​រឿង សា​រ័ត្ន វិល​មកកាន់​ការប្រកួត​វិញ បន្ទាប់ពី​បាក់ដៃ ២ ដង​

253
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​យប់ ថ្ងៃទី​៣០ វិច្ឆិកា អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដែល​បាក់ដៃ ដល់​ទៅ ២ លើក​នោះ បាន​វិល​មកកាន់​សង្វៀន ប្រដាល់​វិញ​ហើយ​។​

​ការវិល​មកកាន់ ការប្រកួត​វិញ​នេះ មិនដឹងថា តើ​ដៃ​របស់​អ្នក​ប្រដាល់​កម្ពុជា រូបនេះ ជាសះស្បើយ​មែនទែន ឬ​នៅ​នោះទេ ព្រោះ​ពេលខ្លះ កត្តា​ជីវភាព បាន​បង្ខំ​ឲ្យ​ត្រូវតែ​ប្រកួត ដើម្បី​បានទទួល​ថវិកា សម្រាប់​ចិញ្ចឹមជីវិត ។​

​សា​រ័ត្ន ត្រូវ​អ្នក​ប្រដាល់​ថៃ កេង កាត់ (Keng Kat) ទាត់​ឲ្យ​បាក់ដៃ នៅ​ទឹក​ទី​២ ក្នុងការ​ប្រកួត កាលពី​ថ្ងៃទី​១៣ កក្កដា កន្លងមក ហើយ​តាំងពី​នោះមក អ្នក​ប្រដាល់​រូបនេះ បាត់​មុខតែ​ម្ដង ។ កាលពី​ជាង​មួយខែ​មុននេះ អ្នក​ប្រដាល់​រូបនេះ បាន​លេចមុខ មក​ប្រកួត​ឡើងវិញ តែ​ត្រូវ​អ្នក​ប្រដាល់​ថៃ ទាត់​ឲ្យ​មាន​បញ្ហា​ដៃ ម្ដងទៀត ។​

​សម្រាប់​ថ្ងៃទី ៣០ វិច្ឆិកា​នេះ សា​រ័ត្ន ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ មួយរូប​ផ្សេងទៀត ឈ្មោះ ប៉ា ឡាំង​កៅ (Palaing Kao) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

រឿង សា​រ័ត្ន និង ប៉ា ឡាំង​កៅ​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​នោះទេ តែបើ​តាម​ការអះអាង របស់​មន្ត្រី​ខាង​ផ្គូរ​ផ្គង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ មិនអាច​មើលស្រាល បានឡើយ ។ សម្រាប់ សា​រ័ត្ន ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​ស៊ី​ស្រួល​ចុក​នោះដែរ ។ បន្ទាប់ពី​មាន​បញ្ហា​ដៃ ដល់​ទៅ ២ លើក​ហើយ​នោះ ការ​ត្រឡប់​មកកាន់​សង្វៀន​ប្រកួត​វិញ មិនដឹងថា សា​រ័ត្ន អាច​យកឈ្នះ អ្នក​ប្រដាល់​ថៃ ប៉ា ឡាំង​កៅ បាន​ឬទេ ? ។​

​ជំនួប​រវាង អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ វ៉ន វ៉ុ​ន ក្លិប​អេ​ភូ​ថង​កីឡា ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ប៉ុក វិបុល របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទោះបី​ខ្ចី​វស្សា ក៏ពិតមែន តែ​គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្តធំ និង​មាន​ប្លង់​វ៉ៃ​ល្អ​ដូចគ្នា ។ ពួកគេ​ចូលចិត្ត​វ៉ៃ​ប្ដូរ​ដូចគ្នា ចាំមើល​នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ? ។​

​អ្នក​ប្រដាល់​កណ្ដាប់ដៃ មហា​ទម្ងន់ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ អ្នក​ប្រដាល់ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ងួន គា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃ​ទទឹក​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ មាន​សមត្ថភាព ប្រហាក់ប្រហែលគ្នា តែ ងួន គា ជា​អ្នក​ប្រដាល់​មួយរូប ពុំ​ធ្លាប់​ស្គាល់​សន្លប់​ឡើយ ទោះបី​គេ​ចាញ់ គឺ​ចាញ់​ដោយ​ពិន្ទុ ឬ ពេទ្យ​បញ្ឈប់ ដោយសារ​របួស​ធំ​ប៉ុណ្ណោះ ។ នរណា ឈ្នះ ? ។ សាំង គីម ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ធន អៀង​ឡេង ក្លិប​កង​យោពល​ខេមរភូមិន្ទ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v