​រឿ​ម វណ្ណៈ បាន​ឡើងទៅ​ជុំ​ទី​៣ ដោយសារ​គូប្រកួត​ឈឺ ឯ សោម វិឆ័យ ត្រូវ​ប្រជែង​ជាមួយ គង់ សំបូរ​

126
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing knock-Out Serie by K-Cement សម្រាប់​យប់​ថ្ងៃទី​២២ កុម្ភៈ ខាងមុខនេះ អ្នក​ប្រដាល់ រឿ​ម វណ្ណៈ ក្លិប​អប់រំ​កាយ​ស្រុក​
​អន្លង់វែង បាន​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ដោយ​ស្វ័យប្រវត្តិ ។​

​វណ្ណៈ ត្រូវ​ជួប​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ជាមួយ​អ្នក​ប្រដាល់ សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ។ ដោយសារ សារឿន ចាន់ មាន​របួស​ឆ្អឹងជំនី មិនអាច​ប្រកួត​បាន​នោះ ទើប​គណៈកម្មការ រៀបចំ​ការប្រកួត សម្រេច​ប្រគល់​ជ័យជំនះ​ឲ្យ រឿ​ម វណ្ណៈ តែម្ដងទៅ ។​

​ទោះបី វណ្ណៈ បានទទួល​ជ័យជំនះ ដោយ​ស្វ័យប្រវត្តិ ក៏ពិតមែន ក៏​គណៈកម្មការ​រៀបចំ​ការ​ប្រកួត មិន​ទុក​ឲ្យ​វណ្ណៈ នៅបាន​សុខ​ស្រួល​ដែរ គឺ​ឲ្យ​គេ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ថៃ រ៉េត ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដើម្បី​ជាការ​កំដរ​រោង​ដែរ ។ ការប្រកួត​កំដរ​រោង​នេះ ទោះបី វណ្ណៈ ចាញ់ ឬ ឈ្នះ ក៏​គេ​នៅតែមាន​កៅអី សម្រាប់​ឡើងទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ បន្តទៀត​ដែរ​។ ការប្រកួត​កំដរ​រោង ជា​របៀប​កំដៅ​សាច់ដុំ​នេះ ក៏​ទាមទារ​ឲ្យ​គូប្រកួត ត្រូវតែ​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព​ដែរ បើ​មិន​ដូច្នោះ​ទេ នឹង​អាច​ត្រូវ​ទទួល​ការព្រមាន ។ ចាំមើល ថៃ រ៉េត ដែលជា​អ្នកលេង​ជំនាន់​ថ្មី អាច​យកឈ្នះ​ខ្លា​ចាស់ រឿ​ម វណ្ណៈ បាន​ឬទេ ?​។​

សោម វិឆ័យ និង គង់ សំបូរ​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ នេះដែរ ។​

​កាលពី​ប្រមាណ​ជិត ១០ ឆ្នាំមុន អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ដែរ ដោយមាន​ឈ្នះ មាន​ចាញ់ ទៅវិញទៅមក ។ សម្រាប់​ជំនួប​លើក​នេះ សំបូរ ក៏​មិន​ខ្លាំង​ដូច​មុន រីឯ វិឆ័យ ក៏​ស្រុតចុះ​ដែរ ។ វិឆ័យ ល្អ​ទាត់​ផ្កាប់​ចាន ចំពោះ​សំបូរ ក៏​ល្អ​ទាត់​ផ្កាប់​ចាន​ដែរ តែ​សំបូរ​មុខ​ជ្រាយ និង​មិនសូវ​ពូកែ​កណ្ដាប់ដៃ​នោះទេ តែ​ជង្គង់ និង កែង​របស់គេ មិនអាច​មើលរំលង​បានឡើយ ។​

​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ គេ​ជឿជាក់ថា នឹង​ប្រកួត​គ្ហ​នា ៣ ទឹក​ពេញ​តែម្ដង ហើយ​រវាង​អ្នកឈ្នះ និង អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា មិនខានឡើយ​។ ចាំមើល​នរណា ប្រជែង​បាន​កៅអី សម្រាប់​ឡើងទៅ​ប្រកួត​បន្ត វគ្គ​ជម្រុះ​ជុំ​ទី​៣ ។ នៅ​ជុំ​ទី​៣ អ្នកឈ្នះ នឹងត្រូវ​តស៊ូ​ជាមួយ រឿ​ម វណ្ណៈ ដែល​បានទទួល​ជ័យជំនះ ដោយ​ស្វ័យប្រវត្តិ ។​

នី សុ​ភី និង កា ឃុន​ស៊ឹ​ក​

​ជំនួប​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នី សុ​ភី ក្លិប​កុលបុត្រ​គុន​ខ្មែរ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កា ឃុន​ស៊ឹ​ក (Ka Khunsoek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។​

​កា ឃុន​ស៊ឹ​ក ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប តែ​ទំនងជា​ទៅ​មិន​រួច ជាមួយនឹង នី សុ​ភី នោះទេ ព្រោះ​សុ​ភី​ជា​អ្នកលេង​ជង្គង់ និង​ពូកែ​ជ្រមុជ វាយ​កែង​ណាស់​។ ចំពោះ​ជង្គង់​របស់គេ​វិញ កាន់តែ​អស្ចារ្យ​ណាស់​ទៅទៀត​។ មានការ​ប្រកួត​ជាច្រើន ដែល​គេ​តែងតែ​ផ្ដួល​គូប្រកួត​បាន​មុន​ទឹក​ទី​៥ ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ភួង ពិសិដ្ឋ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពេជ្រ វិចិត្រ ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ សៅ មនោ ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ៕v