​រឿងរ៉ាវ​របស់​ប្រជាជន​ចេញពី​សហគមន៍​អន្លង់វែង​

(​សម្ភាសន៍​ដោយ​និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​)

5998
ចែករម្លែក
  • 292
    Shares

ដោយ ៖ សោម ប៊ុនថន​
​អន្លង់វែង មាន​ទីតាំង​ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ ខណ្ឌ​ចែក​ទឹកដី​ដោយ​ជួរ​ភ្នំ​ដងរែក​។ ដោយសារ​ពីមុន​តំបន់​អន្លង់វែង សម្បូរ​ទៅដោយ​ព្រៃឈើ​ក្រាស់ៗ និង​ហ៊ុំព័ទ្ធ​ដោយ​ភ្នំ ទើប​អតីត​មេដឹកនាំ​ខ្មែរក្រហម បានជ្រើសរើស​តំបន់​នេះ ធ្វើជា​មូលដ្ឋាន​តស៊ូ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​រហូតដល់ តា​ម៉ុក មេដឹកនាំ​យោធា​ខ្មែរក្រហម​ដែល​ធ្លាប់បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មកលើ​ប្រជាជន​ស្លូតត្រង់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​១៩៩៩​។

កង​យោធា​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ក្នុង​តំបន់​អន្លង់វែង ប្រមាណ​ជិត​ពីរពាន់​នាក់​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​១៩៩៩ ក្រោម​អធិបតីភាព​របស់​សហ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឯកឧត្តម ទៀ បាញ់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរី​រ័ត្ន​។ (​រូបថត ៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្រៅពី​សមរភូមិ​ប្រយុទ្ធ អន្លង់វែង​គឺជា​កន្លែង​ដែល​ធ្លាប់​កើតឡើង​នូវ​អំពើហិង្សា ការកាប់សម្លាប់ និង​បាន​ក្លាយជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​រន្ធត់ នៅពេលដែល​រចនាសម្ព័ន្ធ​របស់​ខ្មែរក្រហម​ក្នុង​តំបន់​នេះ​បាន​ដួលរលំ​ទាំងស្រុង​។ អន្លង់វែង​បាន​បង្កប់​នូវ​អត្ថន័យ និង​រឿងរ៉ាវ​ជាច្រើន​ដែល​យើង​មិន​បានដឹង​។

​សព្វថ្ងៃ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​អន្លង់វែង​ភាគច្រើន​គឺជា​អតីត​កម្មាភិបាល យោធា និង​គ្រួសារ​ខ្មែរក្រហម ដែល​បាន​រត់​ភៀសខ្លួន​មកពី​បណ្តា​ខេត្ត​នានា នៅ​ទូទាំងប្រទេស​កម្ពុជា បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ រួមទាំង ប្រជាជន​ចំណូល​ថ្មី​ដែល​បាន​ចូលមក​រស់នៅក្នុង​តំបន់​នេះ បន្ទាប់ពី​យោធា​របស់​ខ្មែរក្រហម​ដែល​នៅ​សេសសល់ បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​១៩៩៩​។ ដោយសារ​តំបន់​អន្លង់វែង មាន​ប្រជាជន​រស់នៅ​ចម្រុះ ទាំង​ជនរងគ្រោះ និង​ជនដៃដល់ ដូច្នេះហើយ​ទើប​ប្រជាជន​ទាំងនេះ​បាន​រៀបរាប់​ពីបទ​ពិសោធន៍ រឿងរ៉ាវ និង​បាន​បញ្ចេញ​នូវ​ទស្សនៈ​ខុសៗ​គ្នា​ដូចខាងក្រោម ៖

១) នូវ សុខន​
​មុន​របប លន់ នល់ ខ្ញុំ​រស់នៅក្នុង​គ្រួសារ​កសិករ​មួយ ដែលមាន​ជីវភាព​ក្រលំបាក​នៅក្នុង​ភូមិ​លាយ​បូ ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ខ្ញុំ​ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៦​នាក់​។ ដើម្បី​គេចចេញ​ពី​ការទម្លាក់​គ្រាប់បែក និង​ការ​វាយ​ប្រយុទ្ធ​គ្នា គ្រួសារ​របស់ខ្ញុំ​បានសម្រេច​ចិត្ត​ទៅ​រស់នៅ​ភូមិ​ផ្សេង​។ ប៉ុន្តែ​នៅពេល​ធ្វើដំណើរ​ដល់​ភ្នំ​មួយ ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​ជួបនឹង​ខ្មែរក្រហម ដែល​កំពុង​កៀរ​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ​ជ្រៅ​។ ឃើញ​ដូច្នេះ ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ភៀសខ្លួន​ចេញពី​តំបន់​នោះ​វិញ​។ នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ទៅ​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​


​លុះដល់​ឆ្នាំ​១៩៧៤ ដោយសារ​តែមាន​ការបា​ញ់​គំរាម និង​ដុត​ផ្ទះ​ប្រជាជន​ពី​សំណាក់​យោធា​ខ្មែរក្រហម​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ អង្ករ មាន់ ទា ខ្ញុំ និង​ក្រុមគ្រួសារ​បាន​រត់​គេចចេញ​ពី​ផ្ទះ​ទៅ​ដេក​តាម​អូរ​ឆ្ងាយៗ​ពី​ភូមិ​ជា​រៀងរាល់​យប់​។ ដោយសារ​មិនមាន​សុវត្ថិភាព​នៅពេលនោះ នៅ​ចុងឆ្នាំ​១៩៧៤ ខ្ញុំ និង​គ្រួ​សារបាន​ផ្លាស់​ទៅ​រស់នៅក្នុង​ក្រុង​បាត់ដំបង ដោយ​សុំ​ជង្រុក​ស្រូវ​របស់​ប្រជាជន​នៅ​ទីនោះ​ស្នាក់នៅ​បណ្តោះអាសន្ន​។​
​ខ្ញុំ​មាន​អាយុ​ប្រហែល​៩​ឆ្នាំ នៅពេល​យោធា​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​។ ពេលនោះ ខ្មែរក្រហម​បានប្រកាស​ប្រាប់​ប្រជាជន​ក្នុង​ក្រុង​បាត់ដំបង​ទាំងអស់​ឲ្យ​ឈរ​តាម​ដងផ្លូវ រួចហើយ​ស្រែកថា «​ជ​យ‌ោ​​! សម្ដេចឪ​ឈ្នះ​ហើយៗ​»​។ បន្ទាប់មក យោធា​ខ្មែរក្រហម​ក៏បាន​ដឹក​អតីត​ទាហាន លន់ នល់ តាម​រថយន្ត​ចេញ​ទៅតាម​ជាយដែន​។ ក្រោយមក​ទើប​ខ្ញុំ​ដឹងថា អតីត​ទាហាន លន់ នល់ ទាំងនោះ​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​។ បន្ទាប់ពី​ព្រឹត្តិការណ៍​នោះ ខ្ញុំ​និង​គ្រួសារ​ត្រូវបាន​យោធា​ខ្មែរក្រហម​ជម្លៀស​ចេញពី​ទីក្រុង​បាត់ដំបង​ឲ្យ​ទៅ​នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​វិញ ដោយ​យើង​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​រយៈពេល​ពីរ​ថ្ងៃ​។ នៅពេល​ទៅដល់​ភូមិ ខ្ញុំ​មិនទាន់​ទទួលបាន​ការចាត់តាំង​ឲ្យ​ការងារ​អ្វី​ឡើយ ក្រៅពី​នៅផ្ទះ​មើល​ប្អូនៗ​។ រីឯ​ឪពុកម្ដាយ​របស់ខ្ញុំ និង​ប្រជាជន​ដទៃទៀត​នៅក្នុង​ភូមិ​ជ្រៃ ត្រូវបាន​ខ្មែរក្រហម​បែងចែក​ឲ្យ​ទៅធ្វើ​ការងារ​រួម ប៉ុន្តែ​អាច​វិល​មក​ហូបបាយ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ការបរិភោគ​របស់​ប្រជាជន​មិនបាន​គ្រប់គ្រាន់​ដែរ​។ ក្នុង​ឆ្នាំ​ដដែល ប្អូន​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ និង​ខ្វះ​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​។​
​រហូតដល់​ឆ្នាំ​១៩៧៦ ទើប​ខ្មែរក្រហម​បាន​ប្រមូល​ប្រជាជន​នៅក្នុង​ភូមិ​ជ្រៃ​ឲ្យ​ហូប​រួម ដោយពេល​ថ្ងៃ​ហូប​បបរ និង​ពេល​ល្ងាច​ហូបបាយ​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ​មានរឿង​ស្នេហា​គួរ​ឲ្យ​រន្ធត់ និង​ខ្លោចផ្សា​បានកើត​ឡើង គឺ​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ជា ដែល​ប្តី​របស់គាត់​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល បាន​ស្រឡាញ់គ្នា​ជាមួយ​បុរស​ឈ្មោះ ជុំ​។ អ្នក​ទាំងពីរ​ធ្វើការ​ក្នុង​កង​ផ្សេង​ពីគ្នា ប៉ុន្តែ​ថ្ងៃមួយ​អ្នក​ទាំងពីរ​បាន​លួច​ជួបគ្នា​ហើយ​ចាប់ចិត្ត​ស្រឡាញ់គ្នា​។ ជា និង ជុំ តែងតែ​លួច​ទៅ​រួមរស់​ជាមួយគ្នា​នៅពេល​យប់​។ ថ្ងៃមួយ​ឈ្លប​ខ្មែរក្រហម​បានដឹង​រឿងនេះ និង​បាន​ចោទ​អ្នក​ទាំងពីរ​ថា​បាន​ប្រព្រឹត្ត​ខុសសីលធម៌​។ លុះដល់​ពេលព្រឹក​ឡើង កម្មាភិបាល​ខ្មែរក្រហម​បាន​កោះហៅ​ប្រជាជន​នៅក្នុង​ឃុំ​ទៅ​ប្រជុំ រួចហើយ​ក៏បាន​នាំយក ជា និង ជុំ មកលើ​វេទិកា​។ ខណៈនោះ កម្មាភិបាល​ខ្មែរក្រហម​ក៏​បង្គាប់​ឲ្យ​អ្នកចូលរួម​ប្រជុំ​ឡើង​ប្តេជ្ញា​កុំ​យក​គំរូ​តាម​គូស្នេហ៍​ទាំងពីរ​។ បន្ទាប់ពី​ប្រជុំ​ចប់ ឈ្លប​ខ្មែរក្រហម​ក៏​បណ្តើរ ជា និង ជុំ ចេញទៅ​។ ពេល​បណ្តើរ​ទៅដល់​មាត់​រណ្តៅ​នៅ​ចុង​ភូមិ ឈ្លប​ខ្មែរក្រហម​បាន​សម្រាត​ខោអាវ​អ្នក​ទាំងពីរ​ចេញ រួច​ហើយក៏​វាយ​សម្លាប់ ជា​។ បន្ទាប់មក ឈ្លប​ខ្មែរក្រហម​បាន​វះ​យក​ថ្លើម និង​ប្រមា​ត់របស់ ជា រួចហើយ​ដាក់​សព​របស់ ជា ផ្ងារ​ក្នុង​រណ្តៅ​។ ចំណែក ជុំ ត្រូវបាន​ឈ្លប​ខ្មែរក្រហម​វាយ​ឲ្យ​សន្លប់ បន្ទាប់មក​ដាក់​ឲ្យ​ដេក​ផ្កាប់​ពីលើ​សាកសព​របស់ ជា រួចហើយ​កប់​ទាំង​រស់​តែម្តង​។​
​ ​នៅក្នុង​ឆ្នាំ​១៩៧៧ ខ្ញុំ​មាន​អាយុ​ប្រហែល​១១​ឆ្នាំ ពេលនោះ​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ចូលធ្វើ​ការងារ​ក្នុង​កងកុមារ ដូចជា ដេញចាប និង​បោចស្មៅ​នៅតាម​វាលស្រែ​។ រីឯ​របប​អាហារ​របស់ខ្ញុំ គឺ​ពេល​ថ្ងៃត្រង់​ហូប​បបរ និង​ពេល​ល្ងាច​ហូបបាយ​។ ពេលនោះ ប្រសិនបើ​កុមា​រណា​ខ្ជិល ឬ​លួច​រត់​ទៅផ្ទះ មេកង​នឹង​ចាប់​កុមារ​ទាំងនោះ​យកមក​កង​វិញ​។ មេកង​បាន​ចង​កុមារ​ទាំងនោះ​ផ្អោប​ទៅនឹង​សសរ រួច​យក​អង្ក្រង​មក​ឲ្យ​ខាំ ថែមទាំង​បង្អត់អាហារ​កុមារ​ទាំងនោះ​ទៀតផង​។​
​ក្នុងអំឡុង​ឆ្នាំ​១៩៧៨​‍​ ដល់​ឆ្នាំ​១៩៧៩ ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ទៅ​នៅ​តា​កោរ​ទ្រេត ឆ្ងាយ​ពី​ភូមិ​ដែល​គ្រួសារ​របស់ខ្ញុំ​រស់នៅ​។ រយៈពេល​មួយខែ ទើប​ខ្មែរក្រហម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​មកជួប​គ្រួសារ​ម្ដង​។ នៅ​ទីនោះ ខ្ញុំ​ត្រូវបាន​ប្រធាន​កង​ចាត់តាំង​ឲ្យ​ដើរ​រើស​ឧស កាប់​ដី និង​លើក​ទំនប់​តូចៗ ប៉ុន្តែ​ខ្មែរក្រហម​មិនបាន​បង្ខិតបង្ខំ​ខ្ញុំ និង​ប្រជាជន​នៅក្នុង​តំបន់​នេះ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ឡើយ​។​
​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ឆ្នាំ​១៩៧៩ គ្រួសារ​របស់ខ្ញុំ​បានមក​ជួបជុំគ្នា​វិញ និង​បាន​ទៅ​រស់នៅ​ក្នុងស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទោះបី​របប​ខ្មែរក្រហម​ដួលរលំ​ទៅហើយ​ក៏ដោយ ក៏​សង្គ្រាម​រវាង​ខ្មែរក្រហម និង​កងទ័ព​វៀតណាម​នៅតែ​បន្ត​ក្នុងភូមិ​ឃុំ​ដែល​ខ្ញុំ​រស់នៅ​រហូតដល់​ឆ្នាំ​១៩៩៥​។ ក្រោយមក ខ្ញុំ​ក៏បាន​ផ្លាស់​មក​រស់នៅ​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រហូតមកដល់​សព្វថ្ងៃ​។

២) មឹង លាត​
​ខ្ញុំ​មាន​អាយុ​៥៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ នៅមុន​របប​ខ្មែរក្រហម ខ្ញុំ​បានរស់នៅ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​។ ឪពុកម្តាយ​របស់ខ្ញុំ​ប្រកបរ​បរជាកសិករ ចំណែក​ខ្ញុំ​បាន​ជួយ​មើលថែ​ប្អូន​តូចៗ​។
​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ពេលដែល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ ខ្មែរក្រហម​បាន​បំបែក ខ្ញុំ​ចេញពី​ក្រុមគ្រួសារ ។ ប៉ុន្តែ​ខ្មែរក្រហម​មិនបាន​ជម្លៀស​ខ្ញុំ​ទៅ​តំបន់​ឆ្ងាយ​ឡើយ ដោយសារតែ​ខ្ញុំ​មាន​ប្រវត្តិរូប​ជា​កូន​កសិករ​។ ផ្ទុយទៅវិញ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ដែលមាន​ប្រវត្តិ​ជា​គ្រូបង្រៀន ឬ​គ្រូពេទ្យ​ទៅ​តំបន់​ឆ្ងាយៗ​។​
​ដោយសារ​ខ្ញុំ​នៅ​ជា​កុមារ​នា​សម័យ​នោះ ខ្មែរក្រហម​បាន​បញ្ជា​ខ្ញុំ​ឲ​ទៅ​កាប់​ទន្ទ្រានខែត្រ​យកមក​ចិញ្ច្រាំ​ធ្វើ​ជី រែក​ដី លើក​ទំនប់ ដាំដំឡូង និង​ជញ្ជូន​កណ្តាប់​។ ចំពោះ​ការរៀនសូត្រ ខ្ញុំ​និង​ក្មេងៗ​ដទៃទៀត​នៅក្នុង​ភូមិ​ត្រូវបាន​ខ្មែរក្រហម​អនុញ្ញាត​ឲ្យ​រៀនអក្សរ​បន្តិចបន្តួច ជាមួយ​គ្រូបង្រៀន​នៅក្រោម​ម្លប់​ដើម​ឫស្សី​។
​នៅពេលនោះ ខ្ញុំ​បានឃើញ​ខ្មែរក្រហម​ចាប់​មនុស្ស​យកទៅ​សម្លាប់ និង​យកទៅ​មន្ទីរ​សន្តិសុខ​ដែល​ភាគច្រើន​អ្នក​ទាំងនោះ​ជា​គ្រូបង្រៀន​កាលពី​សង្គមចាស់ គ្រូពេទ្យ និង​បញ្ញវន្ត​ជាដើម​។ ដោយសារ​ខ្ញុំ​មាន​អាយុ​តិច និង​នៅ​វ័យក្មេង​នៅឡើយ ដូច្នេះ​ខ្ញុំ​មិនសូវ​ភ័យខ្លាច​ទេ​នៅពេល​ឃើញ​ហេតុការណ៍​នៃ​ការសម្លាប់​ប្រជាជន​ទាំងនោះ ទោះបីជា​ឪពុកម្តាយ​របស់ខ្ញុំ​បាន​ហាមឃាត់​ខ្ញុំ​មិន​ឲ្យ​ទៅ​មើល​ក៏ដោយ​។ ចំពោះ​អាហារ​ប្រចាំថ្ងៃ ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ដាំបាយ និង​ហូប​ជុំ​គ្រួសារ​នៅផ្ទះ​ឡើយ​។ ប្រជាជន​ទាំងអស់​ត្រូវតែ​ហូប​ជុំគ្នា​នៅ​រោង​បាយ​រួម​។ អាហារ​នៅពេលនោះ​មាន​បាយ បបរ លាយ​ជាមួយ​ដំឡូង​មី និង​បន្លែ​ផ្សេងៗ​។ នៅពេល​សហករណ៍​ខ្វះខាត​អង្ករ​ម្តងៗ ប្រជាជន​ត្រូវ​ហូប​បបរ​រាវ​រយៈពេល​កន្លះ​ខែ​ទៅមួយ​ខែ​។ នៅក្នុង​សម័យ​នោះ ប្រជាជន​មិនមាន​សិទ្ធិ​ជ្រើសរើស​ប្តី​ប្រពន្ធ​ដោយ​ខ្លួនឯង​បានឡើយ គឺ​ខ្មែរក្រហម​ជា​អ្នក​រៀបការ​ឲ្យ​អ្នក​ទាំងនោះ ដោយ​ក្នុង​ពិធី​រៀបការ​ម្តងៗ​មាន​ប្តី​ប្រពន្ធ​ចាប់ពី​១០​គូ ទៅ​៥០​គូ​។​
​នៅពេល​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម ខ្ញុំ​មាន​អារម្មណ៍​ភិតភ័យ​យ៉ាងខ្លាំង ព្រោះ​ខ្ញុំ​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម ថា “​កំពប់​តែ​អុង​” ដែល​មានន័យថា​វៀតណាម នឹង​យក​ក្បាល​ខ្មែរ​ធ្វើជា​មុំ​ចង្ក្រាន​ដាំទឹក​តែ​។ ពេលនោះ​កងទ័ព​វៀតណាម​បាន​បង្គាប់​ឲ្យ ខ្ញុំ​និង​ប្រជាជន​ដទៃទៀត​ទៅ​ដេក​នៅ​វាលស្រែ បន្ទាប់មក​បាន​ចែក​ថ្នាំពេទ្យ ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ​ឲ្យ​ខ្ញុំ និង​ប្រជាជន​នៅ​ទីនោះ​ទៀតផង​។​
​ខ្ញុំ​សប្បាយរីករាយ​យ៉ាងខ្លាំង​ព្រោះ​បាន​ជួបជុំ​ឪពុកម្តាយ និង​មក​រស់​នៅផ្ទះ​របស់ខ្លួន​វិញ​។ បន្ទាប់មក​រដ្ឋអំណាច​ថ្មី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក៏បាន​ចែក​ដីស្រែ និង​ពូជស្រូវ​ឲ្យ​គ្រួសារ​ខ្ញុំ និង​ប្រជាជន​ដាំ​ដុះ​ដើម្បី​ចិញ្ចឹម​គ្រួសារ​។​
​ទោះបី​របប​ខ្មែរក្រហម​ដួលរលំ​ទៅហើយ​ក៏ដោយ​ក៏​សង្គ្រាម​នៅតែ​បន្ត ហើយ​ខ្ញុំ​និង​ក្រុមគ្រួសារ​តែងតែ​រត់គេច​ពី​ការវាយប្រហារ​គ្នា​រវាង​យោធា​ខ្មែរក្រហម និង​កងទ័ព​របប​សាធារណរដ្ឋ​ខ្មែរ ដែល​គាំទ្រ​ដោយ​វៀតណាម​។
​នៅពេលដែល​សង្គ្រាម​នៅក្នុង​ភូមិ​ខ្ញុំ​បាន​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៧ ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​វិល​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​នៅ​ស្រុក​ជីក្រែង​វិញ​។ ក្រោយមក ខ្ញុំ​ក៏បាន​ផ្លាស់​មក​រស់នៅ​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​គិត​មកដល់​បច្ចុប្បន្ន​មាន​រយៈពេល​១៤​ឆ្នាំ​មកហើយ​។
​ទោះបី​របប​ខ្មែរក្រហម​បាន​ផុតរលត់​ទៅជា​ង​៣៩​ឆ្នាំ​មកហើយ​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ចងចាំ និង​នឹកឃើញ​អំពី​ហេតុការណ៍​នៃ​ការសម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ ហើយ​អដ្ឋិធាតុ​របស់​ជនរងគ្រោះ​ទាំងនោះ​ត្រូវបាន​តម្កល់​នៅ​វត្ត​មួយ​ក្នុង​ឃុំ​កំពង់ក្តី​រហូតមកដល់​សព្វថ្ងៃ​។ ខ្ញុំ​មិន​ចង់​ឲ្យ​របប​បែបនេះ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​មានការ​ចងចាំ​ពី​របប​នេះ​ដើម្បី​ជាការ​ផ្សះផ្សា និង​ចង់​ឲ្យ​មាន​សន្តិភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

