​រ៉ូ​មា​នី​មានបំណង​ដំឡើង​រូបសំណាក​អតីតព្រះមហាក្សត្រ​កម្ពុជា​នៅ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី​

1092
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោកស្រី Monica Dorina Gheorghita អនុរដ្ឋមន្ត្រី​ការបរទេស​រ៉ូ​ម៉ា​នី​បាន​ថ្លែងថា រ៉ូ​មា​នី​មានបំណង​ដំឡើង​រូបសំណាក​អតីតព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម នរោត្តម សីហនុ និង​អតីត​ប្រធានាធិបតី ហា​បី​ប បួ​គី​បា នៅ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី នៅ​ទីក្រុង​ប៊ូ​ការ៉េ​ស ។​នៅ​ទីនោះ រូបសំណាក​របស់​អតីត​ប្រធានាធិបតី សេ​ណេ​ហ្គា​ល់ លោក​ឡេ​អូ​ប៉ូល សេ​ដា សេង​ហ័​រ ត្រូវបាន​ដាក់តាំង​រួចហើយ​។

​រូបសំណាក​ទាំងបី​នេះ គឺជា​កិត្តិយស​ឧទ្ទិស​ដល់​ស្ថាបនិក​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (​ហ្វ្រ​ង់​កូ​ហ្វូ​នី​)​។​ការ​ថ្លែង​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​រ៉ូ​ម៉ា​នី​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

បន្ទាប់ពី​ជំនួប​ចប់ ​លោក​មាស គឹម​ហេង អនុរដ្ឋលេខាធិការ​ក​ក្រសួងការបរទេស បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា នៅក្នុង​ជំនួប​ពិភាក្សា គឺ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​លើ​ចំណុច​ជាច្រើន​សំដៅ​ពង្រឹង​នៅ​មិត្តភាព និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​រ៉ូ​ម៉ា​នី​។​លោក​ទេសរដ្ឋមន្ត្រី បានកត់សម្គាល់​នៅ​ការរីកចំរើន​នានា ឆ្លងតាម​ការពិភាក្សា​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ប្រតិភូ​រ៉ូ​ម៉ា​នី និង​កម្ពុជា គឺមាន​ចំណុច​ជាច្រើន​ដែល​បានលើកឡើង ហើយ​បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​។

លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​កត់សម្គាល់​ពេញចិត្ត​ចំពោះ​ការវិវឌ្ឍ​កន្លងមក​ជាពិសេស​ការ​អនុវត្ត​អ្វីដែល​បាន​ឯកភាពគ្នា​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​១​គឺ​ដូចជា​មានការ​បង្កើត​នៅ​ក្រុមប្រឹក្សា​ធុរៈកិច្ច​កម្ពុជា​និង​រ៉ូ​ម៉ា​នី​និង​ការតែងតាំង​កុងស៊ុល​កិត្តិយស​ផ្លាស់ប្តូរ​គ្នា​រវាង​ប្រទេស​ទាំងពីរ​និង​បង្កើតឡើង​នៅ​ក្រុម​សភា​រវាង​កម្ពុជា​និង​រ៉ូ​ម៉ា​នី​គឺ​កំពុងតែ​ដំណើរការ​។​ឮ​ប៉ុន្តែ​ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​ថ្មីៗ​នេះ

លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ភាគី​ទាំងពីរ​បាន​ចុះ​ហត្ថ​លេខ​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ ប្រព័ន្ធ​ផ្សព្វផ្សាយ យុវជន និង​កីឡា​។​​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​រ៉ូ​ម៉ា​នី​។​

យោងតាម​ការអញ្ជើញរ​បស់​រដ្ឋមន្ត្រីការបរទេស​រ៉ូ​ម៉ា​នី លោក​ទេសរដ្ឋមន្ត្រី​មាន គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រ៉ូ​ម៉ា​នី​នៅ​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។ ដើម្បី​យក​ព្រះ​ឆាយា​ល័​ក្ខ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ដើម្បី​យកទៅដាក់​នៅ​នៅ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី នៅ​ទីក្រុង​ប៊ូ​ការ៉េ​ស​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​លោកស្រី Monica Dorina Gheorghita​អនុរដ្ឋមន្ត្រី​ការបរទេស​រ៉ូ​ម៉ា​នី​ដែល​បាន​សម្តែង​ការយល់ដឹង​យ៉ាងច្រើន​អំពី​សភាពការណ៍​នៅ​កម្ពុជា​។ ដោយ​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា សន្តិភាព​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា គឺ​សន្តិភាព និង​ការអភិវឌ្ឍន៍ ប្រសិនបើ​គ្មាន​សន្តិភាព ក៏​គ្មាន​ការអភិវឌ្ឍន៍​ដែរ​។

​ចំណែក​អនុរដ្ឋមន្ត្រី​ការបរទេស​រ៉ូ​ម៉ា​នី​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការរីកចំរើន​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា ហើយ​កត្តា​សំខាន់ គឺ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​។​ចំណុច​សន្តិភាព ស្ថេរភាព​នេះ​គឺ​មិន​ងាយ​ថែរក្សា​បានទេ​។​ដូច្នេះ​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បាន​ថែ​រក្សាបាន​នូវ​សន្តិភាព និង​ស្ថេរភាព​ប្រកបដោយ​ភាពរឹងមាំ​៕S/

​រ៉ូ​មា​នី​មានបំណង​ដំឡើង​រូបសំណាក​អតីតព្រះមហាក្សត្រ​កម្ពុជា​នៅ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី​