​លន់ សៀកឡេង និង រ៉ែ​ម រាជ កក់​កៅអី សម្រាប់​ជុំ​ទី​២

245
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ប្រភេទ​ទម្ងន់​ថ្មី បានចាប់ផ្ដើម​ហើយ កាលពី​យប់​ថ្ងៃទី​១៣ កក្កដា ។​

​មុ​ពេល​ចាប់ផ្ដើម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ព្រមាន​ដល់​មន្ត្រី​បច្ចេកទេស របស់លោក ឲ្យ​បំពេញការងារ ដោយ​យុត្តិធម៌ និង​មាន​តម្លាភាព ។ ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍ ស៊ិន សុផាត ដែលជា​តំណាង​ស្ថានីយ៍ទូរទស្សន៍ កងយោធពល​ខេមរភូមិន្ទ ប៉ុស្តិ៍​លេខ​៥ បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា សម្រាប់​រដូវ​កាល​ថ្មី​នេះ នឹង​ដំណើរការ​បានល្អ ដូច​លើក​មុនៗ ជាមិនខាន​ឡើយ ។​

​សម្រាប់​ការប្រកួត នៅ​ថ្ងៃ​ដំបូង ដែលមាន​ការប្រកួត ចំនួន ២ គូ​នេះ លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ខេត្តកំពង់ស្ពឺ បាន​យកឈ្នះ​អ្នក​ប្រដាល់ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ។ ជ័យជំនះ​នេះ បានធ្វើ​ឲ្យ លន់ សៀកឡេង ដណ្ដើមបាន​កៅអី សម្រាប់​ឡើង​ប្រកួត​បន្ត នៅ​ជុំ​ទី​២​ទៀត ។ ចំពោះ នួន រ៉ា​ថេ​ន វិញ គឺ​បញ្ចប់​ការប្រកួត​តែត្រឹម​នេះឯង ។​

​សូមបញ្ជាក់ថា ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ រ៉ា​ថេ​ន វ៉ៃ​ចេញ​ច្រើន តែ​ការ​វ៉ៃ​ចេញ ភាគច្រើន គឺ​វ៉ៃ​ខ្យល់ តែ​ការ​វ៉ៃ​ចេញ​របស់​សៀកឡេង គឺ​ចំ​គោលដៅ​បានល្អ ។

ថ្ងៃ​ដំបូង នៃ​ការបើក​រដូវ​កាល​ថ្មី​

​ចំពោះ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះដែរ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ឡូញ វ៉ាន់ឌី មកពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ដោយ​ពិន្ទុ ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ បង្ក​នូវ​ភាព​តានតឹង​ជាខ្លាំង តែ​ការប្រកួត​ភាគច្រើន​គឺ រ៉ែ​ម រាជ មានប្រៀប​លើ​គូប្រកួត​របស់ខ្លួន ។ វ៉ាន់ឌី មាន​សកម្មភាព​ច្រើន តែ​ជា​សកម្មភាព ដែល​អត់​ប្រយោជន៍ ព្រោះ​ការ​វ៉ៃ​ចេញ​របស់គេ មិនសូវ​ចំ​គោលដៅ​ឡើយ ។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព រវាង​អ្នក​ប្រដាល់​កម្ពុជា និង ថៃ វិញ​នោះ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ឃូ​ម សេន (Khum Sen) ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ដ៏​តឹងតែង ពេញ​ទាំង ៥ ទឹក​មក​នោះ ។ ស្ថានភាព​នៃ​ការប្រកួត រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពិតជា​តឹងតែង​មែន សា​ម៉េ​ត មានប្រៀប​កណ្ដាប់ដៃ​លើ​គូប្រកួត តែ​ជង្គង់​របស់ ឃូ​ម សេន ក៏​អស្ចារ្យ​ដែរ ។ ឃូ​ម សេន បែក​ឈាម​នៅ​ទឹក​ទី​៤ ដោយសារ​កែង​របស់ សា​ម៉េ​ត តែ​ទោះជា​យ៉ាងណា ក៏​ពួកគេ​តស៊ូ​ជាមួយគ្នា រហូត​ចប់​ទឹក​ទី​៥ ។ សា​ម៉េ​ត បានទទួល​ជ័យជំនះ​លើ ឃូ​ម សេន ដោយ​ពិន្ទុ ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ​៕v

ថ្ងៃ​ដំបូង នៃ​ការបើក​រដូវ​កាល​ថ្មី​