៣) ឌី កិ​ញ​
​នៅពេល​ខ្ញុំ​អាយុ​១៦​ឆ្នាំ ប្រទេសជាតិ កំពុង​ធ្លាក់​ចូលក្នុង​សង្គ្រាម ដោយ​ការដណ្តើម​អំណាច​គ្នា​រវាង​សេនាប្រមុខ លន់ នល់ និង កងកម្លាំង​រំដោះ​ខ្មែរក្រហម​។ ក្រោយពេល​ខ្មែរក្រហម​ឡើង​គ្រប់គ្រង​ប្រទេស ខ្ញុំ​និង​ក្មេង ៗ​ដទៃទៀត​នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្ត​បាត់ ដំបង ត្រូវបាន​បញ្ចូល​ទៅក្នុង​កងកុមារ ដែល មាន​ភារកិច្ច​ឃ្វាលគោ ក្របី ស្វែងរក​រុក្ខជាតិ រើស​លាមក​សត្វ​មក​ធ្វើ​ជី និង​ជញ្ជូន​ជី​ដាក់​ស្រែ​។ ចំណែកឯ​យុវជន​ដែលមាន​កម្លាំង​ពេញ ត្រូវបាន​ខ្មែរក្រហម​បញ្ចូល​ទៅក្នុង​កងចល័ត ដែល​ត្រូវធ្វើ​ការងារ ភ្ជួរ​រាស់ ជីក​ស្រះ ជីក​ប្រឡាយ លើកភ្លឺស្រែ លើក​ទំនប់ ស្ទូងស្រូវ និង​ដាំ​ដំណាំ​។ ជាធម្មតា កងចល័ត​ទាំងអស់​ត្រូវ​ទៅធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះសម្បែង​របស់ខ្លួន ដោយ ហូបចុក និង​ស្នាក់នៅ​រួមគ្នា​។ នៅក្នុង​សម័យ​នោះ​ប្រជាជន​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង និង លើ​ពី​១០​ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​មិនមាន​ពេលវេលា​ឈប់សម្រាក​ឡើយ​។ នៅក្នុងពេល​ធ្វើការ ប្រជាជន​មិនអាច​អែអង់ ឬ ខ្ជិលច្រអូស​បានឡើយ ព្រោះ​គ្រប់​កងចល័ត​ទាំងអស់ គឺមាន​ឈ្លប​ខ្មែរក្រហម​ជា​អ្នក​ចាំ​ត្រួតពិនិត្យ និង​ឃ្លាំមើល​ជាប្រចាំ​។ ប្រសិនបើ​ឈ្លប​ខ្មែរក្រហម​ចាប់បាន សមាជិក​កងចល័ត​ណា​ម្នាក់​ខ្ជិលច្រអូស ឈ្លប​ខ្មែរក្រហម​នឹង​វាយ​ធ្វើបាប​សមាជិក​កងចល័ត នោះ​នៅនឹងកន្លែង​តែម្តង ហើយ​ពេលខ្លះ​វាយ​រហូតដល់​ស្លាប់​ក៏មាន​។​


​ក្នុងសម័យ​ខ្មែរក្រហម ការហូបចុក​មាន​ភាព​ខ្វះខាត​យ៉ាងខ្លាំង​។ របប​អាហារ​មិន​សក្តិសម​នឹង​កម្លាំង​ពលកម្ម​ដែល​ប្រជាជន​បានធ្វើ​ដើម្បី​អង្គការ​ឡើយ​។ នៅក្នុង​សម័យ​នោះ ខ្មែរក្រហម​តម្រូវ​ឲ្យ​ប្រជាជន​ទាំងអស់​បរិភោគ​អាហារ​រួមគ្នា​នៅតាម​រោង​បាយ​ក្នុង​សហករណ៍​។ ប្រជាជន​ទាំងអស់​ទទួលបាន​អាហារ​ពីរ​ពេល​ក្នុង​មួយថ្ងៃ គឺ​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច​។ នៅក្នុង​តំបន់​៥ (​ស្រុក​ភ្នំស្រុក​) ដែល​ខ្ញុំ​រស់នៅ ខ្មែរក្រហម​បានផ្តល់​អង្ករ​តែមួយ​កំប៉ុង​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ពី​៣០ ទៅ ៤០​នាក់ ដើម្បី​យកទៅ​បបរ​លាយ​ជាមួយ​គល់​ល្ហុង គល់​ចេក​ហូប ដែល​មិន​ខុសពី​ចំណី​សម្រាប់​សត្វ​ជ្រូក​នៅពេល​បច្ចុប្បន្ន​ឡើយ​។ ទោះបីយ៉ាងណា​របប​អាហារ​មិន​ទៀងទាត់​ទេ​នៅក្នុង​របប​ខ្មែរក្រហម ពេលខ្លះ​ប្រជាជន​អាច​ទទួលបាន​អាហារ​ហូប​គ្រប់គ្រាន់ និង​ពេលខ្លះទៀត​ក៏មាន​ភាពខ្វះខាត​ដែរ​។ ប្រជាជន​ដែលមាន​ដើមកំណើត​នៅ​ស្រុកស្រែ​ចម្ការ​អាច​ទ្រាំទ្រ​ទុក្ខលំបាក​ទាំងនេះ​បាន ដោយសារតែ​ធ្លាប់​ឆ្លងកាត់​ការ​ហត់នឿយ​ពីមុនមក ប៉ុន្តែ​ខ្ញុំ​អាណិត​ប្រជាជន​ថ្មី​ដែល​ខ្មែរក្រហម​បាន​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ​ឆ្ងាយ​ពី​ភូមិ ដែល​មិនមាន​អាហារ​ហូប និង​មិន​មានផ្ទះ​ស្នាក់នៅ​។ ប្រជាជន​ថ្មី​ទាំង​នោះបាន​ទទួលរង​ការធ្វើ​បាប និង​កៀបសង្កត់​គ្រប់បែបយ៉ាង​ពី​ខ្មែរក្រហម​។ ប្រជាជន​ថ្មី​ខ្លះ​បាន​យក​ទ្រព្យសម្បត្តិ​ដែល​សេសសល់​បន្តិចបន្តួច​ទៅ​ដូរ​យក​អាហារ​ពី​ប្រជាជន​ចាស់​ក្នុង​តំបន់​នោះ ដោយ​មាស​មួយ​ជី​ដូរ​បាន​អង្ករ​តែ​ពីរ​ទៅ​បី​កំប៉ុង​តែប៉ុណ្ណោះ​។ ដោយសារតែ​ការអត់ឃ្លាន ប្រជាជន​ខ្លះ បាន​លួច​អង្ករ​ពី​សហករណ៍ ខ្លះទៀត​បាន​ដើរ​បូត​គួរ​ស្រូវ​នៅតាម​វាលស្រែ​យកមក​បុក​ហូប​។ ខ្ញុំ​ក៏​ធ្លាប់បាន​លួច​បូត​ស្រូវ​មក​បរិភោគ​ដែរ ប៉ុន្តែ​ត្រូវ​ឈ្លប​ខ្មែរក្រហម​តាម​ទាន់​។ ខ្ញុំ​បាន​បោះ​កួរស្រូវ​ទាំងអស់នោះ​ចោល រួច​និយាយ​កុហក​ឈ្លប​ខ្មែរក្រហម​ថា ខ្ញុំ​មក​ស្ទូចត្រី​យកទៅ​ឲ្យ​សហករណ៍​ធ្វើ​ម្ហូប ទើប​ឈ្លប​ខ្មែរក្រហម​នោះ​មិន​បានធ្វើ​ទារុណកម្ម​ខ្ញុំ​។ ដោយសារតែ​ការហូ​ម​ចុក​មិន​គ្រប់គ្រាន់ និង​ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង ទើប​បណ្តាល​ឲ្យ​ប្រជាជន​ថ្មី​ជាច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ និង​មួយចំនួនទៀត​បាន​ស្លាប់​។ បើទោះបីជា​បាន​ហូប​គ្រប់គ្រាន់ ឬ​មិន​គ្រប់គ្រាន់​យ៉ាងណាក៏ដោយ ក៏​ប្រជាជន​ទាំងនោះ​មិនមាន​សិទ្ធិ​តវ៉ា​ដែរ ប៉ុន្តែ​ប្រសិនបើ​នៅតែ​ហ៊ាន​តវ៉ា នឹង​ត្រូវបាន​ខ្មែរក្រហម​ចោទថា​ក្បត់ ដែល​អាច​ទទួលរង​ទោសទណ្ឌ ដូចជា ការ​បង្អត់អាហារ ការវាយដំ និង​ការយកទៅ​កសាង (​សម្លាប់ចោល​) មិន​ខាន​។ ដូច្នេះ ប្រជាជន​ទាំងនោះ​ត្រូវ​ធ្វើគរ ធ្វើ​ថ្លង់ ហើយ​សូម្បីតែ​បងប្អូន​រាប់អាន​គ្នា​ជិតស្និត​យ៉ាងណាក៏ដោយ ក៏​មិន​ហ៊ាន​និយាយ​រឿងរ៉ាវ​លំបាក​ប្រាប់​គ្នា​ដែរ​។
​នៅ​សម័យ​នោះ មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា វត្ត​អារាម​ទាំងអស់ ត្រូវបាន​ខ្មែរក្រហម​យក​ធ្វើជា​ឃ្លាំង និង​ជា​កន្លែង​សម្រាប់​ដាក់​អ្នកទោស​។ ប្រជាជន​ដែលមាន​ជំងឺ​មិនបាន​ទទួល​សេវា​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ដោយសារ​មិនមាន​ថ្នាំពេទ្យ​ឲ្យ​អ្នកជំងឺ​លេប និង​មិនមាន​ក្រុមគ្រូពេទ្យ​ជំនាញ​។ ខ្មែរក្រហម​បាន​ផលិត​ថ្នាំ​ម្យ៉ាង​ឈ្មោះថា ថ្នាំ​អាចម៍​ទន្សាយ​សម្រាប់​ឲ្យ​អ្នកជំងឺ​លេប​។ ទោះបី​អ្នកជំងឺ​នោះ​ឈឺ​អ្វី​ក៏ដោយ ក៏​ខ្មែរក្រហម​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ដើម្បី​ព្យាបាល​ដែរ​។ ដូច្នេះ​ប្រជាជន​ដែល​ធ្លាក់ខ្លួន​ឈឺ​ភាគច្រើន​បាន​បាត់​បង់ជីវិត​។ ខ្មែរក្រហម​បាន​លុបបំបាត់ចោល​ទាំងស្រុង និង​បាន​ហាមឃាត់​រាល់​ការ​ប្រណិប័តន៍​សាសនា​។ ចំណែក​ព្រះសង្ឃ​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​សឹក រួចហើយ​បញ្ជូន​ឲ្យ​ទៅធ្វើ​ស្រែចម្ការ​ដូចជា​ប្រជាជន​ទូទៅ​ដែរ​។ ចំពោះ​ការរៀប​ការ ខ្មែរក្រហម​បានរៀបចំ​ពិធី​ជួបជុំ​មួយ​ដែល​ប្រជាជន​ទូទៅ​ហៅថា “​ការចាប់អារម្មណ៍​”​។ ពេល​រៀបចំ​ធ្វើ​ពិធី​នេះ​ម្តងៗ មានកូន​កំលោះ និង​កូនក្រមុំ​ជាច្រើន​គូ​បាន​ចូលរួម គឺ ៖ ១) សម្រាប់​ពិធី​តូច​មានកូន​កំលោះ និង​កូនក្រមុំ ចាប់ពី​២០ ទៅ ៣០​គូ និង ២) សម្រាប់​ពិធី​រៀបការ​ធំ មានកូន​កំលោះ និង​កូនក្រមុំ ចាប់ពី​៥០ ទៅ​១០០​គូ​។ កូនក្រមុំ និង កូនកំលោះ ភាគច្រើន​ត្រូវបាន​ខ្មែរក្រហម​ចាប់បង្ខំ​ឲ្យ​រៀបការ ដោយ​អ្នកខ្លះ​មិនដែល​បាន​ជួប​មុខ​គ្នា​ទេ​។ ប៉ុន្តែ​នៅពេលនោះ បុរស​នារី​ស្រឡាញ់គ្នា​ទៅវិញទៅមក ក៏​អាច​ស្នើសុំ​ទៅ​ប្រធាន​សហករណ៍​ដើម្បី​រៀបការ​បានដែរ​។ ប៉ុន្តែ​ប្រសិនបើ​មាន​កម្មាភិបាល​ខ្មែរក្រហម និង​យោធា​ខ្មែរក្រហម​ណា​ម្នាក់​ជំទាស់ ឬ​ស្រឡាញ់​នារី​នោះដែរ បុរស​និង​នារី​នោះ​ក៏​មិនអាច​រៀបការ​បានដែរ​។ នារី​នោះ​ត្រូវ​មក​រៀបការ​ជាមួយ​កម្មាភិបាល ឬ​យោធា​ខ្មែរក្រហម​វិញ បើទោះបីជា​នារី​នោះ​មិន​ពេញចិត្ត​ក៏ដោយ​។ នៅក្នុង​ពិធី​រៀបការ​កូនកំលោះ និង​កូនក្រមុំ ត្រូវតែ​សន្យា​យកគ្នា​ជា​ប្តី​ប្រពន្ធ​ចំពោះមុខ​គណអធិបតី រួច​វិលត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​។ ក្រោយពី​រៀបការ គូ​ស្វាមីភរិយា​ថ្មី​អាច​រស់នៅ​ជាមួយគ្នា​រយៈពេល​២​ទៅ​៣​ថ្ងៃ​តាម​ការយោគយល់​របស់​ប្រធាន​កង​។ ក្នុងកំឡុងពេល​រស់នៅ​ជាមួយគ្នា គូ​ស្វាមីភរិយា​ថ្មី​បាន​ស្ថិតនៅក្រោម​ការ​តាន​ដាន​របស់​កងឈ្លប​ភូមិ​ជាប្រចាំ​។ កងឈ្លប​ខ្មែរក្រហម​ភាគច្រើន​មាន​វ័យក្មេង​ដែលមាន​អាយុ​ចាប់ពី​១៥​ទៅ​១៦​ឆ្នាំ ជា​កូន​របស់​ប្រជាជន​មូលដ្ឋាន និង​ជា​ក្មេង​កំព្រា​ដែល​ឪពុកម្តាយ​ស្លាប់ចោល​។ ប្រសិនបើ​ស្វាមីភរិយា​ថ្មី​នោះ​រស់នៅ​មិន​ចុះសម្រុង​គ្នា ឬ​មិន​ព្រម​រួមរស់​ជាមួយគ្នា កងឈ្លប​នឹង​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​ដាក់ទោស​ដល់​អ្នក​ទាំងពី​រ​។ ក្នុង​តំបន់​របស់ខ្ញុំ​រស់នៅ មាន​ស្វាមីភរិយា​ខ្លះ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយសារ​អ្នក​ទាំងពីរ​មិន​ស្រឡាញ់គ្នា ចំណែក​អ្នកខ្លះ​ទៀត​បាន​ទ្រាំ​រួមរស់​ជាមួយគ្នា​ទាំង​បង្ខំចិត្ត​រហូតដល់​រប​ប​ខ្មែរក្រហម​ដួលរលំ ដោយសារតែ​ខ្លាច​ឈ្លប​សម្លាប់​។
​នៅក្នុង​របប​ខ្មែរក្រហម ប្រជាជន​ទូទាំងប្រទេស​រងទុក្ខវេទនា​យ៉ាងខ្លាំង សិទ្ឋិ​សេរីភាព​គ្រប់បែបយ៉ាង​របស់​ប្រជាជន​ត្រូវបាន​ដកហូត​។ ប្រជាជន​គ្មាន​សិទ្ឋិ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា គ្មាន​សិទ្ឋិ​ក្នុងការ​បញ្ចេញ​មតិយោបល់ ឬ​ស្នើសុំ​អ្វី​ឡើយ​។ នៅក្នុង​ស្រុកភូមិ​របស់​ខ្ញុំ សូម្បីតែ​ឪពុកម្តាយ បងប្អូន​សាច់ញាតិ​គ្នា​ក៏​មិន​ហ៊ាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ដែរ ព្រោះ​ខ្លាច​ខ្មែរក្រហម​ចោទថា​ក្បត់​។​
​ ​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ចងចាំ​មិន​ភ្លេច​នោះ គឺ​ខ្មែរក្រហម​បាន​កាប់សម្លាប់​ប្រជាជន​ដោយ​មិន​ញញើត​ឡើយ​។ ជាក់ស្តែង​ប្រជាជន ១៧ មេសា ក្នុងស្រុក​ភ្នំស្រុក ទទួលរង​ការកាប់សម្លាប់ និង​ការជិះជាន់​ខ្លាំង​ជាង​ប្រជាជន​មូលដ្ឋាន​។ ចំពោះ​ប្រជាជន​ថ្មី​ដែល​ជម្លៀស​មកពី​ទីក្រុង ត្រូវបាន​ឈ្លប​ខ្មែរក្រហម​យកទៅ​ឃុំឃាំង​នៅក្នុង​សាលារៀន​មួយ​ក្នុងស្រុក​ភ្នំស្រុក បន្ទាប់មក​ឈ្លប​ខ្មែរក្រហម​បានសម្លាប់​អ្នក​ទាំងនោះ រួច​ទម្លាក់​ចូលទៅក្នុង​អណ្តូងទឹក​នៅក្នុង​សាលារៀន​នោះ ។ ចំណែក​ប្រជាជន​មួយចំនួនទៀត​ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ចូលទៅក្នុង​ព្រៃ​ដោយ​បង្អត់អាហារ និង​ធ្វើ​ទារុណកម្ម​រហូត​បាត់បង់​ជីវិត​។ ប្រជាជន​ដែលមាន​កំហុស​បន្តិចបន្តួច ដូចជា លួច​បេះ​បន្លែ ផ្លែឈើ​របស់​អង្គការ និយាយ​ប៉ះពាល់​អង្គការ ឬ​ប្រឆាំងនឹង​បញ្ជា​ថ្នាក់លើ ក៏ត្រូវ​បាន​ឈ្លប​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​ដែរ​។ នៅពេល​ខ្លះ​ប្រជាជន​ដែល​ស្ថិតនៅក្នុង​ការសង្ស័យ​ពី​ថ្នាក់លើ ក៏​ឈ្លប​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយ​គ្មាន​ការសួរនាំ​ដែរ​។ ចាប់តាំងពី​ពេល​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ភ្លាមៗ ខ្មែរក្រហម​បានសម្លាប់ ទាហាន មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន បញ្ញវន្ត ក្នុង​របប​ចាស់​អស់​ជាច្រើន​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ មាន​ស្ត្រី​ចំណាស់​ម្នាក់​បាន​ជម្លៀស​មកពី​ខេត្តសៀមរាប មាន​ប្តី​ធ្លាប់​ធ្វើជា​ទាហាន​ក្នុង​របប លន់ នល់ ត្រូវបាន​ឈ្លប​ខ្មែរក្រហម​យក​យកទៅ​សម្លាប់ចោល​ក្រោយពី​ស៊ើប​ដឹង​ប្រវត្តិរូប​។ បន្ទាប់ពី​ឈ្លប​ខ្មែរក្រហម​សម្លាប់​ប្តី​ស្ត្រី​ម្នាក់​នោះ​រួច មក ឈ្លប​ខ្មែរក្រហម​បាន​ប្រាប់​ស្ត្រី​នោះ​ថា ប្រសិនបើ​ស្ត្រី​នោះ​មាន​បងប្អូន​សាច់ញាតិ​ខ្លួន​នៅរស់​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី​នោះ​ទៅ​រស់នៅ​ជុំគ្នា​វិញ​។ តម​ក ឈ្លប​ខ្មែរក្រហម​ក៏​យក​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់​ស្ត្រី​នោះ​ទៅ​សម្លាប់​បន្ថែមទៀត​នៅ​ភ្នំ​ទ្រង់​បាត ក្នុង​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​
​នៅ​ខែធ្នូ ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ មួយរយៈ​ក្រោយមក ខ្មែរក្រហម​ក៏​ជម្លៀស​គ្រួសារ​ខ្ញុំ​ត្រឡប់​ទៅ​នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​វិញ​។ នៅ​ទីនោះ ដោយសារ​គ្រួសារ​របស់ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អតីត​យោធា​ម្នាក់ ទើប​យោធា​នោះបាន​លួច​ប្រាប់​ឪពុក​របស់ខ្ញុំ​ថា គ្រួសារ​ខ្ញុំ​នឹងត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​បន្ទាប់ពី​ការជម្លៀស​នេះ​មិន​ខាន​។ ថ្ងៃមួយ កម្មាភិបាល​ខ្មែរក្រហម​បានប្រកាស​ប្រាប់​ប្រជាជន​នៅក្នុង​ភូមិ​ឲ្យ​ទៅ​ចូលរួម​ពិធីជប់លៀង​នៅ​ភ្នំ​ថ្ម​ក្រាប នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​១៩៧៩ ជា​ពេលវេលា​ដែល​ខ្មែរក្រហម​រៀប​ផែនការ​សម្លាប់​ប្រជាជន​។ ប៉ុន្តែ​សំណាងល្អ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​បាន​ចូលមក​រំដោះ ខ្ញុំ​និង​ក្រុមគ្រួសារ​មុន គឺ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ប្រជាជន​ទាំងអស់​បានមក​ជួបជុំ​បងប្អូន សាច់ញាតិ និង​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​រៀងខ្លួន​វិញ​។ ពេលនោះ រដ្ឋអំណាច​ក៏បាន​បែងចែក​ដីធ្លី​ឲ្យ​គ្រួសារ​របស់ខ្ញុំ​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត​។ ចំណែក​កងឈ្លប​ខ្មែរក្រហម​នៅក្នុង​ភូមិ​ដែល​ធ្លាប់​ធ្វើបាប​ប្រជាជន ក៏បាន​រត់​ភៀសខ្លួន​ទៅ​រស់​នៅតាម​ជំរំ រីឯ​ប្រធាន​សហករណ៍​ខ្មែរក្រហម​ខ្លះ​ដែល​រត់គេចខ្លួន​មិនទាន់ ក៏ត្រូវ​ប្រជាជន​សម្លាប់ ព្រោះ​ឈឺចាប់​ជាមួយនឹង​របប​ខ្មែរក្រហម​។ ក្រោយមក ខ្ញុំ​ក៏​ផ្លាស់​ទីលំនៅ​ពី​ស្រុក​ភ្នំស្រុក​មក​រស់នៅក្នុង​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយបាន​ប្រកបរ​បរជាកសិករ រហូតមកដល់​សព្វថ្ងៃ​។​

