​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​បង់​ក្លា​ដែ​ស លើក​ទី​១

127
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​៖-​ពិធី​សម្ពោធ​ឈ្មោះ​ផ្លូវ​“KingNORODOMSIHANOUKRoad”​ក្នុង​តំបន់​ការទូត​នៃ​ទីក្រុង​ដា​ក្កា​។​

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​បង់​ក្លា​ដែ​ស​លើក​ទី​១ ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០​នៅ​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែ​ស​។​លោកស្រី​អ៊ា​ត​សោភា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​និង​លោក​អឹម​ឌី​ហ្សា​រៀរ​អា​ឡា​ម​សមាជិកសភា​អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស បាន​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។​

​កិច្ច​ប្រជុំបាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មិត្តភាព​និង​ការយោគយល់​គ្នា​ទៅវិញទៅមក​ដែល​ឆ្លុះបញ្ចាំង​ពី​ស្មារតី​រួម​ដើម្បី​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​ភាគី​ទាំង​ពីរបាន​លើក​អំពី​ការវិវត្ត​នៃ​ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ចសង្គម​នាពេល​បច្ចុប្បន្ន​និង​ទិសដៅ​របស់​ប្រទេស​រៀងៗ​ខ្លួន​។​បានកត់សម្គាល់​ដោយ​ការពេញចិត្ត​អំពី​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​បង់​ក្លា​ដែ​ស​។

​ភាគី​ទាំង​ពីរបាន​ឯកភាព​អនុវត្ត​ឲ្យ​បាន​ពេញលេញ​គ្រប់​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ហើយ​និង​បន្ត​រក្សា​ឲ្យ​មាន​ជា​ទៀងទាត់​នូវ​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ក្រុម​មិត្តភាព​សភា​នៃ​ប្រទេស​ទាំងពីរ​។

​ភាគី​ទាំងពីរ​មាន​ទស្សនៈ​ស្របគ្នា​ថា​ការដាក់​ឈ្មោះ​ផ្លូវ​នៅ​តំបន់​លេចធ្លោ​មួយ​ក្នុង​ទីក្រុង​ដា​ក្កា​និង​ក្នុង​រាជធានី​ភ្នំពេញ​តាម​ព្រះនាម​របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះវររាជបិតា​ជាតិ​កម្ពុជា​និង​តាម​នាម​របស់​បិតា​ជាតិ​បង់​ក្លា​ដែ​សបង់​ហ្គា​បាន់​ឌូ​សេក្ខ​មូ​ជី​ប៊ួ​រ៉ា​ម៉ាន់​មាន​អត្ថន័យ​ដ៏​សំខាន់​សម្រាប់​ការពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​បង់​ក្លា​ដែ​ស​បន្ថែមទៀត​។​

​ស្តីអំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ភាគី​ទាំងពីរ​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​និន្នាការ​កើនឡើង​នៃ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី​ហើយ​បាន​ឯកភាព​ខិតខំ​ប្រើប្រាស់​ឲ្យ​អស់​សក្តានុពល​នៃ​វិស័យ​ដែល​ភាគី​ទាំងពីរ​មានប្រៀប​ល្អ​ជាង​គ្នា​និង​អាចបំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី​។
​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​ធ្វើ​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​និង​ជល​វប្បកម្ម​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍វប្បធម៌​បច្ចេកវិទ្យា​ព័ត៌មាន​។​គមនាគមន៍​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល​វិស័យ​ការពារជាតិ​ព្រមទាំង​ការអភិរក្ស​ប្រវត្តិសាស្ត្រ​និង​ដំណែល​សង្គ្រាម​។​

​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ​ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេវាកម្ម​ផ្លូវអាកាស​ដែល​នឹង​ជួយ​ត្រួសត្រាយ​បើកផ្លូវ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​សំដៅ​ជំរុញ​ការតភ្ជាប់​និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន​និង​ប្រជាជន​។​

​ក្រៅពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ភាគី​ទាំងពីរ​ក៏បាន​លើក​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ជំរុញ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​តំបន់​និង​អន្តរជាតិ​រួមមាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​(UNESCAP)​។​

