​រឿងរ៉ាវ​អតីតកាល​ដែល​ធ្វើ​ឲ្យ ដេ​ន មិនអាច​បំភ្លេចបាន​

2144
ចែករម្លែក
  • 10
    Shares

ដោយ :​ឃុន លក្ខិណា និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
​ភ្នំពេញៈ​នៅក្នុង​អំឡុង​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​ទាំងអស់​បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់រ​បប​ដ៏​ឃោរឃៅ ដឹកនាំ​របស់ ប៉ុល ពត​។ របប​នេះ​បាន​រុញច្រាន​ប្រជាជន​កម្ពុជា​ឲ្យ​ធ្លាក់​ទៅក្នុង​ទុក្ខវេទនា និង​បាន​បន្សល់ទុក​នូវ​ភាពឈឺចាប់​ខ្លោចផ្សា​។ ប្រជាជន​កម្ពុជា​បាន​ព្រាត់ប្រាស់​ប្ដី​ប្រពន្ធ កូន ក្រុមគ្រួសារ ធ្លាក់ខ្លួន​ពិការ និង​ស្លាប់បាត់​បង់ជីវិត​។ ភាពឈឺចាប់ និង​ភាព​ខ្លោចផ្សា​ទាំងនោះ​នៅ​ដក់​ជាប់ ក្នុង​អារម្មណ៍​របស់​ជនរងគ្រោះ​នៅឡើយ​។ ដោយ​ចង់ដឹងថា​រឿងរ៉ាវ​ទាំងនេះ កើតឡើង​ដោយសារ​អ្វី​? នាង​ខ្ញុំ​បាន​ទៅ​ជួប​ឈ្មោះ ឈន់ ដេ​ន ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​។

​ដេ​ន បាន​មានប្រសាសន៍ថា គាត់​មាន​អាយុ​៥៤​ឆ្នាំ សព្វថ្ងៃ​រស់នៅក្នុង​ឃុំ​អន្លង់វែង ស្រុក អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ ដេ​ន មាន​បងប្អូន​ទាំងអស់​ចំនួន​៣​នាក់​។ បងប្រុស​របស់គាត់​មាន ឈ្មោះ ឈន់ ឆន (​ស្លាប់​) និង​ប្អូនស្រី​ម្នាក់ទៀត​ឈ្មោះ វ៉ៃ​។ នៅពេល ដេ​ន មាន​អាយុ​ប្រហែល​១៤-១៥​ឆ្នាំ អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​នៅក្នុង​កងកុមារ​ដេញ​សត្វ​កុំ​ឲ្យ​ស៊ី​ស្រូវ និង​ស៊ី​ដំណាំ​។ គាត់​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ការហូបចុក​របស់​ប្រជាជន រួមទាំង​រូបគាត់​ផ្ទាល់​ពុំ​គ្រប់គ្រាន់​ឡើយ​។ គាត់​ហូប​តែ​បបរស បបរ​លាយ​ដើម​ចេក បបរ​លាយ​កំពីង​ល្ហុង ដោយ​អង្គការ​ចែក​របប​ក្នុង​មា្ន​ក់ទ​ទួល​បានតែ​បបរ​មួយ​វែក និង​មិនឃើញ​មាន​គ្រាប់​អង្ករ​ឡើយ​។ ដោយ​ការបរិភោគ​មិន​គ្រប់គ្រាន់​បែបនេះហើយ ទើប​ជា​មូលហេតុ​ធ្វើ​ឲ្យ ដេ​ន ក៏ដូចជា​ប្រជាជន​ដ៏ទៃទៀត​មាន​សភាព​ទ្រុឌទ្រោម គ្មាន​កម្លាំងកំហែង​ធ្វើការ​ងារ​ដែល​អង្គការ​បាន​ចាត់តាំង​។ ទោះបីយ៉ាងណា ប្រធាន​កង​តែងតែ​ស្ដីបន្ទោស និង​ប្រើពាក្យ​អសុរោះ​មកលើ ដេ​ន និង​សមាជិក​កង​ដទៃ​ទៀតថា ខ្ជិល ទម្រន់ មិន​ចង់​ធ្វើការ ដែល​ប្រឆាំងនឹង​វិន័យ​អង្គការ​។ រាល់​ពេលដែល​គាត់​គ្រុនរ​ងារ​ម្ដងៗ គាត់​បាន​ស៊ូទ្រាំ ដោយ​មិន​ហ៊ាន​សុំច្បាប់​ប្រធាន​កង​ឈប់សម្រាក​ឡើយ ព្រោះ​ខ្លាច​ប្រធាន​កង​ធ្វើបាប​ថែមទៀត​។ ដេ​ន មិនដែល​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ​នៅ​ជំនាន់​នោះ​។ គាត់​ឆ្ងល់​យ៉ាងខ្លាំង​ថា ហេតុអ្វី​បានជា​ខ្មែរក្រហម​ប្រើ​មនុស្ស​ឲ្យ​ធ្វើការ​ធ្ងន់ធ្ងរ​យ៉ាងនេះ​? និង​នៅពេល​ខ្មែរក្រហម​ប្រមូលបាន​ទិន្នផល​ស្រូវ​ច្រើន ប៉ុន្តែ​បែរជា​មិន​ឲ្យ​ប្រជាជន​ហូប​គ្រប់គ្រាន់​ទៅវិញ​? ខ្មែរក្រហម​បាន​ប្រើ​គាត់​ដូច​សត្វ​ធាតុ​។ នៅពេល​និយាយ​មកដល់​ចំណុច​នេះ ដេ​ន បាន​យក​ក្រមា​ដែល​បង់​កមក​ជូត​ទឹកភ្នែក​។

