​លិខិត​ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ​របស់លោក​គង់ គាំ បានដាក់​ទៅ​ក្រសួងមហាផ្ទៃ​

374
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /​ភ្នំពេញៈ ពាក្យស្នើសុំ​របស់លោក​គ​ង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​បាន​ទៅ​ដាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រួចហើយ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នេះ​។

លោក គង់គាំ


​បើ​យោងតាម​លិខិត​របស់លោក​គង់ គាំ ដាក់ជូន​សម្តេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា នៅពេលនេះ លោក​មាន​សេចក្តី​រីករាយ​ចំពោះ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​បើក​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម​អាច​ទទួល​នីតិសម្បទា​​​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់សម្តេច​នាយក​រដ្ឋមន្ត្រី​និង​តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​សូម​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​មេត្តា​ពិនិត្យ​និង​ស្នើសុំ​ដើម្បី​សម្តេចនាយក​រដ្ឋមន្ត្រី​បន្ត​ទូលថ្វាយ​ព្រះមហាក្សត្រ​សូម​ព្រះអង្គ​ព្រះមេត្តា​ជួយ​ឲ្យ​លោក​បាន​រួច​ផុតពី​បម្រាម​ធ្វើ​នយោបាយ​មុន​កាលកំណត់​របស់​សាលដីកា​តុលាការ​កំពូល​។​

​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ និង​ត្រូវ​ប្រកាស​ជាការ​ប្រញាប់ ។ ព្រះរាជក្រម​នេះ​បានប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នា​២០១៩​។​

​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រង់​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) បាន​ចែងថា “​គណបក្សនយោបាយ​ដែល​ត្រូវបាន​ផ្អាក​សកម្មភាព មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឡើយ​។ ត្រូវ​លប់ឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ក្នុងករណី​ដែល​គណបក្សនយោបាយ​នោះ ត្រូវបាន​ផ្អាក​សកម្មភាព ឬ​ត្រូវ​សម្រេច​រំលាយ​ស្របតាម​ច្បាប់​នេះ​។ បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោ​បាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណា​មួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​។​
​សូមជម្រាបថា ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នុ ឆ្នាំ​២០១៨ នា​សម័យប្រជុំ​សភា​លើក​ទី​១ នីតិកាល​ទី​៦ ហើយ​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ ទាំងស្រុង​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ព្រមទាំង​ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាសថា ស្រប​នឹង​ធម្មនុញ្ញ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨៕​សរន

#