​រោងចក្រ​ធ្វើ “​ខ្ញី​ជ្រក់​” ខេត្តពោធិ៍សាត់ ប្រកាស​ទិញ​ខ្ញី​ជាច្រើន​តោន​ពី​កសិករ​

4821

​មន្ត្រីជាន់ខ្ពស់​ខេត្តពោធិ៍សាត់​ឲ្យ​ដឹងថា​រោងចក្រ​កែច្នៃ​ខ្ញី​មួយ​ស្ថិត​នេះ​កំពុង​ប្រកាស​ស្វែងរក​ទិញ “​ខ្ញី​” ពី​កសិករ​ក្នុង​តំបន់ ដើម្បី​ផលិត​ខ្ញី​ជ្រក់​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ក្នុង​បទសម្ភាសន៍​ក្នុង​កិច្ចប្រជុំ​រៀបចំ គោលនយោបាយ​ជាតិ​ដំឡូង​មី នៅ​ក្រសួងពាណិជ្ជកម្ម កាលពីដើម​សប្តាហ៍​នេះ​ថា រោងចក្រ​កែច្នៃ​ខ្ញី​នេះ ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​។ ក្រុមហ៊ុន​នេះ ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ដើម្បី​ដាំ​ដុះ​ដំណាំ​ខ្ញី​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​បាន​បោះទុន​ប្រហែល ៥​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​ខ្ញី​ជ្រក់​នាំ​ចេញទៅ​ប្រទេស​ជប៉ុន និង​ប្រទេស​នៅ​អឺរ៉ុប​។ ឯកឧត្តម​បន្ថែម​។​

​ឯកឧត្តម​បន្តថាៈ «​ការដាំ​ខ្ញី និង​ការផលិត​កែច្នៃ​ខ្ញី​នេះ កំពុង​រីកលូតលាស់​ទៅមុខ​ហើយ​… បច្ចុប្បន្ន​ការដាំដុះ​ប្រមាណ​ជា ២០ ទៅ ៣០​ហិកតា »​។ មន្ត្រី​រូបនេះ ក៏បាន​អំពាវនាវ​ដល់​កសិករ​នៅ​ខេត្តពោធិ៍សាត់​នាំគ្នា​ដាំ​ខ្ញី​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​


(​ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​ខេត្តពោធិ៍សាត់​)

​ជាមួយគ្នានេះ បើ​យោងតាម​ប្រភពពី​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់​ចុះផ្សាយ​កាលពី​ថ្ងៃទី ២៨ សីហា កន្លងទៅ​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ជប៉ុន​នេះ បានទទួល​ទិញ​ខ្ញី​កសិករ​ក្នុង​បរិមាណ​ពី ១​តោន​ឡើង ដោយមាន​តម្លៃ ៨០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ យ៉ាងណាមិញ​ការផលិត​ក្នុង​ខេត្តពោធិ៍សាត់​មិន​គ្រប់គ្រាន់ ក្រុមហ៊ុន​ក៏បាន​ទិញ​ខ្ញី​មកពី​ប្រទេស​ចិន ប្រទេស​ថៃ និង​ខេត្តមណ្ឌលគិរី​បន្ថែម​។​

​ចំណែក​ក​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​ឲ្យ​ដឹង​ដែរ​ថា​ក្រុមហ៊ុន​បានប្រកាស​ទិញ​ខ្ញី​នេះ​តាំងពី​ខែសីហា មក​ម្លេះ ហើយ​ក្រុមហ៊ុន​ទទួល​ទិញ​ខ្ញី​ពី​កសិករ​ដែលមាន​ខ្ញី​ចាប់ពី​ទម្ងន់​មួយ​តោន​ឡើងទៅ​៕​អត្ថបទ​៖ ស៊ិន សា​វ៉េ​ត​/sn

​រូបភាព ៖ លោក ពៅ ភិ​រុណ​