​រៀបការ​ដោយ​មិនបាន​ត្រៀមខ្លួន​

443
ចែករម្លែក

ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរ​ការពិត​
​ស្នេហា​គឺជា​សេចក្តីស្រឡាញ់​រវាង​ចិត្ត និង​ចិត្ត ដោយ​គ្មាន​ការបង្ខិតបង្ខំ ហើយ​អាចឈាន​ទៅដល់​ការ​រៀបការ​ទៅតាម​ទំនៀមទម្លាប់ ប្រពៃណី និង​មាន​ទទួលស្គាល់​ដោយ​ច្បាប់​រដ្ឋ​ដើម្បី​កសាង​គ្រួសារ​ថ្មី​។ ប៉ុន្តែ​នៅក្នុង​របប​ខ្មែរក្រហម ការ​រៀបការ​តែងតែ​រៀបចំ​ផ្គូផ្គង​ឡើង​ដោយ​អង្គការ ដោយ​សាមីខ្លួន​មិនអាច​ប្រកែក​តវ៉ា​បានឡើយ​។ ញ៉ែម សារី ភេទ​ប្រុស សព្វថ្ងៃ​មាន​អាយុ​៧៣​ឆ្នាំ រស់នៅក្នុង​ភូមិ​រោទិ៍ ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បាន​រៀបការ​នៅក្នុង​របប​ខ្មែរក្រហម ប៉ុន្តែ​គាត់​ទទួលបាន​ការស្រឡាញ់​ពី​ប្រពន្ធ​របស់គាត់ ដែល​ខុសពី​គូ​ស្វាមី​មួយចំនួនទៀត​។ សារី បាន​សើច និង​មាន​ទឹកមុខ​អៀនខ្មាស​នៅពេលដែល​គាត់​រំឭក​ដល់​រឿងរ៉ាវ​ស្នេហា​របស់គាត់​នៅក្នុង​របប​ខ្មែរក្រហម​៖

​នឹក​ដល់​របប​ខ្មែរក្រហម ខ្ញុំ​តែងតែ​នឹកឃើញ​ដល់​ថ្ងៃ​រៀបការ​របស់ខ្ញុំ​។ ថ្ងៃនោះ​គឺជា​ថ្ងៃមួយ​ដែល​ខ្ញុំ​រំភើប​យ៉ាងខ្លាំងបំផុត​ក្នុង​ជីវិត​។ នា​ល្ងាច​ថ្ងៃមួយ ពេលដែល​ព្រះអាទិត្យ​អស្តង្គត ហើយ​ផ្ទៃមេឃ​ចាប់ផ្តើម​ងងឹត មាន​បុរស​ម្នាក់​ក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ បាន​ដើរ​ចូលមក​ក្នុងផ្ទះ​រប​ស់​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា «​មិត្តឯង​ប្រញាប់ប្រញាល់​ស្លៀកពាក់ និង​ទៅ​ជួបជុំគ្នា​នៅឯ​រោង​បាយ​»​។ ខ្ញុំ​ក៏បាន​ឆ្លើយ​យល់ព្រម និង​មិនបាន​សួរដេញដោល​រក​មូលហេតុ​ហៅ​ខ្ញុំ​ទៅកាន់​រោង​បាយ​ធ្វើ​អ្វី​នោះទេ​។ នៅក្នុង​របប​ខ្មែរក្រហម គឺ​យើង​គ្មាន​សិទ្ធិ​សួរនាំ​រកហេតុ​ផល​ឬ​ប្រកែក​តវ៉ា​ឡើយ​។ ខ្ញុំ​បាន​ស្លៀកពាក់​សម្លៀកបំពាក់​ពណ៌​ខ្មៅ​របស់ខ្ញុំ និង​រួសរាន់​ធ្វើដំណើរ​ទៅកាន់​រោង​បាយ​។ លុះ​ទៅដល់​រោង​បាយ ខ្ញុំ​ឃើញ​មាន​កង​ស្ត្រី​ផ្តុំគ្នា​នៅ​ម្ខាង និង​កង​បុរស​ឈរ​នៅ​ម្ខាង​ទៀត ក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ ហើយ​អ្នកខ្លះ​មាន​បង់ក​ក្រមា​។ នៅក្នុង​របប​ខ្មែរក្រហម