​លី​ក​កំពូល​: ២​ក្រុម មិនទាន់​ស្គាល់​ចាញ់ គឺ​ព្រះខ័ន​រាជ​ស្វាយរៀង និង អង្គ​រថា​យ​ហ្គឺ​រ​

284
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់ ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា (MCL) ឆ្នាំ​២០១៩ បានបញ្ចប់​សប្ដាហ៍​ទី​៥ ហើយ ខណៈដែល​ក្រុម​ខ្លាំង ចំនួន ២ ក្រុម បាន​រក្សា​កំណត់ត្រា មិនទាន់​ស្គាល់​ចាញ់ រួមមាន ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ។​

​រីឯ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ស្គាល់​ឈ្នះ ក្នុង​ទឹកដី លើកដំបូង លើ​ក្រុម​អាស៊ី​អឺរ៉ុប ដោយ​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Smart RSN យប់មិញ​។ ចំពោះ​ក្រុម​ព្រះខ័ន​រាជ ស្វាយរៀង បាន​យកឈ្នះ ទាំង​ប្រផិតប្រផើយ​លើ ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ១​ទល់​០ ហើយ ១​គ្រាប់ ធ្វើ​ឲ្យ​ក្រុម​លោក Conor Nestor ទទួលបាន ៣ ពិន្ទុ គឺ​ធ្វើ​សម្រេច​ដោយ កីឡាករ សារ៉េត គ្រី​យ៉ា នៅ​នាទី​៤៩ ។ នេះ​គឺ​ជ័យជម្នះ​លើក​ទី​៥ របស់​ក្រុម​ព្រះខ័ន រាជ​ស្វាយរៀង ដែល​នាំ​ឲ្យ​ពួកគេ មាន ១៥ ពិន្ទុ​ពេញ ដើម្បី​រក្សា​កៅអី​កំពូល​តារាង បណ្ដោះអាសន្ន ។

​ចំពោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បានធ្វើ​ឲ្យ​អ្នកគាំទ្រ កាន់តែ​ជឿជាក់ ក្រោយ​យកឈ្នះ​ក្រុម​ខ្លាំង វិសាខា ២​ទល់​១ ។ គ្រាប់​បាល់​រកបាន ដោយ​កីឡាករ​ជប៉ុន រួមមាន ២ គ្រាប់ របស់​ក្រុម​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ ធ្វើ​សម្រេច​ដោយ កីឡាករ Ogawa និង ១​គ្រាប់​របស់​វិសាខា រកបាន​ដោយ​កីឡាករ IDEGUCHI ។ ក្រោយ​បន្ថែម ៣ ពិន្ទុ​នេះ អង្គ​រថា​យ​ហ្គឺ​រ បាន​ឡើងទៅ​ឈរ​លេខ ៣ និង​មាន ១១​ពិន្ទុ ជាមួយ​លទ្ធផល ៥​ប្រកួត ឈ្នះ​៣ និង​ស្មើ​២ ។​

ទិដ្ឋភាព​ប្រកួត​

​រីឯ​ក្រុម​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​រង​បរាជ័យ​ផ្ទួនៗ ការប្រកួត​ក្នុង​ទឹកដី ក្រុម​នេះ បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺ​រុ​ប ១​ទល់​០ ដែល​ធ្វើ​សម្រេច ដោយ​កីឡាករ Paulo Victor នៅ​នាទី​៨៤ ។ នេះ​គឺ​ជ័យជម្នះ ក្នុង​ដី​លើកដំបូង បន្ទាប់ពី​ឆ្លងកាត់ ៤ ប្រកួត​មុន រួមមាន ចាញ់​ក្រុម​បឹងកេត ២​ទល់​៣ និង​ចាញ់​ក្រុម​វិសាខា ១​ទល់​៣ ក្នុង​ដី ហើយ​ឈ្នះ​ក្រុមយុវជន U-18 បាទី ២​ទល់​០ តែ​ចាញ់​ក្រុម​ព្រះខ័ន រាជ​ស្វាយរៀង ៥​ទល់​១ ក្រៅ​ដី ។​

​ដោយឡែក លទ្ធផល​ប្រកួត សប្ដាហ៍​ទី​៥ ចំនួន ៤ គូ​ផ្សេងទៀត រួមមាន ក្រុម​ក្រសួងការពារជាតិ ស្គាល់​ចាញ់​លើកដំបូង ក្រោម​ថ្វី​ជើង​ក្រុម​បឹងកេត ០​ទល់​២ ។ ក្រុម​ណាហ្គា​វើ​ល យកឈ្នះ​ក្រុម​គិរីវង់ ៣​ទល់​១ ឡើងទៅ​ឈរ​លេខ​២ និង​មាន ១២ ពិន្ទុ​ក្នុង​ដៃ ។ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្មើ​ក្រុម​សូល​ទី​ឡូ​អង្គរ ២​ទល់​២ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា និង​ក្រុមយុវជន U-18 បាទី រកបាន ៣ ពិន្ទុ​ដំបូង ក្រោយ​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ខេត្តកំពង់ចាម ៣​ទល់​០ ៕v