​រៀបចំ​ដាក់​ភ្លើង​លម្អ​តាម​ដងផ្លូវ​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​

1019
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​បានរៀបចំ​ដាក់​ភ្លើង​លម្អ​តាម​ដងផ្លូវ​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំច​សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ គ​.​ស​២០១៨ ដែល​ជិត​ឈានចូល​មកដល់​ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ក៏ដូចជា​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​នឹង​អញ្ជើញ​មក​ទស្សនា​ប្រាសាទ ព្រះវិហារ និង​តាមរ​ម្មណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត​។​

​ខេត្តព្រះវិហារ​ស្ថិតនៅ​ទិស​ភូមិភាគ​ឦ​សាន្ត នៃ​ប្រទេស​កម្ពុជា ហើយនឹង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦២ ពី​ខេត្តកំពង់ធំ​មក​ខេត្តព្រះវិហារ​។ ខេត្ត​មួយ​នេះ កាលពី​ដើមឡើយ គឺជា​តំបន់​ដាច់ស្រយាល​មិនសូវ​ដែលមាន​មនុស្ស​មកដល់​ឡើយ​។ តែ​មកដល់​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ជា​យក​រដ្ឋមន្ត្រី ក៏ដូចជា​អភិបាលខេត្ត​មុនៗ រហូតមកដល់ លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​។​

​នាពេល​បច្ចុប្បន្ន បាន​កែប្រែ​មុខមាត់​ថ្មី មាន​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​ល្អៗ មាន​ភ្លើង​ប្រើប្រាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខេត្ត​មួយ​នេះ មាន​តំបន់​រមណីយដ្ឋាន​ជាច្រើន​មានដូចជា​ប្រាសាទព្រះវិហារ​ប្រាសាទកោះកេរ្តិ៍​ប្រាសាទ​ព្រះ​ខណ្ឌ​ទឹកធ្លាក់​ព្រះ​និម្មិត​និង​មាន​តំបន់​រមណីយដ្ឋាន​ជាច្រើន​ទៀត​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​មិនដែល​ដាច់​ឡើយ មិន​ថា​រដូវ​បុណ្យទាន ឬ​ថ្ងៃ​ធម្មតា​នោះទេ​។​

​ចំណែកឯ​សេវាកម្ម​ម្ហូបអាហារ​នៅទីនេះ ក៏មាន​តម្លៃ​សមរម្យ​ល្មម​អាច​ទទួល យកបាន​។​ផ្ទះសំណាក់ និង​សណ្ឋាគារ ក៏មាន​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​មក​ស្នាក់នៅ​ផងដែរ​។​អាជ្ញាធរ​ក៏​សុំ​ដល់​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្តព្រះវិហារ នៅ​រដូវចូលឆ្នាំ ថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ពេល​បើកបរ ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ជៀសវាង​កើតមាន​គ្រោះជា​យថាហេតុ​៕S/