ពេល​មាន​មនុស្ស​បង់ក​ក្រមា​ដែល​រំលេច​ទៅដោយ​ពណ៌ ហើយ​យើង​ក្រឡក​មើលទៅ​អ្នក​ទាំងនោះ​គឺ​ស្រស់ស្អាត​ខ្លាំងណាស់​។ ខ្ញុំ​ក៏​នៅតែ​មិនទាន់​ដឹង​ច្បាស់​នៅក្នុង​ចិត្ត​ថា​តើ​អង្គ​ការហៅ​ខ្ញុំ​មក​ដើម្បី​អ្វី​នៅឡើយ​។ នៅពេលដែល​មកជួបជុំ​គ្នា បុរស​ក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ម្នា​ក់បាន​ប្រាប់​ខ្ញុំ​ឲ្យ​ចូល​ជួរ និង​ចូល​អង្គុយ​តាម​តុ​ដែល​បានរៀបចំ​រួចជាស្រេច​។ បុរស​នោះ​ក៏​ចាប់ផ្តើម​ហៅ​ឈ្មោះ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ មក​អង្គុយ​ជា​គូ​។ ពេលនោះ​ហើយ​ដែល​ខ្ញុំ​ដឹងថា អង្គការ​កំពុងតែ​រៀបការ​ឲ្យ​ខ្ញុំ​។
​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ផង អរ​ផង រក​នឹក​មិនត្រូវ​នៅក្នុង​ចិត្ត​ឡើយ​។ ខ្ញុំ​ខំប្រឹង​ផ្ទៀងត្រចៀក​ស្តាប់​យ៉ាង​ប្រុងប្រយ័ត្ន ព្រោះ​ខ្ញុំ​ពិតជា​ចង់ដឹងថា​តើន​រណា​គឺជា​ប្រពន្ធ​របស់ខ្ញុំ​។ ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ គឺជា​គូស្នេហ៍​ចុងក្រោយ​គេ​បង្អស់​ដែល​អង្គការ​បាន​ហៅ​ឈ្មោះ ហើយ​ខ្ញុំ​ក៏​មិនដែល​ជួប​មុខ និង​ស្គាល់​ប្រពន្ធ​របស់ខ្ញុំ​ពីមុនមក​ដែរ​។ បន្ទាប់ពី​ហៅ​ឈ្មោះ​ចប់ អង្គការ​បាន​ឲ្យ​យើង​ឡើង​ប្តេជ្ញា​ម្តងម្នាក់ៗ​។ ខ្ញុំ​ក៏បាន​ឡើង​ប្តេជ្ញា​ដែរ​។ ខ្ញុំ​បាន​ប្តេជ្ញា​នៅ​ចំពោះមុខ​មនុស្ស​គ្រប់គ្នា​ថា «​ខ្ញុំ​សូម​ប្តេជ្ញា​ថា ខ្ញុំ​នឹង​ស្ម័គ្រស្មោះ​ថែរក្សា​ប្រពន្ធ​របស់ខ្ញុំ​អស់​មួយជីវិត​»​។ នៅពេល​ខ្ញុំ​ប្តេជ្ញា​ចប់ គូរ​ស្នេហ៍​ផ្សេងៗ​ទៀត​នាំគ្នា​ទះដៃ ហើយ​ស្រែក​ទ្រហោ​កងរំពង​ដើម្បី​អបអរសាទរ​ខ្ញុំ​។ របប​ខ្មែរក្រហម​បាន​ដួលរលំ​បន្ទាប់ពី​ខ្ញុំ​រៀបការ​មិនបាន​ប៉ុន្មាន​ខែ​ផង​។ ខ្ញុំ​ដឹងថា​ការរៀប​ការ​រវាង​ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ បានកើត​ឡើង​ដោយ​ការរៀបចំ​ពី​អង្គការ និង​ស្ថិតក្នុង​ស្ថានភាព​លំបាក​បំផុត ប៉ុន្តែ​សម្រាប់​ខ្ញុំ​វា​គឺជា​ស្នេហា​ពិត និង​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់​។ ខ្ញុំ​ជឿ​ទៅលើ​ចិត្តគំនិត​ស្អាតស្អំ និង​អំពើ​ល្អ ហើយ​ខ្ញុំ​ក៏​គិតថា នេះ​គឺជា​វាសនា​របស់ខ្ញុំ​ដែរ​។​

