​រឿងរ៉ាវ​ស្នេហា​ដ៏​រន្ធត់​នៅក្នុង​របប​ខ្មែរក្រហម​

1384
ចែករម្លែក
  • 9
    Shares

ដោយ​: ឆែម នាត គរុ​សិស្ស​ឆ្នាំ​ទី​១ ជំនា​ន់ទី​២៨ ឯកទេស គ​ណិ​ត‍​-​រូប នៃ​សាលា​មជ្ឈមណ្ឌល​គរុ​កោ​ស្យ​ភូមិភាគ​ខេត្តព្រៃវែង​

​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ នូវ សុខន ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​លាយ​បូរ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បច្ចុប្បន្ន ខ្ញុំ​រស់នៅ​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​មុន​របប លន់ នល់ ខ្ញុំ​រស់នៅក្នុង​គ្រួសារ​កសិករ​មួយ ដែលមាន​ជីវភាព​ក្រលំបាក នៅក្នុង​ភូមិ​លាយ​បូរ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេ​ត្តា​កែវ​។ ខ្ញុំ​ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៦​នាក់​។ ដើម្បី​គេចចេញ​ពី​ការទម្លាក់​គ្រាប់បែក និង​សង្គ្រាម គ្រួសារ​របស់ខ្ញុំ​បានសម្រេច​ចិត្ត ទៅ​រស់នៅ​ភូមិ​មួយ​ផ្សេងទៀត​។ ប៉ុន្តែ​នៅពេល​ធ្វើដំណើរ​ដល់​ភ្នំ​មួយ ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​ជួបនឹង​ខ្មែរក្រហម ដែល​កំពុង​កៀរ​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ​ជ្រៅ​។ ឃើញ​ដូច្នេះ ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ភៀសខ្លួន​ចេញពី​តំបន់​នោះ​។ នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ទៅ​រស់នៅ​ភូមិ​ជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង​។​

នូវ សុខន

​លុះដល់​ឆ្នាំ​១៩៧៤ ដោយសារ​តែមាន​ការបា​ញ់​គំរាម និង​ដុត​ផ្ទះ​ប្រជាជន​ពី​សំណាក់​យោធា ខ្មែរក្រហម​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ដូចជា អង្ករ មាន់ ទា ខ្ញុំ និង​ក្រុមគ្រួសារ​បាន​រត់គេចខ្លួន​ចេញពីផ្ទះ​ទៅ​ដេក​តាម​អូរ​ឆ្ងាយៗ​ពី​ភូមិ​ជា​រៀងរាល់​យប់​។ ដោយសារ​មិនមាន​សុវត្ថិភាព​នៅពេលនោះ នៅ​ចុងឆ្នាំ​១៩៧៤ ខ្ញុំ និង​គ្រួ​សារបាន​ផ្លាស់​ទៅ​រស់នៅ​ក្រុង​បាត់ដំបង​វិញ ដោយ​សុំ​ជង្រុក​ស្រូវ​របស់​ប្រជាជន​នៅ​ទីនោះ​ដើម្បី​ស្នាក់អាស្រ័យ​បណ្តោះអាសន្ន​។​

