ដោយបូកគោ/កំពត:រោងចក្រស៊ីម៉តិ៍របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងជាសក្តានុពលសេដ្ឋកិច្ចបន្ថែមថ្មីមួយទៀតនឹងសម្ពោធនាសប្តាហ៍ក្រោយដើម្បីបើកដំណើរការជាមួយអានុភាពដែលអាចផលិតបានបីពាន់តោនក្នុងមួយថ្ងៃ។ក្នុងដំណើរចុះពិនិត្យទីតាំងដើម្បីធ្វើពិធីសម្ពោធរោងចក្រស៊ីម៉តិ៍របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង កាលពីព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩។
លោកនាយឧត្តមសេនីយ៍យូស៊ុនឡុងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថានាថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខក្រុមហ៊ុនថៃប៊ុនរ៉ុងនឹងធ្វើពិធីសម្ពោធរោងចក្រស៊ីម៉ងតិ៍ដែលមានទីតាំងស្ថិតក្នុងភូមិល្អាងឃុំល្អាងស្រុកដងទង់ដើម្បីដំណើរការផលិតជាផ្លូវការ។
ពិធីនេះស្ថិតក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួមជាមួយភ្ញៀវកិត្តិយសជាតិអន្តរជាតិជាង២០០នាក់ព្រមទាំងប្រជាពលរដ្ឋប្រមាណ៨.៥០០នាក់។ដូច្នេះក្រុមហ៊ុនថៃប៊ុនរ៉ុងត្រូវសហការជាមួយរដ្ឋបាលខេត្តកំពតក្នុងកិច្ចរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនិងក្តីសុខសុវត្ថិភាពមួយរយភាគរយដើម្បីឱ្យពិធីនោះប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ។
តំណាងរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុងបានបញ្ជាក់ឱ្យដឹងថារោងចក្រស៊ីម៉តិ៍ល្អាងជារោងចក្រផលិតស៊ីម៉ងតិ៍ទីបួនរបស់ខេត្តកំពតដែលជាករបន្ថែមសក្តានុពលសេដ្ឋកិច្ចថ្មីមួយទៀតសម្រាប់ខេត្ត។នៅពេលដំណើរការរោងចក្រស៊ីម៉ងតិ៍ល្អាងមានអានុភាពអាចផលិតបាន៣.០០០តោនក្នុងមួយថ្ងៃស្របពេលដែលការផលិតរបស់រោងចក្របីទៀតមានបរិមាណលើស និងតិចជាងនេះបន្តិចបន្តួច។
សូមបញ្ជាក់ថាកំពតជាខេត្តមានសក្តានុពលយ៉ាងខ្លាំងក្លាពិសេសផ្នែកធនធានធម្មជាតិហើយកំពុងរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យឧស្សាហកម្មខេត្តកំពតមានរោងចក្រផលិតស៊ីម៉ង់ត៍បីកន្លែង ដែលឆ្នាំ២០១៨អាចផ្គត់ផ្គង់ការប្រើប្រាស់ទូទាំងប្រទេសប្រមាណជាង៧០ភាគរយ៕S/