ្ញុំ​ត្រូវ​ទៅ​កាប់​ដើម​ទន្ទ្រានខែត្រ រួចហើយ​ទូល​មក​កង​វិញ​ដើម្បី​ចិញ្ច្រាំ​លាយ​ជាមួយ​អាចម៍ក្របី និង​ដីដំបូក​ធ្វើ​ជី​ដាក់​ស្រែ​។ នេះ​គឺជា​ការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ​។ ខ្ញុំ​ធ្វើការ​តាំងពីព្រឹក​រហូត​ដល់​ម៉ោង​១១៖៣០​នាទី ទើប​ប្រធាន​កង​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​។ បន្ទាប់មក ខ្ញុំ​ធ្វើការ​បន្តទៀត​ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៥​ល្ងាច​។ ពេលនោះ មិនមាន​នាឡិកា​មើល​ម៉ោង​ទេ គឺ​ខ្ញុំ​ចាំ​ស្តាប់​តែ​ស្នូរ​ជួង​ប៉ុណ្ណោះ​។ ជួនកាល ប្រធាន​កង​ប្រើ​ខ្ញុំ​ឲ្យ​ទៅ​លើកភ្លឺស្រែ និង​ស្ទូងស្រូវ​ទាំងយប់​ក៏មានដែរ​។ ថ្ងៃ​ណា​ក៏​ខ្ញុំ​ខ្លាច​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​ដែរ​។ ខ្ញុំ​មិន​នឹកស្មានថា​ខ្ញុំ​អាច​នៅមាន​ជីវិត​ដល់​សព្វថ្ងៃ​នេះ​ទេ​។​

​ខ្ញុំ​មិនដែល​ឃើញ​ខ្មែរក្រហម​វាយ​សម្លាប់​មនុស្ស​ផ្ទាល់​ភ្នែក​នោះទេ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​បានឃើញ​សាកសព​ស្លាប់​តាមផ្លូវ និង​នៅក្នុង​ព្រៃ ដោយ​ដៃ​នៅជាប់​ចំណង​នៅឡើយ​។ ខ្ញុំ​ចាំ​ថា នៅ​ល្ងាច​មួយពេល​ធ្វើការ​នៅ​ដំណាក់​ឈើ​ក្រំ ខ្ញុំ​ឃើញ​ខ្មែរក្រហម​នាំ​អ្នក​ជីក​ទំនប់​មក ប៉ុន្តែ​មិនដឹងថា​ខ្មែរក្រហម​នាំ​អ្នក​ទាំងនោះ​ទៅណា​ទៀត​ទេ​។ ខ្មែរក្រហម​ចង​មនុស្ស​ដោយ​ប្រើ​ខ្សែ​អង្រឹង និង​បណ្តើរ​ដោយ​ក្នុង​មួយ​ជួរ​មាន​មនុស្ស​៥​នាក់​។ ចំណែក​អ្នក​បណ្តើរ​មនុស្ស​យកទៅ​គឺជា​ខ្មែរក្រហម​ក្មេងៗ​ដែលមាន​អាយុ​ចាប់ពី​១០​ទៅ​១២​ឆ្នាំ​។ ជួនកាល ខ្មែរក្រហម​បណ្តើរ​មនុ​ស្ស​ចេញទៅ​ស្ទើរ​ពេញ​មួយ​យប់ គឺ​ចាប់តាំងពី​ព្រលប់​រហូត​ជិត​ភ្លឺ​ក៏មានដែរ​។ ខ្ញុំ​ឮថា​មានការ​សម្លាប់​មនុស្ស​នៅ​ភូមិ​វាលវង់ នៅ​ខាងត្បូង​ឃុំ​លាច ក្នុងស្រុក​ភ្នំក្រវាញ​។ សព្វថ្ងៃ​ប្រជាជន​ដែល​រស់នៅ​ភូមិ​វាលវង់ មួយចំនួន​ក៏​មិនដឹងថា​មាន​រណ្តៅ​សាកសព​នៅក្នុង​ភូមិ​រប​ស់​ខ្លួន​ដែរ​។ ខ្ញុំ​ធ្វើ​ការលើក​ទំនប់​បាន​រយៈពេល​ប្រហែល​ពីរ​ខែ កងទ័ព​វៀតណាម​ក៏បាន​វាយ​ចូលមក​ដល់ ចំ​ពេលដែល​ខ្មែរក្រហម​បាន​ដក​ខ្ញុំ​ឲ្យ​ទៅ​ដក​ដំឡូង​មី​នៅ​ឃុំ​លាច​។ ខ្ញុំ​ក៏មាន​សំណាង​បាន​ជួប​គ្រួសារ​ខ្ញុំ​វិញ​។​

