​រៀបចំ​សួនច្បារ​ត្រី​ប៉ា​ស៊ី​អ៊ី​តំណាងឱ្យ​ទឹកដី​ខេត្តស្ទឹងត្រែង​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​

2496
ចែករម្លែក
  • 157
    Shares

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ពេល​ឃើញ​ត្រី​ប៉ា​ស៊ី​អ៊ី​នឹក​ដល់​ទឹកដី​ខេត្តស្ទឹងត្រែង​ភ្លាម​។​អ្នក​ធ្លាប់​បានមក​ទីនេះ​ទើប​ស្គាល់​និង​បាន​ភ្លក់​ត្រី​មានឱជារស​ដ៏​កម្រ​មួយ​ប្រភេទ​នេះ​។​ក៏ប៉ុន្តែ​បើ​និយាយ​ពី​ត្រី​ប៉ា​ស៊ី​អ៊ី​គឺ​មានតែ​ខេត្តស្ទឹងត្រែង​មួយ​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ស្របពេល​ត្រី​ប៉ា​ស៊ី​អ៊ី​មានការ​ចាប់អារម្មណ៍​ខ្លាំង​និង​កម្រ​មានតែ​នៅ​ខេត្តស្ទឹងត្រែង​មួយគត់​នោះ​ថ្នាក់ដឹកនាំ​ខេត្ត​បានរៀបចំ​សួនច្បារ​មួយ​នេះ​ឱ្យទៅជា​ទីក្រុង​ស្អាត​និង​ទាក់ទាញ​ដល់​វិស័យ​ទេសចរ​។​គេ​អាច​ឈរ​ថតរូប​ភាព​ជាប់​នឹង​រូប​ត្រី​ប៉ា​ស៊ី​អ៊ី​ដ៏​ធំ​មួយ​កំពុង​សាងសង់ឡើង​នៅក្បែរ​មាត់ទន្លេ​សេកុង​ដើម្បី​ទុកជា​អនុស្សា​វរ៍ ចែក​បងប្អូន​និង​មិត្តភក្តិ​មើល​។​

​ក្រៅពី​សួនច្បារ​ត្រី​ប៉ា​ស៊ី​ក៏មាន​ស្ពាន​ឆ្លងកាត់​ទន្លេសេកុង​និង​ស្ពាន​មេគង្គ​ពីរ​ទៀត​អាច​ទស្សនា​ដើរ​កម្សាន្ត​លំហែកាយ​ស្រូបយក​ខ្យល់​បរិសុទ្ធ​។​លោក​ឈូ​ស៊ុន​ម្ចាស់​ផ្ទះសំណាក់​ស្ទឹងត្រែង​បាន​សម្តែង​នូវ​ភាព​រីករាយ​ក្រោយពី​អាជ្ញាធរ​បានរៀបចំ​សួន​ត្រី​ប៉ា​ស៊ី​អ៊ី​ឱ្យមាន​សោ​ភណ្ឌ​ភាព​និង​ស្រស់ស្អាត​ទាក់ទាញ​ឡើងវិញ​។​លោក​រំពឹងថា​ភ្ញៀវទេសចរ​នឹង​មកលេង​កាន់តែច្រើន​ក្រោយពេល​ក្រុង​ស្ទឹងត្រែង​រៀបចំ​បានល្អ​នោះ​។​

​ក្រៅពី​ភាពស្រស់ស្អាត​បែបនេះ ក្រុង​ស្ទឹងត្រែង ក៏​នៅមាន​បញ្ហា​ពិបាក ក្នុងការ​ដោះស្រាយ​ផងដែរ​រឿង​ទុកដាក់​សំរាម ពាសវាល​ពាសកាល នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​និង​បរិស្ថាន​។​តែ​អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា ក្នុងការ​ថែរក្សា​អនាម័យ​តាម​ទីសាធារណៈ​ក្រុង​ស្ទឹងត្រែង​។​

​លោក ម៉ែន គុង​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​ថា ទាក់ទង​ទៅនឹង​ការរៀបចំ​សួនច្បារ ក្នុង​ក្រុង​ស្ទឹងត្រែង​គឺជា​គម្រោង​របស់​ខេត្ត​។​លោ​កថា​ការរៀប​ចំនេះ​មាន​គោលបំណង​ឱ្យមាន​ភាព​ទាក់ទាញ​និង​កែលម្អ​សោ​ភណ្ឌ​ភាព​ទីក្រុង​។​រៀបចំ​ជា​សួនច្បារ ឱ្យបាន​ស្អាត​និង​ការគ្រប់គ្រង​សំរាម​ទុកដាក់​ឱ្យបាន​ល្អ​។​

​លោក​ម៉ែន​គុង​បាន​បញ្ជាក់ថា សួនច្បារ​ត្រី​ប៉ា​ស៊ី​អ៊ី ត្រូវបាន​កែប្រែ​ដាក់​ជា​ប្រព័ន្ធ​បង្ហូរទឹក​ចូលក្នុង​អាង​។​លើកជើង​ទម្រ ឱ្យ​រូប​ស៊ីម៉ង់ត៍ ត្រី​ឡើង​ខ្ពស់ បន្ថែ​ប​រចនាប័ទ្ម​និង​រៀបចំ​ដាក់​ប្រព័ន្ធ​ភ្លើង​បំភ្លឺ ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ ការចាប់អារម្មណ៍​។​គេ​នឹង​រៀបចំ​ឱ្យ​កាន់តែ​ប្រសើរ​ជាងនេះទៀត​ដើម្បីឱ្យ​ក្រុង​ស្ទឹងត្រែង​មានឈ្មោះ​បោះ​សម្លេង​សមជា​ទីក្រុង​ស្អាត​៕S/​

​រៀបចំ​សួនច្បារ​ត្រី​ប៉ា​ស៊ី​អ៊ី​តំណាងឱ្យ​ទឹកដី​ខេត្តស្ទឹងត្រែង​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​