​រំលឹក​អនុសាសន៍​ប្រាំមួយ​ចំណុច​របស់​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ក្នុងការ​ទាក់ទាញ​ទេសចរ​ចិន​

1376
ចែករម្លែក
  • 22
    Shares
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង​ពិធី​បិទ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ឆ្នាំ​២០១៨​នៅ​ខេត្ត​ព្រះសីហនុ ​(​រូបថត​ក្រសួងទេសចរណ៍​)​

ដោយៈ​ បញ្ញា​សាស្ត្រ​​ / ភ្នំពេញៈ​ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​អះអាងថា​ ចិន​ជាទី​ផ្សារ​ផ្គត់ផ្គង់​ទេសចរ​ច្រើនជាងគេ​លើ​ពិភពលោក ដោយ​ឆ្នាំ​២០១៧ ក្នុងចំណោម​ទេស​ចរស​កល​លោក​សរុប ១.៣០០​លាន​នាក់ មាន​ទេសចរ​ចិន ១៣០​លាន​នាក់ ស្មើនឹង​១០​ភាគរយ​នៃ​ទេសចរ​សកលលោក​សរុប​។​លក្ខណៈពិសេស​របស់​ទេស​ចរ​ចិន​គឺ​ហ៊ាន​ចំណាយលុយ​ច្រើនជាងគេ ប៉ុន្តែ​ពួកគេ​ក៏​ទាមទារ​ឲ្យ​មានការ​បម្រើ​សេវាកម្ម ប្រកបដោយ​គុណភាព អនាម័យ និង​កន្លែង​កម្សាន្ត​ល្អៗ​ផងដែរ​។​

​ដោយសារតែ​ការមើលឃើញ​បែបនេះ​ពិធី​បិទ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការអភិវឌ្ឍ​និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ឆ្នាំ​២០១៨​នៅ​ខេត្ត​ព្រះសីហនុ​នា​ដើម​សប្តាហ៍​នេះ​លោក​រដ្ឋមន្ត្រី​បានផ្ដល់​អនុសាសន៍​គន្លឹះៗ​ចំនួន​ប្រាំពី​ចំណុច​។​

​លោក​មានប្រសាសន៍ថា​ទី​១. ត្រូវ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​បញ្ហា​សំរាម កាកសំណល់ ព្រមទាំង​ត្រូវ​ទប់ស្កាត់ បញ្ជៀ​ស​និង​បញ្ឈប់​កន្លែង​ហូរ​ទឹក​កខ្វក់​ដែល​នៅមាន​ខ្លះៗ​ចូលទៅ​សមុទ្រ​។​ត្រូវមាន​ការប្រើប្រាស់​អា​ង​ប្រព្រឹត្ត​កម្ម​ចម្រោះ​ទឹក​នៅតាម​សណ្ឋាគារ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា​។ ត្រូវ​បំផុស​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ប្រើប្រាស់​អាង​ស្តុក​ទឹក​សំណល់ ជៀសវាង​ការបង្ហូរ​ចូលទៅ​ឆ្នេរសមុទ្រ​។​

​ទី​២. ត្រូវខិតខំ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​ឲ្យ​បាន​ស្អាត និង​បៃតង ខិតខំ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​យើង​ប្រកបដោយ​និរន្តរភាព ។​គ្រប់​ខេត្ត​តំបន់ឆ្នេរ ត្រូវខិតខំ​កសាង​អោយបាន​ឆ្នេរ​គំរូ ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកនាំ​អភិវឌ្ឍន៍ តាម​ខេត្ត​និង​ត្រូវ ចូលរួម​ក្នុងការ​ប្រលងប្រណាំង​ឆ្នេរ​ស្អាត​ឲ្យ​បាន​ផុលផុស​។​

​ទី​៣. ត្រូវ​រួមគ្នា​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ ស្របតាម​ស្មារតី «​សេវា​មួយ ស្ដង់ដារ​មួយ​»​បង្កើត​ផលិតផល ទេសចរណ៍​ថ្មីៗ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​សេវាកម្ម​ទេសចរណ៍​យើង​មានគុណ​ភាពល្អ ជាទី​ពេញចិត្ត ដល់​ទេសចរ​។​