៤) វ៉ាង វឿ​ង​
​នៅពេល​ខ្ញុំ​មាន​អាយុ​៧​ឆ្នាំ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើការ​នៅក្នុង​កងកុមារ​។ កាល នោះ​គ្រួសារ​របស់ខ្ញុំ​មាន​សមាជិក​៤​នាក់ រស់នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ នៅ​ក្នុងសម័យ​ខ្មែរក្រហម ប្រជាជន​ចាប់ផ្តើម​ធ្វើការ​ចាប់ពី​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​១១​ថ្ងៃត្រង់ ហើយ​ពេល​រសៀល​ធ្វើការ​ចាប់ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​៥ ឬ ៦​ល្ងាច​។ ដោយឡែក​ខ្ញុំ​ជា​កុមារ​តែងតែបាន​បរិភោគ​អាហារ​មុនគេ​។ ទាំង​កុមា​រទាំង​មនុស្ស​ចាស់​បានទទួលរ​បប​អាហារ​ពីរ​ពេល​ក្នុង​មួយថ្ងៃ​ដូចៗ​គ្នា​។ ខ្មែរក្រហម​បាន​ចែក​ចាន​មួយ និង​ស្លាបព្រា​បាយ​មួយ​សម្រាប់​មនុស្ស​ម្នាក់ៗ ដើម្បី​ប្រើប្រាស់​រៀងៗ​ខ្លួន​។
​នៅ​ម៉ោង​សម្រាក​ពី​ការងារ ខ្ញុំ​និង​ក្មេង​ដទៃ តែងតែ​ដើររក​អាហារ​ហូប​បន្ថែម ដូចជា បេះ​ស្លឹក​ផ្ទី និង​ជីក​មើម​ក្ដួច​។ ការងារ​របស់ខ្ញុំ​ពេលនោះ គឺ​ដើរ​រើស​អាចម៍គោ​-​ក្របី និង​កាត់​ដើម​ទន្ទ្រានខែត្រ​ដើម្បី​ចិញ្ច្រាំ​ធ្វើ​ជី​។ ខ្ញុំ​មិន​ត្រូវបាន​មេកង​វាយដំ​ឡើយ​ព្រោះ​ខ្ញុំ​នៅ​ក្មេង ប៉ុន្ដែ​ខ្ញុំ​ធ្លាប់បាន​ទទួលពិន័យ​ឲ្យ​ឈរលើ​សំបុក​ស្រមោច និង​ឈរ​ហាលថ្ងៃ​។
​ពេលខ្លះ ខ្ញុំ​បានមក​ដេក​ជាមួយ​ឪពុកម្តាយ ហើយ​ថ្ងៃ​ខ្លះទៀត​ខ្ញុំ​ស្នាក់នៅ​ជាមួយ​កងកុមារ​។ រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​តក់ស្លុត និង​ភ័យខ្លាច​បំផុត​នោះ គឺ​ការសម្លាប់​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​ឈ្លប​ខ្មែរក្រហម​។ នៅ​សម័យ​នោះ ប្រជាជន​ដែល​ត្រូវបាន​ចោទថា​បាន​ប្រ​ពឹ​ត្ត​ខុស​វិន័យ ត្រូវបាន​ឈ្លប​ខ្មែរក្រហម​ចាប់ចង​និង​បណ្តើ​រទាំង​ខ្សែៗ ដោយ​ក្នុង​មួយ​ខ្សែ​មាន​មនុស្ស​ចាប់ពី​១០​នាក់​ឡើងទៅ និង​មាន​យោធា​ខ្មែរក្រហម​ម្នាក់​កាន់​ខ្សែ​បណ្តើរ​ពីមុខ និង​ម្នាក់ទៀត​នៅ​ខាងក្រោយ​។ ពេល​បណ្តើរ​អ្នកទោស​ដល់​មាត់ជ្រោះ ខ្មែរក្រហម​បាន​វាយ រួចហើយ​ច្រាន​អ្នកទោស​នោះ​ទម្លាក់​ចូលទៅក្នុង​ជ្រោះ​នោះ បន្ទាប់មក​ខ្មែរក្រហម​បាន​ចាក់​អង្កាម​លើ​សាកសព​ដើម្បី​ដុត​ធ្វើជា​ជី​ដាក់​ដំណាំ និង​ស្រូវ​។ អ្នក​ដែល​ធ្លាក់ចូល​ក្នុង​ជ្រោះ​នោះ មិនអាច​ឡើងមក​វិញ​បានឡើយ​។ ខ្ញុំ​ធ្លាប់​ដើរ​ទៅជិត​ជ្រោះ​នោះ និង​បានឮ​សំឡេង​មនុស្ស​ស្រែក​ឲ្យ​ជួយ​។
​នៅ​ឆ្នាំ​១៩៨៤ ខ្ញុំ​បាន​ចូល​បម្រើ​ជា​កងទ័ព​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។ នៅ​ឆ្នាំ​១៩៩៤ ខ្ញុំ​បាន​រៀបការ ហើយ​បាន​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ភូមិ​កណ្ដាល ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។
​មកដល់​ឆ្នាំ​១៩៩០ ខ្ញុំ​និង​ប្រពន្ធ​ក៏បាន​ផ្លាស់​មក​រស់នៅ​ក្នុងភូមិ​គោក​សុ​ព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រោយមក ខ្ញុំ​បានសម្រេច​ចិត្ត​ឈប់​ធ្វើជា​ទាហាន​ដោយសារ​ប្រាក់ខែ​មិន​គ្រប់គ្រាន់​។ សព្វថ្ងៃ​ខ្ញុំ​មានកូន​៦​នាក់ កូនស្រី​៣​នាក់ និង​កូនប្រុស​៣​នាក់ ដោយ​ប្រកប​របរ​កសិកម្ម និង​ធ្វើ​ជំនួញ​។​

៥) នួន អ៊ឹម​
​នៅ​ឆ្នាំ​១៩៧៥ គ្រួសារ​របស់ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ពី​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ធំ ឲ្យ​ទៅ​ខេត្ដ​កំពង់ចាម​។ ពេលនោះ ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​ចំនួន​៧​នាក់ (​ប្រុស​៣​នាក់ និង ស្រី​ចំនួន​៤​នាក់​) ត្រូវបាន​ខ្មែរក្រហម​ជ្រើសរើស​ឲ្យ​ធ្វើ​ការងារ ដូចជា លើក​ទំនប់ និង​ជីក​ប្រឡាយ​។ ក្រោយមក ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលក្នុង​កង​ដឹកជញ្ជូន​គ្រាប់​ឲ្យ​យោធា​។
ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​ភៀសខ្លួន​ពី​ស្រុកកំណើត​មក​នៅ​អន្លង់វែង​។ ពេលនោះ ខ្ញុំ​បាន​បាត់បង់​ឪពុក​ជាទី​ស្រឡាញ់​ដោយសារ​ជាន់មីន​នៅតាម​ផ្លូវ​ពេល​រត់​ភៀសខ្លួន​។ ក្រុមគ្រួសារ​របស់ខ្ញុំ បានមក​រស់នៅក្នុង​តំបន់​អន្លង់វែង​មិនទាន់បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​ឮដំណឹង​ថា​កងទ័ព​វៀតណាម​វាយ​ចូលមក​។ ដូច្នេះ ខ្ញុំ​និង​គ្រួសារ​ក៏​ចាប់ផ្ដើម​រៀបចំ បង្វេចខោអាវ​រត់ចេញ​ពី​តំបន់​អន្លង់វែង​ដោយ​ធ្វើដំណើរ​ថ្មើរជើង​ទៅ​នៅ​ជំរំ​ភូ​ណ​យ ក្នុង​ទឹកដី​ថៃ​។ ការធ្វើដំណើរ​របស់ខ្ញុំ​នៅពេលនោះ ជួប​ការលំបាក ខ្វះខាត​ស្បៀងអាហារ​ហូបចុក និង ថ្នាំសង្កូវ​យ៉ាងខ្លាំង​។ នៅពេល​មកដល់​ជំរំ​ក្នុង​ទឹកដី​ថៃ ទើប​ការរស់នៅ និង​ជីវភាព​របស់ខ្ញុំ បាន​ប្រសើរ​ជាង​មុន ដោយសារ​មាន​អង្គការ​អន្តរជាតិ​ផ្គត់ផ្គង់​អាហារ​សម្រាប់​ប្រជាជន​ដែល​រត់​ភៀសខ្លួន​។
​ខ្ញុំ​និង​ក្រុមគ្រួសារ​បានរស់នៅ​ក្នុង​ជំរំ​ក្នុង​ទឹកដី​ថៃ​មួយរយៈ យើង​បានធ្វើ​មាតុភូមិ​និ​វត្ដ​ន៍​មក​កម្ពុជា​វិញ​។ ខ្ញុំ និង​ប្រជាជន​ភៀសខ្លួន​ដទៃទៀត​បានមក​នៅ​ភូមិ​សន្ដិភាព ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ក្រោម​ការគ្រប់គ្រង​រប​ស់ តា​ម៉ុក​។ តា​ម៉ុក បាន​ពិការ​ជើង​ម្ខាង​ដោយសារ​ផ្ទុះ​គ្រាន់​មីន​នៅពេល​គាត់​ដើរ​ពិនិត្យមើល​ការដ្ឋាន​ឈូសឆាយ​ធ្វើ​ផ្លូវ​។ បើទោះបីជា តា​ម៉ុក ពិការ​ជើង​ម្ខាង​ក៏ដោយ ក៏ តា​ម៉ុក នៅតែមាន​ឥទ្ធិពល​នៅក្នុង​តំបន់​អន្លង់វែង និង​បាន​ដឹកនាំ​យោធា​ខ្មែរក្រហម​ធ្វើសង្គ្រាម​ប្រឆាំង​រាជរដ្ឋាភិបាល​ដដែល​។ តា​ម៉ុក បាន​ខិតខំ​រិះរក​ស្បៀងអាហារ​សម្រាប់​ផ្គត់ផ្គង់​កងទ័ព និង​ប្រជាជន​ដែល​បាន​ភៀសខ្លួន​មកពី​តំបន់​ផ្សេងៗ និង​បាន​សាងសង់​សាលារៀន មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​ចំពោះ​ការដឹកនាំ​របស់ខ្លួន​។