​ខ្ញុំ​នៅចាំ​បាន​ថា នៅពេល​បង្កើត​សហករណ៍​ដំបូង ចុងភៅ​ចែក​របប​បបរ​១​វែក​ក្នុង​មួយពេល​សម្រាប់​មនុស្សម្នា​ក់​។ ក្រោយមក ចុងភៅ​ចែក​អង្ករ​ឲ្យ​មួយ​កំប៉ុង​សម្រាប់​ហូប​គ្នា​៧​នាក់​វិញ ហើយ​ខ្ញុំ​ក៏​មិន​បានដឹង​ពី​ហេតុផល​នោះដែរ​។ ជួនកាល​ចុងភៅ​បបរ​មួយ​ខ្ទះត្នោត សម្រាប់​មនុស្ស​មួយ​ភូមិ​។

​ខ្ញុំ​មិន​ហ៊ាន​សួរ​ហេតុអ្វី​ចុងភៅ​ផ្តល់​អាហារ​តិច​នោះទេ​។ ប្រសិនបើ​ខ្ញុំ​ហ៊ាន​សួរ​ច្បាស់​ជា​ត្រូវ​អង្គការ​ចោទថា​ខ្មាំង​មិន​ខាន​។ ប្រធាន​ចុងភៅ​សួរ​យើង​ថា ៖ «​តើ​ហូប​ប៉ុណ្ណឹង​ឆ្អែត​ឬទេ​?» ប្រសិនបើ​យើង​ហ៊ាន​ឆ្លើយថា ហូប​មិន​ឆ្អែត នោះ​ខ្មែរក្រហម​នឹង​យកទៅ​សម្លាប់​មិន​ខាន​។ ប៉ុន្តែ​ប្រសិនបើ​ប្រជាជន​ហ៊ាន​ឆ្លើយថា​ឆ្អែត ពេលខ្លះ​ចុងភៅ​ថា​យើង​ហ្នឹង​ឆ្លើយ​ឌឺដង​ដាក់​ឲ្យ​អង្គការ ហើយ​រាយការណ៍​ទៅ​ឈ្លប​យក​អ្នកឆ្លើយ​ទៅ​សម្លាប់​ក៏មានដែរ​។​

​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​យើង​ហូប​លួចលាក់ លួច​ដាំបាយហូប និង​មិន​ឲ្យ​មាន​សិទ្ធិ​នៅតាម​ផ្ទះ​រៀងខ្លួន​ឡើយ​។ ប្រសិនបើ​មាន​អាហារ​ហូប ត្រូវដាក់​នៅ​រោង​បាយ​រួម​។ អង្គការ​អនុញ្ញាត​ឲ្យ​ដាំ​ដំណាំ ប៉ុន្តែ​ប្រសិនបើ​បាន​ផល អង្គការ​ហាម​មិន​ឲ្យ​ប្រជាជន​ប្រមូល​ផល ដោយ​ខ្លួនឯង​ឡើយ​។ ប្រសិនបើ​អង្គការ​ដឹងថា​នរណាម្នាក់​លួច​ដំណាំ​ហូប អង្គការ​នឹង​ចោទ​អ្នកនោះ​ថា​ជា​ខ្មាំង ឬ​ផ្សំគំនិត​ជាមួយ​ខ្មាំង ដែល​អាចមាន​ទោស​យក​ទៅ​សម្លាប់ចោល​។​

