​រោងកុន​ខ្មែរ​មួយ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន ​ក្នុងការ​ពង្រីក​ខ្លួន​

286
ចែករម្លែក
  • 17
    Shares

ដោយ បូ​រិ​ន​/​ភ្នំពេញ​៖ រោងភាពយន្ត​ខ្មែរ ​គឺក្រុមហ៊ុន លេ​ជេន បាន​ចាប់​ដៃគូ​បោះទុន​ជាមួយ​ក្រុមហ៊ុន ព្រី​ន ដើម្បី​ធ្វើការ​ពង្រីក​សាខា​របស់ខ្លួន​ទៅកាន់​អគារ​ទំនើបៗ​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​។ ដើម្បី​ឆ្លើយ​តម្រូវការ​ទីផ្សារ​ភាពយន្ត​ លេង​ជេន​បានប្រកាស​ជា​ផ្លូវការ​អំពី​វត្តមាន​របស់ខ្លួន​ក្នុង​គម្រោង​អគារ​ព្រី​ន​អ៊ិន​ធើ​ណា​សិ​នណល​ផ្លា​សា​ក្នុង​ពិធី​ស​ន្និសិទ​កាសែត​និង​ចុះហត្ថលេខា​នៃ​ហាង​សំខាន់ៗ​របស់​ព្រី​ន​អ៊ិន​ធើ​ណា​សិ​នណល ផ្លា​សា ​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​អគារ​ព្រី​ន​ស៊ិ​ត្រល់​ផ្លា​សា ។

លោក តែ សុង​ដែលជា​នាយក​ប្រ​ត្តិ​បត​របស់​រោងភាពយន្ត​លេ​ជេន បាន​ថ្លែងថា គិត​ត្រឹម​ដើមឆ្នាំ ២០១៩ រោងភាពយន្ត​លេ​ជេន មាន​សរុប ៦​ទីតាំង​ដូចជា លេ​ជេន​ស៊ី​ធី​ម៉​ល លេ​ជេន​ធី​ឃេ លេ​ជេន​មានជ័យ លេ​ជេន​ព្រីម​មៀម លេ​ជេន​អេ​ដិ​ន និង លេ​ជេន​ហេ​រី​ថេ​ក វ៉ក (​សៀមរាប​)​ដែល​ទើបតែ​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមខែ​កុម្ភៈ​នេះ​។

តាម​គម្រោង​របស់​ក្រុមហ៊ុន​លោក​នឹង​បង្កើន​រោងភាពយន្ត​លេ​ជេន​នឹងមាន​ទីតាំង​សរុប​រហូត​ទៅដល់​១០​ទីតាំង​នៅត្រឹម​ចុងឆ្នាំ​២០១៩​នេះ​និង​១១​ទីតាំង​ក្នុង​ឆ្នាំ​២០២០​ ដោយ​បូក​បញ្ចូល​គម្រោង​អគារ​ព្រី​ន​អ៊ិន​ធឺ​ណា​ស៊ិណ​ល​ផ្លា​សា​។​នាយក​រោងកុន​រូប​នេះ​បាន​បញ្ជាក់ថា​ ការប្រកាស​បើក​គម្រោង​សាខា​ថ្មីៗ​របស់​រោង​ភាព​លេ​ជេន​គឺជា​កត្តា​មិនអាច​ប្រកែក​ក្នុងការ​ជំរុញឲ្យមាន​ភាព​រីក​ចម្រើន​របស់​វិស័យ​ភាពយន្ត​ក្នុងស្រុក​។

គម្រោង​អគារ​ព្រី​ន​អ៊ិន​ធឺ​ណា​ស៊ិណ​ល​ផ្លា​សា​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ការវិនិយោគ​នេះ​គឺជា​គម្រោង​មួយ​ក្នុងចំណោម​ធំៗ​ដទៃទៀត​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ព្រី​ន​ ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មកពី​ប្រទេស​ចិន​។​

បើ​មិនមាន​ការផ្លាស់ប្តូរ​ទេ​ រោងភាពយន្ត​លេ​ជេន​ដែលមាន​ទីតាំងនៅ​អគារ​ព្រី​ន​អ៊ិន​ធើ​ណា​សិ​នណល​ផ្លា​សា​នឹងមាន​បើក​ដំណើរ​បម្រើ​អតិថិជន​ចាប់ពី​ដើមឆ្នាំ​២០២០​នេះ​តទៅ​៕S/​Ha