៦) ផង់ មិ​ល​
​ខ្ញុំ​មាន​អាយុ​៨០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ៅ យឿ អាយុ​៧៩​ឆ្នាំ​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​បាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ដ​កណ្ដាល​។ នៅមុន​សម័យ​ខ្មែរក្រហម ខ្ញុំ​បាន​បួស​នៅ​វត្ដ​មួយ​នៅ​ភូមិកំណើត​។ ខ្ញុំ​បាន​រៀនអក្សរ​បាលី សំស្ក្រឹត និង​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ផ្នែក​បាលី​។ បន្ទាប់ពី​បាន​ខ្ញុំ​ប្រឡង​ជាប់​មួយរយៈ ស្រាប់តែ​លោក​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្ដេច​ព្រះ ន​រោ​ត្ដម សីហនុ ចេញពី​អំណាច​។ ចាប់តាំងពី​ពេលនោះ​មក ក៏មាន​ការលេចចេញ​នូវ​ក្រុម​ចលនា​តស៊ូ​មួយក្រុម​ដែលមាន​ឈ្មោះថា ខ្មែរក្រហម បាន​ប្រមូល​កម្លាំង​ដើម្បី​ប្រឆាំងនឹង​លោក លន់ នល់ វិញ​។
​ចលនា​តស៊ូ​របស់​ខ្មែរក្រហម​កាន់តែ​រីកធំឡើងៗ រហូត​បាន​ផ្ដួលរំលំ​របប លន់ នល់ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ អ្វីៗ​ដែលជា​ការរំពឹងទុក​របស់ខ្ញុំ​ដែលថា ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព​គឺ​ផ្ទុយស្រឡះ​ទាំងស្រុង​។ ខ្ញុំ និង​ប្រជាជន​ជាច្រើន​ទៀត ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅកាន់​តំបន់​ឆ្ងាយៗ ក្រោយពី​រំដោះ​បាន​ទីក្រុង​ភ្នំពេញ​ទាំងស្រុង​។ ខ្ញុំ​ត្រូវបាន​ប្រធានភូមិ​ថ្មី (​ដែល​ចាត់តាំង​ដោយ​ខ្មែរក្រហម​) បញ្ជា​ឲ្យ​ធ្វើ​ការងារ​បង្កបង្កើនផល លើក​ទំនប់ ជីក​ប្រឡាយ ទៅតាម​ផែនការ​ដែល​ថ្នាក់លើ​បានកំណត់​។ ប្រជាជន​នៅ​កងចល័ត​ក្នុង​ម្នាក់ៗ​យ៉ាងហោចណាស់​ត្រូវ​លើកភ្លឺស្រែ​ប្រវែង​១៥​ម៉ែត្រ​ក្នុង​មួយថ្ងៃ ប្រសិនបើ​ធ្វើ​មិនបាន​តាម​ផែ​នក​ការកំណត់ ប្រធាន​កង​មិន​អនុញ្ញាត​ឈប់សម្រាក និង​ហូប​បាយឡើយ​។
​ខ្ញុំ​បាន​ខិតខំ​តស៊ូ ប្រឹងប្រែង​ព្យាយាម​ធ្វើ​ការងារ រហូត​សម្រេច​តាម​ផែនការ​កំណត់​។ ចំណែក​របប​អាហារ​ដែល​ខ្ញុំ​ទទួលបាន​មានតែ​បបរ​ពីរ​វែក​រាវៗ សឹងតែ​រក​គ្រាប់​អង្ករ​គ្មាន លាយ​ជាមួយ​គល់​ល្ហុង និង​បណ្ដូលចេក​។ ខ្ញុំ​បាន​ហូប​អាហារ​ពីរ​ពេល​ក្នុង​មួយថ្ងៃ គឺ​ពេល​ថ្ងៃ​ខ្ញុំ​ហូប​នៅវេលា​ម៉ោង​១១ និង​ពេល​ល្ងាច​ខ្ញុំ​ហូប​នៅវេលា​ម៉ោង​៥​រសៀល​។ ដោយសារតែ​ការបរិភោគ​មិន​ឆ្អែត ខ្ញុំ​បាន​ឆ្លៀត​ដើរ​រើស​ផ្លែ​ត្នោត​ទុំ​ហូប​បន្ថែមទៀត​។ ខ្ញុំ​ក៏បាន​លាក់ទុក​ផ្លែ​ត្នោត​ទុំ​ខ្លះ​ហូប​នៅពេល​ព្រឹក​មុន​ចេញទៅ​ធ្វើការ​ដែរ​។ បើទោះបី​ខ្ញុំ​ហូប​ផ្លែ​ត្នោត​ទុំ ឬ​ដំណាំ​ផ្សេងៗ ដែល​មិនមែនជា​របស់​ខ្មែរក្រហម​ដាំ​ក៏ដោយ ក៏​ខ្មែរក្រហម​នៅតែ​ចាត់ទុកថា ខ្ញុំ​បាន​ប្រ​ព្រឹ​ត្ដ​ផ្ទុយទៅនឹង​ច្បាប់​របស់​អង្គការ ហើយ​អាច​យក​ខ្ញុំ​ទៅ​រៀនសូត្រ ឬ​សម្លាប់ចោល ប្រសិនបើ​កងឈ្លប​បានឃើញ​ខ្ញុំ​លួច​ហូប​។
​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើស្រែ​គ្មាន​ពេល​សម្រាក​ឡើយ ចាប់ពី​រដូវ​ដក​ស្ទូង រហូតដល់​រដូវ​ច្រូតកាត់​។ បន្ទាប់ពី​រដូវ​ច្រូតកាត់​បាន​កន្លងផុតទៅ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ផ្លាស់​ឲ្យ​ទៅ​លើក​ទំនប់ ជីក​ប្រឡាយ និង​លើកភ្លឺស្រែ ដែល​ខ្មែរក្រហម​បាន​ចែកជា​ក្រុមៗ​ឲ្យ​ធ្វើ​ការងារ​នេះ​។ ប្រសិនបើ​យើង​ធ្វើ​មិន​រួចរាល់​តាម​ការកំណត់​នោះទេ យើង​អាច​ប្រឈម​ទៅនឹង​ការចោទប្រកាន់​ខ្មែរក្រហម​ថា ខ្ជិលច្រអូស មិន​ត្រឹមតែ​ប៉ុណ្ណោះ​ខ្មែរក្រហម​បាន​ដក​កម្លាំង​ចេញ​ខ្លះ រួចហើយ​បង្ខំ​ឲ្យ​កង​របស់​យើង​ធ្វើការ​រហូត​រួចរាល់​តាម​ផែនការ​។
​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ហៅ​ទៅ​សួរនាំ​ពី​ប្រវត្តិរូប​ដែរ ព្រោះ​ខ្ញុំ​ធ្លាប់មាន​ស​ញ្ញ​ប័ត្រ​មធ្យមសិក្សា​បឋមភូមិ ប៉ុន្តែ​ខ្ញុំ​បាន​កុហកថា ខ្ញុំ​បាន​រៀន​ផ្នែក​ភាសាបាលី​បន្តិចបន្តួច​តែប៉ុណ្ណោះ ហើយ​បន្ទាប់ពី​ឈប់រៀន ខ្ញុំ​បាន​ចេញមក​ធ្វើជា​កម្មករ​ដើម្បី​ចិញ្ចឹម​គ្រួសារ​។
​នៅពេល​របប​ខ្មែរក្រហម​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​រត់​ភៀសខ្លួន​ទៅ​ភ្នំ​ដងរែក ចំណែក​ប្រជាជន​ខ្លះ ក៏បាន​រត់​ចូល​ទៅខាង​រដ្ឋាភិបាលរ​បប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​គាំទ្រ​ដោយ​វៀតណាម​។ ខ្ញុំ​បាន​សង់​ខ្ទម​នៅក្នុង​ព្រៃ​លើ​ភ្នំ​ដងរែក​ជាមួយ​ប្រជាជន​ដែល​រត់គេចខ្លួន​ដូចគ្នា ចំណែក​អាហារ​ហូបចុក​វិញ ខ្ញុំ​ទទួលបាន​ការផ្គត់ផ្គង់​ពី​ក្រុម​របស់ តា​ម៉ុក​។ ពេលនោះ​ក៏មាន​សង្គ្រាម​រវាង​ខ្មែរក្រហម និង​រដ្ឋាភិបាល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែរ​។ ដូច្នេះ​ខ្ញុំ​បាន​បន្ត​រស់នៅ​ជំរំ​ចាប់​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៥​។ ក្រោយមក ខ្មែរក្រហម​ក៏បាន​ប្រកាស​ឲ្យ​ប្រជាជន​ភៀសខ្លួន​ទាំងអស់​ចុះមក​រស់នៅ​ក្នុងស្រុក​អន្លង់វែង​វិញ ដោយបាន​បង្កើត​ទៅជា​ភូមិ​ឃុំ​។ ដំបូង ខ្ញុំ​បានរស់នៅ​ឃុំ​ត្រពាំង​ប្រី​យ៍ ប៉ុន្តែ​មិនទាន់បាន​ប៉ុន្មាន​ផង ខ្មែរក្រហម​បានប្រកាស​ប្រាប់​ខ្ញុំ និង​ប្រជាជន​ឲ្យ​ឡើងទៅ​រស់នៅ​លើ​ភ្នំ​ដងរែក​សារជាថ្មី​។ រហូតមកដល់​ឆ្នាំ​១៩៩៨ ទើប​មាន​ការចចារ​រវាង​យោធា​ខ្មែរក្រហម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចប់សង្គ្រាម​។ ដូច្នេះ ខ្ញុំ​និង​ប្រជាជន​ភៀសខ្លួន​ផ្សេងទៀត ក៏បាន​ចុះ​ពីលើ​ភ្នំ​ដងរែក​មក​រស់នៅក្នុង​ស្រុក​អន្លង់វែង​វិញ​។ ប្រជាជន​ខ្លះទៀត​ក៏​បន្តដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​រស់នៅ​ជួប​គ្រួសារ និង​ប្រពន្ធ​កូន​។ ដោយឡែក ខ្ញុំ​មិនបាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ទេ ដោយសារ​មិនមាន​ដីធ្លី​នៅឯ​ស្រុក ដូច្នេះ​ខ្ញុំ​សម្រេច​ចិ​ត្ដ​បន្ដ​រស់នៅ​ក្នុងស្រុក​អន្លង់វែង​រហូតដល់​ប​ច្ចុ​ប្បន្ន​។​

៧) យស់ ថាច​
​កាលពី​សង្គមចាស់ ខ្ញុំ​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៦​ប៉ុណ្ណោះ នៅ​សាលាបឋមសិក្សា​វត្ដ​ព្រេង ក្នុង​ខេត្ដ​កំពង់ចាម​។ សម័យ​នោះ ខ្ញុំ​មាន​បងប្អូន​បង្កើត​ទាំងអស់​ចំនួន​៤​នាក់ និង​មាន​ឪពុក​ឈ្មោះ អ៊ូច អាន និង ម្ដាយ​ឈ្មោះ នា ផុត (​អ្នក​ទាំងពីរ​បាន​ស្លាប់​ក្នុងសម័យ​ខ្មែរក្រហម​)​។
​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​អង្គការ​ជម្លៀស​ចេញពី​ស្រុកកំណើត​នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខេត្ដ​កំពង់ចាម ឲ្យ​ទៅ​រស់នៅ​ខេត្ដ​កំពង់ធំ​។ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ធ្វើការ​នៅក្នុង​កងចល័ត និង​ប្រើ​ឲ្យ​លើក​ទំនប់​ស្ទឹង​ជី​និ​ត ដែលមាន​សមាជិក​សរុប​ចំនួន​១៩៣​នាក់​។ ពេលនោះ​គឺជា​រដូវប្រាំង ដូច្នេះ​ការកាប់​គាស់ និង​លើក​ទំនប់ ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ដី​រឹង​បែក​ក្រហែង ព្រមទាំង​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ផឹក​ទៀតផង​។ ចំណែក​របប​អាហារ គឺមាន​តែ​បាយ​លាយ​ជាមួយ​ចេក​ខ្ចី​ប៉ុណ្ណោះ​។ ទោះបីជា​លំបាក​យ៉ាងណាក៏ដោយ ខ្ញុំ​ពុំដែល​ហ៊ាន​ត្អូញត្អែ និង​តវ៉ា​ជាមួយ​អង្គការ​ដែរ ព្រោះ​ខ្ញុំ​ដឹងថា ប្រសិនបើ​ហ៊ាន​តវ៉ា គឺ​ច្បាស់​ជា​អង្គ​ការយក​ខ្ញុំ​ទៅ​សម្លាប់ចោល​មិន​ខាន​។ កន្លះ​ឆ្នាំ​ក្រោយមក អង្គការ​បាន​ផ្លាស់​ខ្ញុំ​ឲ្យ​មក​នៅ​ស្រុក​ចម្ការលើ​វិញ ដោយបាន​ចាត់តាំង​ខ្ញុំ​ឲ្យ​លើក​ទំនប់​ដើម្បី​ទប់ទឹក​សម្រាប់​បញ្ចូល​ស្រែ​។
​មកដល់​ឆ្នាំ​១៩៧៦ អង្គការ​បានជ្រើសរើស​ខ្ញុំ​ឲ្យ​ចូល​បម្រើ​អង្គភាព​យោធា រួចហើយ​បញ្ជូនមក​ឲ្យ​ឈរជើង​នៅ​ក្រុងភ្នំពេញ​។ ពេលនោះ ខ្ញុំ​មាន​កិច្ចការ​យាមល្បាត​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​។ នៅ​ចុងឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវបាន​មេ​បញ្ជា​បញ្ជូន​ឲ្យ​ទៅ​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​នៅ​អ្នក​លឿង​។​
​ ​បន្ទាប់ពី​ច្បាំង​ចាញ់​កងទ័ព​វៀតណាម ខ្ញុំ​បាន​រត់​ភៀសខ្លួន​ទៅ​ព្រំដែន​ថៃ​។ នៅតាម​ផ្លូវ ខ្ញុំ​បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន​ដោយសារ​កងទ័ព​វៀតណាម​ដេញតាម​វាយប្រហារ ហើយ​អង្គភាព​ទ័ព​របស់ខ្ញុំ​ដែលមាន​សមាជិក​ទាំងអស់​ប្រហែល​៩០​នាក់ ក៏​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ហូប​ដែរ​។ ខ្ញុំ​បាន​ភៀសខ្លួន​មកដល់​តំបន់​ប៉ៃលិន ហើយ​បានរស់នៅ​ទីនោះ​អស់​រយៈពេល​៣​ឆ្នាំ​។ ក្រោយមក ខ្ញុំ និង​អង្គភាព​បាន​ផ្លាស់​ទី​ពី​ប៉ៃលិន​ទៅ​ឈរជើង​នៅ​ភ្នំ​ឆ័​ត្រ ក្នុង​អង្គភាព (​ក​-៥)​។ ពេលនោះ ខ្ញុំ​បាន​ចេញទៅ​ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព​វៀតណាម​ស្ទើរតែ​គ្មាន​លោះ​ពេល​ឡើយ​ក្នុង​រយៈពេល​មួយខែៗ​។ មាន​យោធា​ខ្មែរក្រហម​ជាច្រើន​នាក់​បាន​ដើរ​ជាន់មីន​ស្លាប់ និង​ពិការ​។ នៅ​ឆ្នាំ​១៩៩៧ ខ្ញុំ​បាន​ផ្លាស់​មក​រស់នៅ​តំបន់​អន្លង់វែង​វិញ ដោយសារ​ទីនោះ​ខ្មែរក្រហម​នៅ​អន្លង់វែង បានរៀបចំ និង​បង្កើត​ឲ្យ​មាន​ភូមិ​ឃុំ​សម្រាប់​ប្រជាជន​រស់នៅ​។
​នៅក្នុង​ឆ្នាំ​១៩៩៩ នៅពេលដែល​កងកម្លាំង​របស់​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល ខ្ញុំ​ក៏បាន​ចូល​បម្រើកងទ័ព​រដ្ឋាភិបាល​រហូតដល់​ឆ្នាំ​២០០៨ ទើប​ខ្ញុំ​សម្រេច​ចិ​ត្ដ​លាឈប់​។ ក្រោយ​សមាហរណកម្ម​ពីរ​ឆ្នាំ ខ្ញុំ​បាន​នាំ​ប្រពន្ធ​កូនចៅ​ទៅលេង​ស្រុកកំណើត​នៅ​ស្រុក​ចម្ការលើ និង​បាន​ជួប​បងស្រី​។ ខ្ញុំ​បាន​ស្នាក់នៅ​ជាមួយ​បងស្រី​នៅឯ​ស្រុក​មួយរយៈ​ក៏​ធ្វើដំណើរ​ត្រឡប់មក​រស់នៅ​ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ វិញ​។ សព្វថ្ងៃ ខ្ញុំ​មាន​អាយុ​៥៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ មុត រី និង​មាន​កូនស្រី​ចំនួន​៣​នាក់​។​