​ក្នុង​ឆ្នាំ​១៩៧៥ នៅពេលដែល​ខ្ញុំ​មាន​អាយុ​ប្រហែល​៩​ឆ្នាំ យោធា​ខ្មែរក្រហម​បាន​បង្គាប់​ឲ្យ​ប្រជាជន​ក្នុង​ក្រុង​បាត់ដំបង​ឈរ​តាម​ដងផ្លូវ រួចហើយ​ស្រែកថា «​ជ​យ‌ោ​​! សម្ដេចឪ​ឈ្នះ​ហើយ​»​។ ខណៈពេល​នោះ យោធា​ខ្មែរក្រហម​ក៏បាន​ដឹក​អតីត​ទាហាន លន់ នល់ តាម​រថយន្ត​ទៅ​ជាយដែន​ដែរ​។ ក្រោយមក​ទើប​ខ្ញុំ​ដឹងថា អតីត​ទាហាន លន់ នល់ ទាំងនោះ​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​។ បន្ទាប់ពី​ព្រឹត្តិការណ៍​នោះ ខ្ញុំ និង​គ្រួសារ​ត្រូវបាន​យោធា​ខ្មែរក្រហម​ជម្លៀស​ចេញពី​ទីក្រុង​បាត់ដំបង​ឲ្យ​ទៅ​នៅ​ភូមិ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​យើង​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​អស់​រយៈពេល​២​ថ្ងៃ​។ នៅពេល​ទៅដល់​ភូមិ ខ្ញុំ​មិនទាន់​ទទួលបាន​ការចាត់តាំង​ឲ្យ​ការងារ​អ្វី​ឡើយ ក្រៅពី​នៅផ្ទះ​ដើម្បី​មើល​ប្អូនៗ​។ រីឯ​ម្ដាយ​ឪពុក​របស់ខ្ញុំ និង​ប្រជាជន​ដទៃទៀត​នៅក្នុង​ភូមិ​ជ្រៃ ត្រូវបាន​ខ្មែរក្រហម​បែងចែក​ឲ្យ​ទៅធ្វើ​ការងារ​រួម ប៉ុន្តែ​អាច​ហូបបាយ​នៅផ្ទះ​រៀងៗ​ខ្លួន​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ការបរិភោគ​របស់​ប្រជាជន​មិនមាន​ភាព​គ្រប់គ្រាន់​ឡើយ​។ ក្នុង​ឆ្នាំ​ដដែល ប្អូន​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ និង​ខ្វះ​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​។​

​រហូតដល់​ឆ្នាំ​១៩៧៦ ទើប​ខ្មែរក្រហម​បាន​ប្រមូល​ប្រជាជន​នៅក្នុង​ភូមិ​ជ្រៃ​ហូប​រួម ដោយពេល​ថ្ងៃ​ហូប​បបរ និង​ពេល​ល្ងាច​ហូបបាយ​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ​មានរឿង​ស្នេហា​គួរ​ឲ្យ​ខ្លាច​មួយ​បាន​កើតឡើង គឺ​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ជា ដែល​ប្តី​របស់គាត់​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល បាន​ស្រលាញ់គ្នា​ជាមួយ​បុរស​ឈ្មោះ ជុំ​។ អ្នក​ទាំងពីរ​ធ្វើការ​ក្នុង​កង​ផ្សេង​ពីគ្នា ប៉ុន្តែ​ថ្ងៃមួយ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​ហើយ​ចាប់ចិត្ត​ស្រឡាញ់គ្នា​។ ជា និង ជុំ តែងតែ​លួច​ទៅ​រួមរស់​ជាមួយគ្នា​នៅពេល​យប់​។ ថ្ងៃមួយ​កម្មាភិបាល​ខ្មែរក្រហម​បានដឹង​ពី​រឿងនេះ និង​បាន​ចាប់​អ្នក​ទាំងពីរ ដោយ​ចោទថា​ប្រព្រឹត្ត​ខុសសីលធម៌​។ លុះដល់​ពេលព្រឹក កម្មាភិបាល​ខ្មែរក្រហម​បាន​កោះហៅ​ប្រជាជន​នៅក្នុង​ឃុំ​ទាំងអស់​ទៅ​ប្រជុំ រួចហើយ​បាន​នាំយក ជា និង ជុំ មកលើ​វេទិកា បន្ទាប់មក​ខ្មែរក្រហម​ក៏​បង្គាប់​ឲ្យ​ប្រជាជន​ម្នាក់ៗ​ឡើង​ប្តេជ្ញា​កុំ​យក​គំរូ​តាម​អ្នក​ទាំងពីរ​។ បន្ទាប់ពី​ប្រជុំ​ចប់ កម្មាភិបាល​ខ្មែរក្រហម​បាន​បណ្តើរ ជា និង ជុំ ទៅ​ក្រៅ​ភូមិ​។ ពេល​ដើរ​ទៅដល់​មាត់​រណ្តៅ​នៅ​ចុង​ភូមិ កម្មាភិបាល​ខ្មែរក្រហម​បាន​សម្រាត​ខោអាវ​អ្នក​ទាំងពីរ​ចេញ និង​បាន​វាយ​សម្លាប់ ជា​។ បន្ទាប់មក ខ្មែរក្រហម​បាន វះ​យក​ថ្លើម និង​ប្រមា​ត់របស់ ជា រួចហើយ​ដាក់​សព​របស់ ជា ផ្ងារ​ក្នុង​រណ្តៅ​។ ចំណែក ជុំ ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​វាយ​ឲ្យ​សន្លប់ ហើយ​ដាក់​ឲ្យ​ដេក​ផ្កាប់​លើ ជា នៅក្នុង​រណ្តៅ រួច​កប់​ទាំង​រស់​តែម្តង​។​

