​លទ្ធផល​សូន្យ​!​ពេល​ឆែកឆេរ​ហាង​”​រំ​ចង់​និង​ហេង​ហេង​”​ក្រុង​តាខ្មៅ​ដែល​ល្បី​លក់​សត្វព្រៃ​រាប់​ឆ្នាំ​

1315
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាល​៖​ប្រតិបត្តិការ​នៃ​ការត្រួតពិនិត្យ​ហាង​រំ​ចង់​និង​ហាង ហេង ហេង ក្នុង​ក្រុង​តាខ្មៅ ដែល​ល្បី​លក់​សត្វព្រៃ​រាប់​ឆ្នាំ លទ្ធផល​បង្ហាញថា គ្មាន​រកឃើញ​សត្វព្រៃ​សូម្បី​មួយ​ក្បាល ឬ ហៅ​សាមញ្ញ​ថា លទ្ធផល​សូន្យ ។

​មន្ត្រី​តុលាការ​ខេត្តកណ្ដាល សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាងថា បុរស​ធាត់​ស​ជិះឡាន​ឡិច​ស៊ី​ស​៥៧០ ជា​ថៅកែ​ហាង រំ​ចង់ ឈ្មោះ ចាន់ ពៅ គឺ ឧស្សាហ៍​ឃើញ​វត្តមាន​ក្នុង​បរិវេណ​តុលាការ​ខេត្តកណ្ដាល ណាស់ តែ​គេ​មិនដឹងថា មក​ធ្វើ​អ្វី​ទេ ។ ការត្រួតពិនិត្យ​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល យោងតាម​ដីកា​របស់​ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល ។

​លោក ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល តាមរយៈ​ដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​លំនៅដ្ឋាន​ឬ​រុករក​វត្ថុតាង ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ បង្ហាញថា ហាង​រំ​ចង់​មានការ​សង្ស័យថា​បាន​ជួញដូរ​និង​សន្និធិ​សត្វព្រៃ​ពុំមាន​លិខិតអនុញ្ញាត​។​កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU កត់សម្គាល់​ឃើញថា សត្វព្រៃ​លក់​នៅ​ហាង​រំ​ចង់​និង​ហាង ហេង ហេង នា​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បាន​បើក​អាជីវកម្ម​លក់​ម្ហូប​សត្វព្រៃ​ជាច្រើន​ឆ្នាំ​មកហើយ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ​យល់ឃើញថា សមត្ថកិច្ច​និង​អ្នកប្រព្រឹត្ត​ខុសច្បាប់ មានការ​ត្រូវរ៉ូវ​គ្នា​ទើប​មិន​ចុះបង្ក្រាប ។

​មជ្ឈដ្ឋាន​ជាច្រើន មាន​ចម្ងល់​ថា សត្វព្រៃ​អាច​ចរាចរណ៍​បានជា​ធម្មតា​និង​ជាច្រើន​ឆ្នាំ​បែបនេះ ពិត​ជាមាន​មូលហេតុ​នៅ​ពី​ក្រោយខ្នង នៃ​ការមិន​ចុះបង្ក្រាប​នេះ ។ លិខិត​មួយច្បាប់​របស់ ACU បង្ហាញថា ACU សូម​ជម្រាបជូន លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកណ្តាល ស្តីអំពី​សកម្មភាព​នេសាទ​ខុសច្បាប់​និង​អាជីវកម្ម​សត្វព្រៃ ។

ACU កត់សម្គាល់​ឃើញថា នៅក្នុង​មូលដ្ឋាន​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មាន​ហាង​ឈ្មោះ រំ​ចង់ និង ហាង​ឈ្មោះ ហេង ហេង បាន​បើក​អាជីវកម្ម​លក់​ម្ហូប​សត្វព្រៃ ជាច្រើន​ឆ្នាំ​មកហើយ ។ តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បញ្ជាក់ថា សាច់​ព្រៃ​ជាច្រើន​ប្រភេទ ត្រូវបាន​ដឹក​មក​ផ្គត់ផ្គង់​នៅ​ហាង​ទាំងពីរ​នេះ ជា​រៀងរាល់​ព្រឹក​ផងដែរ ។ រាល់​សកម្មភាព​ទាំងនេះ ជា​ដែន​សមត្ថកិច្ច​របស់​ម​ន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែល​ត្រូវ​ទប់ស្កាត់ តែ​នៅមាន​ការកើនឡើង​យ៉ាង​អនាធិបតេយ្យ​ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ​យល់ឃើញថា សមត្ថកិច្ច​និង​អ្នកប្រព្រឹត្ត​ខុសច្បាប់ មានការ​ត្រូវរ៉ូវ​គ្នា​ទើប​មិន​ចុះបង្ក្រាប ។

ACU សូមឱ្យ​លោក​ប្រធាន​មន្ទីរ ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​នេះ និង ផ្តល់​លទ្ធផល​មកឱ្យ ACU វិញ ឱ្យបាន​ឆាប់ ។
​ពាក់ព័ន្ធ​ករណីនេះ ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល បានទេ នៅ​ថ្ងៃទី​២៣ ខែមេសា ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ។

កន្លងមក ហាង​រំ​ចង់ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​លឹម សុគ​ន្ថា ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ចុះបង្ក្រាប​ម្តង​រួចមកហើយ ។ ប៉ុន្តែ​ក្រោយ​ការបង្ក្រាប​នេះ សកម្មភាព​ល្មើសច្បាប់​ហាក់​នៅ​ដដែល ។ ទើប​មកដល់​ជំនាន់​លោក លាវ ស្រេង ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ពុំទាន់​ឃើញ​ចុះបង្ក្រាប​ម្តងណា​ទេ ៕S/

​លទ្ធផល​សូន្យ​!​ពេល​ឆែកឆេរ​ហាង​”​រំ​ចង់​និង​ហេង​ហេង​”​ក្រុង​តាខ្មៅ​ដែល​ល្បី​លក់​សត្វព្រៃ​រាប់​ឆ្នាំ​