​ខ្មែរក្រហម​ប្រាប់​យើង​ឲ្យ​ឡើង​ប្តេជ្ញា ទោះបី​ហូបបាយ​មួយ​វែក​ក៏ត្រូវ​តស៊ូ​បង្កបង្កើនផល​ដែរ​។ ពេល​ប្រជុំ អ្នកចូលរួម​ត្រូវ​ស្រែកថា «​តស៊ូ​បម្រើ​ប​ដិ​វដ្ដន៍​» ហើយ​ត្រូវ​ទះដៃ​តាម​អ្នកដឹកនាំ​ប្រជុំ​។ ប្រសិនបើ​អ្នកចូលរួម​ប្រជុំ​មិន​ថា​តាម គឺមាន​ទោស​។ ជួនកាល​អង្គការ​អនុញ្ញាត​ឲ្យ​ប្រជាជន​សម្រាក​មួយ​ព្រឹក​ដើម្បី​ប្រជុំ ហើយ​ការប្រជុំ​នោះ​ចំណាយពេល​ពី​២​ទៅ​៣​ម៉ោង ដោយមាន​អ្នក​ឡើង​ចាប់អារម្មណ៍​ម្តងៗ​ម្នាក់ បន្ទាប់មក​ចុងភៅ​វាយ​ជួង​បី​ដង​ហៅ​ប្រជាជន​ទៅ​ហូបបាយ ប៉ុន្តែ​បើ​មក​យឺត គឺ​គ្មាន​សល់​បាយ​សម្រាប់​ហូប​ឡើយ​។

​ចុងភៅ​បាន​រៀប​តុ​វែង​នៅ​កណ្តាល​រោង​បាយ​រួម​។ ចំណែក​ចាស់ជរា និង​កុមារ​ចុងភៅ​អនុញ្ញាត​ឲ្យ​ហូប​មុន ដោយ​ម្នាក់ៗ​មាន​ស្លាបព្រា និង​ចាន​រៀងៗ​ខ្លួន​។ ប្រជាជន​ត្រូវ​ឈរ​តម្រង់​ជួរ​ដើម្បី​ទទួល​របប​អាហារ​ពី​ចុងភៅ​។ ចានបាយ​មាន​ពណ៌​ស និង​មាន​ក្រឡា ហើយ​នៅពេល​ហូប​រួច ប្រជាជន​ត្រូវ​រក្សាទុក​ចាន​នោះ​រៀងខ្លួន​។ ជួនកាល​សម្លរ​មួយ​ចាន​ហូប​គ្នា​៥​នាក់​។​

​ចំណែក​ការរៀប​ការ អង្គការ​មិន​ឲ្យ​រៀបចំ​តាម​ប្រពៃណី​ខ្មែរ​ឡើយ​។ អ្នក​ដែល​រៀបការ​ត្រូវ​ឡើង​ចាប់អារម្មណ៍​មួយគូ​ម្តងៗ ទាំងប្រុស​ទាំងស្រី​។ គូ​ស្វាមី​ខ្លះ​និយាយ​ខ្លី ព្រោះ​បើ​ហ៊ាន​និយាយ​ច្រើន ខ្លាច​ខុស​។ អង្គការ​រៀបការ​ឲ្យ​ប្រជាជន​ម្តង​១៥​គូ ដោយ​ចំណាយពេល​រៀបចំ​កម្មវិធី​ចាប់ពី​ពេលព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើបបាន​ចប់​រួចរាល់​។​