​ទី​៤. ក្នុង​ឆ្នាំ​២០១៧ ភ្ញៀវ​ទេស​ចិន​ដែល​ចេញ​ទស្សនា​កម្សាន្ត​ក្រៅប្រទេស​មាន​ចំនួន ១៣០​លាន​នាក់ ស្នើ​នឹង ១០​ភាគរយ នៃ​ចំនួន​ទេសចរ​សកលលោក​សរុប ដែលមាន​ចំនួន ១.៣០០​លាន​នាក់​។​ក្នុងនោះ​ទេសចរ​ចិន​ដែល មក​ទស្សនា​អាស៊ាន​មាន​ចំនួន ជាង​២០​លាន​នាក់ (​ថៃ​យកបាន ទេសចរ​ចិន​បាន​ជាង​១២​លាន​នាក់​)​។ តាម​ការព្យាករណ៍​រប​ស់​អង្គការ​ទេសចរណ៍​ពិភពលោក​នៅ​ឆ្នាំ​២០២០​ភ្ញៀវទេសចរ​ចិន​ដែល​ទស្សនា​ក្រៅប្រទេស​មាន​ចំនួន​ច្រើនជាង​២០០​លាន​នាក់ (​ក្នុងចំណោម​ទេស​ចរស​កល​លោក ១០​នាក់ មាន​ទេសចរ​ចិន​ម្នាក់​) ។​ដូច្នេះ​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ស្រូបយក​លំហូរ​ទេសចរ​ឲ្យ​បាន​ច្រើន​ដើម្បី​សេដ្ឋកិច្ចជាតិ​និង​ការងារ​របស់​ប្រជាពលរដ្ឋ​យើង តែ​ប្រការ​សំខាន់​មិនអាច​ខ្វះ​បាន​គឺ​ការគ្រប់គ្រង ប្រកបដោយ​និរន្តរភាព និង​គុណភាព​សេវាកម្ម​ល្អ​. អនាម័យ​បរិស្ថាន​ល្អ ពិសេស ភាព ស្អាត និង បៃតង​។​

​ទី​៥. បន្ត​ពង្រឹង​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជា​ជី​វះ​ទេសចរណ៍ ដល់​អ្នក​ដែល​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា​ការ​ព​ង្រឹ​ក​ជំនាញ​បុគ្គលិក ស្របតាម​ស្មារតី «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​» ភាសាបរទេស ពិសេស​ត្រូវ​ពង្រីក​មគ្គុទ្ទេសក៍​និយាយ​ភាសា​ចិន​និង​អ្នក​និយាយ​ភាសា​ចិន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​អោយបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​។​

​ទី​៦. ត្រូវ​បន្ត​អនុវត្ត​ប្រព័ន្ធ​វាយតម្លៃ​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ចិន (China Ready Accreditation System)​ឲ្យ​បាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ។​

​លោក រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​គម្រោង​អភិវឌ្ឍ​កោះ​គំរូ​ផងដែរ ដោយ​ចាប់​ផ្តើមចេញពី​ការអភិវឌ្ឍ​កោះរ៉ុង ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​ខ្ពស់ និង​ជា​គោលដៅ​ទេសចរណ៍​បៃតង​គ្មាន​ថង់​ប្លា​ស្ទីក ឱ្យបាន​មុន​ឆ្នាំ​២០២០​។​

​ក្នុង​ផេ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​បាន​ស្រង់​សម្តី​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មក​បញ្ជាក់ថា ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ ទេសចរ​ដែល​មក​ទស្ស​នា​ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ ៩៥៣.១៧១​ម៉ឺន​នាក់ កើនឡើង ១៨.៤​ភាគរយ​។ ក្នុងនោះ​មាន​ទេសចរ​ចិន​ប្រមាណ ៥​ម៉ឺន​នាក់ កើនឡើង ៣៧​ភាគរយ​។ រួមជាមួយ​ទេសចរ​ច្រើន​ជាតិ​សាសន៍​ដែល​កំពុងមាន​ការកើនឡើង​ផងដែរ ដូចជា រុស្សី បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម ម៉ាឡេស៊ី​។​ល​។​លោក​បន្តថា​ទេសចរ​ដែល​ទៅ​ទស្សនា​តាម​បណ្ដា​កោះ ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​កោះរ៉ុង កោះរ៉ុង​សន្លឹម​ជាដើម មាន​ជាង​១១​ម៉ឺន​នាក់ កើនឡើង ជាង ១០​ភាគរយ ក្នុង​ត្រីមាស​ទី​១ ២០១៨​នេះ​។​
​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៨ មាន​ជើងហោះហើរ​មក​ខេត្ត​ព្រះសីហនុ​ចំនួន ២,១៣៥​ជើង កើនឡើង ៦៦​ភាគរយ ។​ក្នុងនោះ​មាន​ជើងហោះហើរ​ប្រមាណ ២០២​ជើង មកពី​ក្រៅប្រទេស​និង​ក្នុងស្រុក​មាន​ចំនួន ៣៤៨​ជើង ក្នុង​មួយ​សប្ដាហ៍​។​

​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន មាន​សណ្ឋាគារ ៦៩​កន្លែង (៣.៥២១​បន្ទប់​) ផ្ទះ​ភ្ញៀវ​មាន ៣១៩​កន្លែង (៤.០២៩​បន្ទប់​) ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​មាន ២៥១​កន្លែង (៩.៧៧៣​កៅអី​) ម៉ាស្សា​មាន ៤២​កន្លែង (៣០០​គ្រែ​) សេវា​កម្សាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញវ័យ​មាន ១៧​កន្លែង ទីភ្នាក់ងារ​ទេសចរណ៍ ៣១​កន្លែង និង​កីឡា​ទេសចរណ៍ ១៧​កន្លែង​។​នៅ​២​ឆ្នាំ​ខាងមុខ​នឹងមាន​សណ្ឋាគា​ា​រ ថ្មីៗ​ប្រណិត ប្រមាណ ២០០០-២៥០០ បន្ទប់​បន្ថែមទៀត​៕