៨) រស់ យ៉ាង
​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្ញុំ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​។ កាលនោះ​អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើជា​អ្នកដាំបាយ និង​កិនស្រូវ​។ ចំណែកឯ​ប្ដី​របស់ ខ្ញុំ​គឺជា​ជាងកាត់ដេរ​សម្លៀក​បំពាក់​សម្រាប់​យោ​ថា​។ ប្តី​របស់ខ្ញុំ​ត្រូវ​កាត់ដេរ​សម្លៀកបំពាក់​ជា​រៀងរាល់ថ្ងៃ​ដោយ​មិនមាន​ពេល​ឈប់សម្រាក​ឡើយ​។ ពេលនោះ ខ្ញុំ​មានកូន​ចំនួន​២​នាក់ រស់នៅក្នុង​ស្រុកកំណើត​នៅ​ស្រុក​ភ្នំស្រុក ខេត្តបាត់ដំបង​។ នៅ​សម័យ​នោះ អង្គការ​ចាត់តាំង​ប្រជាជន​ឲ្យ​ហូប និង​ធ្វើការ​រួមគ្នា និង​បំបែក​មិន​ឲ្យ​នៅ​ជុំ​ក្រុមគ្រួសារ​ឡើយ​។ ចំណែក​របប​អាហារ​មានការ​ខ្វះខាត​យ៉ាងខ្លាំង បណ្តាល​ឲ្យ​ប្រជាជន​ស្លាប់​អស់​ជាច្រើន​នាក់ ជាពិសេស ប្រជាជន​ថ្មី ឬ ប្រជាជន ១៧ មេសា ដែល​ជម្លៀស​មកពី​ទីក្រុង​ភ្នំពេញ​។ កូន​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​ដោយសារ​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​។
​ប្រជាជន​ថ្មី​ត្រូវបាន​អង្គការ​ដាក់​ឲ្យ​រស់នៅ​ដាច់ដោយឡែក​ពី​ប្រជាជន​មូលដ្ឋាន ឬ​ប្រជាជន​ចាស់​។ អង្គការ​បាន​ចែក​អង្ករ​១​កំប៉ុង​សម្រាប់​មនុស្ស​១០​នាក់​។ រាល់​ការ​ធ្វើបាប ការជិះជាន់ ធ្វើទុក្ខបុកម្នេញ​ទាំងឡាយ អង្គការ​បាន​ហាមប្រាម​មិន​ឲ្យ​ប្រជាជន​និយាយ​ឡើយ ប្រសិនបើ​នរណាម្នាក់​ហ៊ាន​និយាយ​នឹងមាន​ទោស​មិន​ខាន​។ ដោយសារ​ការរស់នៅ​ជា​សមូហភាព ដូច្នេះ​រាល់​មាសប្រាក់ ទ្រព្យសម្បត្តិ​មានតម្លៃ​ទាំងអស់​ត្រូវបាន​អង្គការ​ប្រមូល​ដាក់​ជា​ទ្រព្យសម្បត្តិ​រួម​។ ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ត្រូវបាន​អង្គការ​ប្រមូលយក​ទាំង​អស់ ប៉ុន្តែ​ទោះបីយ៉ាងណា​ខ្ញុំ​បាន​លាក់ទុក​ខ្លះ​ដោយ​កប់​នៅក្នុង​ដី​។ សូម្បីតែ​ដំណាំ​នៅក្នុង​ផ្ទះ ឬ​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន ក៏​ត្រូវបាន​អង្គការ​ប្រមូល​ដាក់​ជា​កម្មសិទ្ធិរួម​ដែរ​។ ចំណែក​ពេលវេលា​ធ្វើ​ការងារ ប្រជាជន​ទាំងអស់​ត្រូវធ្វើ​ការ​ពី​ព្រឹក​រហូតដល់​ព្រលប់ ដោយ​សម្រាក​តែ​ពេល​ហូប​អាហារ​តែប៉ុណ្ណោះ​។ ក្មេងៗ​នៅ​សម័យ​នោះ​មួយចំនួន​ក៏​ទទួលបាន​ការរៀនសូត្រ​ដែរ ប៉ុន្តែ​ការរៀនសូត្រ​នេះ គឺ​គ្រូបង្រៀន​បាន​បង្រៀន​ក្មេងៗ​ទាំងនោះ​ឲ្យ​ស្មោះត្រង់​តែ​អង្គការ និង​បម្រើ​អង្គការ​តែប៉ុណ្ណោះ​។ រីឯ​ក្មេង​មួយចំនួនទៀត​ពុំបាន​រៀនសូត្រ​ទេ ដោយសារ​ឈឺ និង​គ្មាន​កម្លាំងកំហែង​។ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឪពុកម្ដាយ​គ្មាន​សិទ្ធិ​វាយ​ធ្វើបាប ឬ​អប់រំ​ណែនាំ​កូន​របស់ខ្លួន​ឡើយ ព្រោះ​ក្មេងៗ​គឺជា​កូន​របស់​អង្គការ​។ នៅ​សម័យ​នោះ​មានការ​ខ្វះខាត​អាហារ​យ៉ាងខ្លាំង ប៉ុន្តែ​ប្រសិនបើ​នរណាម្នាក់​ហ៊ាន​លួច​អាហារ ឬ​ដំណាំ អ្នកនោះ​នឹងត្រូវ​អង្គការ​យកទៅ​កសាង​មិន​ខាន​។ អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​វិន័យ នឹងត្រូវ​អង្គការ​ចាប់​យកទៅ​ព្រមាន​នៅមុខ​មហាជន និង​គម្រាម​កុំ​ឲ្យ​អ្នកដទៃ​អនុវត្តតាម​។
​នៅក្នុង​របប​ខ្មែរក្រហម ការ​រៀបការ​ត្រូវធ្វើឡើង​ពី​២០ ទៅ​៤០​គូ ឬ​ច្រើនជាង​នេះ ហើយ​គូ​ស្វាមីភរិយា​ថ្មី​ត្រូវធ្វើ​ការប្តេជ្ញា​ស្មោះស្ម័គ្រ​បម្រើ​តែ​អង្គការ​ប៉ុណ្ណោះ​។ បន្ទាប់ពី​ប្តី​ប្រពន្ធ​ទាំងនោះ​ឡើង​ចាប់អារម្មណ៍​រួច អង្គការ​បានរៀបចំ​ឲ្យ​ហូបបាយ​ជុំគ្នា រួចហើយ​ឲ្យ​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​។ ពិធី​រៀបការ​ក្នុងសម័យ​នោះ ត្រូវបាន​ប្រជាជន​ហៅថា “​ការចាប់អារម្មណ៍​”​។ ទោះបីយ៉ាងណា ប្រសិនបើ​កូនកំលោះ និង​កូនក្រមុំ​ស្រឡាញ់គ្នា គឺអាច​ស្នើសុំ​រៀបការ​ជាមួយគ្នា​បាន ដោយ​ត្រូវ​ជម្រាប​ទៅ​ឪពុកម្តាយ​ទាំងសងខាង និង​ដាក់សំណើ​ទៅ​អង្គភាព​រៀងខ្លួន​។ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ប្រពន្ធ​ថ្មី​ណា​ដែល​អង្គការ​ផ្សំផ្គុំ​ហើយ ប៉ុន្តែ​មិន​ព្រម​រួមរស់​ជាមួយគ្នា នោះ​អង្គការ​នឹង​យកទៅ​អប់រំ​។ ក្រោយពេល​របប​ខ្មែរក្រហម​ដួលរលំ ប្តី​ប្រពន្ធ​ខ្លះ​ក៏បាន​លែងលះគ្នា ខ្លះទៀត​បានរស់នៅ​ជាមួយគ្នា​រហូត​សព្វថ្ងៃ​។
​នៅ​ពេលយប់​ក្រុមគ្រួសារ​ដែល​ទើប​រៀបការ​រួច​អាច​ជជែក​គ្នា​បាន ប៉ុន្តែ​ហាម​ដាច់ខាត​មិន​ឲ្យ​និយាយ​អ្វី​ផ្តេសផ្ដាស់​ទាក់ទង​នឹង​អង្គការ​ឡើយ ប្រសិនបើ​ឈ្លប​លបស្ដាប់​ឮថា​និយាយ​អាក្រក់​ទាក់ទង​នឹង​អង្គការ អ្នកនោះ​នឹងមាន​ទោស​មិន​ខាន​។ ឈ្លប​ក្នុងសម័យ​នោះ​ភាគច្រើន​គឺជា​ក្មេងៗ​ដែលជា​កូន​កសិករ​ក្រីក្រ​។ ចំពោះ​ការព្យាបាល​ក្នុងសម័យ​នោះ គឺ​មានតែ​ថ្នាំ​ម្យ៉ាង​ដែល​ប្រជាជន​ទូទៅ​ហៅថា “​ថ្នាំ​អាចម៍​ទន្សាយ​”​។ ទោះបី​ប្រជាជនមាន​ជំងឺ​អ្វី​ក៏ដោយ ក៏​ខ្មែរក្រហម​ឲ្យ​លេបថ្នាំ​នេះដែរ​។ នៅក្នុង​សម័យ​នោះ អង្គ​ការមិន​អនុញ្ញាត​ឲ្យ​មាន​ព្រះសង្ឃ ការប្រតិបត្តិ​សាសនា និង​មិន​ឲ្យ​មាន​ពិធីបុណ្យ​ទាន​ឡើយ​។ អង្គការ​វាយបំផ្លាញ​ព្រះ​ពុទ្ធរូប និង​យក​ព្រះវិហារ​ធ្វើជា​កន្លែង​ឃុំឃាំង ផ្ទុក​សម្ភារ គ្រាប់ និង​អាវុធ​។ ព្រះសង្ឃ​ត្រូវបាន​អង្គការ​ចាប់​ផ្សឹក រួច​ចាត់តាំង​ឲ្យ​ទៅធ្វើ​ស្រែចម្ការ និង​រស់នៅ​ជាមួយ​គ្រួសារ​រៀងៗ​ខ្លួន​។
​អង្គការ​បាន​បែងចែក​ការងារ​ឲ្យ​ប្រជាជន​ធ្វើទៅ​តាម​វ័យ​។ កុមារ​ត្រូវបាន​អង្គការ​ចាត់​ឲ្យ​ទៅ​ឃ្វាលគោ កាប់​ដើម​ទន្ទ្រានខែត្រ​ចិញ្ច្រាំ​ធ្វើ​ជី​។ ប្រុសៗ​ដែល​ពេញកម្លាំង​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅ​លើក​ទំនប់ និង​ជីក​ប្រឡាយ​។ ចំណែក​យាយៗ​ដែល​មិន​អាចធ្វើ​ការងារ​ធ្ងន់​បាន ត្រូវ​នៅផ្ទះ​មើល​ចៅ​តូចៗ ហើយ​តាៗ​ត្រូវ​ទៅ​ដេក​យាម​ចម្ការ​។ ប្ដី​ប្រពន្ធ​ពេលនោះ​អាច​ជួបគ្នា​បាន ប៉ុន្តែ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​អង្គភាព​ជាមុនសិន​។ រាល់​ផលដំណាំ​ដែល​ប្រជាជន​បាន​ដាំ​នៅតាម​ផ្ទះ មិនអាច​បេះយក​មក​ហូប​បានទេ បើ​ហ៊ាន​បេះ អង្គការ​នឹង​ចោទថា​ជា​ចោរ​មិន​ខាន​។
​នៅពេលដែល​កងទ័ពរ​ណ​សិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​ជំនួយ​ពី​កងទ័ព​វៀតណាម បាន​វាយ​ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ អង្គការ​បាន​ប្រមូល​អ្នកទោស​ឲ្យ​ជីករណ្តៅ រួចហើយ​វាយ​អ្នក​ទាំងនោះ​ទម្លាក់​ចូលក្នុង​រណ្ដៅ​នោះ​តែម្ដង​។ នៅក្នុង​ស្ថានភាព​ច្របូកច្របល់​នោះ ប្រជាជន​មូលដ្ឋាន​បានរស់នៅ​ក្នុងភូមិ​ស្រុក​ដដែល រីឯ​ប្រជាជន​ថ្មី​ក៏បាន​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​មាន​សេរីភាព​ឡើងវិញ មានផ្ទះ​សម្បែង និង​មាន​ជីវភាព​សមរម្យ​។ ចំណែក​វត្ត​អារាម ស្ពាន ថ្នល់ មន្ទីរពេទ្យ សាលារៀន ក៏មាន​សម្រាប់​សិស្សានុសិស្ស​បាន​រៀនសូត្រ​ដែរ​។
​សព្វថ្ងៃ​មាន​អាយុ​៧១​ឆ្នាំ រស់នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ទោះបី​ខ្ញុំ​រស់នៅ​បាន​សុខ​យ៉ាងណាក្តី ក៏​អារម្មណ៍​របស់ខ្ញុំ​នៅតែ​ដក់​ជាប់​នូវ​រឿងរ៉ាវ​ឈឺចាប់ ភាពអត់ឃ្លាន និង​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​ពីរ​បប​ខ្មែរក្រហម​ដែរ​។

៩) ហ៊ួ​យ ណាក​
​នៅមុន​របប​ខ្មែរក្រហម ខ្ញុំ​រស់នៅក្នុង​គ្រួសារ​កសិករ​មួយ​ដែលមាន​ជីវភាព​សមរម្យ នៅក្នុង​ភូមិ​ពាម ឃុំ​ព្រែក​ក្របៅ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ខ្ញុំ​មាន​វ័យ​១៥​ឆ្នាំ នៅពេល​យោធា​ខ្មែរក្រហម​បានទទួល​ជ័យជម្នះ​លើ​របប លន់ នល់ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ប្រហែលជា​ពីរ​ទៅ​បី​ម៉ោង​ក្រោយ​រំដោះ​បាន​ទីក្រុង​ភ្នំពេញ យោធា​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ឲ្យ​ទៅ​រស់​នៅតាម​តំបន់​ជនបទ ដោយ​យក​លេស​ថា ខ្លាច​កងទ័ព​អាមេរិក​មក​ទម្លាក់​គ្រាប់​។ ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​ទាំងអស់​បាន​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ខ្លួន​ដោយបាន​រៀបចំ​សម្ភារ និង​អាហារ​បន្តិចបន្តួច​ទៅតាម​ខ្លួន ហើយ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅតាម​ទិសដៅ​រៀងៗ​ខ្លួន​។ នៅពេលនោះ អ្នកទីក្រុង​ដែលមាន​បងប្អូន​រស់នៅ​តាម​ទី​ជន​មាន​ភាពងាយស្រួល​ក្នុងការ​ពឹងពាក់​ស្នាក់អាស្រ័យ​ជាមួយ ប៉ុន្តែ​សម្រាប់​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​គ្មាន​បងប្អូន​រស់នៅ​តាម​ទីជនបទ​វិញ គឺ​ពិតជា​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​កន្លែង​សម្រាប់​ស្នាក់នៅ​។
​ខ្មែរក្រហម​បាន​ប្រមូល​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ពី​ប្រជាជន​ដែល​ជម្លៀស​ទៅដល់​ថ្មី​ទាំងអស់ យកទៅដាក់​ដាក់​ជា​ទ្រព្យសម្បត្តិ​រួម និង​បែងចែក​ឲ្យ​ប្រជាជន​ថ្មី​រស់នៅ​ជា ‌​​«​សហករណ៍​»​។ ក្នុងភូមិ​នីមួយៗ​មាន​សហករណ៍​ពីរ​ទៅ​បី​កន្លែង អាស្រ័យ​ទៅតាម​ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​នោះ​។ នៅក្នុង​ផ្ទះ​របស់​ប្រជាជន​មិនមាន​របស់របរ​អ្វី​សំខាន់​ឡើយ គឺ​មានតែ​កំសៀវ​ទឹក​ចាស់​មួយ​តែប៉ុណ្ណោះ​។ ខ្ញុំ​និង​ប្រជាជន​ដទៃទៀត ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ដាំ​ដំណាំ លើក​ទំនប់ លើកភ្លឺស្រែ និង​ជីក​ប្រឡាយ​។ ប្រជាជន​ម្នាក់ៗ​ត្រូវ​ជីកដី​ឲ្យ​បាន​៣​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ទើប​អាច​ឈប់សម្រាក​បាន​។ ដោយសារតែ​ការភ័យខ្លាច ខ្ញុំ​បាន​ខិតខំ​តស៊ូ​ប្រឹងប្រែង​ធ្វើ​ការងារ​រហូត​សម្រេច​ទៅតាម​ផែនការ​របស់​អង្គការ​។ ចំណែក​របប​អាហារ​ដែល​អង្គ​ការចែក​ឲ្យ​ប្រជាជន គឺ មានតែ​បបរ​រាវៗ​ដែល​ស្ទើរតែ​គ្មាន​គ្រាប់​អង្ក​រលាយ​ជាមួយ​បណ្ដូលចេក ដូចជា​បបរ​សម្រាប់​ស​ត្វ​ជ្រូក​។
​រៀងរាល់ថ្ងៃ ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាង​ទៀងទាត់ ព្រោះ​ខ្ញុំ​មាន​ប្រវត្តិ​ជា​អ្នកស្រែ​ចម្ការ ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​រស់នៅក្នុង​ទីក្រុង ពិតជា​ជួប​ការលំបាក​ខ្លាំងណាស់ ពីព្រោះ​អ្នក​ទាំងនោះ​ពុំ​ធ្លាប់​នឿយហត់​ពីមុនមក​។ អ្នកខ្លះ​ដែល​មិនអាច​ទ្រាំ​នឹង​ស្ថាន​ភាពលំបាក​បែបនេះ​បាន​ក៏​ធ្លាក់ខ្លួន​ឈឺ​។ អ្នក​ដែលមាន​ជំងឺ​នៅ​សម័យ​នោះ មិនមាន​គ្រូពេទ្យ​មើលថែទាំ និង​មាន​ថ្នាំលេប​គ្រប់គ្រាន់​ឡើយ គឺ​មានតែ​ថ្នាំ​មួយ​ប្រភេទ​ដែល​ប្រជាជន​ហៅថា «​ថ្នាំ​អាចម៍​ទន្សាយ​» តែប៉ុណ្ណោះ ហើយ​ទាល់តែ​អ្នកជំងឺ​ទើប​មាន​សិទ្ធិ​ទៅសុំ​ថ្នាំ​នេះ​លេប​បាន​។
​ថ្ងៃមួយ នៅពេលដែល​ខ្ញុំ​កំពុងធ្វើការ ខ្ញុំ​ឃើញ​ឈ្លប​ខ្មែរក្រហម​បររទេះ​សេះម​ក​ដឹក​ប្រជាជន​ចេញទៅ​បាត់​។ ប៉ុន្តែ​ប្រជាជន​ដែល​ឡើង​ជិះរទេះ​សេះ​នោះ មិនបាន​ត្រឡប់មក​ភូមិ​វិញ​ទេ​។ ក្រោយពី​បានឃើញ​ហេតុការណ៍​នេះ ខ្ញុំ​ភ័យខ្លាច​យ៉ាងខ្លាំង និង​តែងតែ​លួច​គិតក្នុងចិត្ត​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹងត្រូវ​ឈ្លប​ខ្មែរក្រហម​យកទៅ​ដែរ​មិន​ខាន​។ នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​បាន​ឮថា មានការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​គាំទ្រ​ពី​កងទ័ព​វៀតណាម ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​យ៉ាងខ្លាំង​។ រយៈពេល​ពីរ​ខែ​ក្រោយមក កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​រំដោះប្រជាជន​ចេញពី​របប​ខ្មែរក្រហម ពេលនោះ​ខ្ញុំ​ក៏បាន​វិល​ត្រឡប់មក​ស្រុកកំណើត​ដើម្បី​ជួបជុំ​គ្រួសារ ប៉ុន្តែ​មិនបាន​ឃើញ​បងប្អូន​វិលត្រឡប់​មកវិញ​ឡើយ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយមក ក៏​ខ្ញុំ​មិនបាន​ទទួលដំណឹង​ពី​បងប្អូន​របស់ខ្ញុំ​ដែរ ដូច្នេះ​ខ្ញុំ​និង​ឪពុកម្ដាយ​ក៏​សម្រេចចិត្ត​មក​រស់នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រហូតមកដល់​សព្វថ្ងៃ​។​

១០) ព្រាប សា​ខន​
​ឪពុកម្ដាយ​ខ្ញុំ​ជា​កសិករ​ដែលមាន​ជីវភាព​មធ្យម នៅ​ភូមិ​តាសេក ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង នៅ​មុនពេល​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល​។ ខ្ញុំ​គឺជា​កូនស្រី​ទី​៣​មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់ (​ប្រុស​៣​នាក់ និង​ស្រី​២​នាក់​)​។ តាំងពី​ខ្ញុំ​ធំ​ដឹងក្ដី ខ្ញុំ​មិនដែល​បាន​រៀនសូត្រ​ឡើយ​។​
​ខ្ញុំ​បាន​ជួប​នូវ​ព្រឹត្តិការណ៍​ទម្លាក់​គ្រាប់បែក​ជាច្រើនលើក​នៅ​ស្រុកកំណើត​។ ពេលខ្លះ​គ្រាប់បែក​បាន​ធ្លាក់​មក​នៅពេលដែល​ខ្ញុំ​កំពុង​ធ្វើស្រែ​។ នៅ​ថ្ងៃ​មួយពេល​ខ្ញុំ​កំពុង​ឃ្វាលក្របី ខ្ញុំ​បានឃើញ​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​មាន​ផ្សែង​យ៉ាង​ខ្មួរ​ខ្មាញ់​។ ការទម្លាក់​គ្រាប់​នោះ​គឺ​សំដៅ​ទៅលើ​ជម្រក​របស់​កងទ័ព​វៀត​កុង (​វៀតណាម​ខាងជើង​) ប៉ុន្តែ​ពេលខ្លះ​ក៏​ធ្លាក់ចំ​ភូមិ​របស់ខ្ញុំ​ដែរ​។​
​ ​ពេល​ខ្មែរក្រហម​វាយ​ដណ្ដើមបាន​ជ័យជម្នះ​ពី​កងទ័ព លន់ នល់ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​មាន​អាយុ​២៣​ឆ្នាំ​។ ពេលនោះ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​បាន គិតថា​សង្គ្រាម​បានបញ្ចប់ ដូច្នេះ​នឹងមាន​សន្តិ​ភាពមិន​ខាន​។ ប៉ុន្តែ​ប្រហែលជា​រយៈពេល​៣​ម៉ោង​ក្រោយ​រំដោះ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ទាំងអស់​ឲ្យ​ចេញពីផ្ទះ​សម្បែង ដោយ​យក​លេស​ថា​ខ្លាច​កងទ័ព អាមេរិក​មក​ទម្លាក់​គ្រាប់បែក​។ ប្រជាជន​ទាំងនោះ​យក​បានតែ​សម្ភារ និង​ស្បៀងអាហារ​បន្តិចបន្តួច​តែប៉ុណ្ណោះ​នៅតាម​ខ្លួន រួចហើយ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​គ្មាន​ទិសដៅ​ច្បាស់លាស់​។ នៅពេល​ទៅដល់​ភូមិ ខ្មែរក្រហម​បាន​ប្រមូលយក​សម្ភារ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ប្រជាជន​ថ្មី​នោះ​ទៅ​ដាក់​ជា​សម្បត្តិ​រួម​របស់​សហករណ៍​។
​នៅ​ឆ្នាំ​១៩៧៦ ក្រុមគ្រួសារ​ខ្ញុំ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​ភូមិ​អំពិល ឃុំ​អំពិល ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ នៅពេលនោះ ខ្មែរក្រហម​បានរៀបចំ​ឲ្យ​មាន​សហករណ៍ ២​ឬ​៣​កន្លែង នៅក្នុង​ភូមិ​នីមួយៗ ដោយ​អាស្រ័យ​ទៅតាម​ចំនួន​ប្រជាជន​នៅក្នុង​ភូមិ​នោះ​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​លើកភ្លឺស្រែ ជីក​ប្រឡាយ លើក​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ​ស្តុក​ទឹក​ស្រោច​ដំណាំ​។ ខ្ញុំ​ចាប់ផ្ដើម​ចេញទៅ​ធ្វើការ​នៅ​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ និង​ចាប់ផ្តើម​ធ្វើការ​បន្ត​ចាប់ពី​ម៉ោង​១​រសៀល រហូតដល់​ម៉ោង​៥​។ ពេលនោះ​ដំណាំ​ដែល​ខ្ញុំ​ដាំ​ក្នុង​បរិវេណ​ផ្ទះ ក៏​មិនអាច​បេះ​ហូប​ខ្លួនឯង​បានដែរ​។ ប្រសិនបើ​ខ្ញុំ​ហ៊ាន​បេះ ខ្ញុំ​នឹងមាន​ទោស​មិន​ខាន​។ បងប្រុស​របស់ខ្ញុំ​ម្នាក់​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល ដោយសារ​គាត់​គឺជា​អតីត​ទាហាន លន់ នល់​។ ទោះជា​យ៉ាងណា ខ្មែរក្រហម​មិនបាន​សង្ស័យ​លើ​ក្រុមគ្រួសារ​របស់ខ្ញុំ​ឡើយ​។ ខ្ញុំ​ធ្លាប់តែ​ឮ​ពាក្យ​ថា «​អង្គការ​» ប៉ុន្តែ​ខ្ញុំ​មិនបាន​ដឹងថា អង្គការ​ជា​នរណា​ពិតប្រាកដ​ឡើយ​។
​នៅក្នុង​ឆ្នាំ​១៩៧៦ ដដែល ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ម្នាក់​។ ពេលនោះ​ខ្ញុំ​បានប្រកែក និង​ប្រាប់​ខ្មែរក្រហម​ថា បុរស​ដែល​ខ្ញុំ​ត្រូវ​រៀបការ​ជាមួយ​នោះ គឺជា​បងប្អូន​របស់ខ្ញុំ​ដែល​រស់នៅ​ភូមិ​ព្រែក​ត្នោត​។ មិនយូរប៉ុន្មាន ខ្ញុំ​និង​ក្រុមគ្រួសារ​ត្រូវបាន​ជម្លៀស​បន្តទៅ​នៅ​ឃុំ​សំបួរ ស្រុករ​មារ​ហែក ខេត្តស្វាយរៀង​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើ​ការងារ​នៅក្នុង​កងចល័ត និង​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​។
​នៅ​ឆ្នាំ​១៩៧៨ ម្ដាយ​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ និង​មិនមាន​ថ្នាំ​សម្រាប់​ព្យាបាល​។ ក្រោយ​ម្ដាយ​ខ្ញុំ​ស្លាប់ ខ្ញុំ​បានប្រកែក​មិន​ទៅធ្វើ​ការងារ​រយៈពេល​៧​ថ្ងៃ​។ នៅក្នុង​សម័យកាល​នោះ ប្រសិនបើ​នរណាម្នាក់​ហ៊ាន​ប្រឆាំងនឹង​បញ្ជា​ថ្នាក់លើ អ្នកនោះ​នឹងត្រូវ​ចោទថា​ជា​ភ្នាក់ងារ​របស់​យួន ហើយ​អាច​មានទោស​ប្រហារជីវិត​មិន​ខាន​។ ប៉ុន្តែ​សំណាងល្អ​ខ្ញុំ​មិនបាន​ជាប់ទោស​។
​បន្ទាប់ពី​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម​បានទទួល​ជ័យជម្នះ​លើ​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​ក៏បាន​វិលត្រឡប់​មក​ភូមិ​តាសេក ឃុំ​គគីរ ស្រុករ​មារ​ហែក ខេត្តស្វាយរៀង​វិញ​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​ជួបជុំ​បងប្អូន​របស់ខ្ញុំ​ទេ​។ ក្រោយមក​នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​តាម​ការរៀបចំ​ផ្សំផ្គុំ​ពី​បងប្អូន​។ មកដល់​ឆ្នាំ​២០១៦ ខ្ញុំ​ជាមួយនឹង​កូនប្រុស​បាន​ផ្លាស់​មក​រស់នៅ​អន្លង់វែង រហូតដល់​សព្វថ្ងៃ​។​

