​លាគ្នា​ចុងក្រោយៈសព​អ្នក​ម្នាង​អ៊ុក​ផល្លា​នឹងត្រូវ​បូជា​មុខ​វត្ត​បទុម​វ​ត្តី​នៅ​ព្រឹក​នេះ​

1841
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សព​អ្នក​ម្នាង អ៊ុក ផល្លា នឹងត្រូវ​បូជា​មុខ​វត្ត​បទុម​វ​ត្តី នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នេះ ក្រោម​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​​សម្តេចព្រះ​មហិស្សរា នរោត្តម ចក្រពង្ស ។

​តាម​កម្មវិធី​សព​អ្នក​ម្នាង អ៊ុក ផល្លា និង​រំកិល​ចេញពី​ក្នុង​វត្ត​បទុម​វ​ត្តី​នៅវេលា​ម៉ោង​៧​ព្រឹក រួច​ហែរ​ចេញពី​ក្នុង​វត្ត​ឆ្ពោះទៅកាន់​កន្លែង​បូជា​នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ដោយ​ធ្វើ​ពិធី​សាសនា​។ បន្ទាប់ពី​ចប់​ការធ្វើ​ពិធី​សាសនា​រូ​ច​សព​អ្នក​ម្នាង​នឹងត្រូវ​បូជា​ជាការ​លាគ្នា​ចុងក្រោយ​​។​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក​ផល្លា​បាន​ជួប​គ្រោះថ្នាក់​ចរាចរលើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរ​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បាន​សុ​គត​។​សម្តេចក្រុមព្រះពេលនេះកំពុង​សម្រាកព្យាបាលនៅប្រទេសថៃ។

សូមជម្រាបថា អ្នក​ម្នាង អ៊ុក ផល្លា កើត​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩ អ្នក​ម្នាង​គឺជា​អតីត តួអង្គ​អប្សរា​ស ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ អ្នក​ម្នាង​បាន​ចូល​ហាត់​របាំ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​តាំងពី​អាយុ​៩​ឆ្នាំ​ហើយ​បានចេញ​សម្តែង​លើកដំបូង​ក្នុង​វ័យ​១៣​ឆ្នាំ​។

អ្នក​ម្នាង​មិន​ត្រឹម​តែមាន​ទេពកោសល្យ​លើ​ផ្នែក​របាំ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​រូបឆោម​ស្រស់​សោភា​ទៀតផង​។ អតីត​តួអង្គ​អប្សរា​សរូប​នេះ មាន​ចំណងអាពាហ៍ពិពាហ​ហ៍​ដំបូង​ជាមួយ​លោក វេ​ង សេរី​វុ​ឌ្ឍ អតីតរដ្ឋមន្ត្រី​ក្រសួង ទេសចរណ៍​។ មិនយូរប៉ុន្មាន​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នកនាង អ៊ុក ផល្លា បាន​ដល់​ផ្លូវបំបែក​។

​ក្រោយពី​បែកបាក់​ស្វាមី តួឯក​អប្សរា​ស្រស់​សោភា​នេះ ត្រូវបាន​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ សព្វព្រះទ័យ និង​បាន​សាង​ជីវិត​គ្រួសារ​ជាមួយគ្នា​ក្រោយពី​ព្រះអង្គ​បាន​លែងលះ​ជាមួយ​អ្នក​ម្នាង មា​រី រណឫទ្ធិ​។

ការរួមរស់​ជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់​ព្រះនាម​អ្នក​ម្នាង​ថា នរោត្តម ផល្លារ​ណ​ឬ​ទ្ធិ និង​ប្រសូត​បាន​បុត្រ​២​អង្គជា​ចំណងដៃ គឺ​បុត្រ​ច្បង​មាន​នាម នរោត្តម សុធា​ឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ​២០០៣ និង​បុត្រ​ទី​២ មាន​នាម នរោត្តម រណ​វង្ស ប្រសូត​ក្នុង​ឆ្នាំ​២០១១៕S/មន

​លាគ្នា​ចុងក្រោយ​!​សព​អ្នក​ម្នាង​អ៊ុក​ផល្លា​នឹងត្រូវ​បូជា​មុខ​វត្ត​បទុម​វ​ត្តី​នៅ​ព្រឹក​នេះ