​អង្គការ​ឲ្យ​ប្រជាជន​ហៅ​យាយ​តា ពូ​មីង ម្តាយ និង​ឪពុក ដោយ​បន្ថែម​ពាក្យ «​មិត្ត​» នៅខាងមុខ​ពាក្យ​នីមួយៗ ដូចជា ៖ មិត្ត​ចៅ មិត្ត​យាយ មិត្ត​ម៉ែ មិត្ត​ពុក មិត្ត​បង មិត្ត​កងទ័ព មិត្ត​យុទ្ធជន និង​មិត្ត​យុទ្ធ​នារី​ជាដើម​។
​នៅ​ដើមឆ្នាំ​១៩៧៩ ប្រជាជន​នៅ​ឃុំ​លាច បាននាំគ្នា​រត់ចោល​ផ្ទះ និង​ភូមិឋាន​។ ប្រជាជន​បាន​រត់ចេញ​នៅពេល​យប់ ដោយមាន​មនុស្ស​ដើរ​នៅតាម​ផ្លូវ​រាប់រយ​នាក់ និង​មាន​ឮសូរ​សំឡេង​មនុស្ស​កងរំពង​ដេញ​ក្របី​។ បងប្អូន​របស់ខ្ញុំ​បាន​ខ្សឹប​ប្រាប់ថា សូម​ត្រៀម​អីវ៉ាន់ ស្អែក​ចេញដំណើរ​ទៅតាម​គេ ព្រោះ​កងទ័ព​វៀតណាម​បាន​វាយ​ចូល​មកដល់​ខេត្តពោធិ៍សាត់​ហើយ​។ ថ្ងៃមួយ​នៅពេល​កំពុង​ដាំបាយ​ល្ងាច កងទ័ព​វៀតណាម​បាន​បាញ់កាំភ្លើង​ទៅលើ​ដើម្បី​កុំ​ឲ្យ​ត្រូវ​ប្រជាជន ព្រោះ​មាន​ប្រជាជន​រាប់រយ​នាក់​។ ខ្ញុំ​ក្រាប​នឹង​ដី​។ បន្ទាប់មក​ខ្ញុំ​ឃើញ​រថក្រោះ​មក​ឈប់​នៅ​ពីមុខ​។ ខ្ញុំ​បាន​លើក​កន្សែង​ពណ៌​ស​គ្រវី ហើយ​ប្រាប់ថា បងប្អូន​ខ្មែរ​។ ខ្ញុំ​ក៏បាន​រួច​រស់​ជីវិត ហើយក៏​មិនបាន​ចូល​ព្រៃ​ជាមួយ​ខ្មែរក្រហម​ដែរ​។​

វាំ នួន គឺជា​ជនជាតិ​ជង​ខ្នងភ្នំ មាន​អាយុ​៧០​ឆ្នាំ រស់នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

៣) វាំ នួន ៖ អាពាហ៍ពិពាហ៍​ក្នុងព្រៃ​
​វាំ នួន គឺជា​ជាតិ​ជង មាន​អាយុ​៧០​ឆ្នាំ​។ នួន រៀបរាប់​ពី​ការ​សែនព្រេន​ក្នុងព្រៃ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុង និង​ក្រោយ​របប​ខ្មែរក្រហម​ថា ៖
«​ពេល​វៀតណាម​ចូលមក ខ្ញុំ​រត់​ចូល​ព្រៃ​ទាំង​បងប្អូន និង​ប្តី​។ សំណាង​ដែរ ដែល​មិនមាន​អ្នកណា​ស្លាប់​ក្នុងព្រៃ​កាល​ហ្នឹង​។ ខ្ញុំ​រត់គេចខ្លួន និង​មិនបាន​បាញ់​តបត​ទៅ​វៀតណាម​ទេ​។ នៅក្នុង​ព្រៃ ខ្ញុំ​រស់នៅ​លាយឡំ​ជាមួយ​ជនជាតិខ្មែរ​។
​ប្តី​របស់ខ្ញុំ​គឺជា​អតីត​ទាហាន​ខ្មែរក្រហម​។ ខ្ញុំ​មិន​ចាំ​ឆ្នាំ​ដែល​ខ្ញុំ​បាន​រៀបការ​ទេ​។ ខ្ញុំ​បានរ​ត់ទៅ​នៅក្នុង​ព្រៃ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។ ឪពុកម្តាយ​របស់ខ្ញុំ​គឺជា​ប្រជាជន និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​។ យើង​ហូប​ដំឡូង និង​ក្តួច​តាំងពី​សង្គ្រាម​រហូតដល់​ប្រទេស​ទទួលបាន​សន្តិភាព​។​

