​លី ភា និង រឿង សា​រ័ត្ន ជួប​ជើង​ខ្លាំង​ថៃ​

255
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា លី ភា ក្លិប​សំរោង​កោង ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ វ័យ​ចំណាស់​ថៃ រ៉េ ដា (Re Da) លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នៅ​រសៀល ថ្ងៃទី​១៣ កក្កដា ខាងមុខនេះ ។​

​នេះ​ជា​ជំនួប​លើកដំបូង របស់​ពួកគេ​ទាំង ២ ។ រ៉េ ដា ជា​អ្នក​ប្រដាល់​វ័យ​ចំណាស់ ដែល​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ណាស់ ហើយ​ការប្រកួត​របស់គេ ភាគច្រើន គឺ​ទទួល​ជ័យជំនះ និង​ផ្ដួល​គូប្រកួត ឲ្យ​សន្លប់​មុន​ទឹក​ទី​៥ តែ​ប្រសិនបើ​គេ​ចាញ់​វិញ​នោះ គឺ​ចាញ់​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។ អ្នក​ប្រដាល់​រូបនេះ មាន​ផ្លែ​វ៉ៃ​ល្អ ទាំង​ព្រម​តែម្ដង ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១១៨​ដង ឈ្នះ​១០២​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​១​ដង ។​

លី ភា និង រ៉េ ដា​

​ចំពោះ លី ភា វិញ គេ​ជា​អ្នក​ប្រដាល់​ចិត្តធំ និង​ចូលចិត្ត​វាយ​សម្រុក ទៅរក​គូប្រកួត ។​កែង និង​ជង្គង់ គឺជា​អាវុធ​ដែល​គេ​ប្រើ យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ផ្ដួល​គូប្រកួត ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៦៥​ដង ចាញ់​១២​ដង ។ សម្រាប់​ការប្រកួត​មួយ​នេះ ពិតជា​មាន ការចាប់អារម្មណ៍​ខ្លាំង ។ នរណា ក៏​ជឿថា ពួកគេ​ទាំង ២ នឹង​ប្រកួត​គ្នា ៥ ទឹក មិនខានឡើយ ចាំមើល​នរណា​ឈ្នះ ? ។​

​រឿង សា​រ័ត្ន ក្លិប​ទ័ព​ពិសេស​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ មួយរូប​ទៀត​គឺ កេង កាត់ (Keng Kat) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

​កេង កាត់ ជា​អ្នក​ប្រដាល់ ដែល​វ៉ៃ​អស្ចារ្យ​ណាស់ ។ មាន​អ្នក​ប្រដាល់​កម្ពុជា ច្រើន​រូប​ណាស់ ដែល​ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនេះ បង្ក្រាបបាន គេ​មាន​ផ្លែ​វ៉ៃ​ល្អ​រហ័ស និង​របង​ការពារ​គេ រឹងមាំ​ខ្លាំងណាស់ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៩​ដង ឈ្នះ​៩៦​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង ។​

រឿង សា​រ័ត្ន និង កេង កាត់​

​រឿង សា​រ័ត្ន គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ តែ​ពេល​ជួប​ជាមួយ​អ្នកខ្លាំង គេ​វ៉ៃ​ចេញ​លែងរួច​តែម្ដង ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ​៦៦​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ជំនួប​មួយ​នេះ អាច​និយាយបានថា កេង កាត់ ទំនងជា​មានឱកាស​ឈ្នះ​ច្រើនជាង ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ តូច ទូ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​។ ចាន់ កក្កដា ក្លិប​និរោធ​ន៍​មានជ័យ ប្រកួត​ជាមួយ ញ៉ែម វ៉ាន់​យៀ​ក ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v