១១) ម៉ក សារ៉េត​
​នៅពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ក្លាំងហាយ ឃុំ​ក្លាំងហាយ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ឪពុក​របស់ខ្ញុំ​ធ្វើស្រែ ភ្ជួរ​រាស់ ចំណែក​ម្តាយ​ជា​អ្នក​មើលថែ​ចិញ្ចឹម​ជ្រូក និង​ដាក់​បាយ​ជ្រូក​។ នៅ​សម័យ​នោះ ដីស្រែ ដំណាំ មាសប្រាក់ និង​សម្ភារ​ផ្សេងៗ ត្រូវបាន​ខ្មែរក្រហម​ប្រមូល​ដាក់​ជា​សម្បត្តិ​រួម​នៅក្នុង​សហករណ៍​។ មិន​ថា​អ្នក​នៅ​ជនបទ ឬ​អ្នក​ដែល​បាន​ជម្លៀស​មកពី​ភ្នំពេញ​ទេ គឺ​ខ្មែរក្រហម​ដកហូតយក​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទាំងអស់​។ ការងារ​នៅ​សម័យ​នោះ ខ្មែរក្រហម​បាន​បែងចែក​ទៅតាម​វ័យ​។ មនុស្ស​ចាស់​ត្រូវ​ធ្វើការ​នៅក្នុង​ភូមិ រួមមាន ដាក់​បាយ​ជ្រូក ចិតបន្លែ និង​ដាំបាយ​ជាដើម​។ រីឯ​មនុស្ស​ពេញកម្លាំង​ត្រូវ​ចូលក្នុង​កងចល័ត ធ្វើការ​ងារ​ជីក​ប្រឡាយ និង​លើក​ទំនប់​។ ក្មេងៗ ឃ្វាលគោ និង​កា​ប់ទ​ន្ទ្រាំ​ង​ខែត្រ​ធ្វើ​ជី​។ បើទោះបីជា​ប្រជាជន​ធ្វើការ​នឿយហត់​យ៉ាងណាក៏ដោយ ក៏​មិន​ហ៊ាន​រអ៊ូរទាំ​ដែរ ព្រោះ​ខ្លាច​អង្គការ​ចោទថា ខ្ជិល​ច្រ​អូ​ល និង​រង​ទារុណកម្ម​។ ម្ហូបអាហារ​ដែល​ខ្មែរក្រហម​បាន​ចែក​ឲ្យ គឺ​មនុស្ស​ម្នាក់​ទទួលបាន​បាយ​មួយ​វែក និង​សម្ល​មួយ​ចាន រួចហើយ​យកទៅ​ហូប​រួមគ្នា ដោយ​ក្នុង​មួយថ្ងៃ​ប្រជាជន​ទទួលបាន​អាហារ​ពីរ​ពេល​។ ដោយ​ហូប​មិន​ឆ្អែត ប្រជាជន​ភាគច្រើន​បាន​ធ្លាក់ខ្លួន​ស្គមស្គាំង​សល់​តែ​ស្បែក​ដណ្តប់​រាងកាយ​ប៉ុណ្ណោះ​។​
​នៅក្នុង​របប​ខ្មែរក្រហម ប្រជាជន​ទាំងអស់​គឺ​តម្រូវ​ឲ្យ​ស្លៀកពាក់​ខ្មៅ​។ កុមារ​ក៏ត្រូវ​ស្លៀកពាក់​ខ្មៅ និង​ប្រផេះ​ដែរ ហើយ​ប្រសិនបើ​ប្រជាជន​ណា​មាន​ខោអាវ​ពណ៌​ផ្សេងៗ​ត្រូវ​យកទៅ​ជ្រលក់​ភក់​ដើម្បី​ឲ្យ​ពណ៌​ស្រអាប់​វិញ​។ ខ្ញុំ​បានដឹង​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​យុវជន និង​យុវនារី​ជ្រើស​ប្តី​ប្រពន្ធ​ដោយ​ខ្លួនឯង​ទេ គឺ​ខ្មែរក្រហម​ជា​អ្នករៀបចំ​ប្តី​ប្រពន្ធ​ឲ្យ​អ្នក​ទាំងនោះ​។ ការ​រៀបការ​ត្រូវបាន​ប្រជាជន​ទូទៅ​ហៅថា «​ការឡើង​ចាប់អារម្មណ៍​» ដោយ​គ្រាន់តែ​ហៅ​ឈ្មោះ​យុវជន និង​យុវនារី​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត​យកគ្នា​ជា​ប្តី​ប្រពន្ធ និង​ស្មោះត្រង់​បម្រើ​អង្គការ​ប៉ុណ្ណោះ​។ នៅ​របប​ខ្មែរក្រហម មនុស្ស​ដែល​ស្ថិតនៅក្នុង​វ័យ​ដែល​អាច​រៀបការ​បាន គឺ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​។ ប្ដី​ប្រពន្ធ​ខ្លះ​ក៏បាន​សម​នឹង​បំណង ឯ​ខ្លះទៀត​ក៏​ខកបំណង ដោយសារ​អ្នក​ទាំងពីរ​មិនបាន​ស្រឡាញ់គ្នា​ពីមុនមក​។ ក្រោយពេល​រៀបការ​រួច បើ​ភាគី​ណា​ម្នាក់​មិន​ព្រម​រួម​រស់នៅ​ជាមួយគ្នា​ឬ​មិន​ចុះសម្រុង​គ្នា ហើយ​កងឈ្លប​ស៊ើប​ដឹង ឈ្លប​នឹង​យក​គូ​នោះ​ទៅ​សម្លាប់ចោល​មិន​ខាន​។ នៅ​របប​ខ្មែរក្រហម មិនមាន​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ឡើយ គឺ​មានតែ​ថ្នាំខ្មែរ​បុរាណ ដែល​ផ្សំ​ពី​ឫស​ឈើ​ជាច្រើន​មុខ ហើយ​សូន​ឲ្យ​មាន​រាង​ជា​អាចម៍​ទន្សាយ​។ ថ្នាំ​ប្រភេទ​នេះ​សម្រាប់​ព្យាបាល​ជំងឺ​ពេល​ចុកពោះ ឬ​ក្ដៅខ្លួន​បន្តិចបន្តួច​ប៉ុណ្ណោះ​
ប្រជាជន​អាចទាក់ទង និង​និយាយ​លេង​ជាមួយ​សាច់ញាតិ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​អង្គការ​ឡើយ បើ​ពុំ​ដូច្នេះ​ទេ​ឈ្លប​នឹង​យកទៅ​កសាង​មិន​ខាន​។ បងប្អូន​ឬ​ប្ដី​ប្រពន្ធ​បើ​ចង់​ជួបគ្នា​ត្រូវតែ​ស្នើសុំ​ប្រធាន​ក្រុម​ទើប​អាច​ជួបគ្នា​បាន​។ នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​មិន​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភូមិ​ទេ​។
​នៅ​ចុងឆ្នាំ​១៩៧៨ និង​ដើមឆ្នាំ​១៩៧៩ ខ្មែរក្រហម​បានសម្លាប់​ប្រជាជន​កាន់តែច្រើន​ដោយបាន​ជីករណ្តៅ រួចហើយ​វាយ​ប្រជាជន​ទាំងនោះ​ទម្លាក់​ចូលក្នុង​រណ្តៅ​នោះ​តែម្តង​។ សំណាងល្អ កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​កង​ទាហាន​វៀតណាម​បានមក​រំដោះប្រជាជន​ទាន់ពេលវេលា​។ ប្រជាជន​កម្ពុជា​សប្បាយ​ចិត្ត​យ៉ាងខ្លាំង ព្រោះ​បាន​ខ្លួន​រួច​ពី​សេចក្ដីស្លាប់​។ ខ្ញុំ​បានរស់នៅ​ភូមិ​ដដែល ក្រោយមក​ដោយសារ​ភាព​ខ្វះ​ដីធ្លី​ធ្វើស្រែ​ចម្ការ ខ្ញុំ​ក៏បាន​ផ្លាស់ប្ដូរ​លំនៅ​មក​រស់នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាមួយនឹង​ប្តី​រហូតមកដល់​សព្វថ្ងៃ​។

១២) ណង ធី​
​ខ្ញុំ​ជា​កូន​កសិករ​ដែលមាន​ជីវភាព​មធ្យម​។ នៅ​កំឡុង​ពេលដែល​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រំដោះ​ខ្មែរក្រហម​ជាមួយនឹង​កងទ័ព​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់ នៅក្នុង​ឆ្នាំ​១៩៧០ ខ្ញុំ​រស់នៅ​ជាមួយ​ឪពុកម្តាយ​។ នៅក្នុង​សម័យ​នោះ ប្រជាជន រួមទាំង​គ្រួសារ​របស់ខ្ញុំ បានរស់នៅ​ជាមួយ​ភាពភ័យខ្លាច ដោយសារ​ការទម្លាក់​គ្រាប់បែក​ពី​សំណាក់​សហរដ្ឋអាមេរិក​។ គ្រួសារ​ខ្ញុំ និង​ប្រជាជន​តែង​នាំគ្នារ​ត់រក​ទីកន្លែង​សុវត្ថិភាព និង​បាន​ជីក​ត្រង់​សេ​ដើម្បី​លាក់ខ្លួន​។​
​នៅក្នុង​កំឡុង​សង្គ្រាម​រវាង​កងកម្លាំង​រំដោះ​ខ្មែរក្រហម និង​កងទ័ព​សាធារណរដ្ឋ​ខ្មែរ ខ្ញុំ​ជាមួយនឹង​ប្រជាជន​ដទៃទៀត ត្រូវបាន​កងកម្លាំង​រំដោះ​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​តំបន់​ផ្សេង ដោយ​ប្រាប់ថា ខ្លាច​អាមេរិក​មក​ទម្លាក់​គ្រាប់បែក​។ ពេលនោះ ប្រជាជន​អាច​យក​កម្មសិទ្ធិ​របស់​ខ្លួន​ទៅជា​មួយ​បាន​។ ក្នុងពេល​ជម្លៀស​ដំបូង ខ្មែរក្រហម​បាន​ប្រើពាក្យ​ទន់ភ្លន់​ទៅកាន់​ប្រជាជន​។​
​ក្រោយមក នៅពេលដែល​យោធា​ខ្មែរក្រហម​បានទទួល​ជ័យជម្នះ​លើ​របប​សាធារណរដ្ឋ​ខ្មែរ ខ្ញុំ​និង​ប្រជាជន​ក៏បាន​ត្រឡប់មក​ភូមិកំណើត​ខ្លួន​វិញ​។ ពេលនោះ​ខ្មែរក្រហម​ចាប់ផ្ដើម​បែងចែក​ប្រជា​ប្រជាជន​ឲ្យ​ធ្វើការ​តាម​កង មានដូចជា កង​ស្ត្រី​ចំណាស់​ត្រូវ​មើលថែ​ក្មេង​តូចៗ​។ កង​មនុស្ស​ពេញកម្លាំង ត្រូវ​ធ្វើស្រែ លើក​ភ្លឺ លើក​ទំនប់ លើក​រង​ដាំដំឡូង និង​ឡើងត្នោត​។ ចំណែក​ក្មេង​តូចៗ ត្រូវ​ឃ្វាល​គោក្របី រើស​លាមក​សត្វ និង​កាប់​ទន្ទ្រានខែត្រ​មក​ចិញ្ច្រាំ​ធ្វើ​ជី​។ ក្នុងពេលនោះ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ពេទ្យ​នៅក្នុង​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​។ អង្គការ​បាន​ចាត់តាំង​ចាស់ៗ​ដែល​ធ្លាប់​ផ្សំ​ថ្នាំ ឬ​ស្គាល់​ថ្នាំបុរាណ ឲ្យ​ទៅ​កាប់​ឫស​ឈើ​ដើម្បី​កិន​លាយ​បញ្ចូល​គ្នា បន្ទាប់មក​សូន​ឲ្យ​មាន​រាង​ដូច​អាចម៍​ទន្សាយ​។ ថ្នាំ​នេះ​អាច​ត្រឹមតែ​ជួយ​ព្យាបាល​ជំងឺ ផ្ដាសាយ ឬ​គ្រុនក្ដៅ​បន្តិចបន្តួច​ប៉ុណ្ណោះ​។
​ដំបូង អង្គការ​ឲ្យ​ប្រជាជន​ធ្វើការ​ងារ​ស្រាល និង​បានអនុញ្ញាត​ឲ្យ​សម្រាក​ហើយ​បើក​របប​អាហារ​ឲ្យ​ហូបចុក​គ្រប់គ្រាន់​។ ប៉ុន្តែ​មិនយូរប៉ុន្មាន​អង្គការ​ចាប់ផ្ដើម​រឹតបន្តឹង និង​បង្ខំ​ឲ្យ​ប្រជាជន​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ហើយ​មិន​ឲ្យ​ហូបចុក​គ្រប់គ្រាន់​ឡើយ​។ អង្គការ​បែងចែក​ប្រជាជន​ឲ្យ​រស់នៅ​ជា​សហករណ៍ ធ្វើការ​ងារ​រួម និង​ហូបចុក​រួម​។ រាល់​ទ្រព្យសម្បត្តិ​ផ្សេងៗ​ត្រូវ​ទុកជា​សម្បត្តិ​រួម​របស់​អង្គការ​។ របប​អាហារ​ប្រចាំថ្ងៃ​មាន​ត្រឹមតែ​បបរ លាយ​ជាមួយ​ដើម​ចេក ឬ​គល់​ល្ហុង​ប៉ុណ្ណោះ​។ ក្រោយមក ខ្ញុំ​ត្រូវបាន​អង្គការ​ផ្លាស់​ឲ្យ​មក​ធ្វើជា​នីរសារ​ស្រុក​វិញ​។ ទោះបី​ខ្ញុំ​មិនសូវ​លំបាក​ដូច​ប្រជាជន​នៅក្នុង​សហករណ៍​ក៏ដោយ ក៏​ការងារ និង​ការហូបចុក​របស់ខ្ញុំ​មិនមាន​អ្វី​ខុសប្លែក​ពី​ប្រជាជន​ទាំងនោះ​ដែរ​។
​ជារឿយៗ​ខ្មែរក្រហម​តែងតែ​ធ្វើបាប​ប្រជាជន ដោយ​យក​ប្រជាជន​ទៅធ្វើ​ទារុណកម្ម និង​សម្លាប់ចោល​។ ភាគច្រើន​អ្នក​ដែល​អង្គ​ការយកទៅ​សម្លាប់​នោះ ត្រូវបាន​ចោទថា ជា​ទាហាន មន្ត្រី​រដ្ឋការ គ្រូបង្រៀន និស្សិត និង បញ្ញវន្ត នៅក្នុង​របប លន់ នល់ និង​សង្គមចាស់​។ ក្នុងចំណោម​នោះ សាច់ញាតិ​របស់ខ្ញុំ​ក៏ត្រូវ​បាន​អង្គការ​យកទៅ​សម្លាប់​ម្នាក់​ដែរ ដោយ​អង្គការ​បាន​ចោទថា​ជា​អ្នករដ្ឋការ​តាមរយៈ​ការឆ្លើយ​ដាក់​ពី​មិត្តភក្ដិ​ស្គាល់គ្នា​ម្នាក់ ដែល​ធ្លាប់ជា​ចៅហ្វាយស្រុក​នៅ​របប​សាធារណរដ្ឋ​ខ្មែរ​។ តាមពិត​សាច់ញាតិ​របស់ខ្ញុំ មិនមែនជា​មន្ត្រី​រដ្ឋកា​រ​ទេ​។ ដើម្បី​កុំ​ឲ្យ​បែកការណ៍ អង្គការ​បាន​យក​មនុស្ស​ទៅ​សម្លាប់​នៅ​ទីកន្លែង​ឆ្ងាយ​ពី​ភូមិ​។ ប្រជាជន​មួយចំនួនទៀត​បាន​ស្លាប់​ដោយសារ​ហូបចុក​មិន​គ្រប់គ្រាន់ ជំងឺ និង​ធ្វើការ​ហួសកម្លាំង​។ ដោយសារតែ​ស្រេកឃ្លាន​ខ្លាំងពេក ប្រជាជន​ខ្លះ​បាន​លួច​ដាំបបរ​លាយ​ជាមួយ​កន្ទក់ ឬ​លួច​គាស់​ដំឡូង សណ្ដែក​និង​កាច់​ពោត​ហូប​ចម្អែត​ក្រពះ ប៉ុន្តែ​ប្រសិន​ឈ្លប​ឃើញ អ្នក​លួច​នោះ​នឹងត្រូវ​យកទៅ​សម្លាប់​មិន​ខាន​។​
​ ​នៅពេល​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា សហការ​ជាមួយ​កងទ័ព​វៀតណាម​វាយ​ចូលមក ខ្ញុំ​ក៏បាន​រត់គេចខ្លួន​ពី​ភូមិ​។ ចំណែក​កម្មាភិបាល​ខ្មែរក្រហម​ដទៃទៀត​ត្រូវបាន​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​វៀតណាម​បាន​ចាប់​ដាក់​ឡាន រួច​ដឹក​ទៅ​ឃុំឃាំង​។ ខ្ញុំ​បាន​រួចខ្លួន​ដោយសារ​ខ្ញុំ​បានគេច​ខ្លួន​ទៅ​រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​នៅក្នុង​ភូមិ​។ ក្រោយមក ខ្ញុំ​ក៏បាន​ចូល​ធ្វើជា​ទាហាន​ប៉ា​រ៉ា ព្រោះ​ខ្ញុំ​ខ្លាច​កងទ័ព​វៀតណាម​ចាប់​យកទៅ​ដាក់គុក​។ ប៉ុន្តែ​មិនយូរប៉ុន្មាន ខ្ញុំ​ក៏បាន​ចូល​សារភាព​នៅ​ចំពោះ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​អ្នកជំនាញការ​វៀតណាម​នៅ​ទីនោះ​ដែរ​។ ខ្ញុំ​ត្រូវបាន​ជំនាញការ​វៀតណាម​នាំទៅ​សួរចម្លើយ និង​បាន​សារភាព​ពី​ទោសកំហុស​។​
​ ​ខ្ញុំ​នៅតែ​សោកស្ដាយ​ចំពោះ​អំពើ​ឃោរឃៅ ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម និង​នៅតែ​ចងចាំ​នូវ​ហេតុការណ៍​ទាំងនោះ​។ ខ្ញុំ​សូម​ផ្តាំ​ទៅ​ក្មេងជំនាន់ក្រោយ សូម​ខិតខំ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្រើន ជាពិសេស​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដើម្បី​យល់ដឹង​ពី​ទុក្ខលំបាក​របស់​ប្រជាជន​ក្នុងសម័យ​នោះ និង​ធ្វើយ៉ាងណា​កុំ​ឲ្យ​របប​ដ៏​ឃោ​ឃៅ​នោះ​កើតឡើង​ម្តងទៀត​។ សព្វថ្ងៃ ខ្ញុំ​រស់នៅក្នុង​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

