​លែងប្រពន្ធ​បាន​ពីរ​ឆ្នាំ​នៅ​ស្តាយទ្រព្យ​ទៅ​គាស់​បន្ទប់​យក​ម៉ូតូ​ត្រូវ​ចាប់ខ្លួន​

1073
ចែករម្លែក

ដោយៈ សុខុម / ស្ទឹងត្រែងៈ​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ ក្រោយពី​ទទួល​តាម​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់ ចោទ​ពីបទ​ចោរកម្ម​ទៅ​គាស់​បន្ទាប់ យក​ម៉ូតូ​។ នគរបាល​បញ្ជា​ក់នៅ​ថ្ងៃទី​៨ ខែឧសភា ថា បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ទីន អា​ម៉ី​ន ហៅ ឈុន ឆា​នុ​ន អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម​។ ចំណែក​ស្ត្រី​អ្នកប្តឹង​ឈ្មោះ នូ ទីន​ម៉ៃ​សុះ អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម រស់នៅ​ភូមិ​អូរឫស្សី​កណ្តាល ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដូចគ្នា​។​

​ប្រភព​បញ្ជាក់ទៀតថា បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​និង​ស្ត្រី​អ្នកចោទ​ប្រកាន់​គឺជា​អ​តី​ប្តី​ប្រពន្ធ​នឹង​គ្នា​។ ប៉ុន្តែ​អ្នក​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​នៅ​តុលាការ​ចែកទ្រព្យ​សម្បត្តិ​រៀងខ្លួន​អស់ហើយ​។ រឿងនេះ ខាង​ប្តី​ទៅយក​ប្រពន្ធ​ខាង​ស្រី​យកប្តី​ថ្មី​អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។ បន្ទាប់ពី​លែង​គ្នា​បាន​ពីរ​ឆ្នាំ​មកនេះ អតីត​ស្វាមី​ចេះតែ​ទៅរក​រឿង​ប្រពន្ធ​ម្តង​ជា​ពីរដង​រហូត នៅ​ថ្ងៃទី​៦ ឧសភា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ទៅ​គាល់​បន្ទប់​យក​ម៉ូតូ​មួយគ្រឿង​នៅផ្ទះ​ខាង​អ​តី​ប្រពន្ធ ខណៈពេល​ម្ចាស់ផ្ទះ​មិន​នៅ​។​

​អតីត​ភរិយា​បាន​ចោទ​បុរស​អតីត​ស្វាមី​ថា បាន​ចូលទៅ​គាស់​បន្ទប់​យក​ម៉ូតូ ព្រមទាំង​បាត់​លុយ​ចំនួន​៥០០​ដុល្លារ​ទៀតផង​។ ហេតុដូច្នេះ​ទើប​នាង​ដាក់​ពាក្យបណ្តឹង​ចូលទៅ​កាន់​នគរបាល ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ កាលពីមុន​ម៉ូតូ​មួយគ្រឿង​ពិតជា​ទ្រព្យ​រួមគ្នា​ពិតមែន ប៉ុន្តែ​ពេលដែល​ចែកផ្លូវ​នៅ​តុលាការ​បាន​ចប់សព្វគ្រប់​អស់ហើយ​។ ​​អតីត​ស្វាមី​ ចេះតែ​ទាមទារ​យក​ម៉ូតូ​ទៅវិញ​តែ​អតីត​ប្រពន្ធ​មិនឱ្យ ទើប​ចូលទៅ​គាស់​បន្ទប់​យក​ម៉ូតូ​។

​ចំណែក ជនសង្ស័យ​បាន​ឆ្លើយថា​ម៉ូតូ​មួយគ្រឿង​នេះ គឺជា​របស់ខ្លួន​ដែល​បាន​បាត់​ក្រោយពី​លែងប្រពន្ធ​។ ពេល​ឃើញ​វិញ ក៏បាន​យក​ម៉ូតូ​ជិះ​តែ​ពេល​ទៅយក​ម៉ូតូ​នោះ ខ្លួន​មិនបាន​រាយការណ៍​ប្រាប់​នគរបាល​ឡើយ​។ ចំពោះ​ថា​រឿង​លុយ​ចំនួន ៥០០​ដុល្លារ​បាត់​គេ​ពុំ​បានដឹង​នោះទេ​។​

​ជនសង្ស័យ​បាន​និយាយ​បន្តថា ម៉ូតូ​ក្រោយពី​យកបាន​ក៏​បើក​ទៅ​ទុក​នៅផ្ទះ​អ្នក​ស្គាល់គ្នា​គ្មាន​បំណង​អាក្រក់ ឡើយ​គ្រាន់តែ​ចង់បាន​ម៉ូតូ​របស់ខ្លួន​វិញ​តែប៉ុណ្ណោះ​។​

​ទោះបីជា​យ៉ាង លោក ដួង ស៊ី​វុត្ថា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បញ្ជាក់ថា សំណុំ​រឿងនេះ​នឹង​បញ្ជូនបន្ត​ទៅកាន់​សាលាដំបូង​ខេត្ត​ជា​បន្តទៀត​។ លោក​បាន​ប្រាប់ថា ទោះបីជា​ធ្លាប់ជា​ប្តី​ប្រ​ន្ធ​នឹង​គ្នា​ក៏ពិតមែន ប៉ុន្តែ​ការចែក​ផ្លូវ​គ្នា​នៅ​តុលាការ​ស្របច្បាប់​។ យើង​មិនត្រូវ​ទាមទារ​យក​ទ្រព្យ​ណាមួយ​ទៀត​បាន​នោះទេ​៕ ល​