​រឿង​អី​មិន​ស្ទះ​ទឹក​បើ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​ចាក់​បេតុង​ចូល​លូ​តាមផ្លូវ​យ៉ាងនេះ​

510
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា​កាល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ យោងតាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​។​នៅ​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨​ថា​មាន​រថយន្ត​ក្រឡុក​បេតុង​បាន​ចាក់​សំណល់​បេតុង​ចូលក្នុង​បណ្តាញ​លូ​សាធារណៈ​ធ្វើឱ្យ​មានការ​បែក​បណ្តាញ​លូ​ចាស់​បង្ក​ឱ្យ​ស្ទះផ្លូវ​ទឹកស្អុយ​បំពុលបរិស្ថាន​នៅ​ម្តុំ​ផ្ទះសំណាក់​ស្រី​លាភ​ផ្ទះ​ពស់​សង្កាត់​លេខ​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​មន្ទីរ​បរិស្ថាន​បាន​សហការ​ជាមួយ​មន្ត្រី​សាលាក្រុង​មន្ត្រី​សាធារណការ​និង​ជនជាតិខ្មែរ​-​បរទេស​ដែល​ស្រឡាញ់​បរិស្ថាន​ជា​តំណាង​ក្រុមហ៊ុន​សណ្ឋាគារ​ក្នុងប្រទេស​និង​អន្តរជាតិ​ដែល​គោរព​ច្បាប់បរិស្ថាន​បាន​ចុះ​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ក្រឡុក​បេតុង​អាន់​ស៊ែ​វ​ហុង​ហ្វ៊ូ​(​ក្រុមហ៊ុន​ចិន​)​ដើម្បី​ពិភាក្សា​លើ​ករណី​បំពុល​ខាងលើ​។

ក្រោយពី​បាន​ជួប​សំណេះសំណាល​លោក​កូវ​យ៉ុង​អិន​ជា​ប្រធាន​ក្រុមហ៊ុន​បាន​ទទួលស្គាល់ថា​បុគ្គលិក​របស់លោក​ពិតជា​បាន​បង្ក​កំហុសឆ្គង​យ៉ាងពិត​ប្រាកដ​មែន​! ក្នុងនាម​លោក​ជា​អ្នកគ្រប់គ្រង​បុគ្គលិក លោក​សុខចិត្ត​ទទួលយក​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ​ដោយ​រីករាយ ដើម្បី​បរិស្ថាន​ស្អាត​ទាំងអស់គ្នា​។

​ករណីនេះ​ក្រុមការងារ​សម្រេច​ឱ្យ​គាត់​អនុវត្ត​នូវ​ផែនការ​៣​ចំណុច​ដូចខាងក្រោម​:១.​កែសម្រួល​កន្លែងកើតហេតុ​ឱ្យមាន​បរិស្ថាន​ស្អាត​ដូចដើម​ឡើងវិញ​ផុតកំណត់​ត្រឹម​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨​។​២.​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៣.០០០.០០០​រៀល​សម្រាប់​ជាការ​ព្រមាន​។​៣.​ករណី​ពុំ​អនុវត្តតាម​ការសម្រេច​នេះ​ក្រុមការងារ​នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់​ពុំ​លើកលែង​ឡើយ​។​

​ទោះជា​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ នៅ​ក្រុងព្រះសីហនុ សំណូមពរ ដល់​អាជ្ញាធរ ដែនដី​និង​សមត្ថកិច្ច​ជំនាញ រឹតបន្តឹង ចំពោះ ក្រុមហ៊ុន​ហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ ផ្សេងៗ​ទៀត ដែលមាន​វត្តមាន នៅ​ខេត្ត​ព្រះសីហនុ ឱ្យមាន​ការអនុវត្ត​ច្បាប់ បានល្អ​ប្រសើរ​ឡើងវិញ​ទាំង​បរិស្ថាន និង​សណ្តាប់ធ្នាប់​សង្គម ៕S/