​ក្នុង​ឆ្នាំ​១៩៧៧ ខ្ញុំ​មាន​អាយុ​ប្រហែល​១១​ឆ្នាំ ដែល​ពេលនោះ​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ចូល​ទៅធ្វើ​ការងារ​ក្នុង​កងកុមារ ដោយ​ធ្វើ​ការងារ ដូចជា ដេញចាប និង​បោចស្មៅ​នៅតាម​វាលស្រែ​។ រីឯ​របប​អាហារ​របស់ខ្ញុំ គឺ​ពេល​ថ្ងៃត្រង់​ហូប​បបរ​បាន​មួយ​ចម្អែត និង​ពេល​ល្ងាច​ហូបបាយ​៣​វែក​។ ពេលនោះ ប្រសិនបើ​មាន​ក្មេង​ណា​ខ្ជិល ឬ​លួច​រត់​ទៅផ្ទះ មេកង​នឹង​ចាប់​ក្មេង​នោះ​យកមក​កង​វិញ​។ មេកង​បាន​ចង​ក្មេង​នោះ​ផ្អោប​ទៅនឹង​សសរ រួច​កាច់​សម្បុក​ដែលមាន​អង្ក្រង​មក​ឲ្យ​ខាំ ថែមទាំង​បង្អត់អាហារ​ក្មេង​ទាំងនោះ​ទៀត​។​

​ក្នុងអំឡុង​ឆ្នាំ​១៩៧៨​‍​ ដល់​ឆ្នាំ​១៩៧៩ ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ទៅ​នៅ​តា​កោរ​ទ្រេត ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ភូមិ​ដែល​គ្រួសារ​របស់ខ្ញុំ​រស់នៅ​។ រយៈពេល​១​ខែ ទើប​ខ្មែរក្រហម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួប​គ្រួសារ​ម្ដង​។ នៅ​ទីនោះ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ ដើរ​រើស​ឧស កាប់​ដី និង​លើក​ទំនប់​តូចៗ ប៉ុន្តែ​ខ្មែរក្រហម​មិនបាន​បង្ខិតបង្ខំ​ខ្ញុំ និង​ប្រជាជន​នៅក្នុង​តំបន់​នេះ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ឡើយ​។​
​ក្រោយ​ជ័យជម្នះ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ គ្រួសារ​របស់ខ្ញុំ​បាន​ជួបជុំគ្នា​វិញ និង​បាន​ទៅ​រស់នៅ​ក្នុងស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទោះបី​របប​ខ្មែរក្រហម​ដួលរលំ​ទៅហើយ​ក៏ដោយ ក៏​សង្គ្រាម​រវាង​ខ្មែរក្រហម និង​កងទ័ព​វៀតណាម​នៅតែ​បន្ត​ក្នុងភូមិ​ឃុំ​ដែល​ខ្ញុំ​រស់នៅ​រហូតដល់​ឆ្នាំ​១៩៩៥៕ ល​