​រៀបចំ​សួនច្បារ​ថ្មី​និង​ការគាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​បន្ត​

380
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​បានចាប់ផ្តើម​កែប្រែ​មុខមាត់​បន្ទាប់ពី​សួនច្បារ​ថ្មី​បាននិងកំពុង​រៀបចំ​ជា​បន្តបន្ទាប់​។​ប្រជាពលរដ្ឋ​ពិសេស​អ្នកទទួលផល​ពី​វិស័យ​ទេសចរណ៍​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នេះ​។​ពួកគេ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​បន្ត​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​។​នេះ​តាម​ការ​ឱ្យដឹង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៩ ខែតុលា​ឆ្នាំ​២០១៩​។​

​លោក​រ៉ែ​ល​អ្នកបើករថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​បាន​និយាយថា​មុខ​ប្រាសាទអង្គរវត្ត​មានកា​រ​ផ្លាស់ប្ដូរ​ច្រើន​នា​រយៈពេល​ចុងក្រោយ​នេះ​។​ពិសេស​ក្រោយ​វត្តមាន​សួនច្បារ​បានកើត​ឡើង​។​ពេល​កំពុង​អង្គុយ​ក្រោម​ម្លប់ឈើ​លើ​សួនច្បារ​ថ្មី​ដែលមាន​ភាព​បៃតង​លោក​រ៉ែ​ល​បាន​នឹក​ទៅ​អតីត​កាលដែល​ទីធ្លា​នេះ​ជា​ចំណតរថយន្ត​និង​មាន​បរិស្ថាន​មិនសូវ​ស្អាត​ស័ក្ដិ​សមជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ឡើយ​។​

​ក្រោយ​រៀបចំ​ដាំ​ស្មៅ​និង​ដើមឈើ​តូចធំ​ជាច្រើន​ហើយ​នោះ​អ្នកបើករថយន្ត​រូបនេះ​យល់ថា​គួរតែមាន​ការរៀប​ចំប​ន្ត​ទៀត​ដើម្បីឱ្យ​បរិស្ថាន​ជុំវិញ​មាន​ភាពស្រស់​បំព្រង​និង​ជាទី​ទាក់ទាញ​ដល់​ទេសចរ​ទូទៅ​។​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោក​រ៉ែ​ល​រំលង​ប្រមាណ​២០​ម៉ែត្រ​ទីនោះ​គឺ​លោក​ហូ​ដែល​កំពុង​រង់ចាំ​ភ្ញៀវ​នៅលើ​រ៉ឺម៉ក​កង់​បី​។​

ឆ្លើយតប​ទៅនឹង​សំណួរ​លោក​ហូ​ប្រាប់ថា​គាំទ្រ​ចំពោះ​ការរៀបចំ​បរិស្ថាន​មុខ​អង្គរ​ដើម្បី​បង្កើន​សោភ័ណភាព​ដល់​ប្រាសាទ​ដ៏​អច្ឆរិយៈ​របស់​ខ្មែរ​មួយ​នេះ​។​ជាមួយគ្នា​នោះ​លោក​ហូ​ក៏​ចង់ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ការរៀបចំ​ជា​បន្តទៀត​ក្នុងនោះ​ក្រៅពី​រៀបចំ​ដាំ​ស្មៅ​លោក​ក៏​ចង់ឱ្យ​គិតគូរ​ពី​បញ្ហា​ដី​ហ៊ុយ​តាមផ្លូវ​មុខ​អង្គរវត្ត​រហូតដល់​ស្ពាន​ហាល​ផងដែរ​ដ្បិតថា​ស្ថានភាព​សព្វថ្ងៃ​បង្ក​ផលប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ជាខ្លាំង​។​

​ជាង​ថតរូប​ម្នាក់​ដែល​នៅមុខ​ប្រាសាទអង្គរវត្ត​ក៏​មិន​ជំទាស់​ចំពោះ​ការរៀបចំ​ខាងលើ​នេះដែរ​។​លោក​ទទួលស្គាល់ថា​ការអភិវឌ្ឍ​តែងមាន​ផលប៉ះពាល់​ខ្លះៗ​ដល់​ក្រុម​អ្នកលក់ដូរ​តែ​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​នៅ​តំបន់​នេះ​នា​ថ្ងៃ​អនាគត​៕S/

​រូប​ថ​តៈ​ពលរដ្ឋ​សាទរ​ចំពោះ​ការរៀបចំ​សួនច្បារ​ថ្មី​និង​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​បន្ត​(​បាយ័ន​)​