​រឿង «​មិត្ត​ប្ញ​ស្យា​» ចេញ​ថត​ទាន់​រដូវ​ភ្ជុំបិណ្ឌ​

860
ចែករម្លែក

​ដោយ : ​បញ្ញា​សាស្ត្រ​/ភ្នំពេញ ៖ ​ខ្សែរ​រឿង «​មិត្ត​ប្ញ​ស្យា​» ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ២០១៨ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ក្រោម​វត្តមាន​តារា​ស្រី​ប្រុស​ជាច្រើន​ដួង ដែល​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ចេញ​ថត ខណៈដែល​គ្រប់គ្នា​កំពុងតែ​មមាញឹក​ក្នុង​ពិធី ធ្វើបុណ្យ​ដាក់​បិណ្ឌ ប្រពៃណី​ជាតិខ្មែរ​។

​តំណាងស្ថានីយ៍ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាងថា បើតាម​បរិយាកាស​ប៉ះចំ​ថ្ងៃ​ភ្ជុំ ក្រុម​ផលិតករ​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ ត្រូវ​ទុក​ភាពយន្ត​នេះ​ថត​ក្រោយពេល​ភ្ជុំ​ឯណោះ​ទេ ប៉ុន្តែ​បណ្ដាលមកពី នៅ​ប៉ុស្ដិ៍​លេខ​៥ ត្រូវ​ប្រឈម​មិនមាន​រឿង​ភាគ​ខ្មែរ​ដាក់​បញ្ចាំង​បើ​មិន​ព្រម​សម្រុក​ចេញ​ថត​បន្ត​ភ្លាមៗ ទោះ​ក្រុមការងារ​សម្រេច​ក្រុង​ពាលី​។

​លោក ហួង តារា​មុន្នី តំណាង​ប៉ុស្ដិ៍​លេខ​៥​បញ្ជាក់ថា ភាពយន្ត​នៅ​ប៉ុស្ដិ៍​លេខ​៥ ទទួលបាន​ការគាំទ្រ​កាន់​តែខ្លាំង​នាពេល​ចុងក្រោយ ដោយសារតែ​ក្នុង​មួយ​យប់​ត្រូវ​បញ្ចាំង​២​ម៉ោង​នៅ​ចន្លោះ​ពី​ម៉ោង​៧ ដល់​ម៉ោង​៩ ដើម្បី​កុំអោយ​ភាពយន្ត​មួយ​ចំណាយពេល​យូរៗ​។ ក្រៅពី​ក្រុម​ផលិត​ផ្ទាល់​របស់​ប៉ុស្ដិ៍ លោក​ថា​ផលិតកម្ម​ខាងក្រៅ​របស់​ប៉ុស្ដិ៍​លេខ​៥​ក៏មាន​ចំនួន​ច្រើន​ដែរ ប៉ុន្តែ​តម្រូវការ​ភាពយន្ត​សម្រាប់​ដាក់​បញ្ចាំង​គឺ​នៅតែ​ខ្វះ ទើប​មិនអាច​សម្រាក​ទុកពេល​ចោល ទោះជា​ក្នុង​រដូវ​ភ្ជុំ​នេះ​។​

​លោក បន្តថា ភាពយន្ត​រឿង «​មិត្ត​ប្ញ​ស្យា​» នឹងត្រូវ​ច​ចេញ​ថត អោយបាន​ច្រើន​នៅ​អំឡុង​មុន​សម្រាក​ភ្ជុំ ដោយ​ក្នុង​ការថត​នេះ ក៏​កំណត់អោយ​ថត​ឈុត​ឆាក​ទៅ​វត្ត​ទៅ​វ៉ា នៅតាម​ទី​អា​រ៉ា កុំអោយ​ពិបាក​រៀប​ប្លង់​។ លោក​ថា ភាពយន្ត​មួយ​នេះ នឹងត្រូវ​ផ្សាយ​បណ្ដើរ​ថត​បណ្ដើរ ដោយ​មិន​រង់ចាំ​ទាល់តែ​ថត​រឿង​ចប់​ទើប​ដាក់​បញ្ចាំង​នោះ​ឡើយ​។ ក្នុង​ពិធី​ក្រុង​ពាលី​នោះ គេ​ឃើញ​មាន​វត្តមាន​តារា​សិល្បៈ​ច្រើន​នាក់​ចូលរួម ដោយ​ក្រោយ​ក្រុង​ពាលី​ត្រូវ​បញ្ចប់ ក៏មាន​ការរៀបចំ​ថត​នូវ​ប្លង់​មួយចំនួន ដែល​ក្រុមការងារ​បញ្ជាក់ថា ជាការ​សង្កត់​រឿង​ផងដែរ​។

​ ​រឿង «​មិត្ត​ប្ញ​ស្យា​» ចូលរួម​សម្តែង​ដោយ តារា​ល្បីៗ​ជាច្រើន​ដួង រួមមាន កញ្ញា យ៉ែម ស្រី​ពេជ្រ​, កញ្ញា ផ​ប់ រចនា​, លោក មុំ សុធា​រ៉ា​, និង​តារា​ប្រុស​-​ស្រី​ជាច្រើន​ដួង​៕B

#