​ដេ​ន បាន​បន្តថា រាល់ពេល​គាត់​រំឭក​នូវ​រឿង​ដែល​កន្លងផុតទៅ​ឡើងវិញ ធ្វើ​ឲ្យ​គាត់​រឹតតែ​ពិបាកចិត្ត​ខ្លាំង ព្រោះ​រឿងរ៉ាវ​ទាំងនេះ​នៅតែ​ដក់​ជាប់​នៅក្នុង​ចិត្ត​របស់គាត់​ជានិច្ច​។ គាត់​នៅចាំ​ពី​ហេតុការណ៍​ដែល​ឈ្លប​ខ្មែរក្រហម​មក​ចាប់​អ៊ំ​ប្រុស​របស់គាត់​ម្នាក់​ឈ្មោះ យ៉ៃ ជា​ចុងភៅ​នៅ​រោង​បាយ​រួម​។ អ៊ំ​របស់គាត់​មាន​អាយុ​ប្រហែល​៥០​ឆ្នាំ​នៅ​ជំនាន់​នោះ​។ អ៊ំ​របស់គាត់​បានធ្វើ​ម្ហូប​ឲ្យ​សមាជិក​នៅក្នុង​កងចល័ត​ហូប​រៀង​រាល់ពេល​។ ថ្ងៃមួយ ឈ្លប​ខ្មែរក្រហម​បានមក​ចាប់​ចង់ដៃ​អ៊ំ​របស់គាត់​ក្រពាត់​ទៅក្រោយ​ខ្នង (​ចងស្លាបសេក​) រួច​រុញ​អ៊ំ​របស់គាត់​បញ្ចូល​ទៅក្នុង​ឡាន​។ គាត់​មិនបាន​ដឹងថា ខ្មែរក្រហម​សម្លាប់​អ៊ំ​របស់គាត់ ឬ​យ៉ាងណា​នោះទេ​។ គាត់​គ្រាន់តែ​បានដឹងថា ចាប់ពីពេលនោះ​មក គាត់​មិនដែល​បានឃើញ អ៊ំ​យ៉ៃ ត្រឡប់មក​ភូមិ​វិញ​ទេ​។ គាត់​មានការ​ភ័យខ្លាច​ខ្លាំងណាស់ ពេល​ឃើញ​ខ្មែរក្រហម​ចាប់ខ្លួន​អ៊ំ​យ៉ៃ​។ គាត់​ស្រណោះ និង​អាណិត​អ៊ំ​របស់គាត់​យ៉ាងខ្លាំង​។ គាត់​តែង តែ​គិតថា ថ្ងៃ​ណាមួយ ប្រសិនបើ​គាត់​ប្រព្រឹត្ត​ខុស​នឹង​វិន័យ នោះ​ខ្មែរក្រហម​ប្រាកដជា​ចាប់គាត់ ដូច​អ៊ំ​របស់គាត់​មិន​ខាន​។ គាត់​បានរស់នៅ​ក្នុង​ភាពភ័យខ្លាច និង​មិនដែល​បាន​ដេកលក់​ស្កប់ស្កល់ ម្តងណា​ឡើយ​។

​មានរឿង​រ៉ាវ​មួយ​ដែល​ធ្វើ​ឲ្យ ដេ​ន រន្ធត់​គឺ​នៅពេលដែល​អ្នកជិតខាង​បាន​ប្រាប់​ពី​ដំណឹង​ដែល បងប្រុស​របស់គាត់​ឈ្មោះ ឆន បាន​ព្យាយាម​រត់ឡើង​ភ្នំ​គេច​ចេញពី​ការគ្រប់គ្រង​របស់​ខ្មែរក្រហម ប៉ុន្តែ​ជា​អកុសល​បាន​ជាន់មីន​បណ្តាល​ឲ្យ​ដាច់​ជើង​។ បងប្រុស​របស់ ដេ​ន មាន​អាយុ​ប្រហែល​២០​ឆ្នាំ​។ នៅពេល​ទទួល ដំណឹង​នេះ​ភ្លាម អារម្មណ៍​របស់ ដេ​ន សោកសង្រេង​យ៉ាងខ្លាំង ព្រោះ ដេ​ន នឹកស្មាន​មិន​ដល់​ថា​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ប៉ះ​មកលើ​បងប្រុស​របស់គាត់​ឡើយ​។ បើទោះបីជា​បងប្រុស​ដេ​ន មិនបាន​ស្លាប់​ដោយសារ​ការផ្ទុះ​មីន​នៅពេលនោះ​ក៏ដោយ ក៏ប៉ុន្តែ​ការស្លាប់​ពេល​ក្រោយ​មកនេះ ក៏​បណ្ដាលមកពី​របប​ខ្មែរក្រហម​ដែល​ធ្វើ​ឲ្យ​បង​របស់គាត់​គ្រាំគ្រា​។ រហូតមកដល់​សព្វថ្ងៃ គាត់​នៅតែ​អាណិត​បងប្រុស​របស់គាត់​ដោយ​គ្មានអ្វី​មក​រៀបរាប់​ពី​អារម្មណ៍​នេះ​បានឡើយ​។​