​ខ្ញុំ​មិន​សង្ឃឹមថា ខ្ញុំ​អាចមាន​ជីវិត​រស់នៅ​បាន​រហូតដល់​សព្វថ្ងៃ​ទេ ព្រោះ​នៅមុន​ពេល​របប​ខ្មែរក្រហម​ឡើងកាន់​អំណាច ខ្ញុំ​ធ្លាប់បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុងភូមិ​ប៊ិន​ហៀ​ប​នៃ​ប្រទេស​វៀតណាម និង​មាន​គម្រោង​បន្តទៅ​រស់នៅ​តំបន់​ផ្សេងទៀត​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ឪពុកម្តាយ និង​បងប្អូន​របស់ខ្ញុំ​បាន​ហៅ​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​។ ខ្ញុំ​បាន​ត្រឡប់មកផ្ទះ​វិញ​ដោយ​ជឿជាក់ថា ខ្ញុំ​អាច​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ​។ ប៉ុន្តែ​ជា​អកុសល ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​អប់រំ និង​លត់​ដំ​យ៉ាងធ្ងន់ធ្ងរ​។ នៅក្នុង​ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​ចាប់បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ជនជាតិ​ស្ទៀង និង​ឈ្លើយសឹក​ដែលជា​អតីត​ទាហាន លន់ នល់ ចំនួន​ប្រហែល​៣០០​នាក់​ផ្សេងទៀត នៅក្នុង​ស្រុក​មេមត់ ខេត្តកំពង់ចាម ព្រោះ​ខ្មែរក្រហម​បានដឹងថា ខ្ញុំ​ធ្លាប់បានរ​ត់ទៅ​ប្រទេស​វៀតណាម​។ រយៈពេល​៦​ខែក្រោយ​មក ខ្ញុំ​ត្រូវ​ចាប់បញ្ជូន​ត្រឡប់មក​រស់នៅក្នុង​សហករណ៍​ក្នុង​កំពង់រោទិ៍​ជាមួយ​ទាហាន លន់ នល់ វិញ លើកលែងតែ​អ្នក​ដែល​មានទោស​ធ្ងន់ធ្ងរ​មិនអាច​លើកលែង​បាន​។ រយៈពេល​៣​ខែ​បន្ទាប់មក ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​មន្ទីរ​សន្តិសុខ​ឫស្សី​សាញ់ ជាមួយ​ទាហាន លន់ នល់ ប្រមាណ​៥០​នាក់​ផ្សេងទៀត ដោយមាន​ឈ្មោះ អឿន ជា​ប្រធាន​នៅ​ទីនោះ​។ មន្ទីរ​សន្តិសុខ​ឫស្សី​សាញ់​មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​សហករណ៍​កំពង់រោទិ៍​ដែល​ខ្ញុំ​រស់នៅ​។ កន្លងផុត​មិនយូរប៉ុន្មាន ប្រធាន​មន្ទីរ​សន្តិសុខ​ឫស្សី​សាញ់ បាន​ហៅ​ឈ្មោះ​អ្នកទោស​៤០​នាក់​ឲ្យ​ទៅ​រស់នៅ​ភូមិ​អូរ​ដូន​រាម ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍​វិញ​។ ចំណែក​អ្នកទោស​ដែល​មិនមាន​ឈ្មោះ​ចេញ ត្រូវបាន​កងឈ្លប​យក​ទៅ​សម្លាប់ចោល​។ រយៈពេល​៣​ខែក្រោយ​មកទៀត