​កាល​ជំនាន់​ខ្មែរក្រហម ខ្ញុំ​ធ្លាប់​បានឃើញ​សាកសព​ហើម​។ ខ្មែរក្រហម​បាន​ប្រើ​ខ្ញុំ​ឲ្យ​លើកភ្លឺស្រែ​។ ខ្ញុំ​មិនដែល​បាន​ហូបបាយ​ទេ គឺ​ហូប​តែ​បបរ​ប៉ុណ្ណោះ​។ ខ្ញុំ​មាន​បងប្អូន​៣​នាក់ ស្រី​២ និង​ប្រុស​១ ហើយ​ខ្ញុំ​គឺជា​កូន​បង​។​
​តាមពិតទៅ ខ្ញុំ​មិនបាន​រៀបការ​ទេ គឺ​គ្រាន់តែ​សែនព្រេន​ពីរ​នាក់​ប្តី​ប្រពន្ធ​ខ្ញុំ​ប៉ុណ្ណោះ​។ អាពាហ៍ពិពាហ៍​ក្នុងព្រៃ​ពេលនោះ​មានតែ​អាវ​និង​ខោ​ពណ៌​ខ្មៅ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមាន​ការឡើង​ប្តេជ្ញា​នោះទេ ព្រោះ​កងទ័ព​វៀតណាម​បាន​វាយ​ចូល​មកហើយ​។

​ពិធី​រៀបការ​របស់ខ្ញុំ​ធ្វើឡើង​នៅពេល​ព្រឹក ដោយមាន​អ្នកចូលរួម​ប្រហែល​១០​នាក់ ដោយ​គ្មាន​ឪពុកម្តាយ​របស់ខ្ញុំ​ទេ ព្រោះ​យើង​រត់​ចូល​ព្រៃ​បែក​គ្នា​។ ខ្ញុំ​និង​ប្តី​បាន​ស្រឡាញ់គ្នា ហើយ​មកដល់​សព្វថ្ងៃ​មានកូន​៣​នាក់​។ បន្ទាប់ពី​សែនព្រេន​រួច ខ្ញុំ​ឮស្នូរ​កាំភ្លើង​បាញ់​គ្នា​រាល់ថ្ងៃ​។ ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទីកន្លែង​រស់នៅ​ស្ទើរ​រៀងរាល់​យប់​។ យើង​មាន​សាក់​កាដូ​ផលិត​នៅ​ចិន​តាម​ខ្លួន​ម្នា​ក់មួយ ដោយមាន​ដាក់​ខោអាវ និង​ចានឆ្នាំង​។ នៅក្នុង​ឆ្នាំង​មិនមាន​អង្ករ​ទេ គឺ​មានតែ​ក្តួច ព្រោះ​កាលនោះ​នៅក្នុង​ព្រៃ​សម្បូរ​ក្តួច​ណាស់​។​