​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ផ្សេងៗ​ទៀត​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(ASEM)​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​(ACD)​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) និង​អាស៊ាន​ដើម្បី​រួមចំណែក​ដល់​សន្តិភាព​ស​ន្តិ​សុខភាព​សុខដុម​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ភាគី​កម្ពុជា​បាន​សម្តែង​ការអបអរ​យ៉ាងខ្លាំង​ដោយបាន​ដឹងថា​លោកជំទាវ​នាយករដ្ឋមន្ត្រី សេក្ខ ហា​ស៊ីណា​រំពឹងថា​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ​។​ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​នៃ​បម្រែបម្រួល​អាកាសធាតុ​និង​បញ្ហា​ប្រជាជន​ខ្ចាត់ព្រាត់​ពី​ទីលំនៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ខា​ញ​។​

​ភាគី​កម្ពុជា​បានកត់សម្គាល់​មតិយោបល់ និង​សំណើ​ដែល​ភាគី​បង់​ក្លា​ដែ​សបាន​លើក​ឡើងលើ​បញ្ហា​នេះ និង​បាន​បញ្ជាក់ថា​កម្ពុជា​គាំទ្រ​ការពង្រីក​តួនាទី​អាស៊ាន​តាមរយៈ​អគ្គលេខាធិការ​អាស៊ាន​និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ​(AHA Center) ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​ដំណើរ​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព​។

​ភាគី​កម្ពុជា​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​តាមរយៈ​យន្តការ​អាស៊ាន​ដើម្បី​ធានាបាន​នូវ​ដំណើរការ​នៃ​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​រដ្ឋ​រ៉ា​ក់​ខា​ញ​។​

​នៅ​ទីបញ្ចប់​នៃ​ការពិភាក្សា សហប្រធាន​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​បង់​ក្លា​ដែ​ស លើក​ទី​១ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើត យន្តការ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស ដែល​គ្រោង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៅ​ឆ្នាំ​២០២១​។​

​ក្នុងឱកាស​ទស្សនកិច្ច​នេះ លោកជំទាវ អ៊ា​ត សោភា បាន​ចូលរួម​ជា​សហ​អធិបតី​ជាមួយ​ឯកឧត្តម អឹម​ឌី តា​ហ្សូ​ល​អ៊ីស្លាម​រដ្ឋមន្ត្រី​រដ្ឋាភិបាល​មូលដ្ឋាន​អភិវឌ្ឍន៍​ជនបទនិង​សហករណ៍​បង់​ក្លា​ដែ​ស​ក្នុង​ពិធី​សម្ពោធ​ឈ្មោះ​ផ្លូវ “ King NORODOM SIHANOUK Road” ដែលមាន​ទីតាំង​ក្នុង​តំបន់​ការទូត​នៃ​ទីក្រុង​ដា​ក្កា​។

​លោកជំទាវ​រដ្ឋលេខាធិកា​រ​ក៏បាន​ជួប​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ូ​ហា​ម៉ា​ដ​ម៉ា​ហ្វ៊ូ​សឺ​រ៉ា​ម៉ាន់​មេបញ្ជាការ​កងទ័ពជើងគោក​បង់​ក្លា​ដែ​ស​និង​ឧ​ត្ត​ម​សេនីយ៍​ឯក​សេក្ខ​ម៉ា​ម៉ូ​នខា​លី​ត​នាយក​មហាវិទ្យាល័យ​ការពារជាតិ​បង់​ក្លា​ដែ​ស​ក្នុងឱកាស​ទស្សនកិច្ច​នៅ​ស្ថាប័ន​ទាំងពីរ​។​គណៈប្រតិភូ​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​បង់​ក្លា​ដែ​ស​ដែល​បានផ្តល់​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ជូន​គណៈប្រតិភូ​កម្ពុជា​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ដា​ក្កា​និង​បាន​ឯកភាព​ជាមួយ​ភាគី​បង់​ក្លា​ដែ​ស​ថា​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​បង់​ក្លា​ដែ​ស លើក​ទី​២ ក្នុង​ឆ្នាំ​២០២២ នៅ​ប្រទេស​កម្ពុជា​៕S/​