​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​នឹង​អញ្ជើញ​ធ្វើ​បា​ឋ​កថា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​រសៀល​ថ្ងៃនេះ

448
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​លោក មហា​ធា មហាម៉ាត់​(Mahathir Mohamad)​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ បាន​អញ្ជើញ​មកដល់​ព្រះរាជា​ណាចក្រ​កម្ពុជា​កាល​ព្រឹក​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ។ នៅ​រសៀល​ថ្ងៃទី​២ ខែកញ្ញា​នេះ​ លោក មហា​ធា មហាម៉ាត់ នឹង​អញ្ជើញ​ធ្វើ​បា​ឋ​កថា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។​

​បន្ទាប់ពី​មកដល់​ប្រទេស​កម្ពុជា​,នៅ​រសៀល​ថ្ងៃទី​២ខែ កញ្ញាឆ្នាំ​២០១៩​នេះ លោក មហា​ធា មហាម៉ាត់ នឹង​អញ្ជើញ​ធ្វើ​បា​ឋ​កថា​ស្តីអំពី«​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ក្នុង​បរិបទ​អាស៊ាន​» នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ​។​

​សូមបញ្ជាក់ថា​ លោក មហា​ធៀ មហាម៉ាត់ ធ្លាប់ធ្វើ​មក​បាឋកថា​ម្តង​រួចហើយ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ខែកុម្ភៈឆ្នាំ ២០០៦ ក្រោម​ប្រធានបទ​«​ជោគជ័យ​នៃ​សេដ្ឋកិច្ច​ម៉ាឡេស៊ី ដោយ​យក​គំរូ​តាម​ជប៉ុន​»​។​កាលនោះ​ លោក​ត្រូវ​បានទទួល​ការអញ្ជើញរបស់​ស្ថានទូត​ជប៉ុន​ បន្ទាប់ពីរូប​លោក​ទើប​ចប់​អាណត្តិ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីបាន​ជាង​១​ឆ្នាំ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល ៣ ថ្ងៃ​ក្នុងប្រទេស​កម្ពុជា លោក មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នឹងត្រូវ​ប្រារព្ធ​ពិធីទទួល​ជា​ផ្លូវការ​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា រួមជាមួយ​ការជួប​ចរចា​ទ្វេរ​ភាគី​ជាមួយនឹង​សម​ភាគី​របស់លោក ​គឺ​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន​ លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ បញ្ហា​តំបន់ បញ្ហា​សកល ​មួយចំនួន ។ លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​របស់​នាយករ​ដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ពេលនេះ ​គឺជា​ទស្សនកិច្ច​លើកដំបូង​ចាប់តាំងពី​លោក​មហា​ធា​ បាន​ជាប់ឆ្នោត​ឡើងវិញ​ ហើយ​បាន​ចូលកាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាថ្មី​កាលពី​ថ្ងៃទី​១០ខែឧសភាឆ្នាំ២០១៨​។​ លោក មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​គ្រោង​នឹង​ចូលជួប​ជាមួយ​សម្តេច​សាយ ឈុំ ប្រមុខរដ្ឋស្តីទី​,​សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា ​ក្រៅពី​មាន​គម្រោងការដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ​និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ​ ព្រះ​បរម​រតន​កោដ្ឋ​ អតីត​ព្រះមហាក្សត្រ​កម្ពុជា ៕BR/Ha