​ខ្ញុំ​ខ្លាច​វៀតណាម​តាម​វាយប្រហារ​ណាស់ ឲ្យ​តែ​ហូបបាយ​ហើយ យើង​រៀប​អីវ៉ាន់​ដាក់​ក្នុង​សាក់​កាដូ​ពេញ​ដើម្បី​ត្រៀម​រត់​។ យើង​រែក​អីវ៉ាន់​ខ្លះ ស្ពាយ​ខ្លះ សែង​ខ្លះ ហើយ​យប់​ត្រង់ណា​យើង​ដេក​ត្រង់នោះ​។
​ពេល​ខ្ញុំ​រស់នៅ​ក្នុងព្រៃ មាន​ខ្មែរក្រហម​រស់នៅ និង​ហូប​ជាមួយ​ខ្ញុំ​ដែរ​។ ខ្មែរក្រហម​ឈប់​ប្រើ​ខ្ញុំ​ឲ្យ​ធ្វើការ​ទៀតហើយ​។ សូម្បី​យោធា​ខ្មែរក្រហម​ក៏​ជីក​ក្តួច​ដូច​ខ្ញុំ​ដែរ​។ ខ្ញុំ​ដើរ​ឆ្លងកាត់​ភ្នំ​ច្រើនណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​ឈ្មោះ​ភ្នំ​ទេ​។ ខ្ញុំ​រត់​ចុះឡើងៗ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។ ខ្ញុំ​មាន​កន្ទេល ភួយ និង​មុង​សម្រាប់​ដេក​ក្នុងព្រៃ​។ ខ្ញុំ​រស់នៅ​បែប​ហ្នឹង​រាប់​ឆ្នាំ​នៅក្នុង​ព្រៃ​។​
​ក្រោយមក សូរ​គ្រាប់ផ្លោង និង​កាំភ្លើង​បាន​ស្ងាត់​មួយរយៈ ខ្ញុំ​ក៏​សម្រេចចិត្ត​ចេញពី​ព្រៃ​ដើម្បី​ចូលមក​ភូមិ​វិញ​។ ពេលនោះ ខ្ញុំ​ភ័យ​ផង និង​អរ​ផង​។ ខ្ញុំ​ភ័យ​ព្រោះ​ខ្លាច​សង្គ្រាម​ផ្ទុះ​ឡើងវិញ ហើយ​អរ​ព្រោះ​ខ្ញុំ​បានរស់នៅ​ក្នុងភូមិ​វិញ​។ យើង​នាំគ្នា​កាប់​ដី​ធ្វើ​ចម្ការ​ដើម្បី​ដាំ​ណាំ​ហូប​។ មុនដំបូង ខ្ញុំ​ឃើញ​មាន​ប្រជាជន​មកពី​ឫស្សី​ជ្រុំ តា​តៃ មាត់​ប្រើស និង​អូរ​សោម មកដល់​ភូមិ​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​ឆ្នាំ​ណា​នោះទេ​។ ខ្ញុំ​ចាំ​ថា​លែងមាន​ការបាញ់​គ្នា​ទៀតហើយ គឺ​ប្រហែល​ឆ្នាំ​១៩៩៨​។​

៤) ស័ន ឆុ​ច ៖ ក្តួច និង​ដំឡូង​
«​ខ្ញុំ​គឺជា​ជនជាតិ​ជង​ខ្នងភ្នំ មាន​អាយុ​៨៨​ឆ្នាំ​។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិនបាន​ចូលរៀន​នៅ​សាលា​ទេ​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ឫស្សី​ជ្រុំ ខេត្តកោះកុង ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បាន​ប្តូរ​មក​រស់​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​វិញ​។ កាលពី​សម័យ​សង្គមរាស្ត្រនិយម ខ្ញុំ​បាន​សែនព្រេន​ជំនួស​ឲ្យ​ការ​រៀបការ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​ថា​សែន​នៅ​ឆ្នាំ​ណា​នោះទេ ហើយ​សូម្បី​ភ្ញៀវ​ដែល​ចូលរួម​ក៏​ខ្ញុំ​ភ្លេច​ដែរ​។
​ខ្ញុំ​មាន​បងប្អូន​បង្កើត​ដល់​ទៅ​១២​នាក់ ប៉ុន្តែ​ជា​អកុសល ខ្ញុំ​គ្មាន​កូនបង្កើត​សូម្បី​ម្នាក់ គឺ​មានតែ​កូនចិញ្ចឹម​។​

