​រឿង​តាម​បាញ់សម្លាប់​ប្តី​ប្រពន្ធ​៖ មេ​ប៉ូលិស បញ្ជា​ឲ្យ​នាំខ្លួន​ជនដៃដល់ ទៅ​តុលាការ​

1141
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ​
​ភ្នំពេញ : នាយ​ឧ​ត្ត​ម​សេនីយ៍​ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ នៅមុននេះ​បន្តិច​ថា លោក​បាន​បញ្ជា​ឲ្យ​នាំខ្លួន អនុប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ទៅកាន់​តុលាការ ដើម្បី​ចាត់វិធានការ តាមផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​។

នាយ​ឧ​ត្ត​ម​សេនីយ៍​ សន្តិ​បណ្ឌិត នេ​ត សាវឿន

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ យ៉ាង​ដូច្នេះ​ថា “​កន្លងទៅ ស្នងការ​ក្រុង បាន​សម្របសម្រួល ដោះស្រាយ​សំណង ជាមួយនឹងជនរង គ្រោះ បាន​ចប់​ហើយ (​ទី​១) , ទី​២. គោលការណ៍ របស់​ក្រសួងមហាផ្ទៃ និង​របស់​អគ្គស្នងកា​រដ្ឋា​ន នគរបាលជាតិ គឺ​បញ្ជូន​ឈ្មោះ ឌួង ណាគ្រី អនុប្រធាន​នគរបាល​ព្រហ្មទណ្ឌ ដោះស្រាយ​តាមច្បាប់​”​។​

​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា ទាក់ទង​ការដាក់ពិន័យ របស់​កងកម្លាំង គឺ​ច្បាប់​សម្រេច​ដាក់​យ៉ាងម៉េច យើង​នឹង​រៀបចំ​តាម​នឹង​។​

​ករណី​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឈ្មោះ ឌួង ណាគ្រី ដែលជា​ខ្មាន់កាំភ្លើង ប៉ុនប៉ង​បាញ់សម្លាប់ ប្តី​ប្រពន្ធ ពីរ​នាក់ នៅក្នុង​រថយន្ត RANGE ROVER កាលពី​វេលា​ម៉ោងជាង ១២ យប់ ឈានចូល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ ៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​មហាជន រិះគន់​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

ឈ្មោះ ឌួង ណាគ្រី ដែលជា​ខ្មាន់កាំភ្លើង

​តាម​វិ​ដេ​អូ ដែល​ប្រជាពលរដ្ឋ​ថត​បាន គឺ​គេ​ឃើញ​ខ្មាន់កាំភ្លើង ជិះ​តាម​រករឿង​ជនរងគ្រោះ តាំងពី​ចំណុច​មុខ​រ៉ក់ (​បឹងត្របែក​) រហូត​ទៅដល់​ជិត អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ខ្មាន់កាំភ្លើង បាន​ចុះ​ពីលើ​រថយន្ត ឈរ​ជំទែង​បាញ់ប្រហារ ទៅលើ​រថយន្ត​ជនរងគ្រោះ ផ្នែក​ខាងក្រោយ​។ តែ​សំណាងល្អ គ្រាប់កាំភ្លើង មិនត្រូវ​ជនរងគ្រោះ​ទាំងពីរ​នាក់ ប្តី​ប្រពន្ធ​។ ដោយសារ​ភាព​តក់​ស្ល​ត់ និង​ការភ័យខ្លាច ជនរងគ្រោះ ជា​ប្រពន្ធ បាន​សន្លប់​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។