ខ្ញុំ​និង​ប្រជាជន​ក្នុងភូមិ​ត្រូវបាន​ជម្លៀស​ឲ្យ​ទៅ​រស់នៅក្នុង​វត្ត​ចំបក់​ដោយសារតែ​មានកា​រ​វាយប្រហារ​ពី​កងទ័ព​វៀតណាម​។ នៅ​អំឡុង​ឆ្នាំ​១៩៧៨ ខ្ញុំ​បានឃើញ​ឈ្លប​យក​យុវជន​យកទៅ​សម្លាប់ លើកទីមួយ មាន​យុវជន​ចំនួន​៧០​នាក់ និង​លើក​ទី​២ មាន​យុវជន​ចំនួន​៧៤​នាក់​។ កង​យុវជន​ទាំងនោះ​ត្រូវបាន​ហៅ​ចេញពី​កង​យុវជន​ដែល​ខ្ញុំ​រស់នៅ​ជាមួយ​។ មូលហេតុ​ដែល​យុវជន​ទាំងអស់នោះ​ត្រូវ​យកទៅ​សម្លាប់ ព្រោះ​មាន​ឪពុកម្តាយ​រត់គេចខ្លួន​ទៅ​ប្រទេស​វៀតណាម​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភិតភ័យ​យ៉ាងខ្លាំង​។

​ក្រុមគ្រួសារ​ខ្ញុំ​ត្រូវបាន​ជម្លៀស​មក​នៅ​ក្នុងភូមិ​ជាមួយ​ខ្ញុំ ប៉ុន្តែ​យើង​មិនត្រូវ​អនុញ្ញាត​ឲ្យ​រស់នៅ​ជុំគ្នា​ឡើយ​។ ខ្ញុំ​ធ្លាប់បាន​រស់នៅក្នុង​ក្រុមយុវជន ដូច្នេះ​ខ្មែរក្រហម​បាន​ប្រើ​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​។ ខ្ញុំ​បានធ្វើ​ការងារ​គ្រប់យ៉ាង​ទៅតាម​បញ្ជា​របស់​អង្គការ ប៉ុន្តែ​ខ្ញុំ​ពុំដែល​ទទួលបាន​អាហារ​ហូបចុក​គ្រប់គ្រាន់​ឡើយ​។ ខ្ញុំ​ឃើញ​ប្រជាជន​ខ្លះ​ឈឺ​ស្លាប់ ឯ​ប្រជាជន​ខ្លះទៀត​ស្លាប់​ដោយសារ​ការអត់ឃ្លាន​។ ខ្ញុំ​មិនអាច​ដើរ​តាមចិត្ត​បានទេ​។ នៅពេល​ទំនេរ​ពី​ការងារ​នៅ​វាលស្រែ ខ្ញុំ​តែងតែ​ឆ្លៀត​ដាំ​ត្រកួន​នៅ​ជុំវិញ​ផ្ទះ​។ នៅពេល​វា​ដុះ​លូតលាស់​ល្អ ទើប​ខ្ញុំ​បេះ​វាយ​មក​ហូប​ម្តង​។ ប៉ុន្តែ​ចុងភៅ​តែងតែ​លួច​ខ្សិ​ប​ខ្សៀវ​គ្នា​ទៅវិញទៅមក​ដោយ​សម្តែង​ទឹកមុខ​មិនសូវ​ល្អ​នៅពេល​ឃើញ​ខ្ញុំ​បេះ​ត្រកួន​នោះ​។ ពេលនោះ​ហើយ​ដែល​ខ្ញុំ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ព្រោះ ខ្ញុំ​អាច​ត្រូវបាន​ខ្មែរក្រហម​យកទៅ​រៀនសូត្រ ឬ​សម្លាប់ចោល​។ ប៉ុន្តែ​ខ្ញុំ​មានសំណាង​ល្អ​ដោយសារ​បាន​ប្រពន្ធ​របស់ខ្ញុំ​ជួយ​លើក​ចិត្ត​ឲ្យ​ខិតខំ​ធ្វើ​ការងារ រហូត​បាន​រួច​ផុតពី​ការសង្ស័យ​របស់​ខ្មែរក្រហម​។​

​រហូតមកដល់​សព្វថ្ងៃ​នេះ ខ្ញុំ​មានកូន​ចំនួន​៤​នាក់ គឺ​ស្រី​៣​នាក់​និង​ប្រុស​១​នាក់​។ ខ្ញុំ និង​ប្រពន្ធ​ប្រកបមុខរបរ​ធ្វើស្រែ ហើយ​ឆ្លៀត​ពេលទំនេរ​ខ្ញុំ​ធ្វើជា​អាចារ្យ​នៅ​វត្ត​មួយ​នៅក្បែរ​ផ្ទះ​របស់ខ្ញុំ​៕ ល​