​លទ្ធផល​សំណង់​ច្រាំងទន្លេ​ក្រុង​កំពង់ចាម​ចាប់ផ្តើម​សង់​ប្រព័ន្ធ​ចម្រោះ​ក្រោម​ច្រាំង​បំផុត​

526
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​នៅ​ដើមខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​លទ្ធផល​សំណង់​ច្រាំង​ទន្លេមេគង្គ​នៅ​ក្រុង​កំពង់ចាម​គឺ​ចាប់ផ្តើម​សង់​ប្រព័ន្ធ​ចម្រោះ​ទឹក​ក្រោម​ដី​នៅ​ជួរ​ក្រោម​ច្រាំង​បំផុត​ដើម្បី​បញ្ចៀស​របប​ទឹក​មិន​ប្រក្រតី​របស់​ទន្លេ​មួយ​នេះ​។​ខណ​:​ដែល​ខាង​ក្រុម​ជាង​សង់​សសរ​គ្រឹះ​ខឿន​ច្រាំងទន្លេ​ស្ថាបនា​ជិត​រួចរាល់​ជាន់​ទី​៣​គឺ​ស្ថាបនា​បាន​ប្រមាណ ២០ ភាគរយ​នៃ​សំណង់​ទាំងមូល​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី ៣ មិថុនា ២០១៩​នេះ​ថា​ចូលដល់​ខែមិថុនា​នេះ​យើង​បាន​ចាប់​សង់​ប្រព័ន្ធ​ចម្រោះ​ទឹក​ក្រោម​ដី​ជួរ​ក្រោម​ច្រាំង​គឺ​ចាក់​កប់​ទុយោ​ដែល​បាន​កែច្នៃ​តាម​លក្ខណ​:​បច្ចេកទេស​បាន​ចំនួន​ប្រាំ​បង្គោល​ក្នុងចំណោម​បង្គោល​សរុប​ចំនួន ៣៥ ដើម​នោះ​។

ដោយ​មិន​រង់ចាំ​ខាង​ក្រុម​ជាង​ខាង​សង់​សសរ​គ្រឹះ​ធ្នឹម​នៃ​ច្រាំងទន្លេ​ហើយ​ទាំង​បួន​ជាន់​ឡើយ​។​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​បញ្ហា​ដែល​សម្រុក​បង្ខំ​សង់​ប្រព័ន្ធ​ចម្រោះ​ក្រោម​ដី​នៅ​ជួរ​ក្រោម​ច្រាំង​បែបនេះ គឺ​ដើម្បី​បង្ការ​របប​មិន​ទៀងទាត់​របស់​ទន្លេមេគង្គ​។ ដើម្បី​ធានា​គុណភាព​នៃ​សំណង់​ច្រាំងទន្លេ​នេះ ត្រូវ​ស្ថាបនា​ប្រព័ន្ធ​ចម្រោះ​ទឹក​នេះ​ចំនួន​ពីរ​ជួរ​នៃ​ប្រវែង​សំណង់​ខឿន​ច្រាំងទន្លេ​ទាំងអស់​១៧០​ម៉ែត្រ​នោះ​។

លោក​ប្រធាន​វិបុល​បាន​បន្តថា​ក្រោយពី​បញ្ចប់​ការសាងសង់​សសរ​គ្រឹះ​ធ្នឹម​ទាំង​បួន​ជាន់​នោះ​នឹង​ដំណើរការ​ស្ថាបនា​ប្រព័ន្ធ​ចម្រោះ​ទឹក​ក្រោម​ដី​ជួរ​ទី​២ ខាងលើ​បន្តទៀត​។ បន្ទាប់មក​ឈួ​ស​បង្ហាប់​ពង្រាយ​ដី ហើយ​ក្រាល​ក្រណាត់​ជម្រាប​ទឹក​មួយ​ជាន់​ទៀត​គឺ​ចុងក្រោយ​ចាក់​បេតុង​យក​សម្រេច​ជា​ខឿន​ច្រាំងទន្លេ​តែម្តង​។​

លោក សោម​ពុត​ជា​ប្រធាន​ក្រុម​ជាង​ខាង​សាងសង់​សសរ​គ្រឹះ​ធ្នឹម​ច្រាំងទន្លេ​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃទី ៣ មិថុនា ២០១៩​នេះ ខាង​លោក​អាច​នឹង​សង់​ហើយ​រួចរាល់​ចំនួន ប្រាំ បង្គោល​នៃ​ជាន់​ទី​៣ គឺ​បន្ត​ខួង​សង់​បង្គោល​សសរ​គ្រឹះ​ជាន់​ទី​៤​បញ្ចប់​ដំណើរ​ការសង់​បង្គោល​ជា​សសរ​គ្រឹះ​ខឿន​ច្រាំង​ទន្លេមេគង្គ​ក្រុង​កំពង់ចាម​។​

លោក​ប្រធាន​ក្រុម​បាន​បន្តថា​ធាតុពិត​ប្រសិនបើ​មិន​ជួប​បញ្ហា​ប្រឈម​ដូចជា​អាកាសធាតុ​ភ្លៀង​ស្ទើរ​រាល់ថ្ងៃ​បញ្ហា​ខួង​ជួប​ឧបសគ្គ​ថ្ម​គ្រឹះ​សំណង់​ចាស់​ដែកចា​ស់កប់​ក្រោម​ដី​បញ្ហា​យឺត​យាវ​ខាង​រថយន្ត​លាយ​បេតុង​ជាដើម​នោះ គឺ ចំនួន​សសរ​គ្រឹះ​ធ្នឹម​មួយ​ជួរ​ចំនួន ៣៥ ដើម ខាង​លោក​ប្រើប្រាស់​ពេលវេលា​ពី ប្រាំ ទៅ​ប្រាំ​មួយថ្ងៃ​ហើយ​។​តែ​បែរជា​ជួប​ឧបសគ្គ​ដូចខាងលើ​បាន​ចំណាយពេល​ដល់​ទៅ​ជាង​មួយ​សប្តាហ៍​ទើប​រួចរាល់​។​

​គួរ​បញ្ជាក់ថា សំណង់​ខឿន​ច្រាំងទន្លេ​ក្រុង​កំពង់ចាម​បាន​ចាប់ដំណើរការ​ស្ថាបនា​សា​ង​សង់​កាលពី​ថ្ងៃទី ៣០​ខែមីនា​ឆ្នាំ​២០១៩​គឺ​បច្ចុប្បន្ន​សំណង់​នេះ​ដែល​ដឹង​នាំ​ស្ថាបនា​ដោយ​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ផ្ទាល់​នេះ​បាន​ស្ថាបនា​បាន​ចំនួន​ប្រហែល ២០ ភាគរយ​ហើយ​៕S/​