តាម​ព័ត៌មាន​ចុងក្រោយ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ បាន​រលូត​កូន នៅក្នុង​ផ្ទៃ ៣ ខែ​។ ប្រជាពលរដ្ឋ បាន​លាន់មាត់​គ្រប់ៗ​គ្នា បន្ទាប់ពី​បាន​មើល​វិ​ដេ​អូ អនុប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឈ្មោះ ឌួង ណាគ្រី ឈរ​ជំទែង​បាញ់ ទៅលើ​រថយន្ត​ជនរងគ្រោះ ដោយ​មិន​ចាញ់ ក្នុង​រឿងកុន​នោះទេ​។​ ​ខ្មាន់កាំភ្លើង និង​បក្ខពួក ជិះ​រថយន្ត LEXUS RX330 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153 ។​

​ជនរងគ្រោះ ឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ ឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខរបរ បុគ្គលិក ណាហ្គា​វើ​ល ជិះ​រថយន្ត RANGE ROVER ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448 ។​

ទាក់ទង​ករណីនេះ បុរសរងគ្រោះ ឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោងជាង ១២ រំលងអធ្រាត្រ ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ ប្រពន្ធ​របស់លោក មិនសូវ​ស្រួលខ្លួន លោក​ក៏បាន​ឈប់​ឡាន នៅមុខ​រ៉​ក់មួយ​ភ្លែត បន្ទាប់មក លោក​បាន​បើករថយន្ត​បន្តទៀត ទៅផ្ទះ តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​លុច​ស៊ី​ស ៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153 បាន​បើក​ដេញ​រថយន្ត​របស់លោក ពីក្រោយ ហើយ​បាន​កៀរ រថយន្ត​របស់លោក មកដល់​កន្លែង​លក់ ២.៥០០ រៀល ក្បាលថ្នល់ ឲ្យ​ឈប់ រួច​បាន​ជជែក​គ្នា​មួយ​ភ្លែត បន្ទាប់មក លោក​ខិតខំ​បើករថយន្ត គេច​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី រហូតដល់​កែង​ជិត អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ជនបង្ក​បាន​ដក​អាវុធខ្លី ម៉ាករូ​ឡូ បាញ់​មកលើ​រថយន្ត​របស់លោក ពីក្រោយ​បែក​កញ្ចក់​។ បន្ទាប់មក ប្រពន្ធ​របស់លោក បាន​សន្លប់ ដោយសារ​ភ័យ​ពេក បាន​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​មានជ័យ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​បង្វែរ​ឲ្យ​សួរ​ទៅ ប្រធាន​នាយកដ្ឋាន ក្រសួងមហាផ្ទៃ​។ រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍ ង៉ែ​ង ជួរ ប្រធាន​នាយកដ្ឋាន ក្រសួងមហាផ្ទៃ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​និយាយថា ជាប់រវល់​។​

​បើតាម​ប្រភព​ច្បាស់​ការណ៍ បាន​បង្ហើប​ឲ្យ​ដឹងថា ចំពោះ​ករណីនេះ កំពុង​តែមាន​អ្នក​រត់ការ សម្របសម្រួល ជាមួយ​ជនរងគ្រោះ និង​ថែមទាំង​មាន អ្នករត់​ការដើរ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​ឲ្យ​ផ្សាយ​ព័​ត៍៌មាន​នេះ បន្តទៀត​ទេ ហើយក៏​មាន​អ្នក​រត់ការ ដល់​ថ្នាក់លើ ដើម្បី​កុំ​ឲ្យ​ដក​ឈ្មោះ ឌួង ណាគ្រី ពី​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​។​

​ប្រភព​បាន​បន្តថា ឈ្មោះ ឌួង ណាគ្រី ធ្លាប់​ធ្វើជា​ប៉ូលិស នៅ​ខេត្តបាត់ដំបង និង​ធ្លាប់មាន​រឿងអាស្រូវ នៅ​ទីនោះ ហើយ​ក៏បាន​ផ្ទេរ​មក នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ គឺជា​មន្ត្រី ប៉ុន្តែ​ដោយសារ​មាន​ខ្នង ឈ្មោះ ឌួង ណាគ្រី បាន​រត់​ការឡើង ជា​អនុប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​៕​v