ស័ន ឆុ​ច គឺជា​ជនជាតិ​ជង​ខ្នងភ្នំ មាន​អាយុ​៨៨​ឆ្នាំ រស់នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ចូល​ព្រៃ​ដើម្បី​គេច​ពី​ការប្រយុទ្ធ​គ្នា​។ កាលនោះ ខ្ញុំ​មាន​បងប្អូន​និង​ញាតិមិត្ត​ច្រើនណាស់​ដែល​បានរ​ត់ទៅ​ជាមួយគ្នា គឺ​មនុស្ស​មួយ​ភូមិ​តែម្តង​។​
​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ពី​ទីកន្លែង​មួយ​ទៅ​កន្លែង​មួយទៀត រហូត​ចូលទៅ​ដល់​ក្នុងព្រៃ​។ ខ្ញុំ​មិនមាន​ខោអាវ​ស្លៀកពាក់​ត្រឹមត្រូវ​ទេ​។ កាលណា​ខ្ញុំ​បាន​សារុង​មួយ​មក ខ្ញុំ​កាត់​វា​ជា​ពីរ​ដើម្បី​ស្លៀកពាក់​។ ឥឡូវ ខ្ញុំ​គ្មាន​សល់​សារុង​ទាំង​នោះឡើយ​។​

​ខ្ញុំ​រស់​ដោយ​ការជីក​ដំឡូង និង​ក្តួច​ហូប​។ ខ្ញុំ​ស្ងោរដំឡូង​ពី​ល្ងាច​ទុក​ដល់​ព្រឹក ហើយ​ទុក​ពី​ពេលព្រឹក​រហូតដល់​ល្ងាច​វិញ​។ បើ​ប្រៀបធៀប​នឹង​ការរស់នៅ​ក្នុងសម័យ​ខ្មែរក្រហម និង​បច្ចុប្បន្ន ខ្ញុំ​ទទួល​របប​អាហារ​មិន​គ្រប់​ទេ គឺ​បានតែ​បាយ​មួយ​កូនចាន​តូច មួយថ្ងៃ​២​ពេល​ប៉ុណ្ណោះ គឺ​ពេលព្រឹក និង​ពេល​ល្ងាច​។ ភារកិច្ច​របស់ខ្ញុំ​នៅពេលនោះ គឺ​អង្គការ​ឲ្យ​មើលថែ​កុមារ នៅពេលដែល​ឪពុកម្តាយ​របស់​កុមារ​ទាំងនោះ​ជាប់រវល់​ធ្វើការ​ងារ​នៅ​វាលស្រែ​។ ពេលនោះ កងកុមារ​ស្ថិតនៅ​សហករណ៍​ថ្មបាំង​។
​ខ្ញុំ​ធ្លាប់​ឃើញ​ខ្មែរក្រហម​បណ្តើរ​មនុស្ស​ជា​ជួរៗ​។ ខ្ញុំ​មិន​ហ៊ាន​សួរ​ខ្មែរក្រហម​ថា​យក​អ្នក​ទាំងនោះ​ទៅ​ទីណា​ទេ ព្រោះ​ខ្ញុំ​គិតក្នុងចិត្ត​ថា បើ​ខ្ញុំ​ហ៊ាន​សួរ ខ្មែរក្រហម​នឹង​សម្លាប់​ខ្ញុំ​ចោល​ដែរ​។ ខ្ញុំ​ធ្លាប់បាន​ប្រាប់​រឿងរ៉ាវ​ទាំងនេះ​ទៅ​ក្មេងជំនាន់ក្រោយ​។ ក្មេង​ខ្លះ​ជឿ និង​ខ្លះទៀត​ក៏​មិន​ជឿ​ដែរ​។​
​រាល់ថ្ងៃនេះ ខ្ញុំ​សុំ​តែ​សេចក្តីសុខ​គឺ​គ្រប់គ្រាន់​ណាស់​ទៅហើយ​។ ខ្ញុំ​លែង​ចង់បាន​អ្វី​លើសពី​ហ្នឹង​ទៀតហើយ​។