១៣) ដ​យ រ៉​ន​
​មុន​ខ្មែរក្រហម​ឡើងកាន់​អំណាច​ខ្ញុំ រស់នៅក្នុង​ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ នៅពេល​ខ្មែរក្រហម​ឡើង​គ្រប់គ្រង​ប្រទេស ខ្ញុំ​នៅ​វ័យក្មេង ហើយ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ចូលក្នុង​កងកុមារ​។ ការងារ​របស់​កងកុមា​រ មានដូចជា ដើរ​រើស​អាចម៍គោ កាប់​ដើម​ទន្ទ្រានខែត្រ និង​កាប់​ដីដំបូក​យកមក​លាយ​ធ្វើជា​ជី​ដាក់​ស្រែ​។ ក្រៅ​អំពី​ការងារ​ទាំងនេះ អង្គការ​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​លើកភ្លឺស្រែ និង​ទៅរក​ឧស​។ ខ្ញុំ​ក៏ដូចជា​កុមារ​ផ្សេងទៀត​ត្រូវបាន​អង្គការ​បំបែក​ចេញពី​គ្រួសារ​ឲ្យ​ទៅ​រស់នៅ​តាម​កង​ដែលមាន​កុមារ​សរុប​ប្រហែល ១០០ ទៅ​២០០​នាក់​។ ខ្ញុំ​មាន​បងប្អូន​៩​នាក់ ត្រូវបាន​អង្គការ​បំបែក​ឲ្យ​រស់នៅ​ឆ្ងាយៗ​ពីគ្នា នៅតាម​រៀងៗ​ខ្លួន​។ បងប្អូន​ទាំងអស់​របស់ខ្ញុំ ត្រូវបាន​អង្គការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ ដូចជា លើក​រង​ដាំដំឡូង ជីក​ប្រឡាយ និង​លើក​ទំនប់​។
​ក្រោយមក អង្គការ​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅលើ​ទំនប់​មួយ​មាន​ឈ្មោះថា “​ទំនប់​ម្កាក់​” ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​របស់ខ្ញុំ​។ ពេលនោះ​ខ្ញុំ​បាន​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ម្ដងទៀត​។ នៅ​សម័យ​ខ្មែរក្រហម ការជួបជុំ​គ្រួសារ​កម្រ​នឹងមាន​ណាស់​។ មួយខែ​ឬ​ពីរ​ខែ ទើប​ខ្ញុំ​សុំ​អង្គការ​ត្រឡប់មក​ជួបជុំ​គ្រួ​សារបាន​មួយថ្ងៃ រួច​ហើយក៏​ត្រឡប់​ទៅ​សហករណ៍​វិញ​។ ខ្ញុំ​ធ្លាប់បាន​ទៅ​រៀន​ជាមួយ​ក្មេងៗ​ដទៃទៀត​។ ក្នុង​មួយថ្ងៃ ខ្ញុំ​និង​ក្មេងៗ​ដទៃទៀត​រៀន​បានតែ​មួយ​ម៉ោង​ប៉ុណ្ណោះ រួច​ហើយក៏​ត្រឡប់​ទៅធ្វើ​ការ​វិញ​។ អង្គការ​បាន​ប្រាប់ថា កុមា​រថា កុមារ​ចាំបាច់​ត្រូវ​រៀន​ការធ្វើ​ស្រែចម្ការ និង​រៀន​ពី​មនោ​គម​របស់​ខ្មែរក្រហម​ឲ្យ​ច្រើន ពុំ​ចាំបាច់​រៀន​អ្វី​ទៀត​ទេ​។ កុមារ​ត្រូវបាន​អង្គការ​បង្រៀន​ឲ្យ​ចេះ​តាមដាន​រាល់​សកម្មភាព​របស់​ឪពុកម្ដាយ និង​រាយការណ៍​ជូន​អង្គការ​វិញ​។ ខ្ញុំ​និង​ប្រជាជន​ដទៃទៀត​ទទួលបាន​របប​អាហារ​តិចតួច​ណាស់ បើ​ធៀប​ទៅនឹង​ទំហំ​ការងារ​ដែល​អង្គ​ការបង្ខំ​ឲ្យ​ធ្វើ​រាល់ថ្ងៃ​។ របប​អាហារ​ប្រចាំថ្ងៃ គឺ​ខ្ញុំ​ទទួលបាន​បបរ​រាវ​មួយ ឬ​ពីរ​វែក សម្រាប់​ហូប​ក្នុង​មួយពេល ចំណែក​អ្នកជំងឺ​ទទួលបាន​របប​អាហារ​កាន់តែ​តិចជាង​ខ្ញុំ​ទៅទៀត​។ របប​អាហារ​ពេល​ថ្ងៃ អង្គការ​ផ្ដល់​របប​បាយ និង​អំបិល​គ្រួស​ខ្លះ​។ ហេតុការណ៍​មួយ​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ​គឺ ខ្ញុំ​បានឃើញ​យោធា​ខ្មែរក្រហម​ចង​អ្នកទោស​មួយ​ខ្សែ រួច​បណ្តើរ​ទៅក្រោយ​ភូមិ​។ ខណៈនោះ​យោធា​ខ្មែរក្រហម​បាន​បញ្ជា​អ្នកទោស​ទាំងអស់​ជីករ​ណ្ដៅ​ដោយ​ខ្លួនឯង​។ បន្ទាប់ពី​ជីក​រួច​យោធា​ខ្មែរក្រហម​បាន​ឲ្យ​ទឹក​អ្នកទោស​ទាំងនោះ​ផឹក និង​យក​ក្រមា​មក​ចង​ភ្នែក​អ្នកទោស​ទាំងនោះ រួច ហើយ​បាញ់រះ​ទៅលើ​អ្នកទោស​នោះ​ទម្លាក់​ចូលទៅក្នុង​រណ្ដៅ​តែម្តង​។ ចំណែកឯ​អ្នកទោស​ផ្សេងទៀត​ត្រូវបាន​ឈ្លប​ខ្មែរក្រហម​យកទៅដាក់​នៅ​មន្ទីរ​សន្តិសុខ​កំពង់ក្ដី​។ ខ្ញុំ​បានឃើញ​ឆ្មាំ​គុក បង្ខំ​អ្នកទោស​ឲ្យ​ធ្វើការ​ធ្ងន់ ថែមទាំង​បង្អត់អាហារ​អ្នកទោស​ទៀត​។​
​ ​នៅ​ចុងឆ្នាំ​១៩៧៨ ខ្ញុំ​បានឮ​ដំណឹង​ថា​កងកម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម ចូលមក​រំដោះប្រជាជន​កម្ពុជា​។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​បាន​រួច​ពីរ​បប​ដ៏​ឃោរឃៅ​នេះ​។ ខ្ញុំ​បាន​រៀបការ​នៅ​ឆ្នាំ​១៩៨៥ នៅពេល​ខ្ញុំ​អាយុ​បាន​២៥​ឆ្នាំ ជាមួយ​ប្រពន្ធ​ឈ្មោះ ម៉ឹង លាត ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ អ្វីដែល​ខ្ញុំ​សោកស្ដាយ​នោះ គឺ​ការបាត់​ដំណឹង​បងប្អូន​របស់ខ្ញុំ​ចំនួន​៣​នាក់ ដែល​ខ្មែរក្រហម​បាន​បញ្ជូន​ឲ្យ​ទៅធ្វើ​កងទ័ព​។ នៅ​ឆ្នាំ​២០០៤ ខ្ញុំ​បាន​នាំ​ប្រពន្ធ​កូន​មក​ប្រកប​របរ​ធ្វើ​ចម្ការ និង​លក់ដូរ​នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​ក្មេងជំនាន់ក្រោយ​ឲ្យ​ស្វែងយល់​ពីរ​បប​ខ្មែរក្រហម​ឲ្យ​បានច្បាស់លាស់ និង​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​របប​យង់ឃ្នង​នេះ​កើតឡើង​ម្ដងទៀត​។​

១៤) ប្រាក់ លឹម​
​ខ្ញុំ​មាន​អាយុ​៧៧​ឆ្នាំ មានមុខរ​បរជាកសិក​រ​។ នៅក្នុង​ឆ្នាំ​១៩៧៥ ពេលដែល​យោធា​ខ្មែរក្រហម​ឡើង​គ្រប់គ្រង​ប្រទេស ខ្ញុំ​រស់នៅក្នុង​សហករណ៍​មួយ​នៅ​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ ត្រូវបាន​ខ្មែរក្រហម​បំបែក​ចេញពី​គ្រួសារ​ឲ្យ​ទៅធ្វើ​ការងារ​រួម រស់នៅ​រួម និង​ហូប​រួម​។ ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ធ្វើស្រែ​ប្រាំង និង​ស្រែវស្សា​។ ខ្ញុំ​ត្រូវ​ចេញទៅ​ធ្វើការ​តាំងពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១១ ឬ​១២ ថ្ងៃត្រង់ និង​ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​៥​ល្ងាច​។ បន្ទាប់ពី​សម្រាក់​ហូបបាយ​ល្ងាច ពេលខ្លះ​ខ្ញុំ​ត្រូវធ្វើ​ការបន្ត​រហូតដល់​ម៉ោង​១១ ឬ​១២​យប់​។


​ចំពោះ​ការហូបចុក​របស់​ប្រជាជន​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ ដំបូង​អង្គការ​ចែក​របប​អង្ករ​១​កំប៉ុង​សម្រាប់​មនុស្ស​ពីរ​នាក់​។ លុះ​ក្រោយមក​អង្គការ​ដាំបបរ​ដាក់​អង្ករ​១​កំប៉ុង​សម្រាប់​មនុស្ស​១០​នាក់ ធ្វើ​ឲ្យ​ប្រជាជនមាន​ការស្រេកឃ្លាន​យ៉ាងខ្លាំង​។ អង្គការ​បាន​បែងចែក​ប្រជាជន​ជា​ពីរ​ប្រភេទ គឺ ១) ប្រជាជន​ថ្មី គឺជា​ប្រជាជន​ដែល​ខ្មែរក្រហម​ជម្លៀស​មកពី​ខេត្ត​ក្រុង​ផ្សេងៗ និង ២) ប្រជាជន​មូលដ្ឋាន គឺជា​ប្រជាជន​ដែលមាន​ដើមកំណើត​នៅក្នុង​ភូមិ​ប្រាសាទ​នេះ​។ ខ្ញុំ​គឺជា​ប្រជាជន​មូលដ្ឋាន​។ ប្រជាជន​ថ្មី និង​ប្រជាជន​មូលដ្ឋាន​មានការ​ងារ​ដូចៗ​គ្នា​។ អ្នក​ដែល​ធ្វើជា​កងចល័ត​គឺ​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់​ឡើយ​។ នៅពេល​ដែលមាន​មនុស្ស​ឈឺ​នៅក្នុង​សហករណ៍ គឺ មាន​មន្ទីរពេទ្យ​ដើម្បី​សម្រាក និង​គ្រូពេទ្យ​ព្យាបាល ប៉ុន្ដែ​គ្រូពេទ្យ​ទាំងនោះ​មិនមាន​ជំនាញ​ច្បាស់លាស់​ឡើយ​។ គ្រូពេទ្យ​ភាគច្រើន គឺ​ចេះតែ​ចាក់​ថ្នាំ និង​ចេះ​ដេរ​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ថ្នាំ​ដែល​គ្រូពេទ្យ​ផ្ដល់​ឲ្យ​អ្នកជំងឺ​ពេលនោះ គឺជា​ប្រភេទ​ថ្នាំ​ដែល​ផ្សំ​ពី​ឫស​ឈើ​ជាច្រើន​មុខ​កិន​លាយ​បញ្ចូល​គ្នា រួច​ស​ម្ងួ​ត​ឲ្យ​ស្ងួត បន្ទាប់មក​លុ​ញ​ឲ្យ​មាន​រាង​មូលៗ​ដែលមាន​សណ្ឋាន​ដូចជា​អាចម៍​ទន្សាយ​។ ពេទ្យ​សហករណ៍​បាន​ចែក​ថ្នាំ​ទាំងនេះ​ឲ្យ​អ្នកជំងឺ​លេប ទោះបី​អ្នកជំងឺ​នោះ​ឈឺ​គ្រុនក្ដៅ ផ្ដាសាយ និង​រាក​។ ប្រសិនបើ​មាន​អ្នកជំងឺ​ឈឺ​ធ្ងន់ គ្រូពេទ្យ​នឹង​ប្រើ​ទឹកដូង​ចាក់​ឲ្យ​អ្នកជំងឺ​នោះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកជំងឺ​ឈឺ​យូរ អង្គការ​នឹង​ចោទ​អ្នកជំងឺ​នោះ​ថា គ្រុន​សតិអារម្មណ៍​មិន​ខាន ហើយ​អង្គការ​នឹង​កត់សម្គាល់​អ្នកជំងឺ​នោះ​ជា​មុខសញ្ញា​ដើម្បី​យកទៅ​កសាង និង​រៀនសូត្រ​មិន​ខាន​។ ជារឿយៗ ខ្ញុំ​បានឃើញ​កងឈ្លប​ខ្មែរក្រហម​យក​សាកសព​ចេញពី​មន្ទីរពេទ្យ​ក្បែរ​ភូមិ​របស់ខ្ញុំ​។​
​នៅ​ជំនាន់​នោះ អង្គការ​បាន​ឲ្យ​ក្មេងៗ​ទៅ​រៀន​នៅក្នុង​រោង​វែង​ជិត​កន្លែងធ្វើការ ប៉ុន្តែ​ការរៀន​នោះ​គឺ​ផ្ដោត​សំខាន់​លើ​ការ​ដាំពោត សណ្ដែក និង​ស្រូវ​ជាដើម​។ ប៉ុន្តែ​ប្រសិនបើ​អង្គការ​រកឃើញ​អ្នក​លួច​ដំឡូង ពោត និង​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​អង្គការ​នឹង​យក​អ្នក​ទាំងនោះ​ទៅ​សម្លាប់ចោល​មិន​ខាន​។ ការរៀនសូត្រ​នៅក្នុង​សម័យ​នោះ​មិន​ទាក់ទង​នឹង​អក្សរ​ច្រើន​ទេ​។ ចំណែក​គ្រូបង្រៀន អង្គការ​បានជ្រើសរើស​ចេញពី​ប្រជាជន​ថ្មី​ដែល​ជម្លៀស​មកពី​ទីក្រុង​ភ្នំពេញ មក​រស់នៅ​ក្នុងភូមិ​ប្រាសាទ​នេះ​តែម្តង​។
​ខ្ញុំ​ធ្លាប់​បានឃើញ​ការរៀប​ការ​របស់​យុវជន និង​យុវនារី​នៅ​ជំនាន់​នោះ ដែល​ការ​រៀបការ​មួយ​លើកៗ មាន​ចាប់ពី ៤០​គូ​ឡើងទៅ​។ គូ​ស្វាមីភរិយា​ថ្មី​ទាំងនោះ​ត្រូវ​ឡើង​ប្ដេជ្ញាចិត្ត​ថា យកគ្នា​ជា​ប្តី​ប្រពន្ធ និង​ស្ម័គ្រចិត្ត​បម្រើ​អង្គការ​។ ពិធី​រៀបការ​នោះ​មានការ​ចូលរួម​ពី​ប្រធាន​សហករណ៍ ហើយ​អំណោយ​ដែល​អង្គការ​ផ្ដល់​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​នោះ គឺ​មានតែ​ក្រណាត់​ខ្មៅ​មួយ​ដំ និង​ក្រមា​មួយ​ប៉ុណ្ណោះ​។ នៅ​សម័យ​នោះ ប្រសិនបើ​នរណាម្នាក់​ហ៊ាន​ប្រព្រឹត្ត​ខុសសីលធម៌ អង្គការ​នឹង​យកទៅ​សម្លាប់ចោល​ជាមិនខាន​។
​នៅពេល​មួយ អង្គការ​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ទៅរក​វ​ល្លិ៍ ប៉ុន្តែ​បាន​ហាមឃាត់​ខ្ញុំ​មិន​ឲ្យ​ដើរទៅ តំបន់​ផ្សេង​ទៀតឡើយ​។ នៅពេលដែល​មេក្រុម​របស់ខ្ញុំ​មិន​នៅ ខ្ញុំ​បាន​លប​ដើរ​ចូលទៅ​តំបន់​មួយ​ក្បែរ​នោះ ព្រោះ​ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​អង្គ​ការហាម​ខ្ញុំ​។ ស្រាប់តែ​ខ្ញុំ​ដើរ​មិនទាន់​ដល់ទី​តាំង​ផង ក៏​ខ្ញុំ​ធំក្លិន​ស្អុយ​ចេញពី​ព្រៃ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ដ​ដើរទៅ​មុខ​រហូត​ប្រទះឃើញ​អន្លង់​មួយ​មាន​បណ្តោយ ប្រហែល​១០​ម៉ែត្រ​។ នៅក្នុង​អន្លង់​នោះ​មាន​សាកសព​មនុស្ស​ប្រមាណ​៥០​នាក់​ដែល​មិនទាន់បាន កប់​។ ពេលនោះ ខ្ញុំ​រន្ធត់ និង​ភ័យខ្លាច​យ៉ាងខ្លាំង​។ បន្ទាប់មក ខ្ញុំ​ក៏​ប្រញាប់​ដើរ​តម្រង់​មក​កន្លែង​រក វ​ល្លិ៍​វិញ​។ ខ្ញុំ​មិនដែល​បាន​និយាយ​រឿង​ដែល​ខ្ញុំ​បាន​ប្រទះឃើញ​ប្រាប់​នរណា​ឡើយ នៅពេល ត្រឡប់មក​សហករណ៍​វិញ​។ ប្រជាជន​មួយចំនួន​នៅ​ក្នុងភូមិ​របស់ខ្ញុំ ក៏ត្រូវ​បាន​អង្គការ​យកទៅ សម្លាប់​ដែរ ចំណែក​វត្ត​ចំនួន​៤​ត្រូវបាន​វាយបំផ្លាញ ហើយ​អង្គការ​បាន​បញ្ជា​ឲ្យ​ព្រះសង្ឃ និង អាចារ្យ​នៅ​វត្ត​ទៅធ្វើ​ការងារ​ដូច​ប្រជាជន​ធម្មតា​វិញ​។
​នៅពេលដែល​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ដួលរលំ ខ្ញុំ​និង​គ្រួ​សារបាន​ផ្លាស់​មក​រស់នៅ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​រហូតមកដល់​បច្ចុប្បន្ននេះ​។ ខ្ញុំ​សំណូមពរ​ឲ្យ​ក្មេងជំនាន់ក្រោយ​ត្រូវខិតខំ​ប្រឹងប្រែង​សិក្សា និង​ត្រិះរិះ​ពិចារណា​មុនពេល​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ហើយ​ធ្វើយ៉ាងណា​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់ចូល​ក្នុង​របប​ខ្មែរក្រហម​ម្តងទៀត​។​