​ដេ​ន បាន​មានប្រសាសន៍ថា គាត់​ពុំដែល​បានរស់នៅ​ជួបជុំ​គ្រួសារ​ឡើយ​។ ដេ​ន ក៏​មិនបាន​ដឹងថា ឪពុកម្ដាយ និង​បងប្អូន​របស់គាត់​រស់​នៅ​ទីកន្លែង​ណា​ដែរ គឺ​គាត់​បានដឹង​ត្រឹមតែ​ខ្មែរក្រហម​បាន​ផ្លាស់ប្តូរ​ទីកន្លែង​រស់នៅ​របស់​ឪពុកម្តាយ​គាត់​ជា​ញឹកញាប់ និង​ដាក់​ផែនការ​ឲ្យ​ឪពុកម្តាយ​របស់គាត់​ធ្វើការ​គ្មាន​ពេល​សម្រាក​ឡើយ​។ ដូច្នេះហើយ​បានជា​បងប្រុស​របស់គាត់​រត់គេចខ្លួន​។ ដោយសារ​គាត់​នៅ​ក្មេង​នៅពេលនោះ ដូច្នេះ​ខ្មែរក្រហម​ប្រើ​ឲ្យ​គាត់​ធ្វើ​អ្វី ក៏​គាត់​ធ្វើតាម​ដែរ​ដោយ​មិន​ហ៊ាន​ប្រកែក​ឡើយ ព្រោះ​ខ្លាច​ខ្មែរក្រហម​ធ្វើបាប និង​ចាប់ខ្លួន​ដូច​អ៊ំ​របស់គាត់​។ គាត់​សុខ​ចិ​ត្ដ​ទ្រាំធ្វើការ​ទាំង​លំបាក ដើម្បី​កុំ​ឲ្យ​ប្រធាន​កង​ចោទ​គាត់​ថា​ខ្ជិល​។ បើទោះបីជា ដេ​ន មិន​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភូមិ​ដូច​ប្រជាជន​ដទៃ ប៉ុន្តែ​គាត់​នៅតែ​ជួប​នូវ​ការលំបាក​ក្នុងការ​រស់នៅ​ដូច​ប្រជាជន​ដទៃ​ដែរ​។ គាត់​ធ្វើ​ការងារ​ដោយ​គ្មាន​ថ្ងៃ​សម្រាក​ឡើយ​។

​រៀងរាល់ថ្ងៃ ដេ​ន តែងតែ​បន់ស្រន់​ក្នុង​ចិ​ត្ដ​ថា ថ្ងៃ​ណាមួយ​គាត់​នឹង​អាច​រួច​ផុតពី​របប​ខ្មែរក្រហម និង​បានរស់នៅ​ជួបជុំ​ឪពុកម្ដាយ បងប្អូន​វិញ​។ នៅ​ឆ្នាំ​១៩៧៩ ក៏មាន​កងទ័ព​រណសិរ្ស​ចូលមក​រំដោះប្រជាជន​ពី​របប​ខ្មែរក្រហម​។ ដេ​ន និង​បងប្អូន​ក៏​ត្រឡប់មក​រស់នៅ​ក្នុងភូមិ​វិញ​។ បើទោះបី​ជាមាន​ការជួប​ជុំគ្នា​យ៉ាងណាក៏ដោយ សម្រាប់​គាត់​នៅតែ​នឹកឃើញ​ពី​ទុក្ខលំបាក និង​ភាព​ខ្លោចផ្សា​ដែល​ក្រុមគ្រួសារ​របស់គាត់​ជួបប្រទះ​ដែរ​។ សព្វថ្ងៃ​គាត់​តែងតែ​ទូន្មាន និង​ប្រដៅ​កូនៗ​របស់គាត់​ឲ្យ​ឧស្សាហ៍​ព្យាយាម ខិតខំ​រៀនសូត្រ និង​ទប់ស្កាត់​កុំ​ឲ្យ​របប​នេះ​វិលត្រឡប់​មកវិញ​។
​ដេ​ន បាន​មានប្រសាសន៍ថា រឿងរ៉ាវ​ដែល​ដក់​ជាប់​នៅក្នុង​អារម្មណ៍​របស់គាត់​មក​ដល់​សព្វថ្ងៃ គឺ​ការរស់នៅ​បែកបាក់​គ្រួសារ និង​ការហូបចុក​មិន​គ្រប់គ្រាន់​។ គាត់​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដឹង​ពី​រឿងរ៉ាវ និង​បទពិសោធន៍​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម​៕ ល​

#