៥) ហុន មឿ​ន ៖ គុណ​របស់​ប្រធាន​សហករណ៍​នៅ​កំពង់ហ្លួង​
​ហុន មឿ​ន មាន​អាយុ​៧៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឫស្សី​ជ្រុំ ខេត្តកោះកុង ហើយ​សព្វថ្ងៃ​រស់នៅ​ភូមិ​ជង្រុក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​រៀបរាប់ថា ៖
«​ប្រធាន​សហករណ៍​ដែល​ខ្ញុំ​រស់នៅ​ជាមួយ​ក្នុងសម័យ​ខ្មែរក្រហម បាន​ជួយសង្គ្រោះ​ជីវិត​ខ្ញុំ និង​ប្រជាជន​ឯទៀត​។ គាត់​ឈ្មោះ ឆោម មាន​អាយុ​ប្រហែល​៦០​ឆ្នាំ នៅពេលនោះ​។ ខ្ញុំ​នៅតែ​រឭក​គាត់ ទោះបី​ខ្ញុំ​ដឹងថា​គាត់​បាន​ស្លាប់បាត់​ទៅហើយ​ក៏ដោយ​»​។​
​ខ្ញុំ​មិន​ចាំ​ថា​សហករណ៍​នោះ​ឈ្មោះ​អ្វី​ទេ គ្រាន់តែ​ដឹងថា​សហករណ៍​ហ្នឹង​នៅ​ព្រែក​កំពង់ហ្លួង ខេត្តពោធិ៍សាត់​។ ការហូបចុក គឺមាន​គ្រប់​ទាំងអស់គ្នា​។ យើង​មាន​គ្នា​៣០​នាក់ ស្មើនឹង​៥​គ្រួសារ​ក្នុង​មួយ​សហករណ៍​រួមទាំង​ក្មេង និង​ចាស់ ហើយ​មិនមាន​អ្នក​បាត់​ខ្លួន​សូម្បី​ម្នាក់​នៅក្នុង​សម័យ​ខ្មែរក្រហម​។​

ហុន មឿ​ន មាន​អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ជង្រុក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​កាលនោះ អង្គការ​ឲ្យ​ខ្ញុំ​ទៅធ្វើ​ស្រែចម្ការ​។ ចំណែក​ម្ហូបអាហារ​ខ្ញុំ​ត្រូវរ​កដោយ​ខ្លួនឯង​។ អង្គការ​ដាក់​ទិស​ឲ្យ​ចាស់ៗ​បីនាក់​ទៅ​នេសាទ មក​ធ្វើ​ម្ហូប​នៅក្នុង​សហករណ៍​។
​ខ្ញុំ​បាន​ហូប​បបរ​ខាប់ ដោយ​ម្នា​ក់មួយ​ឆ្អែត​។ នៅ​សហករណ៍ ខ្ញុំ​ចង់​ហូប​ពេលណា​ក៏បាន​ដែរ​។ ប្រជាជន​ខ្លះ​ចង់​ហូប​ដំឡូង គឺអាច​ទៅ​ជីក​ហើយ​ដុត​ហូប​ដោយ​ខ្លួនឯង ដោយ​មិនមាន​អ្នក​ហាមឃាត់​ឡើយ​។ ខ្ញុំ​មិនដែល​អត់បាយ​ទេ​។ កាលនោះ​មាន​កម្មាភិបាល​មកពី​ស​ហក​រណ៍​ផ្សេង​មក​តាមដាន​ដែរ ប៉ុន្តែ​យើង​ដឹង​មុន ហើយក៏​នាំគ្នា​ដាំបបរ​រាវ​ហូប​ដើម្បី​លាក់បាំង​។ នៅពេល​កម្មាភិបាល​នោះ​ត្រឡប់​ទៅវិញ យើង​នាំគ្នា​ដាំបាយ និង​បបរ​ខាប់​ហូប​ធម្មតា​»៕ ល​

ផ្លូវ​នៅក្នុង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​