១៥) ឆេ​ក ធំ​
​ ​នៅក្នុង​សម័យ លន់ នល់ ខ្ញុំ​បាន​បួស​ជា​ព្រះសង្ឃ ពេលនោះ​បានឃើញ​ការទម្លាក់​គ្រាប់បែក ជាច្រើនលើក​ច្រើនសា​នៅ​ស្រុកកំណើត​របស់ខ្ញុំ​នៅ​ភូមិ​គោក​តា​សុខ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ពេលនោះ ខ្ញុំ​ត្រូវបាន​ទាហាន លន់ នល់ តាម​សម្លាប់ ដូច្នេះហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​រត់​ចេញពីផ្ទះ ស្រប​ពេលដែល​កងកម្លាំង​រំដោះ​ខ្មែរក្រហម​កំពុង​កៀរ​ប្រជាជន​ក្នុង​ចូល​ព្រៃ​។ រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​បាន​ឡើង​គ្រប់គ្រង​ប្រទេស ពេលនោះ​ខ្មែរ​បាន​បញ្ជូន​ខ្ញុំ និង​គ្រួសារ​មក​ភូមិ​គោក​តា​សុខ​វិញ​។

ប្រហែល​បី​ខែ​ក្រោយមក ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​មកដល់​ភូមិ​របស់ខ្ញុំ​កំពុង​រស់នៅ​ដែរ​។ ប្រជាជន​ថ្មី​ទាំងនោះ​បាន​សង់​ខ្ទម​សម្រាប់​ស្នាក់នៅ​រៀងៗ​ខ្លួន​។ ចំណែក​ការហូបចុក ប្រជាជន​ថ្មី​ទាំងនោះ​ពុំមាន​បាយ​ហូប​គ្រប់គ្រាន់​ឡើយ គឺមាន​តែ​បបរ​ប៉ុណ្ណោះ​។ ស្ត្រី​ដែល​ទើបនឹង​សម្រាល​កូនខ្ចី ក៏ត្រូវ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការដក​ស្ទូង​ជាធម្មតា​ដែរ ដោយ​ទុក​កូន​ឲ្យ​ចាស់ៗ​ក្នុងភូមិ​មើលថែទាំ​។ ប្រសិនបើ​នរណាម្នាក់​មិន​ព្រម​ចេញទៅ​ធ្វើការ ឬ​ធ្វើការ​ដោយ​មិន​យកចិត្តទុកដាក់ នោះ​អង្គ​ការយកទៅ​រៀនសូត្រ​មិនខានឡើយ​។ សម័យ​នោះ មិនមាន​ពេទ្យ​ព្យាបាល​អ្នកជំងឺ​ឲ្យ​បាន​ដិតដល់​ឡើយ​។ ខ្ញុំ​ធ្លាប់​ឈឺ​ត្រចៀក ប៉ុន្តែ​ដោយសារ​ពេទ្យ​ព្យាបាល​មិនបាន​ត្រឹមត្រូវ បណ្តាល​ឲ្យ​ត្រចៀក​របស់ខ្ញុំ​ស្តាប់​មិន​ច្បាស់​។ នៅក្នុង​របប​ខ្មែរក្រហម គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើស្រែ បាច​ជី​ដាក់​ស្រូវ កាប់​ទន្ទ្រានខែត្រ ជីក​ប្រឡាយ ដោយ​យើង​ចាប់ផ្តើម​ធ្វើ​តាំងពី​ព្រលឹម រហូតដល់​យប់​។ នៅ​ខណៈនោះ ខ្មែរក្រហម​ក៏បាន​ប្រកា​សរក​អ្នកមានចំណេះដឹង និ​សិ​ត្ស បញ្ញវន្ត សាស្ត្រាចារ្យ ឲ្យ​មក​ធ្វើការ បន្ទាប់មក​អ្នក​ទាំងនេះ​ក៏​បាត់​ខ្លួន គ្មាន​ដំណឹង​រហូតមកដល់​ស​ព្វ​ថ្ងៃ​។
​នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​ចូលរួម​ពិធី​រៀបការ ដែល​ខ្មែរក្រហម​បានរៀបចំ​ឲ្យ​យុវជន និង​យុវនារី​។ ក្រោយពី​រៀបការ​រួច គូ​ស្វាមីភរិយា​ថ្មី​ទាំងនោះ​ត្រូវ​ចេញទៅ​ធ្វើការ​វិញ​។
​នៅ​ដើមខែ មិថុនា ឆ្នាំ​១៩៧៧ ប្រពន្ធ​របស់ខ្ញុំ​សម្រាល​បានកូន​ប្រុស​ម្នាក់​។ កំឡុងពេល​មានកូន​ខ្ចី ប្រពន្ធ​របស់ខ្ញុំ​ត្រូវ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ចេញទៅ​ធ្វើការ​ជាធម្មតា ដោយ​ទុក​កូន​ឲ្យ​ចាស់ៗ​នៅក្នុង​ភូមិ​ជួយ​មើលថែទាំ​។ ក្រោយមក​ខ្ញុំ​បានឮ​ដំណឹង​ថា មាន​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​វៀតណាម​ចូលមក​ជួយសង្គ្រោះ ដូច្នេះ​ខ្ញុំ​និង​ប្រពន្ធ​កូន​ក៏បាន​ត្រឡប់មក​រស់នៅ​ក្នុងភូមិ​វិញ​
មួយរយៈ​ក្រោយមក ខ្ញុំ​បានទទួល​ដំណឹង​ថា​មានការ​ជ្រើសរើស​គ្រូបង្រៀន ខ្ញុំ​ក៏បាន​ដាក់ពាក្យ​ប្រឡង​នៅ​ស្រុក​ថ្មពួក​ជាប់​។ នៅ​ឆ្នាំ​១៩៩០ ខ្ញុំ​បាន​ក្លាយជា​គ្រូបង្រៀន​។ ក្រោយពេល​ចូលនិវត្តន៍ ខ្ញុំ​បាន​ផ្លាស់​មក​រស់នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​រស់នៅ​យ៉ាង​មាន​សុភមង្គល​នៅទីនេះ​។ សព្វថ្ងៃ ខ្ញុំ​មាន​អាយុ​៧២​ឆ្នាំ រស់នៅ​ជាមួយ​មានកូន (​បីនាក់​) និង​ចៅ​តូចៗ​។​

១៦) គង់ សឿត​
​ខ្ញុំ​មាន​អាយុ​៥៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅ​ធ្វើការ​ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ទើប​ខ្មែរក្រហម​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​ក៏ដូចជា​ប្រជាជន​ដទៃទៀត​ឈប់សម្រាក​ហូប​អាហារ​។ បន្ទាប់ពី​ហូប​អាហារ​ថ្ងៃត្រង់​រួច នៅ​ម៉ោង​១:០០​រសៀល ខ្ញុំ​បានចាប់ផ្ដើម​បន្ដ​ធ្វើការ​រហូតដល់​ម៉ោង​៧​យប់​។ រៀងរាល់ថ្ងៃ ខ្ញុំ​ទទួលបាន​របប​អាហារ​បី​ពេល ដោយពេល​ព្រឹក​ខ្ញុំ​ហូប​បបរ ពេល​ថ្ងៃត្រង់​ហូបបាយ និង​ពេល​ល្ងាច​ហូប​បបរ ជាមួយ​ម្ហូប​ដែល​ភាគច្រើន​មានតែ​សម្ល​ត្រកួន​ប៉ុណ្ណោះ​។ ការងារ​ប្រចាំថ្ងៃ​ដែល​ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ធ្វើ​នៅពេលនោះ មានដូចជា ៖ លើកភ្លឺស្រែ ជញ្ជូន​ជី​ដាក់​ស្រែ ជីក​ប្រឡាយ និង​លើក​ទំនប់​។ ខ្ញុំ​បានធ្វើ​ការងារ​ទាំងនេះ រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​មិនអាច​បំភ្លេចបាន​នោះ គឺ​ស្នាមរបួស​ដែល​បាន​បន្សល់ទុក​រហូតមក​ដល់​សព្វថ្ងៃនេះ​។​
​ ​បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩ ខ្ញុំ​និង​ប្រជាជន​ដទៃទៀត​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​តំបន់​ដែល​កងទ័ព​វៀតណាម​គ្រប់គ្រង​។ ខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង កាត់​តាម​ព្រៃ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​។ ក្នុងអំឡុង​ពេលដែលរ​ត់​ភៀសខ្លួន ខ្ញុំ​ក៏បាន​ជាន់​ចម្រូង​ឫស្សី​លាប​ពិស ដែល​យោធា​ខ្មែរក្រហម​បានដាក់​ដើម្បី​បង្អាក់ដំណើរ​របស់​ខ្មាំងសត្រូវ​។ បន្ទាប់ពី​ជាន់​ចម្រូង​ឫស្សី​នេះ​ភ្លាម ខ្ញុំ​ក៏​ចាប់ផ្តើម​ឈឺ​ចុកចាប់​រហូតដល់​សន្លប់​នៅនឹងកន្លែង​។ ពេលនោះ ខ្ញុំ​ត្រូវបាន​ប្រជាជន​ដែល​រួម​ដំណើរ​ជាមួយគ្នា​ជួយសង្គ្រោះ ដោយបាន​អូស ខ្ញុំ​ទៅ​កន្លែង​ស្ងាត់កំបាំង​ដើម្បី​ព្យាបាល​។ មួយសន្ទុះ​ក្រោយមក ខ្ញុំ​អាចធ្វើ​ដំណើរ​បន្ដ​ទៅមុខ​រហូតដល់​ទល់ដែន​កម្ពុជា​-​ថៃ ប៉ុន្តែ​ជើង​របស់ខ្ញុំ​នៅ​ឈឺ​នៅឡើយ​។
​នៅពេល​មកដល់​ព្រំដែន​ថៃ ខ្ញុំ​បាន​ប្រទះឃើញ​ក្រុម​យោធា​ថៃ​ចាប់​ស្រីក្មេងៗ​ដែល​រត់គេចខ្លួន​មកជា​មួយ​ខ្ញុំ​យកទៅ​រំលោភ​ទៀតផង​។ ការរស់នៅ និង​ការរត់​ភៀសខ្លួន​នៅពេលនោះ ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ហើយ​ខ្ញុំ​ក៏​មិន​នឹកស្មានថា ខ្ញុំ​អាចមាន​ជីវិត​រស់​រហូត​មកដល់​សព្វថ្ងៃ​នេះដែរ​។

១៧) ផន ម៉ៅ​
​បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥ ខ្ញុំ​និង​គ្រួសារ​ត្រូវបាន​ខ្មែរក្រហម​បំបែក​ឲ្យ​រស់នៅ​កង​ផ្សេងៗ​គ្នា នៅក្នុង​ខេត្តសៀមរាប​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​នៅក្នុង​កងចល័ត ហើយ​ការរស់នៅ​របស់ខ្ញុំ​ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ជាពិសេស​របប​អាហារ​ប្រចាំថ្ងៃ ដោយ​មានតែ​បបរ​លាយ​ត្រកួន ព្រលិត គល់​ចេក និង​គល់​ល្ហុង​ប៉ុណ្ណោះ​។ ចំណែក​ការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ គឺ​លើក​ទំនប់ ជីក​ប្រឡាយ ស្ទូងស្រូវ និង​ច្រូតកាត់​។ ប្រសិនបើ​មាន​នរណាម្នាក់​ហ៊ាន​ជំទាស់​នឹង​បទបញ្ជា​ថ្នាក់លើ ខ្មែរក្រហម​នឹង​យក​អ្នកនោះ​ទៅធ្វើ​ទារុណកម្ម ឬ​សម្លាប់ចោល​ភ្លាម​។
​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន ដែលមាន​ជំងឺ​បន្តិចបន្តួច​ឈប់សម្រាក​ព្យាបាល​ឡើយ ផ្ទុយទៅវិញ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ដូច​ប្រជាជន​ដទៃ​។ ខ្ញុំ​និង​ប្រជាជន​ផ្សេងទៀត​ត្រូវ​ធ្វើការ​យ៉ាងហោចណាស់​១០​ម៉ោង​ក្នុង​មួយថ្ងៃ​។ ដោយពេល​ព្រឹក ខ្ញុំ​បាន​ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​១២​ថ្ងៃត្រង់ និង​ពេល​រសៀល​ពី​ម៉ោង​១ ដល់​ម៉ោង​៦​ល្ងាច​។ ពេលយប់​ខ្លះ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បញ្ជា​ឲ្យ​រម្ងាស់​ថ្នាំ​រហូតដល់​ម៉ោង​៤​ទៀបភ្លឺ​ទៀតផង​។ ក្នុង​យប់​ខ្លះ ខ្ញុំ​អាច​សម្រាក​បានតែ​បី​ម៉ោង​ប៉ុណ្ណោះ​។ ចំពោះ​ការរៀប​អាពាហ៍ពិពាហ៍​នៅក្នុង​សម័យ​ខ្មែរក្រហម​ក៏មាន​ការបែងចែក​ជា​ពីរ​ប្រភេទ​ដែរ គឺ​ការ​រៀបការ​រវាង​ប្រជាជន​មូលដ្ឋាន​ជាមួយនឹង​ប្រជាជន​មូលដ្ឋាន និង​ការ​រៀបការ​រវាង​ប្រជាជន​ថ្មី​ជាមួយនឹង​ប្រជាជន​ថ្មី​។ កម្មវិធី​រៀបការ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​កម្មាភិបាល​ខ្មែរក្រហម ដោយ​ខាង​បុរស និង​នារី​ចាប់ដៃគ្នា ហើយ​ឡើង​ប្ដេជ្ញាចិត្ត​ចំពោះមុខ​អង្គការ និង​គោរព​ទង់​បដិវត្តន៍​។ ប្រសិនបើ​ខ្មែរក្រហម​ផ្សំផ្គុំ​ឲ្យ​ជួប​មនុស្ស​ដែល​ខ្លួន​មិន​ស្រឡាញ់ សា​ម៉ី​ខ្លួន​ទាំងសងខាង​ក៏​មិន​ហ៊ាន​បដិសេធ​ដែរ ព្រោះ​ខ្លាច​ទទួលរង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ និង​ខ្លាច​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​។ ជួនកាល​មាន​នារី​ខ្លះ​ហ៊ាន​សម្លាប់ខ្លួន​ដោយសារ​មិន​ពេញ​ចិត្តនឹង​គូ​របស់ខ្លួន​។ ខ្មែរក្រហម​បាន​តម្រូវ​ឲ្យ​ប្រជាជន​ទាំងអស់​ស្លៀក​សម្លៀកបំពាក់​ខ្មៅ ទោះបីជា​ក្នុង​ពិធី​រៀបការ​ក៏ដោយ​។ ពេល​រៀបការ​រួច ខ្មែរក្រហម​បានអនុញ្ញាត​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​អាច​ឈប់សម្រាក​មួយថ្ងៃ រួចហើយ​ត្រូវធ្វើ​ការបម្រើ​ជូន​អង្គការ​វិញ ទៅតាម​ការងារ​រៀងៗ​ខ្លួន ដែលមាន​រយៈពេល​មួយខែ​ទើប​អាច​ជួបគ្នា​ម្ដងទៀត​។
​ខ្ញុំ​បានធ្វើការ​នៅក្នុង​កងចល័ត​រហូត​ដល់​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ ទើប​ត្រឡប់មក​ភូមិកំណើត​វិញ ហើយ​ក្រោយមក ខ្ញុំ​ក៏​ផ្លាស់​មក​ខេត្តឧត្ដរមានជ័យ​។ បច្ចុប្បន្ន ខ្ញុំ​មាន​អាយុ​៦១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទួលប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។​

​តាមរយៈ​សាច់រឿង​ខាងលើ ប្រជាជន​ក្នុង​សហគមន៍​អន្លង់វែង​បាន​និយាយ​រឿងរ៉ាវ​ផ្សេងៗ និង​បទពិសោធន៍​ជូរចត់​ដែល​ខ្លួន​ឆ្លងកាត់​កាលពី​សម័យ​សង្គ្រាម ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ក្នុងអំឡុង​របប​ខ្មែរក្រហម និង​ពេល​ក្រោយមក​។ ប៉ុន្តែ​សម្រាប់​អតីត​ខ្មែរក្រហម និង​ប្រជាជន​មួយចំនួន​ដែល​ធ្លាប់បាន​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ តា​ម៉ុក នៅតែ​មិន​ចង់​និយាយ​ពី​ការជាប់​ទាក់ទង​របស់​ខ្លួន​ជាមួយ​អំពើ​ឃោរឃៅ​របស់ តា​ម៉ុក និង​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួនទៀត​នៅក្នុង​តំបន់​អន្លង់វែង​។ អតីត​ខ្មែរក្រហម​ទាំងនេះ​ក៏បាន​ព្យាយាម​លាក់​ពី​អត្តសញ្ញាណ​របស់ខ្លួន ហើយក៏​មិន​ចង់បង្ហាញ​ពី​តួនាទី​ពិតប្រាកដ​របស់ខ្លួន​ដែរ​។
​ជារឿយៗ​អ្នក​ទាំងនេះ​ហាក់​ចង់​បង្ហាញថា តា​ម៉ុក ជា​មនុស្ស​ល្អ និង​បានចាត់ទុក​ខ្លួនឯង​ថា​ជា​ជនរងគ្រោះ​ដែរ ដោយបាន​លើកឡើង​ពី​ការរត់​ភៀសខ្លួន​ពី​សង្គ្រាម ការឈឺចាប់ ការបែកបាក់​ក្រុមគ្រួសារ នៅក្នុង​អំឡុងពេល​រប​ប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​ចេញពី​អំណាច​។ ទោះបីជា​របប​ខ្មែរក្រហម​បាន​ផុតរលត់​ទៅហើយ ហើយ​សាលាក្តី​ខ្មែរក្រហម​បាន​កាត់ទោស និង​កំពុង​ដំណើរ​កាត់ទោស​មេ​ដឹកនាំ​ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ខ្មែរក្រហម​មួយចំនួនទៀត ហើយ​គ្រោង​បញ្ចប់​សំណុំរឿង​ទាំងអស់​នៅពេល​ឆាប់​ខាងមុខនេះ​ក៏ដោយ ក៏​ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត​នៅតែ​ចង់ដឹង​រឿងរ៉ាវ​ឪពុកម្តាយ បងប្អូន និង​សាច់ញាតិ​របស់ខ្លួន​ដែល​បាន​ស្លាប់ ពី​អតីត​កម្មាភិបាល និង​យោធា​ខ្មែរក្រហម​ផ្សេងទៀត​ដែរ​៕

ក្រុមនិស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​កំពុង​សម្ភាសន៍​ប្រជាជន​នៅក្នុង​សហគមន៍​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ អំពី​បទពិសោធន៍​ក្នុងសម័យ​ខ្មែរក្រហម​។​